អង្គការFIDH អង្គការOMCT មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឃន៍នៅកម្ពុជា និងសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៨ ខែធ្នូ ដោយសម្ដែងការស្វាគមន៍ចំពោះអនុសាសន៍របស់អង្គការសហប្រជាជាតិស្ដីពីការឃុំឃាំងដោយឥតច្បាប់(WGAD)។
ការគាំទ្រនេះ ដោយសារតែកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ WGADបានលើកឡើងថា ការបន្តឃុំខ្លួនលោកនី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងលោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និងលោកស្រីលឹម មុនី ជាមន្ត្រីបួនរូបរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) គឺ មិនត្រឹមត្រូវ។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏សំណូមពរដោយទទូចឲ្យអាជ្ញាធរកម្ពុជាអនុវត្តតាមសេចក្ដីសម្រេចនេះ និងដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៥រូបជាបន្ទាន់ ហើយសូមទម្លាក់ចោលបទចោទទាំងអស់លើអ្នកទាំងនោះ ព្រមទាំងផ្ដល់សំណងសមរម្យដល់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថា «ការដកហូតសិទ្ធិសេរីភាពរបស់អ្នកទាំង៥នាក់ គឺជាការរំលោភបំពានទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃកម្ពុជា ដែលបានចែងយ៉ាងច្បាស់ពីលក្ខខណ្ឌនៃការបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដែលមកទល់ពេលនេះមានរយៈពេល២៣៤ថ្ងៃហើយ ចាប់តាំងពីអ្នកទាំងនោះត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០១៦៕
ប្រភព៖ វាយោ