ទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើក៣២ត្រូវបានហាមឃាត់

ពលរដ្ឋប្រមាណ២០០នាក់ ដែលមកពីសហគមន៍រងគ្រោះដីធ្លីក្នុងរាជធានីភ្នំពេញគ្រោងប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅសហគមន៍ជ្រោយចង្វា ប៉ុន្តែមិនអាចប្រារព្ធ​បានក្រោយអាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាត។

សាលារាជធានីភ្នំពេញ បានចេញលិខិតហាមឃាត់មិនឲ្យពលរដ្ឋប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកដោយលើកហេតុផលថា​ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ  និងបរិបទនយោបាយស្ថិតក្នុងភាពតានតឹង។ ក្នុងលិខិតបន្តថា អ្នកដឹកនាំនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

​ក្នុងនោះផងដែរក៏មានសហគមន៍ដីធ្លីផ្សេងទៀតដូចជា អតីតបឹងកក់ សហគមន៍​បុរី​កីឡា និង សហគមន៍​ព្រលាន​យន្តហោះ​អេសអូអេស​ ដែលគ្រោងនឹងធ្វើនៅថ្ងៃច័ន្ទទី១៦ ខែតុលា ឆ្នាំ២០១៧ ក៏ត្រូវបានខកខាន ដោយសារគ្មានការអនុញ្ញាតពីសាលារាជធានី។

អ្នកស្រី ស៊ា ណារ៉េត បានផ្ដល់បទសំភាសដល់វិទ្យុអាស៊ីសេរីថា  «ដោយសារតែ​អ្នកស្រី និង​ពលរដ្ឋ​បឹងកក់ ជាង​៣​ពាន់​គ្រួសារ បាន​រងគ្រោះ​ធ្លាក់ខ្លួន​ក្រ ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​បឹងកក់​របស់​រដ្ឋាភិបាល មិនបាន​ផ្ដល់​សំណង​សមរម្យ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ម្ចាស់​ដី។ អ្នកស្រី បន្ថែម​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ជា រដ្ឋាភិបាល​ផ្ដាច់ការ មិន​គោរព​សិទ្ធិ​ពលរដ្ឋ​ជាដើម»។

សហគមន៍ឡពាងប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣២​ មានអ្នកចូលរួមប្រមាណ២០០នាក់ ក្រោមប្រធានបទ ផ្ទះខ្ញុំ ដីខ្ញុំ គ្មានដីគ្មានជីវិត ធ្វើនៅក្នុងសហគមន៍របស់ខ្លួន ក្រោមការឃ្លាំមើលពីសំណាក់ អាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៧។

នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ សហគមន៍ដីធ្លី បុរីកីឡា និង ភ្នំបាត បានប្រារព្ធកម្មវិធីទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣២ នៅក្នុងសហគមន៍របស់ពួកគេ ក្រោមការឃ្លាំមើលពី សំណាក់អាជ្ញាធរ និងសន្តិសុខខណ្ឌ៧មករា។ សន្តិសុខខណ្ឌ៧មករាបានដណ្ដើមយកផ្ទះសិប្បនិមិត្តរបស់សហគមន៍ផងដែរ៕