ប្រជាសហគមន៍បុរីកីឡា ប្រារព្ធខួប៧ឆ្នាំនៃការបណ្តេញចេញដោយបង្ខំ

នៅព្រឹកថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០១៩​ សហគមន៍បុរីកីឡាបានប្រារព្ធខួប៧ឆ្នាំនៃ​ការបណ្តេញចេញដោយបង្ខំពីសំណាក់ក្រុមហ៊ុន​អភិវឌ្ឍន៍​ និងអាជ្ញាធររាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលមកពីសហគមន៍ផ្សេងៗ​ និង​ក្រុមសង្គម​ស៊ីវិល ​ប្រមាណ​ ៥០ នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​សហគមន៍​បុរីកីឡា​ ដើម្បី​ប្រារព្ធ​ពិធីសាសនា​ និងថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​សិទិ្ធ​ដីធ្លីរបស់​អ្នក​ទាំងនោះ។​ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស​ ស៊ន បាននិយាយថា​ សមាជិករបស់អ្នកស្រីដែលនៅសេសសល់ចំនួន ៧គ្រួសារទៀត​ មិនព្រមទទួលនូវសំណងរបស់ក្រុមហ៊ុន​ ដោយអ្នកស្រីបានសង្កត់ធ្ងន់ថា​ សំណងដែលក្រុមហ៊ុនផ្តល់ឱ្យកន្លងមកនោះ​គឺមិនសមរម្យ​ ដែលមិនអាចឱ្យក្រុមគ្រួសារទាំងនោះអាចយកទៅទិញផ្ទះនៅកន្លែងផ្សេងទៀតបានឡេីយ។ ដូច្នេះ អ្នកស្រី និងសមាជិកផ្សេងទៀតនៅតែបន្តទាមទារការអភិវឌ្ឍនៅនឹងកន្លែងតែម្តង។ កម្មវិធីនេះបានចាប់ផ្តើមនៅម៉ោង ៨ព្រឹក និងបានបញ្ចាប់នៅម៉ោង ១០ព្រឹក ដោយ​ស្ថិតនៅក្នុងការ​​ឃ្លាំមើលពីអាជ្ញាធរខណ្ឌ ៧មករា​​ ប្រមាណ ​ ១០នាក់​​ និង​បាន​ហាម​ឃាត់ប្រជា​សហគមន៍​​មិនឲ្យ​មាន​ការព្យួរ​ ឬកាន់​បដាអ្វី​ទាំងអស់។

អ្នកស្រី ស ស៊ន តំណាងសហគមន៍បុរីកីឡាពេលកំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

គួររំលឹកផងដែរថា កាលពី​ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១២​ ពលរដ្ឋ​សហគមន៍​បុរីកីឡា​ ត្រូវបាន​អាជ្ញាធរ​បណ្តេញចេញ​ដោយបង្ខំ​ពីទីតាំង​សហគមន៍​របស់​អ្នកទាំងនោះ​ នៅពេល​ក្រុមហ៊ុន​ ផាន អ៊ីមិច​ ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ ស៊ុយ សុផាន​ បាន​ឈូសឆាយ​ផ្ទះសំបែង​របស់​អ្នកទាំងនោះ​ ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ និងមាន​ការជួយ​ពីកងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន។​

ក្រុមហ៊ុន​ ផាន អ៊ីមិច​ បានទទួល​ដីសម្បទាន​នៅទីតាំងនោះ​ ដោយ​មានកិច្ចសន្យាថា​ នឹងត្រូវ​សាងសង់​អាគារ​ចំនួន​ ១០​ នៅលើ​ទីតាំង​នោះ​ ដើម្បី​អភិវឌ្ឍ​នៅនឹង​កន្លែង​ជូន​ពលរដ្ឋ​បុរីកីឡា​ ហើយ​ដីដែល​នៅសល់​ចំនួន​ ២,៦​ ហិកតា​ នឹង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​។ ប៉ុន្តែ​ នៅឆ្នាំ ​២០១០​ ក្រុមហ៊ុន​ បាន​រំលោភ​កិច្ចសន្យា​ បន្ទាប់ពី​បាន​សាងសង់​អាគារទី ៨​ ដោយ​ធ្វើឲ្យពលរដ្ឋ​ចំនួន ៣០០​ គ្រួសារ​ មិនទាន់​បានទទួល​ផ្ទះសំបែង៕