Tuesday, March 5, 2024
Latest:

សេចក្តីថ្លែង​ការណ៍រួម ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅមុន​ពេល​បង្កើត​ស្ថា​ប័ន​សិទ្ធិ​មនុស្ស​ជាតិ​

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១

យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិល​ សហជីព សមាគម និងសហគមន៍ដូច​មាន​រាយនាម​ខាងក្រោម​ ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវឌ្ឍន៍នាពេល​ថ្មី​ៗ​នេះ ​ចំពោះបំណង​របស់​​រាជរដ្ឋាភិបាល​ក្នុងការ​​បង្កើតស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ខណៈដែល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅតែប្រឈម​ជាបន្តបន្ទាប់។ ទោះ​បី​ជាស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មាន​ភាព​ចាំបាច់​​ខ្លាំង​នៅប្រទេស​​កម្ពុជាយ៉ាង​ណា​ក្តី​​ ប៉ុន្តែ​បើ​បង្កើតស្ថាប័ន​នោះ​ឡើង​​​ក្នុង​បរិយាកាសបែប​​នេះ ​នឹង​បង្កើន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំងជុំវិញ​​ប្រសិទ្ធភាពនិង​ទំនុក​ចិត្ត​នៃ​ស្ថាប័ន​នេះ​។ យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​ការ​ស្តារ​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជាឡើងវិញ​​ជាមុន​សិន​ មុនពេល​ដែល​​បង្កើត​ស្ថា​ប័ន​នេះឡើង​​ដើម្បី​ធានា​ថាការ​បង្កើត​​ស្ថាប័ន​នេះនឹង​ផ្តល់​អត្ថប្រយោជន៍​ពិត​ប្រាកដ​ក្នុងការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​ ជាជាង​​ការ​បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​បំពេញទៅ​តាម​​ការអះអាង​ប្តេជ្ញាចិត្ត​ផ្នែក​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​​នាពេល​កន្លងមកប៉ុណ្ណោះ​។

នៅ​ពេល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ ត្រូវ​មាន​ការ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់ទៅតាម​​គោល​ការណ៍ទីក្រុង​​ប៉ារីស​ ដែលធានាជា​ស្តង់ដារ​​អប្បបរមាអន្ត​រជាតិក្នុងការ​បង្កើត​​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិប្រកបដោយ​​​ទំនុក​ចិត្ត​ និង​ ​​ប្រសិទ្ធភាព​។ ចំណុចសំខាន់​បំផុត​នោះ​គឺ​លក្ខខណ្ឌ​នៃ​ឯក​រាជ្យ​ភាព​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​ ​គួរ​ឱ្យ​ស្តាយ​​ដែលនាពេល​កន្លង​​មក ​មាន​ការ​បង្កើត​ស្ថាប័ន​ឯក​រាជ្យ​ជាច្រើន​ តែ​​ទីបំផុតស្ថាប័ន​ទាំងអស់​នោះ​​អសកម្ម​ ឬស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​​រដ្ឋាភិបាល​ទាំង​ស្រុង​​ ដែលនេះ​​ធ្វើ​ឱ្យយើង​​ខ្ញុំ​បារម្ភ​ថា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ដែល​នឹង​បង្កើត​ឡើង​នោះ​ក៏​មិន​ខុស​ពី​​ស្ថាប័ន​មុន​ៗទាំងនោះ​ដែរ។​

ក្នុង​ពេល​ដែលបរិយាកាស​​សិទ្ធិ​មនុស្សនៅតែប្រឈមនោះ​ កាន់តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​​នៅពេល​នេះ​ ​អាច​នឹង​មិន​បំពេញ​តាម​គោល​បំណង​នៃ​ស្ថាប័ន​នេះ​ចំពោះ​ការ​ការពារ​​និងការ​​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។ នៅ​ឆ្នាំ​២០២១ នេះ​ ក៏មិន​ខុស​គ្នា​នឹង​​​ឆ្នាំ​មុន​ៗដែរ​ ​​ស្ថាន​ភាព​សិទ្ធិ​មនុស្សមាន​សភាពធ្លាក់ចុះ និង​កាន់​តែប្រឈម​​​ថែម​ទៀត​ដោយ​សារ​​​​ការ​រីក​រាល​ដាល​ជាសកល​នៃ​ជំងឺកូវីដ១៩។ ទោះ​យ៉ាង​ណាក្តី ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ដាក់​កំហិតដ៏តឹង​រ៉ឹងទៅ​​​លើ​សេរីភាព​មូលដ្ឋាន។ លំហសេរីភាព​របស់​ពលរដ្ឋ​បន្ត​រួម​តូច​ទៅៗ​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ ដោយ​អាជ្ញា​ធរ​បាន​នឹង​កំពុង​ប្រើប្រាស់វិធាន​ការ​ជាច្រើនដើម្បី​​គាប​សង្កត់​ទៅលើ​សំឡេង​រិះ​គន់​ ក្នុង​នោះ​រួម​ទាំង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​យាយីទៅ​​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សមាជិក​គណបក្ស​ជំទាស់​ អ្នក​សារព័ត៌មាន​ឯក​រាជ្យ​ និង​អ្នក​មានសំឡេង​ជំទាស់​ផ្សេង​ៗទៀត​។ លើស​ពីនេះ​ ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាបសង្កត់​ និងការ​ធ្វើ​​វិសោធនកម្ម​លើ​ច្បាប់​ជាធរមាន​មួយ​ចំនួន​បង្ហាញ​ពី​និន្នាការ​របស់​រដ្ឋាភិបាលដែល​ផ្តោតទៅលើ​​​អំណាចរបស់​ខ្លួន​ ​ជា​ជាង​​ផលប្រយោជន៍​ និង​សិទ្ធិ​មនុស្សរបស់​​​ប្រជាពលរដ្ឋ។

យើង​ខ្ញុំ​ទទួល​ស្គាល់​ថា​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិពិត​ជា​មាន​សារៈសំខាន់​ ​ក្នុងការ​ស៊ើប​អង្កេត​លើ​ករណី​​រំលោភ​​សិទ្ធិ​មនុស្ស​ ប៉ុន្តែ ​​យើង​ខ្ញុំពិ​ត​ជា​​គ្មាន​ទំនុក​ចិត្ត​ថា​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ដែល​រដ្ឋាភិបាល​នឹង​បង្កើត​ឡើង​នេះនឹង​​មាន​ឯក​រាជ្យ​ ប្រសិទ្ធភាព​និង​គួរ​ឱ្យ​​ទុក​ចិត្ត​បាននោះទេ​​។ ផ្ទុយ​មកវិញ​​ យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​ គឺគ្រាន់​តែ​ជា​​វិធី​សាស្ត្រទំនាក់​ទំនង​សាធារណៈដើម្បី​​បញ្ឈប់​ការ​រិះ​គន់​ ពី​មជ្ឈដ្ឋាន​អន្ត​រជាតិ​ទៅលើ​រដ្ឋាភិបាល​ក្នុងការ​គោរព​សិទ្ធិ​មនុស្សតែ​ប៉ុណ្ណោះ​។​​

មុន​ឈាន​ទៅដល់​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្តារស្ថាន​ភាព​​សិទ្ធិ​មនុស្ស​នៅកម្ពុជាឡើង​វិញ​​​ និង​បង្កើត​​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​បំពេញ​មុខ​ងារនៃ​ស្ថាប័ន​នេះ​​ប្រកប​ដោយត្រឹម​ត្រូវ​ និង​ឯក​រាជ្យ​ភាព។ ជាពិសេស​ យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាលបើក​លំហសេរីភាព​ឡើង​វិញ​ និង​ធានា​ថាប្រជាពលរដ្ឋ​គ្រប់រូប​អាច​អនុវត្ត​សេរីភាព​មូលដ្ឋានដោយ​សេរីក្នុង​នោះ​រួម​ទាំង សំឡេង​ជំទាស់ ព្រម​ទាំង​ដោះ​លែ​ង​អ្នកទោស​មនសិការ​ទាំង​អស់​​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​តុលាការ​មួយ​ដែល​មាន​ឯក​រាជ្យ​ពិត​ប្រាកដ ហើយ​​និរាករណ៍​ ឬធ្វើ​វិសោធនកម្ម​ច្បាប់ទាំងឡាយណា​​ដែល​មាន​លក្ខណៈគាប​សង្កត់ ដោយអនុលោមតាម​​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ បញ្ឈប់​ការ​បង្ក្រាប​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​​ ថ្នាក់ដឹកនាំ​សហជីព​ សមាជិក​គណបក្ស​ជំទាស់​ អ្នក​សារព័ត៌មាន​ឯក​រាជ្យ និង​សំឡេង​ជំទាស់​ផ្សេងៗទៀត​ ហើយ​​ធានា​ឱ្យ​មាន​លំហ​សម្រាប់​ការ​ចូលរួមប្រកួត​ប្រជែង​​នយោបាយដោយ​ស្មើភាព​​នៅ​មុន​ការ​បោះ​ឆ្នោតនាពេល​ខាង​មុខនេះ​។​

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍នេះ មាន​រាយនាម​ដូច​ខាងក្រោមៈ

1 សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2 អង្គការក្រុមកាងារដើម្បីដោះស្រាយទំនាស់ (កដទ)
3 សហគមន៍អមលាំង (កំពង់ស្ពឺ)
4 សហគមន៍ដីធ្លីអណ្តូងត្របែក
5 សហគមន៍បឹងប្រាំ (បាត់ដំបង)
6 សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើ កម្ពុជា
7 អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
8 សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា
9 សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
10 សម្ព័ន្ធសហជីពកម្ពុជា
11 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
12 មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រ​ព័ន្ធផ្សព្វផ្សាយឯករាជ្យ​
13 សហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្ម កម្ពុជា
14 សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
15 សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
16 សមាគមកាម្មករកម្ពុជាសេដ្ឋកិច្ច ក្រៅប្រព័ន្ធ
17 សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
18 វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
19 សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
20 អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិនុស្ស លីកាដូ
21 សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
22 សមាគម បណ្តញយុវជនកម្ពុជា (ប.យ.ក)
23 សមាគមម ន្ត្រីរាជការឯករាជកម្ពុជា  (ស៊ីកា)
24 មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
25 សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
26 សហគមន៍ដីធ្លីជីខលើ (កោះកុង)
27 សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
28 សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
29 សម្ព័ន្ធសហគមន៍កសិករកម្ពុជា
30 សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (ស.ស.គ)
31 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
32 មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
33 សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
34 សហភាពចលនាកម្មករកម្ពុជា (CCW)
35 សហគមន៍ដក់ពរ (កំពង់ស្ពឺ)
36 សហពន្ទ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
37 សហព័ន្ធសហជីព សេរី ឯករាជ្យ
38 សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
39 សហព័ន្ធសហជីពឯករាជ្យ
40 សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
41 សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
42 សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
43 សហជីព ទ្រ ទ្រង់សិទ្ធិបុគ្គលិក កម្មករ និងយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍
44 សហគមន៍ដីធ្លីខេត្តប៉ៃលិន
45 សហគមន៍​ឡពាង (កំពង់​ឆ្នាំង)
46 សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
47 សហគមន៍ពាមរស់ (កំពង់ស្ពឺ)
48 មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (ភីឌីភី)
49 សហគមន៍ភ្នំក្រោម (សៀមរាប)
50 អង្គការ​ពន្លក​ខ្មែរ
51 សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
52 សហគមន៍ដីធ្លីព្រៃពាយ (កំពត)
53 សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
54 អង្គការសមាគមធាងត្នោត
55 សហភាពផ្ទះសាមគ្គី
56 សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
57 សហគមន៍ដីធ្លីតានូន (កោះកុង)
58 អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ស.គ.ក)
59 សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
60 អង្គការអភិវឌ្ឍន៍ធនធានយុវជន (កអធយ)

 

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments