រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
នាពេលថ្មីៗនេះ អាជ្ញាធរបានបង្កើនការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភ ទៅលើសមាជិកសហជីព នៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក៏ដូចជាការរឹតត្បិតខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលឃ្លាំមើលការបង្ក្រាបកាន់តែអាក្រក់ទៅៗពីសំណាក់អាជ្ញាធរ ។ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំរាជរដ្ឋាភិបាលឱ្យបញ្ឈប់ស្ថានភាពតានតឹងនេះ ហើយបញ្ឈប់ការបំភិតបំភ័យលើកូដករម្តងហើយម្តងទៀត ដែលរួមមានការដឹកអ្នកទាំងនោះទៅកាន់កន្លែងដែលឆ្ងាយពីទីក្រុង ហើយទុកពួកគេចោលនៅពេលយប់ជ្រៅស្ងាត់ ។
យើងខ្ញុំ ព្រួយបារម្ភចំពោះវិធានការថ្មីៗនេះពីសំណាក់អាជ្ញាធរ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឱ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកូដករអហិង្សា ដែលភាគច្រើនជាស្ត្រី ។ ជាច្រើនលើកច្រើនសារ អាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ ។ អ្នកសារព័ត៌មាន ត្រូវបានគំរាមកំហែងចាប់ខ្លួន ដោយសារចុះយកព័ត៌មានស្ដីពីកូដកម្ម ហើយជាច្រើនករណីទៀត អាជ្ញាធរបានបណ្ដេញអ្នកឃ្លាំមើល និងអ្នកសារព័ត៌មានចេញឆ្ងាយ ខណៈដែលអាជ្ញាធរចាប់សែងកូដករទៅកាន់រថយន្តក្រុងយ៉ាងហិង្សា ។ ពួកគេក៏បានគំរាមឃាត់ខ្លួនអ្នកឃ្លាំមើលជាមួយកូដករនៅទីតាំងធ្វើចត្តាឡីស័កកូវីដ-១៩ ផងដែរ ។
ក្នុងករណីមួយចំនួន អាជ្ញាធរបានបង្ខំអ្នកឃ្លាំមើលឱ្យលុបរូបភាព និងវីដេអូ អំពីហេតុការណ៍ ដែលអាចបង្ហាញនៅពេលក្រោយថា ការឃាត់ខ្លួនដោយរំលោភបំពានទាំងនេះ ជាប្រភពនៃភាពអាម៉ាស់ និងមិនសមហេតុផល ផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ ។ ប្រសិនបើអ្នកឃ្លាំមើល នៅតែបន្តត្រូវបានរឹតត្បិត យើងខ្ញុំភ័យខ្លាចថា ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពាន អាចនឹងកើនឡើងបន្ថែមទៀត អំឡុងពេលមានការបង្ក្រាបនេះ ។
លើសពីនេះ នាពេលថ្មីៗនេះ អាជ្ញាធរបានរុញកូដករចូលទៅក្នុងរថយន្តក្រុងយ៉ាងហិង្សា ហើយដឹកអ្នកទាំងនោះទៅកាន់ជាយក្រុង ហើយទុកពួកគេចោល ដោយបង្ខំឱ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់មកផ្ទះវិញដោយខ្លួនឯង ។ សកម្មភាពនេះ គឺជាសកម្មភាពដែលមិនត្រឹមត្រូវទាំងស្រុង និងជាការដាក់ទណ្ឌកម្មយ៉ាងច្បាស់មកលើក្រុមកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ ដោយមិនមានមូលហេតុស្របច្បាប់ណាមួយត្រូវបានលើកឡើងដោយអាជ្ញាធរ ។
កូដករជាស្ត្រី មកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដាក់គោលដៅជាមួយអំពើហិង្សា ការបៀតបៀនផ្លូវភេទ ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តដោយរំលោភបំពាន នៃវិធានការការពារជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងកូដកម្មអហិង្សារបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍នៅក្នុងវីដេអូមួយ ដែលអាជ្ញាធរបានប្រើប្រាស់ភាសាអាសគ្រាមដោយមិនសមរម្យ ទៅលើកូដករម្នាក់ ព្រមទាំងបានគំរាមរំលោភបំពានផ្លូវភេទលើរូបនាងផងដែរ ។ កាលពីថ្ងៃទី២២ ខែកុម្ភៈ បុរសជាអាជ្ញាធរម្នាក់ បានចាប់ និងច្របាច់ សុដន់របស់ស្ត្រីជាកូដករម្នាក់ ខណៈដែលនាងកំពុងត្រូវបានបង្ខំឱ្យចូលក្នុងរថយន្តក្រុង ។ កាលពីថ្ងៃទី ២២ ខែមីនា កូដករជាស្ត្រីម្នាក់ត្រូវបានអាជ្ញាធរដាល់ចំភ្នែក នៅពេលដែលអាជ្ញាធររុញច្រានយ៉ាងហិង្សាបង្ខំឱ្យកូដករចូលក្នុងរថយន្តក្រុង ។ សកម្មភាពទាំងនេះ គឺមិនអាចទទួលយកបានឡើយ ។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មរបស់ពួកគេដោយសន្តិវិធី និងក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលធានាអំពីសិទ្ធិក្នុងការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី ។ ប៉ុន្តែការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះកូដកម្មនេះ គឺជាការចាប់ខ្លួនអ្នកដឹកនាំ សមាជិក និងសកម្មជនសហជីពចំនួន១១រូបទៅវិញ ពាក់ព័ន្ធនឹងបទចោទមិនត្រឹមត្រូវ ។ បើទោះជាជិតបីខែក្រោយមក អ្នកទាំងនោះ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នក្តី ក៏បទចោទទៅលើពួកគេមិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ ។ អាជ្ញាធរនៅតែបន្តរុញច្រានបង្ខំ និងឃាត់ខ្លួនកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍រាប់រយនាក់ទៅក្នុងរថយន្តក្រុងស្ទើរតែរាល់ថ្ងៃ ក៏ដូចជាដឹកអ្នកទាំងនោះដោយមិនត្រឹមត្រូវទៅកាន់មណ្ឌលចត្តាឡីស័ក ហើយថ្មីៗនេះដឹកយកទៅទុកចោលនៅទីតាំងដាច់ស្រយាលមួយកន្លែងនៅជាយរាជធានីភ្នំពេញ ។
យើងខ្ញុំ សូមសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះ និងចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយវិវាទការងារនេះ ដែលរួមមានការធានាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមចរចាដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
- សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
- សហភាពការងារកម្ពុជា (CLC)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- បណ្តាញយុវជនកម្ពុជា (CYN)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហគមន៍កំប្រើស (ត្បូងឃ្មុំ)
- សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
- ខ្មែរថាវរៈ
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
- អង្គការស្ពានសន្តិភាព (PBO)
- សហគមន៍ពាមរស់ (កំពង់ស្ពឺ)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ភ្នំត្នោត (កំពត)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- អង្គការពន្លកខ្មែរ (PKH)
- សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឡង់ (កំពង់ធំ)
- សហគមន៍ព្រៃឡង់ (ព្រះវិហារ)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហភាពផ្ទះសាមគ្គី (SH)
- អង្គការសមាគមធាងត្នោត (STT)
- សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- សហគមន៍ដីធ្លីតានូន (កោះកុង)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សហគមន៍ថ្មដា (ពោធិ៍សាត់)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- អង្គការតម្លាភាពកម្ពុជា (TI)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)