ទិវាទីក្រុងពិភពលោក ៣១ តុលា

ប្រទេសកម្ពុជាបានធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ​ ជាមួយនឹងកំណើនភាគច្រើនផ្តោតតែនៅក្នុងរាជធានីភ្នំពេញ។ ទោះបីជាមានសំណង់អាគារខ្ពស់ ៗ អគារខុនដូ បុរី និងទីក្រុងរណបនានា​ នាពេលថ្មីៗយ៉ាងណាក៏ដោយ ក៏រាជធានីភ្នំពេញនៅតែមានសហគមន៍ក្រីក្រងាយរងគ្រោះជាង ២៧៧ ទីតាំង ដែលមិនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍនេះទេ។ សហគមន៍ទាំងនេះមិនទាន់មានលំនៅឋានសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទឹកស្អាតសម្រាប់ប្រើប្រាស់ អនាម័យ និងសុវត្ថិភាពដីធ្លីនៅឡើយ។

លំនៅឋានសមរម្យគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបទាំង បុរស ស្ត្រី យុវជន និងកុមារ ដើម្បីទទួលបាន និងមាននិរន្តរភាពផ្នែកលំនៅឋាន និងសហគមន៍ដែលមានសុវត្ថិភាពក្នុងការរស់នៅប្រកបដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ ហើយដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ដែលគ្មាននរណាម្នាក់ជួបបញ្ហាច្រើន ខណៈមានការអភិវឌ្ឍទីក្រុងនោះទេ ។ មនុស្សគ្រប់រូបគួរតែទទួលបានលំនៅឋានសមរម្យ សាលារៀន ការថែទាំសុខភាព ការងារ ប្រព័ន្ធអនាម័យ និងសហគមន៍ដែលមានសុវត្ថិភាព។

ថ្ងៃទី៣១ ខែតុលានេះ គឺជាទិវាទីក្រុងពិភពលោកដែលជាថ្ងៃទទួលស្គាល់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងទីក្រុងនានាលើសកលលោកក្នុងការជួបប្រជុំគ្នា និងដោះស្រាយបញ្ហាប្រឈមនៃនគរូបនីយកម្ម និងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ វាជាថ្ងៃសម្រាប់លើកកម្ពស់ការយល់ដឹងអំពីសហគមន៍ក្រីក្រក្នុងទីក្រុង និងបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ ខណៈពេលដែលទីក្រុងនៅជុំវិញបន្តរីកចម្រើនឥតឈប់ឈរ។