អង្គការសមាគមធាងត្នោត (STT) បានផ្តល់ឱកាសដល់យុវជនចំនួន ៤ រូប លើជំនួយផ្នែកស្រាវជ្រាវដែលមានប្រធានបទផ្សេងៗគ្នា
ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អបរិស្ថានក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង។ ការគាំទ្រលើកិច្ចការស្រាវជ្រាវទាំងនេះ មានគោលបំណងកសាងសមត្ថភាពក្នុងការសរសេររបាយការណ៍ស្រាវជ្រាវនានា ដែលផ្តោតសំខាន់លើអភិបាលកិច្ចបរិស្ថានល្អ និងជំនន់ទឹកភ្លៀងក្នុងសហគមន៍ក្រីក្រនិងជាការចូលរួមចំណែកលើឡើងនូវបញ្ហាប្រឈមដែលកើតមានក្នុងសហគមន៍ក្រីក្រដល់ប្រជាសហគមន៍ក្រីក្រក្នុងទីក្រុង។
សម្រាប់ប្រធានបទស្រាវជ្រាវមានដូចជា ១. ការសិក្សាអំពីឥរិយាបថ និងការអនុវត្តលើការគ្រប់គ្រងសំរាមរបស់ប្រជាសហគមន៍ និងអភិបាលកិច្ចបរិស្ថាននៅសហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ២. ការគ្រប់គ្រងសំរាម និងអភិបាលកិច្ចក្នុងសហគមន៍បឹងឈូកមានជ័យថ្មីទី២ ៣. អភិបាលកិច្ច និងការគ្រប់គ្រងសំរាមរបស់សហគមន៍តាមប្រឡាយលូទឹកស្អុយបឹងត្របែក និង៤. ជំនន់ទឹកភ្លៀងនៅភ្នំពេញ៖ កង្វល់ និងបញ្ហាប្រឈមរបស់សហគមន៍ក្រីក្រព្រែកតាគង់៣។
ការរកឃើញសំខាន់ៗនៃរបាយការណ៍នីមួយៗផ្តោតលើរបៀបដែលសហគមន៍ផ្លាស់ប្តូរឥរិយាបថចំពោះការចោលសំរាម ដោយសារការយល់ដឹងអំពីគុណវិបត្តិ និងផលប៉ះពាល់នៃការគ្រប់គ្រងសំរាមមិនបានល្អ។ របាយការណ៍មួយផ្សេងទៀតក៏បានបង្ហាញថាអាជ្ញាធរមូលដ្ឋានមួយចំនួនមិនចូលរួមសហការជាមួយប្រជាសហគមន៍ក្រីក្រ ដើម្បីដោះស្រាយនូវបញ្ហានានាលើការគ្រប់គ្រងសំរាម ដូច្នេះទាំងនេះជាហេតុផលមួយដែលសមាជិកសហគមន៍មួយចំនួនតូចនៅតែបន្តចោលសំរាម និងមិនសូវខ្វាយខ្វល់អំពីបញ្ហាបរិស្ថាននៅក្នុងសហគមន៍ផងដែរ។ សម្រាប់ប្រធានបទដែលទាក់ទងនឹងជំនន់ទឹកភ្លៀង ចំពោះការរកឃើញសំខាន់ៗបានផ្តោតលើផលប៉ះពាល់នៃទឹកជំនន់ លើសុខភាព បញ្ហាសេដ្ឋកិច្ច បញ្ហាគុណភាពលំនៅឋាន បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាប្រឈមផ្សេងៗទៀត។
ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍ស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ៖https://teangtnaut.org/report/
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ–ភាសាអង់គ្លេស
សម្រាប់ព័ត៌មានបន្ថែម សូមទំទាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០៨៩ ៦៦៦ ០១៣
អ៊ីម៉េល៖ director@teangtnaut.org
លោកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal) ៖ ០១២ ៤៦៤ ៥០០
អ៊ីម៉េល៖ advisor1@teangtnaut.org