ប្រវត្តិសហគមន៍
សហគមន៍បឹងឈូក គឺជាសហគមន៍មួយដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវនៃរាជធានីភ្នំពេញ។ សហគមន៍នេះបានមកតាំងលំនៅដំបូងក្នុងឆ្នាំ១៩៩២ ហើយត្រូវបានចងក្រងនៅក្នុងឆ្នំា២០០៩ ដោយអង្គការក្រុមការងារសិទ្ធិលំនៅឋាន។ បច្ចុប្បន្ននេះ សហគមន៍មានប្រជាពលរដ្ឋ៥២ គ្រូសារដែលរស់នៅក្នុងសហគមន៍នេះ ហើយប្រភពប្រាក់ចំណូលដែលប្រជាសហគមន៍ទទួលបានមកពីការរត់ម៉ូតូឌុប កម្មកររោងចក្រ លាងចាន លក់ដូរ គ្រួបង្រៀន អ្នកប្រមូលសំរាម និងការងារផ្សេងទៀត។ ចាប់តាំងពីឆ្នាំ ២០០៥ មក សហគមន៍បានដាក់សំណើជាច្រើនទៅសាលារាជធានីភ្នំពេញ អាជ្ងាធរជាតិដោះស្រាយទំនាស់ដីធ្លី និងការិយាល័យរាជ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋានដើម្បីស្នើសុំប្លង់កម្មសិទ្ធិ និងហេដ្ឋារចនាសម្ព័ន្ធឱ្យប្រសើឡើង។
ស្ថានភាពមុនអនុវត្តគម្រោង
បើយោងទៅតាមការស្ទង់មតិជាមូលដ្ឋាន ប្រជាសហគមន៍ត្រូវបានប្រឈមនឹងការបណ្តេញចេញ ក្នុងខណៈពេលដែលសហសគមន៍មិនដឹងអ្វីទាំងអស់អំពីដី និងសិទ្ធិលំនៅឋានរបស់ពួគគេ។ ប្រជាសហគមន៍មិនដែលបានដឹងពីច្បាប់ភូមិបាល សារាចរ ០៣ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធទៅនឹងដីធ្លី និងសិទ្ធិលំនៅឋាន ដែលជាឯកសារផ្លូវច្បាប់សម្រាប់ការពារសិទ្ធិរបស់ពួគគេឡើយ។ លើសពីនេះទៅទៀត សមាជិកសហគមន៍មិនដែលធ្វើការចងបណ្តាញជាមួយសហគមន៍ផ្សេងទៀតទេ។ ប្រជាសហគមន៍បានរស់នៅក្នុងភាពគំរាមកំហែងនែការបណ្តេញចេញ ចាប់តាំងពីពួកគាត់បានទទួលដំណឹងមិនផ្លូវការពីអជ្ញាមូលដ្ឋានទាក់ទងនឹងការពង្រីកផ្លូវក្នុងភូមិ ខណៈដែលផ្ទះរបស់ពួគគេស្ថិតនៅជាប់នឹងគម្រោងអភិវឌ្ឍផ្លូវនោះ។ ទន្ទឹមជាមួយគ្នានេះដែរ អជ្ញាធរខណ្ឌក៏បានបញ្ជាក់ថា ដីដែលសហគមន៍កាន់កាប់ជាដីសាធារណៈរបស់រដ្ឋ។
សកម្មភាពគំាទ្រដោយគម្រោង
អង្គការសមាគមន៍ធាងត្នោតបានសហការជាមួយសហគមន៍ចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ។ ក្នុងឆ្នាំ២០១៩ គម្រោងពង្រឹងអំណាចសហគមន៍ បានអញ្ជើញតំណាងសហគមន៍ចូលរួមផ្លាស់ប្តូរទស្សនៈកិច្ចសហគមន៍ទាំងទីក្រុង និងខេត្ត ដែលជាកន្លែងពួគគេបានដឹងពីស្ថានភាពសហគមន៍ទីក្រុង និងបានផ្តល់ឱកាសដល់សហគមន៍ដើម្បីសិក្សារៀនសូត្រ និងបង្ហាញនូវបទពិសោធន៍ផ្សេងៗគ្នា តាមរយៈការផ្តល់ចំណេះដឹង និងបទពិសោធន៍ អំពីការងារតស៊ួមតិ និងការចងក្រងសហគមន៍ ការពង្រឹងអំណាច ព្រមទាំងយល់ពីលក្ខខណ្ឌនែការរស់នៅ ដូចជាការទទួលបានសេវាសង្គម និងសាធារណៈ ហេដ្ឋារចនាសម្ធ័ន្ធមូលដ្ឋាន ហិរញ្ញវត្ថុគ្រួសារ ឱកាសការងារ ការទាមទារសុវត្ថិភាពកាន់កាប់ដីធ្លី តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាដើម។
លើសពីនេះទៀត តំណាងសហគមន៍ និងសមាជិកត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស ដែលបានធ្វើជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ វាគឺជាឱកាសដ៏ល្អសម្រាប់កិច្ចប្រជុំប្រជាសហគមន៍ទីក្រុងដ៏ទៃទៀត ដើម្បីចែករំលែកពីបញ្ហា បទពិសោធន៍ ចំណេះដឹង និងការចងបណ្តាញក្នុងចំណោមសហគមន៍របស់ពួកគេ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ក្នុងសកម្មភាពសង្គមដែលត្រូវបានធ្វើដោយសហគមន៍នីមួយក្នុងការគាំទ្រដើម្បីការពារដី និងសិទ្ធិលំនៅឋានរបស់ពួគគេពីការរំលោភបំពានពីវិស័យសាធរាណៈ និងក្រុមហ៊ុនឯកជន។ លើសពីនេះទៀត សមាជិក ឬតំណាងសហគមន៍បានទទួលវគ្គបណ្តុះបណ្តាលពីគម្រោង ដូចជាច្បាប់ភូមិបាល សារាចរ០៣ សិទ្ធិមនុស្ស យុទ្ធសាស្រ្តអហិង្សា បច្ចេកវិទ្យាព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គម (Facebook, WhatsApp, Telegram, Signal, and so on) ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលទាំងនេះ គឺពង្រឹងសមត្ថភាពរបស់សហគមន៍ ដើម្បីការពារសិទ្ធីដីធ្លី និងសិទ្ធិលំនៅឋានរបស់ពួកគេ ដើម្បីទាមទារប្លង់កម្មសិទ្ធិ និងសុវត្ថិភាពនៃការកាន់កាប់។ គម្រោងរបស់អង្គការសមាគមនធាងត្នោត តែងតែបង្រៀនពួកគាត់ពីរបៀបធ្វើផែនការរបស់សហគមន៍ ការឃ្លាំមើល ឆ្លុះបញ្ចាំងនៃសកម្មភាពដែលបានធ្វើ។ យ៉ាងណាក៏ដោយ ពួកគេក៏ត្រូវបានសម្របសម្រូលដោយគម្រោង ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ជាតិ ស្តីពីគោលនយោបាយលំនៅឋាន ដែលបានរៀបចំដោយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាឱកាសល្អសម្រាប់ការស្នើសុំ និងលើកសំនួរនានា ពាក់ព័ន្ធនឹងគោលនយោបាយដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល។
ការផ្លាស់ប្តូរស្ថានភាពក្នុងសហគមន៍ក្នុងកំឡុងពេលអនុវត្តនន៍គម្រោង
ចាប់តាំងពីតំណាង និងសមាជិកសហគមន៍បានចូលរួមវគ្គបណ្តុះបណ្តាល ប្រជុំ សិក្ខសាលា វេទិកា និងការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សាមក ពួកគេទទួលបាននូវចំណេះដឹងអំពីសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងលំនៅឋាន ដឹងពីវិធីការពារសិទ្ធិរបស់ពួកគេពីការបណ្តេញចេញដោយបង្ខំ និងការចងក្រងឯកសារផ្លូវច្បាប់សំខាន់ៗសម្រាប់ការទាមទារសិទ្ធិដីធ្លី និងលំនៅឋាន។
តំណាង និងសមាជិកសហគមន៍បានយល់អំពីសិទ្ធិរបស់ពួកគេ ហើយមានសមត្ថភាពក្នុងការរៀបចំសកម្មភាពទាំងក្នុង និងក្រៅសហគមន៍ ដើម្បីពិភាក្សាលើបញ្ហា និងស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។ លើសពីនេះទៅទៀត ពួកគេតែងតែដាក់ញ្ញាតិទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដើម្បីជួយអន្តរាគមក្នុងបញ្ហាដីធ្លីរបស់ពួកគេ។ បន្ថែមពីនេះទៀត សមាជិកសហគមន៍បានចូលរួមជាមួយសហគមន៍ដ៏ទៃ និងសង្គមស៊ីវិល ក្នុងការប្រារព្វ ឬចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗដែលរួមចំណែកក្នុងការលើកកម្ពស់សិទិ្ធមនុស្សដូចជា ទិវាសិទ្ធិលំនៅឋានពិភពលោក ទិវាសិទ្ធិមនុស្សអន្តរជាតិ និងទិវាសិទ្ធិនារីអន្តរជាតិជាដើម។ ក្នុងនេះដែរ សមាជិកសហគមន៍តែងតែធ្វើកិច្ចប្រជុំប្រចាំខែក្នុងចំណោមសមាជិកសហគមន៍ ប្រសិនបើមានបញ្ហាបន្ទាន់ដើម្បីពិភាក្សា និងការគាំទ្រដល់ការរៀបចំពីអង្គការមានដូចជាអង្គការសមាគមធាងត្នោតជាដើម។ តាមរយៈកិច្ចប្រជុំប្រចាំខែរបស់ពួកគេ សមាជិកសហគមន៍ត្រូវបានពង្រឹងអំណាច តាមរយៈការលើកកម្ពស់កិច្ចពិភាក្សា និងចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្រ្តថ្មីៗសម្រាប់ការទាមទារប្លង់កម្មសិទ្ធិ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ សមាជិកសហគមន៍បានចូលរួមកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញ ដើម្បីបែងចែកដីឡូរ៍សម្រាប់គ្រួសារនីមួយៗ ដែលទទួលបាន ៤ ម៉ែត្រ x ១៥ ម៉ែត្រ ដោយទីកន្លែងដែលត្រូវបានផ្លាស់ប្តួរទីតាំងថ្មីនេះ មានចម្ងាយពីទីតាំងចាស់ប្រហែល ០.៥ គីឡូម៉ែត្រ ប៉ុណ្ណោះ។
តំណាងសហគមន៍បឹងឈូក លោកស្រី ខៀវ ចិន្តា មានអាយុ ៤៧ឆ្នាំ រស់នៅជាមួយនឹងកូនស្រីម្នាក់ បានប្រាប់អង្គការសមាគមធាងត្នោតថា “ខ្ញុំសប្បាយរីករាយដែលសហគមន៍ទទួលបានដំណោះស្រាយ បើទោះបីជាត្រូវធ្វើការងារមួយចំនួនបន្ថែមទៀត និងរង់ចាំទទួលប្លង់កម្មសិទិ្ធ” ។
លោកស្រី ចិន្តា ជាកម្មករសំណង់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គាត់។ គាត់រកប្រាក់បានប្រហែល ១០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
លោកស្រី ចិន្តា បាននិយាយថា “បើគ្មានការគាំទ្រពីអង្គការសមាគមធាងត្នោតនោះទេ សហគមន៍របស់យើងពិតជាពិបាកក្នុងការសម្រេចបាន ដូចជាមានការផ្លាស់ប្តូរក្នុងពេលថ្មីៗនេះណាស់។ អង្គការសមាគមធាងត្នោតបានជួយខ្ញុំ និងសមាជិកសហគមន៍ផ្សេងទៀតឱ្យបានយល់ដឹងពីសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិលំនៅឋាន និងវិធីសាស្ត្រតស៊ូមតិសម្រាប់ស្វែងរកដំណោះស្រាយសមរម្យ” ។
ការសន្និដ្ឋាន
សហគមន៍បឹងឈូកបានក្លាយជាសហគមន៍ដ៏រឹងមាំមួយ ហើយមានទំនាក់ទំនងល្អជាមួយសហគមន៍ដីធ្លីក្នុងទីក្រុងដទៃទៀត និងអាជ្ញាធរមូលដ្ឋាន។ ពួកគេមានសមត្ថភាពធ្វើសកម្មភាពតស៊ូមតិដោយឯករាជ្យដោយប្រើវិធីសាស្រ្តល្អ និងមានទំនុកចិត្តទៀតផង។ បន្ទាប់ពីការតស៊ូប្រហែល១០ឆ្នាំមកនេះ បច្ចុប្បន្ននេះប្រជាសហគមន៍កំពុងរង់ចាំការធ្វើប័ណ្ណកម្មសិទ្ធិពីសាលាខណ្ឌឬស្សីកែវ ខណៈដែលដំណើរការវាស់វែងបែងចែកដីឡូរ៍ទៅដល់គ្រូសារនីមួយៗត្រូវបានបញ្ចប់។ សមាជិកសហគមន៍សង្ឃឹមថា ពួកគេនឹងទទួលបានប័ណ្ណកម្មសិទ្ធិនៅដើមឆ្នាំ ២០២០នេះ។