សហគមន៍រងគ្រោះដីធ្លីបុរីកីឡាដាក់ញត្តិបដិសេធគោលការណ៍សាលារាជធានីភ្នំពេញ

សហគមន៍រងគ្រោះដីធ្លីនៅបុរីកីឡាប្រមាណ២០នាក់ តំណាងអោយ១០ គ្រួសារបានមកដាក់ញត្តិបដិសេធនូវគោលការណ៍សំណងរបស់សាលារាជធានីភ្នំពេញ នៅមុខសាលាក្រុងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

ការដាក់ញត្តិបដិសេធនេះដោយសារតែសាលាក្រុងបានចេញគោលការណ៍អោយគ្រួសារដែលរងការបណ្ដេញចេញទទួលយក ផ្ទះនៅភូមិអណ្ដូង និងកញ្ចប់ថវិការចំនួន ៣ ០០០ ដុល្លាអាមេរិច ឬយកថវិការ ៥ ០០០ ដុល្លាអាមេរិច ដោយមិនទទួលបានផ្ទះ។

ប្រជាពលរដ្ឋលើកឡើងថា៖ ពួកគេមិនទទួលយកសំណងទេ ដោយសារខុសនឹងការសន្យារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអោយអភិវឌ្ឍន៍នៅនឹងកន្លែង។

ពួកគាត់បន្តទៀតថា៖ «ពួកយើងខ្ញុំទាំងអស់គ្នាដែលនៅសេសសល់ សូមសំណូមពរយកផ្ទះនៅបុរីកីឡា បើអត់មានផ្ទះទេ សុំថវិការដែលអាចទិញផ្ទះនៅបុរីកីឡាបាន»។

មន្ត្រីសាលារាជធានីភ្នំពេញបានទទួលយកញត្តិ ហើយប្រាប់ថានឹងឆ្លើយតបពួកគាត់នៅសប្តាហ៍ក្រោយ៕

កងសន្តិសុខឈរឃ្លាំមើលសហគមន៍បុរីកីឡានៅមុខសាលារាជធានីភ្នំពេញ។ Picture: Vantha