Saturday, April 20, 2024
Latest:

សេចក្តីថ្លែងការណ៍រួម ទិវាសេរីភាពសារព័ត៌មានពិភពលោក ការលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មានគឺជាការធានានូវព័ត៌មានដែលជាប្រយោជន៍សាធារណៈ

ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២១ – ក្នុងឱកាស​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក ​យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម​ សូមក្រើន​រម្លឹក​ឡើងវិញ​ថាសេរីភាព​ខាងការ​បញ្ចេញមតិ​ រួមមាន​សិទ្ធិប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលសេរី​និង​ឯករាជ្យ​ ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយគ្មាន​ការជ្រៀតជ្រែក​ សិទ្ធិ​សេរីភាព​ក្នុងការ​ស្វែងរក​ ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិតនានា ។ ​សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវលទ្ធិប្រជាធិបតេយ្យ​ដែលមាន​វិបុលភាព​និងល្អប្រសើរ ។​ យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះការបន្ត​ធ្លាក់ចុះ​នូវបរិយាកាស​មិនល្អ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​ ហើយយើងខ្ញុំ​សូមជំរុញ​ឱ្យរាជរដ្ឋាភិបាលកម្ពុជា ​(“រដ្ឋាភិបាល”)​ បញ្ឈប់នូវ​ការយាយី​នានា​ដែលកំពុង​បន្តកើតមាន​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ និងអ្នកសារព័ត៌មាន​ដែលបាន​អនុវត្ត​សិទ្ធិមូលដ្ឋាន​ចំពោះ​សេរីភាព​ខាងការបញ្ចេញមតិ​របស់ខ្លួន​ ។​ យើងខ្ញុំ​ក៏សូមជំរុញ​ឱ្យរដ្ឋាភិបាល​ធ្វើការ​លុបបំបាត់​នូវអំពើ​និទណ្ឌភាព​ប្រឆាំង​នឹងអ្នកសារព័ត៌មាន​ ដែលត្រូវបាន​វាយប្រហារ ​និងធ្វើឃាតផងដែរ​ ។ យើងខ្ញុំ​សូមជំរុញ​ឱ្យរដ្ឋាភិបាល​លុបចោល​ នូវច្បាប់​ដែលមានលក្ខណៈ​គាបសង្កត់​ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាព​មូលដ្ឋាន​ ក៏ដូចជា​សេរីភាព​សារព័ត៌មាន​ ហើយត្រូវធានា​ថារាល់ការ​តាក់តែង​ច្បាប់​នានាក្នុង​ពេល​ខាងមុខ​នឹងត្រូវបាន​ព្រាងឡើង​ឱ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា ប្រកប​ដោយតម្លាភាព ​និង​មានការ​ពិគ្រោះយោបល់​ជាមួយ​សង្គមស៊ីវិល ។

សេរីភាព​សារព័ត៌មាន​នៅតែ​ជាការរំ​ពឹងទុក​សម្រាប់​ប្រ​ព័ន្ធផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌​មានឯក​រាជ្យ​នៅក្នុង​ប្រ​ទេសកម្ពុជា​ ខណៈដែល​និន្នាការ​នៃការបំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងអ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែបន្ត​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងមកនេះ ។​ យោងតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០២០​ ដែលវាយតម្លៃ​ពីការអនុវត្ត​ជាទូទៅ​នៃសេរីភាព​សារព័ត៌មាន​តាមបណ្តាប្រទេស​ និង​តំបន់​នានា​ជុំវិញ​សកលលោក​ បានចាត់​ចំណាត់ថ្នាក់​ប្រទេសកម្ពុជា​ថាមិនល្អ ​ដោយឈរ​នៅលេខ​រៀងទី១៤៤​ ក្នុងចំណោម​ប្រទេស១៨០ ។​ តួលេខ​នេះបានរុញ​ឱ្យកម្ពុជា​ធ្លាក់១២​ ចំណាត់ថ្នាក់​ បើប្រៀបធៀប​ទៅឆ្នាំ២០១៧​ ហើយ​ប្រទេសកម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជាប្រទេស ​“មិនសេរី” ។ ​

ប្រព័ន្ធផ្សព្វផ្សាយ​ និងអ្នកសារព័ត៌មាន​ឯករាជ្យ​នៅតែបន្ត​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​កា​រ​បំពេញ​ ការ​ងារ​ដោយស្របច្បាប់​របស់ខ្លួន​ដោយសេរី ​និងដោយ​គ្មានការ​ដាក់កំហិត​សិទ្ធិ​របស់ខ្លួនឯង​ជាដើម ។​ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគមអ្នកសារព័ត៌មានក្នុងស្រុក ​នាពេល​ថ្មីៗនេះ​ បានបង្ហាញ​ពីឧបសគ្គ​ទាំងនេះដោយ​បានគូស​បញ្ជាក់​ផងដែរថា​ ក្នុងឆ្នាំ​២០២០​ មានអ្នកកាសែត​មិនតិចជាង​ ៧២ នាក់​ នោះទេ ​ដែលត្រូវ​បាន​យាយី​តាមផ្លូវ​តុលាការ​ ដែល​ក្នុងនោះ​មានជាង​ ៤២ នាក់​ ត្រូវបាន​ឃុំខ្លួន ​សាកសួរ ​ឬចាប់ដាក់ពន្ធ​នាគារ ។ អ្នកទាំងនោះ​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់​ពីបទញុះញង់​តាមមាត្រា៤៩៤​ និង៤៩៥​ នៃក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឧទាហរណ៍​ដូចជា​ ករណី​លោក សុខ ឧត្តម ​ដែលជាម្ចាស់​ស្ថានីយ​វិទ្យុរិទ្ធីសែន​ក្នុងខេត្តកំពង់ឆ្នាំង​ និងលោក រស់ សុឃិត ​ដែលជាអ្នកសារព័ត៌មាន​និងជាអ្នកបោះពុម្ពផ្សាយ​កាសែតជាតិខ្មែរ​ ហើយអ្នកទាំងពីរ​ត្រូវបានផ្តន្ទាទោស​ ដាក់ពន្ធនាគារ ។​ ជាងនេះទៅទៀត​ ករណី​អតីត​អ្នកយកព័ត៌មាន​វិទ្យុអាស៊ីសេរី ​លោក អ៊ួន ឈិន ​និងលោក ​យាង សុធារិន ​ដែលត្រូវបាន​ចាប់ខ្លួន​កាលពីខែវិច្ឆិកា​ ឆ្នាំ២០១៧​ និងចោទប្រកាន់​ពីបទចារកម្ម​និង ផលិត​រូបភាព​អាសអាភាស​នៅមិនទាន់​បាន​ដោះស្រាយ​នៅឡើយទេ ។​ ទោះបីជា ​អ្នកទាំងពីរ​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្ន​តាំងពីខែតុលា​ ឆ្នាំ២០១៩​ ហើយក៏ដោយ ​ករណី​របស់អ្នកទាំងពីរ​រូបនេះ ​មិនទាន់​បានបញ្ចប់​ អស់រយៈពេល​ជាង៣ឆ្នាំមកនេះ ​ដោយមិនទាន់​មានដំណោះស្រាយ​ជាក់លាក់​ណាមួយ ​នៅ​ឡើយទេ ។ យើងខ្ញុំ​សូមអំពាវនាវ​ដល់រដ្ឋាភិបាល​ឱ្យទម្លាក់​រាល់ការចោទប្រកាន់​ទាំងអស់​ទៅលើករណី​លោក យាង សុធារិន​ និងលោក អ៊ួន ឈិន​ និងដោះលែងលោក ​សុខ ឧត្តម ​និងលោក រស់ សុឃិត ​និងសុំឱ្យ​មានការ​ផ្តល់អាជ្ញាប័ណ្ណ​សារព័ត៌មាន​ដល់អ្នកទាំងពីរ​ឡើងវិញ ។ ​ ​

ជាការបារម្ភ​ផងដែរ​នៅ​ក្នុងបរិបទ​នៃ​ការ​រាតត្បាត​ជំងឺកូវីដ១៩​ អាជ្ញាធរ​បានរឹត​បន្តឹង​និងមិនអត់​ឱនចំពោះសំឡេង​រិះគន់​ ហើយអ្នកសារព័ត៌មាន​កាន់តែ​ងាយរងគ្រោះ​ពីការយាយី ​និងការចោទ​ប្រកាន់​តាមផ្លូវតុលាការ​ ចំពោះ​សកម្មភាព​រាយការណ៍​ព័ត៌មាន​របស់ខ្លួន​ទៅលើ​ប្រធានបទ​ពាក់ព័ន្ធ​នឹងជំងឺ​រាតត្បាត ។​ រវាង​ខែមក​រា​ ដល់​ខែមេសា ឆ្នាំ​២០២១ អ្នក​កាសែត​ចំនួន​បី​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ប្រ​ព័ន្ធផ្សព្វផ្សាយ​ចំនួន​៦ ​ត្រូវបាន​​ក្រសួង​ព័ត៌​មាន​ដកអាជ្ញាប័ណ្ណ​ដោយសារ​តែសកម្មភាព​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺកូវីដ១៩ ។ ​ទាំងនេះ​បានបង្ក​ឱ្យមាន​ផលប៉ះពាល់​មិនល្អចំពោះ​អ្នករាយការណ៍​ព័ត៌មានឯករាជ្យ ​បង្កើននូវការចាប់ពិរុទ្ធខ្លួនឯង​ និងរារាំង​ដល់ការទទួលបាន​ព័ត៌មានសំខាន់ៗ​របស់ពលរដ្ឋផងដែរ ។ ​នៅក្នុងបរិបទនេះ​ យើងខ្ញុំ​សូមក្រើនរម្លឹកថា​ ការធ្វើការរួមគ្នា​រវាងប្រព័ន្ធផ្សព្វផ្សាយ​និងអាជ្ញាធរ​ អាចនាំឱ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ទាក់ទងនឹង​ជំងឺកូវីដ១៩​ ដល់សាធារណជន​នៅក្នុង​ប្រទេសកម្ពុជា​ ។ ដូច្នេះ​យើងខ្ញុំ​សូមអំពាវនាវ​ឱ្យរដ្ឋាភិបាល​ទទួលស្គាល់​ពីតួនាទី​ដ៏សំខាន់​របស់​អ្នកសារព័ត៌មាន​ក្នុងពេល​មានវិបត្ដិ​សុខភាព​ជាសកលនេះ ​និងត្រូវធានា​ថា​អ្នកសារព័ត៌មាន​អាចអនុវត្តន៍​ការងារ​របស់ខ្លួន​ដោយគ្មាន​ការភ័យខ្លាច ។​

ក្រៅពីនេះ ​បទល្មើស​លើអ្នកសារព័ត៌មាន​បានបន្ត​កើតឡើង​និងក្លាយជា​អំពើនិទណ្ឌភាព ។​ នៅឆ្នាំ២០២០ ​យ៉ាងហោចណាស់​មានអ្នកសារព័ត៌មាន​ ២២ នាក់​ ត្រូវបាន​វាយប្រហារ​ ឬគំរាមកំហែង​ដោយ​អំពើហិង្សា​អំឡុងពេល​បំពេញភារកិច្ច ​ហើយមាន​អ្នកសារព័ត៌មាន​ម្នាក់បានទទួល​មរណៈភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ករណីនេះ​ពុំមាន​ការស៊ើបអង្កេត​ឱ្យបានត្រឹមត្រូវ​នោះទេ ។ ​នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២០ ​អ្នកសារព័ត៌មានតាមអ៊ីនធឺណិតចំនួន៤ នាក់ ត្រូវបានជន​ស្លៀកពាក់ស៊ីវិល​មួយក្រុម​វាយប្រហារ ។​ ក្រុមអ្នកសារព័ត៌មាន​ជឿថា ​ជន​វាយប្រហារ​ទាំងនោះ​គឺជាក្រុម​ឈ្មួញ​រកស៊ីឈើ​ខុសច្បាប់​ ដែលមក​សងសឹក​ដល់​ក្រុមអ្នកសារព័ត៌មាន​បន្ទាប់ពី​ពួកគេ​បានរាយការណ៍​ប្រាប់ប៉ូលីស​ថាក្រុមនេះ​បានប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ។​ ដូចគ្នានេះដែរ​ កាលនៅថ្ងៃទី២០​ ខែតុលា ​ឆ្នាំ២០២០ ​អ្នកសារព័ត៌មាន ២នាក់ ត្រូវបាន​វាយប្រហារ​ នៅពេល​ពួកគេ​កំពុងស៊ើបអង្កេត​សកម្មភាព​ខុសច្បាប់​របស់​ឈ្មួញឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង ។​ ទោះបីជា​មាន​ពាក្យបណ្តឹង​ដាក់ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដោយ​ តែមកទល់​ពេលនេះ ​យុត្តិធម៌​សម្រាប់​អ្នកសារព័ត៌មាន​រងគ្រោះ​នៅមិន​ទាន់​ទទួលបាន​នៅឡើយទេ ។​ បន្ថែមពីនេះ ​ចាប់តាំងពី​ឆ្នាំ១៩៩៤​ មក​ អ្នកសារព័ត៌មាន​ចំនួន ១៣ នាក់​ ត្រូវបាន​សម្លាប់​ ដោយសារ​ការរាយការណ៍​របស់​ពួកគេ​ទាក់ទង​នឹងការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ឥស្សរជន​ជាច្រើនរូប​ និង​មន្ត្រីយោធា​ជាន់ខ្ពស់​ផងដែរ ។​ យើងខ្ញុំ​សូមទទូចឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាស់​លាស់ ដើម្បី​ធានាថា​អ្នកសារព័ត៌មាន​ត្រូវបាន​ការពារ​នៅពេល​បំពេញតួនាទី​ដ៏សំខាន់​របស់ខ្លួន​ និង​សូមបញ្ចប់​នូវរាល់​អំពើនិទណ្ឌភាព​នៃឧក្រិដ្ឋកម្មប្រឆាំង​នឹងអ្នកសារព័ត៌មាន ​តាមរយៈ​ការធ្វើការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ឯករាជ្យភាព​ តម្លាភាព​ និង​ការកាត់ទោស​ជនល្មើស ​ដោយអនុលោម​ទៅតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ។ ​

ក្រៅពីនេះ ​រដ្ឋាភិបាល​បានជំរុញ​ឱ្យមាន​ច្បាប់រឹតត្បិត​កាន់តែច្រើន​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាព​ខាង​ការបញ្ចេញមតិ​នៅតាមអ៊ីនធឺណិត​ និង​ក្រៅប្រព័ន្ធ​អ៊ីនធឺណិត ។ ​នៅខែមេសា ​ឆ្នាំ២០២០​ ច្បាប់ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ ត្រូវបាន​អនុម័ត ។ ​ច្បាប់នេះ​បានផ្តល់​អំណាច​ដោយសេរី​ដល់រដ្ឋាភិបាល​ ក្នុងការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​រួមទាំង​សេរីភាព​សារព័ត៌មាន ។​ ថ្មីៗនេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុម័ត​ អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ​ដែល​ជួយសម្រួល​ដល់​ការឃ្លាំមើល​និងត្រួត​ពិនិត្យ​ចរាចរណ៍​នៅតាមប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​នឹងស្ថិតនៅ​ក្នុងច្រកទ្វារ​តែមួយ ​ដែល​រដ្ឋាភិបាល​ជាអ្នកគ្រប់គ្រង ។​ ​លើសពីនេះទៀត​ នៅខែមករា​ ឆ្នាំ ២០២១​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានចេញ​សារាចរ​ណែនាំ​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី-ខេត្ត ​ ក្នុងការ​ហាមឃាត់​រាល់ការ​ថតរបស់​អ្នកសារព័ត៌មាន​ចំពោះ​ការស៊ើបអង្កេត​របស់​ប៉ូលីស​លើស​កម្មភាព​បទល្មើសផ្សេងៗ​ ដែលនេះ​បានធ្វើឱ្យប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ផងដែរ ។​ រដ្ឋាភិបាល​ក៏បាន​ធ្វើសេចក្តីព្រាងច្បាប់​មួយដែរ​ទាក់ទង​នឹង​ច្បាប់ស្តីពីឧ​ក្រិដ្ឋកម្ម​តាមប្រព័ន្ធ​អ៊ីនធឺណិត ​ដែលមាន​បទប្បញ្ញត្តិ​មួយចំនួន​អាចកាត់បន្ថយ​សេរីភាព​ការបញ្ចេញមតិ​តាមអ៊ីនធឺណិត​ ប្រសិនបើ​ច្បាប់​នោះ​ត្រូវបានអនុម័ត ។​ ដូច្នេះយើងខ្ញុំ​សូមអំពាវនាវ​ដល់រដ្ឋាភិបាល​ឱ្យធ្វើវិសោធនកម្ម​ ឬលុបចោល​នូវច្បាប់​ទាំងឡាយ​ណាដែល​មានលក្ខណៈ​គាបសង្កត់​ និងត្រូវ​ធានា​ថារាល់​ការតាក់តែង​ច្បាប់នានា​ក្នុងពេល​ខាងមុខ​នឹងត្រូវ​បានព្រាងឡើង​ ឱ្យស្រប​តាមកាតព្វ​កិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា​ប្រកប​ដោយ​តម្លាភាព​ និងមានការ​ពិគ្រោះយោបល់ ។ ​

ប្រទេសកម្ពុជា​មិនអាចសម្រេច​បាន​នូវលទ្ធិប្រជាធិបតេយ្យ​នោះទេ ​​បើ​គ្មានសារព័ត៌មាន​សេរី​និងឯករាជ្យ ​ដែលអាច​ទទួលបាន​ព័ត៌មាន​ ក៏ដូចជា​តម្លាភាព​ និង​គណនេយ្យភាព​របស់​ស្ថាប័នរដ្ឋ ។​ ដូច្នេះ ​រដ្ឋាភិបាល​ចាំបាច់​ត្រូវចាត់វិធានការ​ជាក់ស្តែង​ ដើម្បី​បង្កឱ្យមាន​បរិយាកាស​អំណោយផល​ ដែល​សេរីភាព​សារព័ត៌មាន​ត្រូវបាន​ការពារ​និងលើកកម្ពស់ ​ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ​អាចបំពេញ​តួនាទី​ដ៏សំខាន់​របស់ខ្លួន​បាន​ដោយសេរី​និងគ្មានការ​ប្រឈមមុខ​នឹងការយាយី ​ការសងសឹក​ ឬប្រថុយជីវិត​របស់ខ្លួន​ ។ ជាមួយគ្នា​នេះដែរ​ អ្នកសារព័ត៌មាន​ក៏គួរតែ​បំពេញ​ការងារ​បែបស៊ើបអង្កេត​ និង​រាយការណ៍​ព័ត៌មាន​ ប្រកប​ដោយ​វិជ្ជាជីវៈ ​និងឯករាជ្យ ​ ដើម្បី​ធានាថា​ពួកគេ​បានផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ និងអាច​ទុកចិត្ត​បានដល់​សាធារណជន​ ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​អភិបាលកិច្ចឱ្យ​កាន់តែ​ប្រសើរឡើង ។

សេចក្តី​ថ្លែងការណ៍​នេះ គាំទ្រដោយ៖​
១.​អង្គ​ការក្រុម​ការ​ងារ​ដោះស្រាយទំនាស់
២.​បណ្តាញអាស៊ីដើម្បីការ​បោះឆ្នោត​ដោយ​សេរី​
៣.​អង្គ​ការ​អភិវឌ្ឍន៍សំលេង​សហគមន៍
៤.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(ម.ស.ម.ក)
៥.​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​
៦.​សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខេមបូចា)
៧.​សមាគមបណ្តាញយុវជន​កម្ពុជា​
៨.​សមាគមការពារ​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍នៅកម្ពុជា​
៩.​មជ្ឈមណ្ឌលសម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិមនុស្ស​
១០.​​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍
១១.​គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា
១២.​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
១៣.​វិទ្យាស្ថាន​ប្រ​ជា​ធិបតេយ្យកម្ពុជា​
១៤.​សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម
១៥.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
១៦.​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
១៧.​បណ្តាញកសាង​សន្តិភាព​សហគមន៍
១៨.​សហភាពការងារកម្ពុជា​
១៩.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
២០.​សម្ព័ន្ធសហជីពកម្ពុជា
២១.​សហគមន៍៩២ ភ្នំពេញ
២២.​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ​)
២៣.​​អង្គ​ការ​សមធម៌កម្ពុជា​
២៤.សមាគមប្រ​ជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​
២៥.​សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ
២៦.​សហព័ន្ធសហជីពឯករាជ្យ
២៧.​អង្គ​ការក្លាហាន​
២៨.​សហគមន៍ឡពាង កំពង់ឆ្នាំង​
២៩.​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍
៣០.​សហគមន៍មានជ័យ ស្វាយរៀង
​៣១.​គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា
៣២.​មជ្ឈមណ្ឌល​ប្រ​ជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព​​
៣៣.​អង្គ​ការ​ពន្លកខ្មែរ​
៣៤.​សហគមន៍ផ្លូវរថភ្លើង ភ្នំពេញ
៣៥.​សហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ភ្នំពេញ
៣៦.​សហគមន៍ឬស្សីស្រស់ ភ្នំពេញ​
៣៧.​អង្គ​ការ​សមាគមធាង​ត្នោត​
៣៨.​សហគមន៍ស្មសាន្ត ភ្នំពេញ
៣៩.​សហគមន៍ចេកមាស ស្វាយរៀង
៤០.​អង្គ​ការតម្លា​ភាពកម្ពុជា​​
៤១​.​សហគមន៍ទូលសង្កែអេ ភ្នំពេញ​
៤២.​អង្គ​ការមណ្ឌលព័ត៌​មាន​ស្រ្តីកម្ពុជា​
៤៣.​អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន​
៤៤.​អង្គ​ការ​ក្រុមប្រឹក្សាយុវជន​កម្ពុជា​
៤៥.​អង្គការយុវសន្តិភាព​

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments