ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កងកម្លាំងសន្ដិសុខដោយមិនសមហេតុផល អំឡុងពេលប្រារព្វពិធីរំលឹកខួប៣ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី និងសូមស្នើសុំដោយទទូចឱ្យអាជ្ញាធរដោះលែងសកម្មជនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ពីការឃុំខ្លួនឱ្យបានឆាប់រហ័សដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលបទចោទលើអ្នកទាំងពីរ។
យុរជនទាំងពីរត្រូវបានចាប់ខ្លួន ដោយសារប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិដោយអហិង្សា អំឡុងពេលចូលរួមពិធីរំលឹកខួបនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ។
លោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ និងសមាជិកក្រុមគ្រួសារ៣នាក់ទៀត ត្រូវបានចាប់ខ្លួនថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការលក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី។ រ៉ៃយ៉ា ក៏បានបង្ហោះសារអំពី លេខទូរស័ព្ទអ្នកបើកបររថយន្តឈ្នួលម្នាក់ដែលអាចដឹកមនុស្សទៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបអ្នកវិភាគដែលត្រូវបានធ្វើឃាតនេះផងដែរ។ ផ្អែកតាមសកម្មភាពទាំងនេះហើយ ដែលអាជ្ញាធរសម្រេចចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍”។ ការចោទប្រកាន់នេះធ្វើឱ្យសាធារណជនយល់ឃើញថា គ្មានមូលដ្ឋាន ដែលរំលោភលើសិទ្ធិរបស់លោក រ៉ៃ យ៉ា ក្នុងការសម្ដែងមតិដោយសន្ដិវិធី ដូចមានចែងក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនម្ដងហើយ កាលពីខែសីហា ឆ្នាំ២០១៥ និងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ ក្រោមបទចោទដែលគ្មានមូលដ្ឋានដូចគ្នា ពាក់ព័ន្ធនឹងការបង្ហោះសារមួយទៀតលើហ្វេសប៊ុក។
មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា គឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក សួង នាគព័ន្ធ អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅខាងក្រៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ជាទីតាំងដែលលោកបណ្ឌិត កែម ឡី ត្រូវបានធ្វើឃាត កាលពី៣ឆ្នាំមុន។ នាគព័ន្ធ អតីតនៃសមាជិកក្រុមយុវជនលោកបណ្ឌិត កែម ឡី បានកំពុងចូលរួមពិធីរំលឹកខួបនេះ នៅស្ថានីយប្រេងឥន្ធនៈខាងលើ ប៉ុន្តែត្រូវបានចាប់ខ្លួនជាមួយសកម្មជនជាបងប្អូនភ្លោះពីរនាក់ទៀត គឺ លោក ជុំ ហួត និងលោក ជុំ ហួរ ខណៈដែលអ្នកទាំងពីរនេះកំពុងកាន់កម្រងផ្កាបម្រុងដាក់នៅស្ថានីយប្រេងឥន្ធនៈ។ បងប្អូនភ្លោះទាំងពីរនាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃដដែល។
មុនពេលចាប់ខ្លួន នាគព័ន្ធ បានកាន់ខិត្តប័ណ្ណមានភ្ជាប់សារ “បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់” ជាមតិដែលហាមឃាត់មនុស្ស និងស្ថាប័នទាំងអស់ កុំឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ការចាប់ខ្លួន និងការចោទប្រកាន់លើរូបលោកបង្ហាញពីចំណុចខ្សោយមួយទៀតរបស់អាជ្ញាធរដែលបានធ្វើការបង្រ្កាបទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្ដិវិធី នៅក្នុងប្រទេសកម្ពុជា។
ការចោទប្រកាន់លើបុគ្គលទាំងនេះ បានធ្វើឱ្យការចងចាំលោកបណ្ឌិត កែម ឡី ក្លាយទៅជាសកម្មភាពខុសច្បាប់ដូចជាការចូលរួមពិធីរំលឹកខួប ឬពាក់អាវយឺតដែលមានរូប និងសម្រង់សម្ដីរបស់លោកបណ្ឌិតជាដើម។ អ្នកវិភាគនយោបាយដ៏គួរឱ្យគោរពរូបនេះ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃក្នុងខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែករណីនេះនៅមិនទាន់មានការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យនៅឡើយទេ។ ការចោទប្រកាន់ទៅលើការជួបជុំគ្នាដោយសន្ដិវិធី ដោយការដាក់ទោសជាប់ពន្ធនាគារគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ចំពោះលំហដែលនៅសល់តិចតួចសម្រាប់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។
ការចាប់ខ្លួនទាំងនេះកើតឡើងស្របពេលដែលព្រឹត្តិការណ៍នៃការប្រារព្ធពិធីរំលឹកខួបនេះនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ក៏ត្រូវបានអាជ្ញាធររឹតត្បិតផងដែរ។ អាជ្ញាធរទាំងនេះហើយដែលបានប្រាប់ទៅអ្នករៀបចំពិធីថា ពួកគាត់តម្រូវឱ្យមានការអនុញ្ញាតពីអាជ្ញាធរជាមុនសិន មុនពេលរៀបចំពិធីរំលឹកខួបនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។ អ្នករៀបចំកម្មវិធីនៅខេត្តបន្ទាយមានជ័យ កំពង់ចាម និងខេត្តកណ្ដាល ត្រូវបានរាយការណ៍ថា រងការគំរាមកំហែងដោយវត្តមាននគរបាល ដែលត្រូវបានដាក់ពង្រាយដើម្បីឃ្លាំមើលការរៀបចំពិធីទាំងនេះ ខណៈដែលការរៀបចំពិធីនៅភ្នំពេញត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំងចម្រុះជាង៥០នាក់ ដែលបានធ្វើការរារាំងសកម្មភាពសន្ដិវិធីនេះយ៉ាងហិង្សា ដោយការដកហូតយកកម្រងផ្កា និងបង្ខំឱ្យដោះអាវចេញជាដើម។ សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោកបណ្ឌិត កែម ឡី ជាសហស្ថាបនិក ត្រូវបានអាជ្ញាធររារាំងនៅខាងក្រៅការិយាល័យគណបក្សក្នុងរាជធានីភ្នំពេញ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់កន្លែងជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ និងការប្រារព្ធពិធីក្នុងខេត្តតាកែវ ដែលជាភូមិកំណើតរបស់លោកបណ្ឌិត កែម ឡី។
ជាថ្មីម្ដងទៀត យើងខ្ញុំ សូមសំណូមពរដោយទទូច សូមមេត្តាឱ្យអាជ្ញាធរគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលធានាដោយមាត្រា៤១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៩ (២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ហើយក៏សូមស្នើសុំឱ្យដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ឱ្យបានឆាប់រហ័សដោយគ្មានលក្ខខណ្ឌ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកទាំងពីរ៕
សេចក្ដីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. សហគមន៍ ២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍ កៅពីរ (ភ្នំពេញ)
៣. សហគមន៍ដីធ្លី ២៩៧ (កោះកុង)
៤. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍(AEC)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៧. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៨. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
៩. សហគមន៍បឹងឈូក (ភ្នំពេញ)
១០. សហគមន៍បឹងប្រាំ (បាត់ដំបង)
១១. សហគមន៍បុរីកីឡា (ភ្នំពេញ)
១២. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៣. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៤. សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា
១៥. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៨. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ( CDPLA)
១៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២០. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៣. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
២៤. បណ្តាញយុវជនកម្ពុជា (CYN)
២៥. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
២៦. សហគមន៍ឆេកូ (ភ្នំពេញ)
២៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣០. សហគមន៍ជាំក្រវៀន (កំពង់ចាម)
៣១. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
៣២. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU)
៣៣. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៤. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣៥. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
៣៦. អង្គការសមធម៌កម្ពុជា (EC)
៣៧. សហគមន៍ព្រៃឈើ និងធនធានធម្មជាតិ (ពោធិ៍សាត់)
៣៨. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៣៩. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤០. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤២. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៤៣. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៤៤. សមាគមឥន្ទ្រទេវី (IDA)
៤៥. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៤៦. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៤៧. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៤៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤៩. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៥០. សហគមន៍ម៉ឺនជ័យ (ស្វាយរៀង)
៥១. ចលនាមាតាធម្មជាតិ (MNC)
៥២. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៥៣. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៥៤. សហគមន៍ភ្នំបាត (ភ្នំពេញ)
៥៥. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៥៦. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៥៧. សហគមន៍ភូមិ ២២ (ភ្នំពេញ)
៥៨. សហគមន៍ដីធ្លីភូមិក្តិបថ្ម (បន្ទាយមានជ័យ)
៥៩. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៦០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៦១. អង្គការពន្លកខ្មែរ (PKH)
៦២. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៦៣. សហគមន៍ជនជាតិដើមភាគតិចគួយ ខេត្តព្រះវិហារ
៦៤. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៦៥. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៦៦. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៦៧. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៦៨. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៦៩. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៧០. សហគមន៍នេសាទព្រៃពាយ (កំពត)
៧១. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៧២. សមាគមធាងត្នោត (STT)
៧៣. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
៧៤. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៧៥. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៧៦. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៧៧. សហគមន៍ដីធ្លីតានូ (កោះកុង)
៧៨. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
៧៩. សហគមន៍ដីធ្លីថ្មដា (ពោធិ៍សាត់)
៨០. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៨១. សហគមន៍ត្រពាំងអញ្ចាញថ្មី (ភ្នំពេញ)
៨២. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៨៣. សហគមន៍ដីធ្លីត្រពាំងក្រសាំង (សៀមរាប)
៨៤. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
៨៥. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង ( UPWD)
៨៦. សហគមន៍ដីធ្លីភូមិ ១
៨៧. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL)
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ