Friday, March 29, 2024
Latest:

សេចក្តីថ្លែងការណ៍រួម ប្រជាពលរដ្ឋសហគមន៍ក្រីក្រ អំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយការចូលរួម

យើងខ្ញុំជាប្រជាពលរដ្ឋមកពីសហគមន៍នានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជាដែលមានរាយនាមដូចខាងក្រោម ​ធ្លាប់បាន និងកំពុងទទួលរងគ្រោះអំពីការបណ្តេញចេញដោយបង្ខំ និងការតាំងលំនៅថ្មី ដែលបណ្តាលមកពីការកើនឡើងនូវការវិនិយោគបរទេស និងវិស័យឯកជនក្នុងស្រុក ហើយនិងគម្រោងអភិវឌ្ឍនានាដែលមិនមានភាពយុត្តិធម៌ និងតម្លាភាព ។​

ការអភិវឌ្ឍទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តនានា ត្រូវតែត្រូវបានធ្វើឡើងដោយស្របទៅនឹងច្បាប់នៅក្នុងប្រទេស ជាពិសេសគឺរដ្ឋធម្មនុញ្ញរបស់ជាតិ ដោយឈរលើគោលការណ៍យុត្តិធម៌និងស្មើភាព គោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ដូចជាសិទិ្ធរស់រានមានជីវិត សិទិ្ធទទួលបានលំនៅឋានសមរម្យ សិទិ្ធក្នុងការបញ្ចេញមតិ -ល-​ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព ។

ការបណ្តេញចេញដោយបង្ខំ និងមិនត្រឹមត្រូវ ធ្វើឱ្យសហគមន៍ជាច្រើនប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការជំពាក់បំណុលវ័ណ្ឌកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងអ្នកចងការប្រាក់ឯកជន ជីវភាពកាន់តែធ្លាក់ចុះដុនដាបខ្លាំង ការរងរបួសលើរូបរាងកាយ ការគម្រាមកំហែង និងការជាប់ពន្ធនាគារដោយសារការតវ៉ាទាមទារសិទិ្ធដីធ្លី និងលំនៅដ្ឋាន ការខ្វះខាតសេវាថែទាំសុខភាព និងអប់រំនៅកន្លែងតាំងលំនៅថ្មី ការបាត់បង់មុខរបរ ឬដីធ្លីធ្វើស្រែចំការ ហើយនិងការចំណាកស្រុក ។ល។ ទាំងនេះសុទ្ធតែជាផលប៉ះពាល់ដោយផ្ទាល់ពីបណ្តេញចេញដោយបង្ខំ និងការតាំងលំនៅថ្មី ក្រោមរូបភាពដើម្បីអភិវឌ្ឍប្រទេស​ ។ ចំពោះប្រជាពលរដ្ឋសហគមន៍ ដីធ្លី គឺជាជីវិត ហើយប្រសិនបើបាត់បង់វា គឺប្រៀបដូចជាការបាត់បង់ជីវិតដូច្នេះឯង ។

ការបណ្តេញចេញដោយបង្ខំ គឺជាបទពិសោធន៍ដ៏ជូរចត់យ៉ាងខ្លាំងបំផុត ដែលប្រជាពលរដ្ឋសហគមន៍ មិនដែលជួបប្រទះ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងស្រុកមក ។ ភាគច្រើននៃការបណ្តេញចេញដោយបង្ខំ អាជ្ញាធរមិនបានគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ។

យើងខ្ញុំជាប្រជាពលរដ្ឋមូលដ្ឋានមកពីសហគមន៍ក្នុងទីក្រុង និងតាមបណ្តាខេត្តនានា ត្រូវ​បានជម្លៀសចេញ​ពីលំនៅ​ឋាន​ ឬត្រូវបានគេរំលោភយកដីធ្លី​​ ​ ក្រោម​ហេតុ​​ផលដើម្បីធ្វើការអភិវឌ្ឍ ការរៀបចំ​សណ្តាប់​ធ្នាប់ សន្តិសុខ និងសុវត្ថិ​ភាពសង្គម ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ។ ផ្ទុយទៅវិញជាក់ស្តែង កន្លងមកក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតំបន់​ជន​បទ​មួយចំនួនតាមបណ្តាខេត្ត ពួកយើងដែល​ជាម្ចាស់ផ្ទះ ជា​ម្ចាស់ដី​ គឺមិនទទួលបានផល​អ្វីពីការ​អភិវឌ្ឍទាំងនោះនោះទេ ។ ផ្ទុយទៅវិញ ពួកយើងត្រូវបានគេបង្ខំឱ្យចាកចេញ​ពីលំនៅឋានរបស់​ខ្លួនទៅ​រស់នៅ​ក្នុង​តំបន់ឆ្ងាយពីទីក្រុង ឬទៅតំបន់ដែលមិនទាន់មានសេវាសាធារណៈ និងហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់នៅ ឡើយ ។ ជារឿយៗ តំបន់ដែលពួកយើងត្រូវបានជម្លៀសទៅនោះ នៅឆ្ងាយ​ពីកន្លែង​ប្រ​កប​របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកយើង ហើយវាបានក្លាយជាប្ញសគល់​ដ៏ធំមួយ​នៃភាពក្រីក្រ​តោក​យ៉ា​ក​។

ទោះបីជាក្នុងអំឡុងពេលនៃការរីករាលដាលឆ្លងជំងឺកូវី-១៩ ក៏សហគមន៍មួយចំនួននៅតែត្រូវបានបានអាជ្ញាធរបណ្តេញចេញពីលំនៅឋាន ដោយការផ្លាស់ប្តូរពីតាំងចាស់ទៅទីតាំងថ្មីដែលមានចំងាយឆ្ងាយពីទីប្រជុំជន ខណៈពេលប្រជាសហគមន៍ទាំងនោះកំពុងតែជួបប្រទះជាមួយនឹងបញ្ហាជីវភាពប្រចាំថ្ងៃដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ។ រីឯសហគមន៍ជាច្រើនផ្សេងទៀត ដែលមិនទាន់ទទួលបានដំណោះស្រាយលើបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងវិបត្តិជីវភាព និងវិបត្តិបំណុលវ័ណ្ឌកកាន់តែខ្លាំងឡើងៗ ។

អាជ្ញាធរមិនសូវផ្តល់ការប្រឹក្សាយោបល់ជាមួយពួកយើងជាប្រជាពលរដ្ឋក្នុងសហគមន៍នោះទេ ហើយភាគច្រើនពួកយើងបែរជាទទួលរងនូវការគម្រាមកំហែង និងបង្ខំឱ្យចាកចេញ ហើយទទួលយកសំណងដ៏តិចតួចដែលមិនត្រឹមត្រូវ ឬទៅតាំងលំនៅថ្មីដោយមិនមានសំណង ។ ដោយទទួលរងនូវភាពអយុត្តិធម៌ទាំងនេះ ដើម្បីឱ្យយើងខ្ញុំជាប្រជាពលរដ្ឋមកពីសហគមន៍ក្រីក្រ លែងមានទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន ហើយធ្វើការតវ៉ាទាមទារ និងស្នើសុំមកអាជ្ញាធរថ្នាក់ជាតិនានា ក៏ដូចជាសម្តេចនាយករដ្ឋមន្ត្រី សុំឱ្យជួយផ្តល់នូវដំណោះស្រាយដ៏សមរម្យមួយលើបញ្ហាដីធ្លី និងលំនៅឋានរបស់យើងខ្ញុំ ។ យើងខ្ញុំជាប្រជាពលរដ្ឋមូលដ្ឋាន មិនបដិសេធចំពោះការអភិវឌ្ឍនោះទេ ប៉ុន្តែស្នើសុំឱ្យការអភិវឌ្ឍនោះ ប្រកបដោយការចូលរួម យុត្តិធម៌ សមភាព និងតម្លាភាពសម្រាប់ទាំងអស់គ្នា ។

ក្នុងឱកាសទិវាលំនៅឋានពិភពលោក ឆ្នាំ២០២១នេះ យើងខ្ញុំទាំងអស់គ្នាទទូចស្នើសុំ​​​​​​​​​រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៖

– ដោះស្រាយបញ្ហាដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានឱ្យបានឆាប់រហ័ស
– គោរព និងការពារសិទ្ធិជាមូលដ្ឋានរបស់យើងខ្ញុំជាប្រ​ជា​​​ពល​រដ្ឋ​​​ក្រីក្រ ដូចជាសិទ្ធិរស់នៅដោយសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ជាពិសេសគោរពនូវសិទិ្ធរស់រានមានជីវិត សិទិ្ធក្នុងការទទួលបានលំនៅដ្ឋានសមរម្យ សិទិ្ធក្នុងការបញ្ចេញមតិ និងសិទិ្ធក្នុងការប្រមូលផ្តុំ របស់ពួកយើងទាំងអស់គ្នា ។​
– បញ្ឈប់ការ​បណ្តេ​ញចេញ​ដោយ​បង្ខំ ការប្រើអំពើហិង្សា និងបញ្ឈប់ការ​ប្រើប្រាស់​ប្រ​ព័ន្ធ​តុ​លាការគាប​សង្កត់​លើប្រជា​ពល​រដ្ឋ ជាពិសេសគឺសកម្មជនដីធ្លី និងលំនៅឋាន ជាពិសេសក្នុងអំឡុងពេលនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ នេះ​ ។
– វាយតម្លៃផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សង្គម ដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ និងសហការជាមួយសហគមន៍ដែលរងផលប៉ះពាល់មុនពេលអនុញ្ញាតិឱ្យមានគម្រោងអភិវឌ្ឃន៍នានាកើតមានឡើង។
– អនុវត្តន៍គោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងលំនៅឋានឱ្យមានប្រសិទ្ធិភាព ដោយផ្តោតលើការខិតខំប្រឹងប្រឹង កែលម្អទីតាំលំនៅឋានសហគមន៍ក្រីក្រនៅនឹងកន្លែងជាជម្រើសចម្បង និងជម្រើសផែនការសុវត្ថិភាពដីធ្លីផ្សេងៗទៀតដែលអាចធ្វើបាន ហើយចៀសវាងឱ្យបាននូវការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។

 

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

១. សហគមន៍ផ្លូវរថភ្លើង

២. សហគមន៍៩២

៣.​សហគមនរលួសជើងឯក

៤.​ សហគមន៍ជើងឯកក្រុម ៣

៥.​ សហគមន៍ជើងឯកក្រុម ៤

៦. សហគមន៍ស្ទឹងមានជ័យ

៧. សហគមន៍បូរីកីឡា​

៨. សហគមន៍បឹងឈូកអេ

៩. សហគមន៍មិត្តភាព

១០. សហគមន៍ជ្រោយចង្វារ

១១. សហគមន៍សំរោងត្បួង

១២. សហគមន៍បឹង​ឈូក

១៣. សហគមន៍បឹងត្របែកភូមិ៤

១៤. សហគមន៍ភូមិ២៣

១៥. សហគមន៍ទួលសង្កែអេ

១៦. សហគមន៍ត្រពាំងរាំងថ្មី

១៧. សហគមន៍សែនរីករាយ

១៨. សហគមន៍សំរោងមានជ័យ

១៩. សហគមន៍បុរីមិត្តភាព

២០. សហគមន៍ឬស្សីស្រស់

២១. សហគមន៍សាមគ្គីរុងរឿង

២២. សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រ

២៣. សហគមន៍ព្រែកតាគង់៣

២៤. សហគមន៍ស្មាសាន

២៥. សហគមន៍បុរីដើមស្រល់

២៦. សហគមន៍ស្ត្រីឃ្លាំងសាំង

២៧. សហគមន៍និរោធបឹងឈូក

២៨. សហគមន៍បឹងឈូកមានជ័យថ្មី២

២៩. សហគមន៍ស្ទឹងកំបុត

៣០. សហគមន៍វាលស្បូវ

៣១. សហគមន៍ស្ត្រីក្លាហាន

៣២. សហគមន៍ព្រែកតាគង់រុងរឿង

៣៣. សហគមន៍ឡពាំង (កំពង់ឆ្នាំង)

៣៤. សហគមន៍រមាសហែក (ស្វាយរៀង)

៣៥. សហគមន៍មានជ័យ (ស្វាយរៀង)

៣៦. អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ

៣៧.​ អង្គការសមធម៌កម្ពជា

៣៨. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង

៣៩. អង្គការសមាគមធាងត្នោត

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments