តុលាការកំពូល បន្តរឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ ជ ប

នៅព្រឹកថ្ងៃច័ន្ទទី១៣ ខែមិនា នេះ តុលាការកំពូលបានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីការពារសិទ្ធិមនុស្សអាដហុកបួនរូប និងមន្ត្រី គ ជ ប មួយរូប ដោយលើកឡើងថាសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត និងខ្លាចមន្ត្រីទាំងប្រាំរត់គេចខ្លួន។

មន្រ្តីទាំងនោះត្រូវបានឃុំខ្លួនជាង១០ខែមកហើយក្រោមបទចោទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៦។

មន្ត្រីអាដហុកទាំងបួនរូប រួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ថា«សូកប៉ាន់សាក្សី»ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

អង្គការសង្គមស៊ីវិលចំនួន៥៩ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ សម្ដែងការសោកស្តាយជាខ្លាំងចំពោះការចោទប្រកាន់ទាំងនោះ ហើយសូមសំណូមពរមេត្តាឲ្យមានការដោះលែងអ្នកទាំងប្រាំនាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការ និងធានាជាថ្មីថា សិទិ្ធនិងសេរីភាពជាមូលដ្ឋាននានារបស់អ្នកការពារសិទិ្ធមនុស្សក្នុងការអនុវត្តការងាររបស់អ្នកទាំងនោះ ត្រូវបានអនុវត្តដោយសេរី ជៀសផុតពីការបំភិតបំភ័យនិងការដាក់ទណ្ឌកម្ម៕