តុលាការកំពូលនឹងប្រកាសសាលដីកាលើករណីសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់មន្ត្រីសិទ្ធិមនុស្សនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ

តុលាការកំពូលនឹងប្រកាសសាលដីកាលើករណីសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងមន្ត្រីគ.ជ.ប នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។

នៅថ្ងៃទី២៣ វិច្ឆិកា នេះ តុលាការកំពូល បានបញ្ចប់សវនាការជំនុំជម្រះក្ដីករណីរបស់ពួកគេហើយបន្ទាប់ពីត្រូវបានសាលាឧទ្ធរណ៍បដិសេធនឹងការសុំនៅក្រៅឃុំនេះ រួចហើយ ដោយចាត់ទុកសាលក្រមតុលាការក្រុងភ្នំពេញ ថាជាបានការ។ ។ ដោយលើកហេតុផលបីយ៉ាងមកសំអាង។ ទី១ សាលាឧទ្ធរណ៍ចាត់ទុកថា ករណីសូកប៉ាន់សាក្សីជាបទឧក្រិដ្ឋ ទី២ ខ្លាចអ្នកទាំង ៥នាក់ ត្រូវរ៉ូវគ្នាជាមួយសាក្សីធ្វើឲ្យរំខានដល់ការស៊ើបសួរ ពេលពួកគេនៅក្រៅឃុំ និងទី៣ ដោយសារករណីនេះស្ថិតក្នុងការស៊ើបអង្កេត។

មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ៤រូប គឺអ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត រួមនឹងអតីតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក និងជាមន្ត្រី គ.ជ.ប ១រូបទៀត គឺលោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅមកសាកសួរ និងឃាត់ខ្លួនកាលពីចុងខែមេសា រួចបញ្ជូនមកតុលាការ ហើយតុលាការចោទប្រកាន់ពីបទសមគំនិត និងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនិងអ្នកតស៊ូមតិមួយចំនួន ហៅការចោទប្រកាន់នេះថា ជាការបិទសំឡេងអ្នករិះគន់ ព្រោះអ្នកទាំងនោះជាអ្នកដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលដើម្បីស្ថាបនា។

មន្ត្រីសិទ្ធិមនុស្សថាពួកគាត់អាចនៅក្រៅឃុំបាន បើតុលាការឯករាជ្យ« បើសិនជាតុលាការធ្វើការដោយឯករាជ្យ ដោយប្រសិទ្ធភាព ខ្ញុំមានសង្ឃឹម ហើយខ្ញុំសង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៍ ដល់ពួកខ្ញុំដែលជាអ្នកធ្វើការ ត្រឹមត្រូវតាមផ្លូវច្បាប់ ត្រឹមត្រូវតាមផ្លូវច្បាប់» លោក ណៃ វ៉ង់ដា និយាយពេលចេញពីតុលាការកំពូល៕
_mg_0555

_mg_0549

_mg_0576