Thursday, February 22, 2024
Latest:

សេចក្តីថ្លែងការណ៍រួម បញ្ឈប់ការធ្វើទុក្ខបុកម្នេញ​ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូន ប្រជាសហគមន៍សំរោងត្បូង

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានសមាគម​ អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍     មូលដ្ឋាន ដែលមាន រាយនាមដូចខាងក្រោម មានការព្រួយបារម្ភ ចំពោះសន្តិសុខ​ សុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង យ៉ាង ខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ ហើយសហគមន៍ អាចនឹង ត្រូ វ បានបណ្តេញចេញ​ពីលំនៅឋានទាំងបង្ខំ។ រីឯអ្នកតំណាងសហគមន៍បន្តរងការចោទប្រកាន់ និងបណ្តឹង ពីតុលាការ ដោយសារការការពារដីធ្លីផ្ទះសម្បែងរបស់ខ្លួន និងសិទិ្ធលំនៅឋានរបស់សមាជិកសហគមន៍ ។

ប្រជាសហគមន៍សំរោងត្បូង បានតាំងទីលំនៅតាំងពីឆ្នាំ១៩៩៦ រៀងមក ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នមាន ៧៦ខ្នងផ្ទះ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២០ អនក្រ.បក ចុះថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញថាសហគមន៍សំរោងត្បូងមិនស្ថិតនៅក្នុងអនុក្រឹត្យនៃការកំណត់ផ្ទៃ បឹង នេះទេ ហើយក៏មិនប៉ះពាល់ដល់ការពង្រីកផ្លូវទាំងស្រុងនោះដែរ(សូមមើលផែន​ទី​នៃឧបសម្ព័ន្ធផែនទី ទី៣)។

ខណៈពេលដែលដីសហគមន៍មិនស្ថិតក្នុងផ្ទៃបឹងតាមោកដែលកំណត់ផ្លូវការ​​ ក៏មិនប៉ះ​ពាល់​ដល់​ការ​ពង្រីកផ្លូវ ហើយពួកគាត់បានតាំងទីលំនៅ កាន់កាប់ និង អាស្រ័យផលដីនេះតាំងពីយូរណាស់មកហើយ ស្ថានភាពនេះ ពិតជាសមហេតុផល ដែលប្រជាសហគមន៍សំរោងត្បូង គួរតែទទួលបានការអភិវឌ្ឍនៅនឹងកន្លែង ដូចដែលអាជ្ញាធរបានអនុវត្តកន្លងមក នៅតាមសហគមន៍ទីក្រុងផ្សេងៗទៀត ដូចជាសហគមន៍នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ ជាដើម ។ ពួកគាត់មិនគួរត្រូវបានអាជ្ញាធរគំរាមកំហែងឱ្យចាកចេញពីលំនៅឋានដូចបច្ចុប្បន្ននោះទេ។

ផ្ទុយពីស្ថានភាពរបស់សហគមន៍ រាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹង ជាបន្តបន្ទាប់ប្រគល់ ឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាកម្មសិទ្ធិស្របច្បាប់ ចំនួន ៨០ លើក ដែលស្មើនឹង ៧៤,៩២% នៃផ្ទៃបឹង បើទោះបីជា ពួកគេទាំងនេះមិនដែលធ្លាប់បានរស់នៅ ទីតាំងនោះ ទាល់តែសោះក៏ដោយ ។ ការអនុវត្តស្តង់ដារពីរខុសគ្នា បង្កើតបានជាអំពើអយុត្តិធម៌ សង្គមយ៉ាងខ្លាំង ដែលធ្វើឱ្យសហគមន៍មានការឈឺចាប់​ បាត់បង់មុខរបរសេដ្ឋកិច្ចធ្លាក់ ចុះនិងពាក់បំណុល ធ្វើចំណាកស្រុក ព្រាត់ប្រាស់គ្រួសារ និងទទួលរងបណ្តឹង​ព្រហ្មទណ្ឌដោយសារការការពារដីខ្លួនឯងជាដើម។ តាំងពីឆ្នាំ២០២១ដល់២០២៣ មានសមាជិក ចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការក្រោមបទចោទ​ហិង្សា​ដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងក្នុងឆ្នាំ២០២៣ មានសមាជិក១នាក់ បានរត់គេចខ្លួនដោយ​ព្រួយបារម្ភពី​បញ្ហាសុវត្ថិភាព ។

តាំងពីឆ្នាំ២០១៩ សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នជាតិនានាដូចជា សាលាសង្កាត់សំរោងត្បូង ​សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាដើម ប៉ុន្តែវាហាក់បីដូចគ្មានដំណោះស្រាយ និងអូសពេលវេលាឱ្យ ចេះតែកន្លងហួសទៅ ។

កា​របណ្តេញចេញ​ដោយបង្ខំ គឺការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស ជាពិសេស រំលោភលើសិទ្ធិទទួល​បាន​លំនៅឋានសមរម្យ និងសិទ្ធិជាច្រើនផ្សេងទៀត ។ ការបណ្តេញ​ចេញ​ដោយ​បង្ខំ​បានបង្កើន​វិសម​ភាព​ដែលមានស្រាប់ហើយនោះ រិតតែ​ប៉ះពាល់​ដល់​សហគមន៍ក្រីក្រ និងសហគមន៍​ងាយ​រង​គ្រោះ ដោយរុញច្រាន សហគមន៍ទាំងនោះឱ្យកាន់តែក្រីក្របន្ថែមទៀត។

យើងខ្ញុំ សូមអំពាវនាវ ឱ្យអាជ្ញាធររដ្ឋបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញ និង គំរាមកំហែង តាមគ្រប់រូបភាពមកលើអ្នកតំណាង និងសមាជិកសហគមន៍សំរោងត្បូង ជាពិសេសស្នើសុំដល់តុលាការ សូមមេត្តាទំលាក់ចោលបទចោទប្រកាន់មកលើអ្នកតំណាងសហគមន៍ទាំង ១៨ នាក់ ។ យើងខ្ញុំ ក៏ស្នើសុំដល់រាជរដ្ឋាភិបាល សូមផ្តល់កម្មសិទិ្ធដីធ្លីស្របច្បាប់ ក៏ដូចជាការអភិវឌ្ឍន៍នៅនឹងកន្លែង ជូនប្រជាសហគមន៍សំរោងត្បូង និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំដោយមិនត្រឹមត្រូវ ។

 

សម្រាប់ព័ត៌មានបន្ថែម៖

១. លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស (Business and Human Rights Project Coordinator)

លេខទំនាក់ទំនង៖ ០១២ ៩៤១ ២០៦

២. លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង (Rights to the City Program Manager)

លេខទំនាក់ទំនង៖ ០១៦​ ៨៩៩ ៤៦៥

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២. មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៣. មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស (CENTRAL)

៤. សមាគម​ការពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (ADHOC)

៥. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៧. សហគមន៍ កៅពីរ (Kao Pi Community)

៨. សហគមន៍ ចម្រើន (Chamreun Community)

៩. សហគមន៍ ឆ្មាអើត (Chhma Aeot Community)

១០. សហគមន៍ ត្រពាំងរាំង (Trapang Rang Community)

១១. សហគមន៍ ថ្លាន់មួយរយ (Tlan 100 Community)

១២. សហគមន៍ ទំនប់តាថ្លាង (Tumnop Ta Thlang Community)

១៣. សហគមន៍ បឹងឈូកមានជ័យថ្មី២ (Boeung Chhouk Meanchey Tmey 2 Community)

១៤. សហគមន៍ បឹងត្របែកភូមិបួន (Boeung Trabek Phum 4 Community)

១៥. សហគមន៍ ផ្លូវរថភ្លើង (Phlov Roth Phleung Community)

១៦. សហគមន៍ ពង្រកជ័យល័ក្ខ (Pongrok Cheyleak Community)

១៧. សហគមន៍ ពង្រសែនជ័យ (Pong Ro Senchey Community)

១៨. សហគមន៍ ព្រៃឈើភូមិត្នោត (Prey Chher Phnom Tnaut Community)

១៩. សហគមន៍ ព្រែកតាគង់បី (Prek Takong 3 Community)

២០. សហគមន៍ ព្រែកតាគង់ ហុកសិបម៉ែត្រ (Prek Takong 60m Community)

២១. សហគមន៍ ព្រៃពាយ (Prey Peay Community)

២២​​. សហគមន៍ មានជ័យ (Meanchey Community)

២៣. សហគមន៍ រស្មីសាមគ្គី (Reaksmey Samaki Community)

២៤. សហគមន៍ វាលឥន្រ្ទី (Veal Entry Community)

២៥. សហគមន៍ វាលស្បូវ (Veal Sbov Community)

២៦. សហគមន៍ ស្មសាន្ត (Smor San Community)

២៧. សហគមន៍ សាមគ្គីចេកមាស (Samaki Chek Meas Community)

២៨. សហគមន៍ សាមគ្គីរមាសហែក (Samaki Romeas Hek Community)

២៩. សហគមន៍ សាមគ្គីរុងរឿង (Samaki Rong Roeung Community)

៣០. សហគមន៍ ស្រ្ដីក្លាហាន (Strey Klahan Community)

៣១. សហគមន៍ ស្រ្ដីឃ្លាំងសាំង (Strey Klang Sang Community)

៣២. សហគមន៍ ស្ទឹងកំបុត (Stoeng Kambot Community)

៣៣. សហគមន៍ សែនរីករាយ (Sen Reak Reay Community)

៣៤. សហគមន៍ ឡពាង (Lor Peang Community)

៣៥. សហគមន៍ អណ្ដូងតាអៀង (Andoung Ta Eang Community)

៣៦. សហគមន៍ ឬស្សីស្រស់ (Russey Sros Community)

៣៧.​ អង្គការសមាគមធាងត្នោត (STT)

៣៨. អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស (LICADHO)

 

ឧបសម្ព័ន្ធ 

ផែនទីទី១ 

បន្ទាត់ពណ៌ខៀវ ផ្ទៃពណ៌បៃតងគឺជាផ្ទៃបឹងធម្មជាតិដែលកំណត់ផ្លូវការក្នុងឆ្នាំ ២០១៦ ដែលមានទំហំសរុប ៣២៣៩,៧ហិកតា ចំណែកពណ៌ក្រហមតូច គឺជាដីសហគមន៍ដែលកំពុងមានទំនាស់។ ជាស្តែងស្ថានភាពដីសហគមន៍នេះ គឺមិនស្ថិតក្នុងព្រំប្រទល់បឹងដែលកំណត់ផ្លូវការនោះទេ។ ផ្ទៃបឹងពណ៌បៃតង ដែលមានទំហំជាង ៣២៣៩,៧ ហិកតានេះ បច្ចុប្បន្ន ត្រូវបានកាត់ និងប្រគល់ឱ្យ ឯកជន អស់ចំនួន ៨០ លើក ឬស្ទើរនឹង ៧៤,៩២% ទៅហើយ  (សូមមើលបន្តទៅផែនទីទី ២)។  

ផែនទីទី  

ផែនទីទី

ពណ៌ស្វាយជាដីសហគមន៍ដែលកំពុងមានទំនាស់បើយើងពន្រីកផែនទីឱ្យធំ បង្ហាញច្បាស់ថា ដីប្រជាសហគមន៍គឺនៅក្រៅព្រំប្រទល់បឹង ក្នុងករណីរាជរដ្ឋាភិបាលត្រូវការពង្រីកផ្លូវ ៥០ម៉ែត្រទៀត ក៏សហគមន៍មានដី៥៤ម៉ែត្រទៀត នៅខាងក្រោយផ្ទះពួកគាត់កំពុងរស់នៅបច្ចុប្បន្ន។ 

 

សម្រាប់ព័ត៌មានបន្ថែម៖  

១. លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស  

(Business and Human Rights Project Coordinator) លេខទំនាក់ទំនង៖ ០១២ ៩៤១ ២០៦  

២. លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង  

(Rights to the City Program Manager) លេខទំនាក់ទំនង៖ ០១៦​ ៨៩៩ ៤៦៥ 

ទាញយកឯកសារ៖ សេចក្តីថ្លែងការណ៍រួម

One thought on “សេចក្តីថ្លែងការណ៍រួម បញ្ឈប់ការធ្វើទុក្ខបុកម្នេញ​ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូន ប្រជាសហគមន៍សំរោងត្បូង

Comments