Tuesday, March 5, 2024
Latest:

សេចក្តីថ្លែងការណ៍រួម ៖“រាជរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ដើម្បីធានា សុខភាព និងសុវត្ថិភាពដល់កម្មករនិយោជិតនៅកន្លែងការងារក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩

យើងខ្ញុំជាតំណាងសហព័ន្ធសហជីព សមាគម សហគមន៍ អង្គការ​សង្គមស៊ីវិល​ជាតិ ​ធ្វើ​ការ​លើ​វិស័យ សិទ្ធិការងារ និង​សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមជាមួយបណ្តាញយុទ្ធនាការជាសកលដើម្បីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារនៅក្នុង (ទិវាអន្តរជាតិ ដើម្បីរំលឹកដល់ការចងចាំដល់កម្មករ) ដែលទិវានេះរៀបចំទ្បើងនៅថ្ងៃទី ២៨ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធទទួលស្គាល់ពីសារៈសំខាន់ក្នុងការជំរុញ លើកកម្ពស់ សុខភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករយោជិតនៅគ្រប់ទីកន្លែងការងារនៅទូទាំងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា។

សុខភាព និង​​ សុវត្ថិភាពនៅកន្លែងការងារមានសារៈសំខាន់បំផុតក្នុងការចូលរួមចំណែកពីសំណាក់ភាគីនិយោជក សហជីព​ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឈន៍ និងអង្គការសង្គមស៊ីវិល ដើម្បីរួមសកម្មភាពរួម យកឈ្នះលើ ជំងឺរាតត្បាត កូវីដ ១៩​​ ដែលកំពុងកើតទ្បើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានានៅលើសកលលោក។ ជំងឺរាតត្បាត កូវីដ ១៩ បានធ្វើឱ្យយើងជួបនូវបញ្ហាប្រឈមនានាក្នុងការរក្សាបាននូវដំណើរការផលិតភាព នៅពេលដែលសុខភាពនិងសុវត្ថិភាពសម្រាប់កម្មករនិយោជិតមិនត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅកន្លែងការងារ។ និយោជកជាច្រើនបានទទួលស្គាល់ថា​ ការធានាសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ​មានសារៈប្រយោជន៍សំខាន់ផ្នែកសេដ្ឋកិច្ច និងផលិតកម្មនៅកន្លែងការងារ​។ សហជីពមើលឃើញពីសារៈសំខាន់ជាអាទិភាពចំពោះ “សុវត្ថិភាពពីជំងឺកូវីដ ១៩” នៅកន្លែងការងារ គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល និងនិយោជក ក៏ប៉ុន្តែកម្មករនិយោជិកភាគច្រើននាពេលបច្ចុប្បន្ននៅតែប្រឈមទៅនឹង សុវត្ថិភាពពីជំងឺរាតត្បាតកូវីដ ១៩” នៅកន្លែងការងារ ហើយករណីនេះធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដើម្បីធានាឱ្យមានការស្តារទ្បើងវិញនូវសុខុមាលភាពប្រជាពលរដ្ឋ កម្មករនិយោជិតគ្រប់វិស័យ ការស្តាទ្បើងវិញនូវសេដ្ឋកិច្ចជាតិ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

ហេតុការណ៍បាក់រលំអគារនៅពេលកំពុងសាងសង់នៅខេត្តព្រះសីហនុកាលពីឆ្នាំ​២០១៩ និង បាក់រលំអគារនៅពេលកំពុងសាងសង់នៅខេត្តកែប នៅឆ្នាំ​២០២០ គឺជាសោកនាដកម្ម សម្រាប់កម្មករនិយោជិកបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍នៃការបាក់រំលំអាគារទាំងពីរនេះ យើងបានតាមដាន និង សង្កេតឃើញថា រាជរដ្ឋាភិបាលតាមរយ​​:ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ រកឃើញថាមានការដ្ឋាន​សំណង់ពុំមានលិខិតអនុញ្ញាតសាងសង់ជាច្រើនដែលខុសបច្ចេកទេសសាងសង់កើតទ្បើងជាហូរហែ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កម្មករជាច្រើននាក់ត្រូវបានរងគ្រោះថ្នាក់ការងារ និងឱ្យបាត់បង់អាយុជីវិតបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ដោយទ្បែកនៅក្នុងវិស័យកាត់ដេរ ដេរស្បែកជើងក៏ប្រឈមទៅនឹងគ្រោះថ្នាក់ការងារដែលកើតចេញពីប្រព័ន្ធធ្វើដំណើររបស់កម្មករនិយោជិកពីផ្ទះទៅកន្លែងធ្វើការ ពីកន្លែងធ្វើការមកផ្ទះតាមរយៈប្រព័ន្ធធ្វើដំណើរតាមរថយន្តដែលមិនមានបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ​​ មានការដាក់ចំនួនកម្មករលើសលប់ មិនមានការតាមដានត្រួតពិនិត្យផ្នែកសុវត្ថិភាព ប្រឈមទៅនឹងគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរដោយកម្មករជាច្រើននាក់ត្រូវបានបាត់បង់អាយុជីវិត ប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចររាចរណ៍នៅតាមដងផ្លូវអំទ្បុងពេលធ្វើដំណើរ។

គួរតែដល់ពេលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគោលនយោបាយរបស់រដ្ឋដើម្បីជំរុញឱ្យមានការលើកកម្ពស់ សុខភាព និង សុវត្ថិភាពនៅកន្លែងការងារ ហើយវិធានការនេះ ត្រូវធ្វើទ្បើងជាប្រចាំនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា។ ការរៀបចំទីកន្លែងសមរម្យសម្រាប់កម្មករប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក៍ជាកត្តាចាំបាច់ ដោយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន ភាគីតំណាងកម្មករ អាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលក្នុងដំណើរការកំណែទម្រង់គោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាំបាច់នានាដើម្បីឱ្យមានការរៀបចំសណ្តាប់ធា្នប់ របៀបរៀបរយក្នុងសង្គមសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ដោយទ្បែកយើងខ្ញុំជាតំណាងសហពន្ធ័សហជីព សមាគម សហគមន៍ អង្គការ​សង្គមស៊ីវិល​ជាតិ ​ដែលធ្វើ​ការ​លើ​វិស័យ សិទ្ធិការងារ និង​សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាសង្កេតឃើញថានៅក្នុងស្ថានភាពនៃការីករាលដាលជំងឺរាតត្បាត ជំងឺកូវីដ​១៩ នាពេលបច្ចុប្បន្នមានផលប៉ះពាល់ជាខ្លាំងទៅដល់  ជីវភាព ជាពិសេស សុខភាព និង សុវត្ថិភាពការងាររបស់កម្មករនិយាជិកជាច្រើននាក់នៅកន្លែងការងារ ជាពិសេសកម្មករដែលកំពុងបម្រើការងារនៅក្នុងវិស័យកាត់ដេរ ដេរស្បែកជើង ផលិតផលធ្វើដំណើរ កម្មករសំណង់ សេវាកម្ម សណ្ឋាគារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលរងគ្រោះថ្នាក់ការងារដែលកើតចេញពីវិបត្តិកូវីដ ១៩ ជាមួយនឹងវិធានការតឹងរឹងនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅក្នុងតំបន់ក្រហមនិងតំបន់ដែលត្រូវបានបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល។ គិតមកដល់ពេលនេះមានកម្មករប្រមាណជាងមួយពាន់នាក់ត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ ១៩ នៅតាមបណ្តារោងចក្រសរុបប្រមាណជាង ៩០ រោងចក្រនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដែលជាក្តីបារម្ភធំបំផុតចំពោះសុខភាព និង សុវត្ថិភាពរបស់កម្មករ និងហានិភ័យដែលនឹងកើតមានទ្បើងនៅតាមបណ្តារោងចក្រផ្សេងៗទៀតដែលមិនទាន់រកឃើញជំងឺកូវីដ ១៩ នៅកន្លែងការងារនៅទ្បើយ ហើយកម្មករនិយោជកនឹងប្រឈមទៅនឹងការប្រថុយប្រថានក្នុងការវិលត្រលប់ទៅកន្លែងធ្វើការងាររបស់ពួកគេវិញនៅក្នុងស្ថានភាពដែលមិនទាន់មានការធានាពីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ។

ដោយមើលឃើញនូវហានិភ័យនិងបញ្ហាប្រឈមទៅលើ សុភាពនិងសុវត្ថិភាពការងាររបស់កម្មករនិយោជិកនៅកន្លែងការងារជាចម្បង យើងខ្ញុំតំណាង សហព័ន្ធ សហជីព សមាគម អង្គការ​សង្គមស៊ីវិលជាតិ ​ដែលធ្វើ​ការ​លើ​វិស័យសិទ្ធិការងារ និងសិទ្ធិមនុស្ស សូមធ្វើការស្នើដល់រាជ​រដ្ឋា​ភិបាល និងអ្នកពាក់ព័ន្ធដូច​ខាងក្រោម៖
១.​ ស្នើឱ្យរាជរដ្ឋាភិបាលបង្កើតយន្តការធ្វើការជាមួយ តំណាងកម្មករនិយោជិក និយោជក អង្គការសង្គមស៊ីវិលធ្វើការក្នុងវិស័យការងារ ដើម្បីកំណត់ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតំលៃចំពោះបញ្ហាសុខភាព និង សុវត្ថិភាពនៅកន្លែងការងារ ជាពិសេសនៅក្នុងក្នុងពេលមានការរីករាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្តាការដ្ឋាន សំណង់ និងក្រុមហ៊ុនសាងសង់នៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។
២. ជំរុញឱ្យមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំប្រកបដោយប្រសិទ្ធភាព និង​តម្លាភាព​​​ ដើម្បី​ពិនិត្យ​​មើលអំពីលក្ខខណ្ឌ សុខភាព និងសុវត្ថិភាពការងារ និង​ធ្វើការចុះបញ្ជីក្រុមហ៊ុនសាងសង់ទាំងនោះជាបន្ទាន់ជាមួយបេទ្បាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)​ នៅទូទាំងប្រទេស​កម្ពុជា។
៣.​  ស្នើដល់រាជរដ្ឋាភិបាល និងនិយោជកផ្តល់កន្លែងស្នាក់នៅជូនកម្មករឱ្យបានសមរម្យ មានអនាម័យ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់ជូនសម្ភារៈការពារបុគ្គល រួមមាន ម៉ាស់ អាកុលកន្លែងលាងសំអាតដៃ​ និងឧបករណ៍វាស់កម្តៅឱ្យបានគ្រប់គ្រាន់ នៅកន្លែងការងារ តាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាននានា ដែលមិនទាន់បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់អង្គការសុខភាពពិភពលោកដើម្បីធានាថាកម្មករមានសុវត្ថិភាពនៅកន្លែងការងារ។​
៤. ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យលើប្រព័ន្ធធ្វើដំណើរបស់កម្មករ ប្រកបដោយប្រសិទ្ធភាព ធានាឱ្យមានគម្លាតសង្គមក្នុងពេលធ្វើដំណើរអំទ្បុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមបណ្តារោងចក្រនានា។
៥. ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញវិធានការជាក់លាក់នៅទីកន្លែងការងារដែលប្រឈមទៅនឹងហានិភ័យខ្ពស់ ជាពិសេសនៅតាមបណ្តារោងចក្រ និងអនុញ្ញាតឱ្យកម្មករឈប់សម្រាកក្នុងពេលវេលាមួយសមស្រប ហើយនិយោជកត្រូវផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតអំទ្បុងពេលឈប់សម្រាក។
៦. ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញកម្មវិធីផ្តល់ជំនួយសង្គម ជំនួយសង្គ្រោះបន្ទាន់ រួមមានជាស្បៀងអាហារ និង សម្ភារៈចាំបាច់ប្រចាំថ្ងៃនានាបន្ថែមទៀតឱ្យបានទាន់ពេលវេលាក្នុងពេលនៃការបិទខ្ទប់ជាពិសេសកម្មករនិងពេលរដ្ឋខ្វះខាតដែលស្ថិតនៅក្នុងតំបន់ក្រហម។
៧. ស្នើដល់រាជរដ្ឋាភិបាល រៀបចំទីកន្លែងសមរម្យសម្រាប់អាជីវករ អ្នកលក់ដូរតាមដងផ្លូវ តាមទីផ្សារ និងនៅតាមទីសាធារណៈនានាប្រកបដោយអនាម័យ និងសុវត្ថិភាពនៅនឹងកន្លែង។

 

ថ្ងៃពុធ ២​រោច ខែពិសាខ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ២៨  ខែ មេសា ឆ្នាំ ២០២១

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖ 

១. សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (ADHOC)​

២. អង្គការ​សមាគមធាងត្នោត (STT)​

៣.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

៤.សម្ព័ន្ធសហជីពកម្ពុជា (CATU)

៥.​សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៦.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្ថិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)

៧.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៨.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៩.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

១០.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

១១.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)

១៣.សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC)

១៤.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)

១៥.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)

១៦.​សហភាពផ្ទះសាមគ្កី (SH)

១៧.​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (លីកាដូ)

១៨.​កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១៩.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) (

២០.​សហភាពការងារកម្ពុជា (CLC)

២១.អង្គការសមធម៌កម្ពុជា (EC)

២២.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

២៣.សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

២៤.សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)

២៥.សហព័ន្ធសហជីពកម្មករនោយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF)

២៦.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIEWA)

២៧.សមាគមកសិករកដើម្បីសន្តិភាព និងការអភិវឌ្ឈន៍ (FAPD)

២៨.សហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា​ (CTSWF)

២៩. សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា​ (CAWF)

៣០. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

៣១. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៣២. សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (AEURLH)

៣៣. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

៣៤. អង្គការតម្លាភាពកម្ពុជា (TI)

៣៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

៣៦.​សមាគមមន្រ្តីរាជការឯករាជ្យ (CICA)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments