សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម ចូលរួមជាសាមគ្គីភាពជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ រងរបួស និងបាត់ខ្លួន នៅថ្ងៃនេះកាលពី៨ឆ្នាំមុន ក្នុងពេលដែលកងកម្លាំងសមត្ថកិច្ច​បានវាយប្រហារ​ដោយគ្រាប់កាំភ្លើង ​បាញ់ទៅលើ​កម្មករនយោជិត​ដែលកំពុង​ធ្វើកូដកម្មនៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ ។ យើងខ្ញុំ បន្តស្នើសុំឱ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ ក៏ដូចជាការបាត់ខ្លួនក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ឈ្មោះ ខឹម សុផាត ដែលនៅបន្តបាត់ខ្លួនមកទល់សព្វថ្ងៃនេះ ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងសមត្ថកិច្ចចម្រុះរបស់រាជរដ្ឋាភិបាល​បានបាញ់ប្រហារ និងសម្លាប់មនុស្សយ៉ាងតិច៤នាក់​ ព្រមទាំងរងរបួសយ៉ាងតិច ៣៨នាក់ អំឡុងពេលបង្រ្កាបទៅលើការធ្វើកូដកម្មដោយសន្តិវិធីនៅលើមហាវិថីវេងស្រេង ។ កូដកម្មរបស់កម្មករ-កម្មការិនីកាត់ដេរ ដែលអំពាវនាវឱ្យមានប្រាក់ឈ្នួលអប្បរមាសមរម្យ ត្រូវបានរងការបង្រ្កាបយ៉ាងឃោរឃៅ និងមិនសមស្រប ។ ការស៊ើបអង្កេតក្រោយមកទៅលើការបាញ់ប្រហារនេះ គឺត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់របស់ ​លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល នោះទេ ។ ផ្ទុយទៅវិញ កម្មករនយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងក្រោយមកត្រូវបានផ្ដន្ទាទោសនៅក្នុងសវនាការមួយជុំវិញការចោទប្រកាន់ពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ ។

ក្មេងប្រុស ខឹម សុផាត អាយុ១៥ឆ្នាំ​ នៅតែបន្តបាត់ខ្លួនមកទល់សព្វថ្ងៃនេះ ។ សុផាត ត្រូវបានគេប្រទះឃើញលើកចុងក្រោយដោយដេកផ្កាប់មុខនៅក្នុងថ្លុកឈាម បន្ទាប់ពីរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងចំទ្រូង ដែលបង្ខំឱ្យអ្នកដទៃរត់យករួចខ្លួនដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈដែលកម្លាំងសមត្ថកិច្ចនៅតែបន្តបាញ់ប្រហារទៅលើអ្នកតវ៉ា ។ នៅពេលដែលអ្នកតវ៉ាត្រលប់ទៅទីតាំងដើមវិញបន្ទាប់ពីការបាញ់ប្រហារត្រូវបានបញ្ឈប់ សុផាត ត្រូវបានបាត់ពីកន្លែងកើតហេតុដែរ ។ ​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅប៉ុន្មានសប្ដាហ៍បន្ទាប់ពីថ្ងៃកើតហេតុថា សុផាត មិនស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួនទេ ។

កាលពីខែឧសភា ឆ្នាំ២០១៤ បុរស២នាក់ បានរក​ឃើញ​បំណែក​ឆ្អឹង និង​សំណល់​ពី​ការ​ដុត​កង់​ឡាន​នៅ​ឯ​មូលដ្ឋាន​កង​ពលតូច​លេខ ៧០ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា ជា​បំណែក​ឆ្អឹងនៃ​សាក​សព​របស់ ខឹម សុផាត ។​ អាជ្ញាធរបានបដិសេធមិនទទួលស្គាល់បំណែកឆ្អឹងទាំងនេះជារបស់សុផាត ប៉ុន្តែការស៊ើបអង្កេតដោយហ្មត់ចត់ ឯករាជ្យ ឥតលំអៀង ឬដោយប្រសិទ្ធភាព មិនត្រូវបានធ្វើឡើង ដូចដែលមានចែងនៅក្នុងច្បាប់នោះទេ ។ អាជ្ញាធរក៏មិនបានផ្ដល់ព័ត៌មានឱ្យគ្រួសាររបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងវិធានការស៊ើបអង្កេត និងការវិវត្តន៍នៃការលាតត្រដាងការពិតចំពោះអ្វីដែលបានកើតឡើងទៅលើកូនប្រុសរបស់ពួកគេដែរ ។

អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់ ខឹម សុផាត ត្រូវបានបន្សល់ទុកត្រឹមតែសំណួរជាច្រើនតែប៉ុណ្ណោះ ។ អ្នកស្រីបានមានប្រសាសន៍ថា “បើទោះជាវាត្រូវបានគេបាញ់ស្លាប់ ក៏គួរទុកសាកសពដើម្បីធ្វើបុណ្យផង ។ បើវាត្រូវបានគេបាញ់ស្លាប់ហើយ យកសាកសពទៅទៀត មិនទុកឱ្យខ្ញុំបានធ្វើបុណ្យ” ។ អ្នកស្រីបានបន្តថា “ខ្ញុំធ្វើបុណ្យឱ្យកូនរាល់ឆ្នាំ នៅស្រុក ដោយមិនមានសាកសពកូន មិនដឹងកូនស្លាប់ ឬនៅរស់។” ។ អ្នកស្រីបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ជួយ “រកយុត្តិធម៌ដល់កូនខ្ញុំផង” ។ ​

ប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន ទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ មុនពេល សុផាត ត្រូវបានបាត់ខ្លួន ហើយដូច្នេះកម្ពុជាគឺមានកាតព្វកិច្ចក្នុងការចាត់វិធានការសមស្រប ដើម្បីស្វែងរក សុផាត ដើម្បីឱ្យគ្រួសាររបស់គេទទួលបានព័ត៌មានអំពីការបាត់ខ្លួនរបស់គេ និងដើម្បីផ្ដល់សំណងខូចខាត “គ្រប់គ្រាន់ និងយុត្តិធម៌” ។

នៅថ្ងៃខួបនៃការបាត់ខ្លួន ខឹម សុផាត យើងខ្ញុំសូមសំណូមពរដោយទទូចដល់រាជរដ្ឋាភិបាល ដើម្បី៖

– ជួយគ្រួសាររបស់ក្មេងប្រុសដែលបានបាត់ខ្លួន ឱ្យស្ងប់ចិត្ត ដោយចាត់វិធានការជាក់លាក់ជាបន្ទាន់ ដើម្បីស៊ើបអង្កេតទៅលើការបាត់ខ្លួនរបស់ ខឹម សុផាត រហូតដល់ពេលដែលជោគវាសនារបស់គេ ត្រូវបានកំណត់ថាស្លាប់ឬនៅរស់ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ និងសម្ភាសដោយមានប្រសិទ្ធភាព ចំពោះកងកម្លាំងសមត្ថកិច្ច និងទាហានទាំងអស់ ដែលមានវត្តមាននៅទីតាំងបាត់ខ្លួន ។
– ចាត់វិធានការផ្លូវច្បាប់ឱ្យភាគីពាក់ព័ន្ធទទួលខុសត្រូវ ចំពោះការបាត់ខ្លួនរបស់ ខឹម សុផាត និងការបាញ់ប្រហារទៅលើ លោក ខឹម សុផាត លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល និងធ្វើការចោទប្រកាន់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមានការផ្ដន្ទាទោសមួយដ៏ហ្មត់ចត់ ឯករាជ្យ ឥតលំអៀង និងមានប្រសិទ្ធភាព ។
– ចែករំលែកពីដំណើរការ និងលទ្ធផលនៃការស៊ើបអង្កេតមកទល់បច្ចុប្បន្ននេះ និងបន្តទៅមុខទៀត​ ជាមួយក្រុមគ្រួសាររបស់ខឹម សុផាត រួមមានការធ្វើកោសល្យវិច័យបែបវិទ្យាសាស្រ្ត ទៅលើបំបែកឆ្អឹងដែលត្រូវបានរកឃើញកាលពីខែឧសភា ឆ្នាំ២០១៤ នៅមូលដ្ឋានកងពលតូចលេខ៧០ និងរបៀបនៃការកំណត់អត្តសញ្ញាណដែលបានអះអាងថា បំណែកឆ្អឹងទាំងនោះ មិនមែនជារបស់ខឹម សុផាត ។
– គោរព និងប្រគល់បំណែកឆ្អឹងនៅសេសសល់ ដែលត្រូវបានកំណត់អត្តសញ្ញាណរួច ត្រលប់ទៅគ្រួសាររបស់ខឹម សុផាត វិញ និងផ្ដល់ឱ្យពួកគេនូវការគាំទ្រពេញលេញក្នុងការទាមទាររកសំណងខូចខាត ៕

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  5. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  6. សហគមន៍បឹងប្រាំ (បាត់ដំបង)
  7. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. សហភាព​ការងារ​កម្ពុជា​ (CLC)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  14. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  15. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  18. បណ្តាញយុវជនកម្ពុជា (CYN)
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  20. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  21. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  22. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  23. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  24. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  25. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  26. សហគមន៍ដកពរ (កំពង់ស្ពឺ)
  27. អង្គការសមធម៌កម្ពុជា (EC)
  28. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  29. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  30. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  31. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  32. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  33. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  34. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  35. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  36. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
  37. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  38. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  39. សហគមន៍មានជ័យ (ស្វាយរៀង)
  40. សហគមន៍អូរដំដែក (កំពង់ធំ)
  41. អង្គការស្ពានសន្តិភាព (PBO)
  42. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  44. សហគមន៍ភ្នំត្នោត (កំពត)
  45. អង្គការពន្លកខ្មែរ​ (PKH)
  46. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  47. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  48. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  49. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  50. អង្គការសមាគមធាងត្នោត (សធត)
  51. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  52. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
  53. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  54. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  55. សហគមន៍ដីធ្លីតានី (សៀមរាប)
  56. សហគមន៍ដីធ្លីតានូន
  57. គណៈកម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញ​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើស្រ្តីភេទ​ (NGO-CEDAW)
  58. អង្គការតម្លាភាពកម្ពុជា (TI)
  59. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments