អំពីយើង

អង្គការសមាគមធាងត្នោត ជាអង្គកាមិនមែនរដ្ឋាភិបាលធ្វើការនៅទីក្រុងប្រចាំប្រទេសកម្ពុជា

សាវតា

អង្គការសមាគមធាងត្នោតមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែ តុលា ឆ្នាំ ២០០៦។ ធាងត្នោតមានន័យថា “ធាងដើមត្នោត” ហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញឲ្យអង្គការសមាគមធាងត្នោតព្យាយាមឆ្លុះបញ្ចាំងការងារជាក់ស្តែងរបស់ខ្លូនជាមួយនឹងសហគមន៍ក្រីក្រក្នុងទីក្រុង។

តាំងពីដំបូងសមាគមធាងត្នោតបានផ្តោតលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយទើបអង្គការសមាគមធាងត្នោតខិតខំពង្រឹងការស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២៧០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវបាន បណ្ដេញចេញពីលំនៅដ្ឋាន ។  តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធាងត្នោត និងអង្គការដៃគូបានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។

ទស្សនវិស័យ

សហគមន៍ក្រីក្រនិងងាយរងគ្រោះនៅទីក្រុង ក្នុងប្រទេសកម្ពុជា មានលំនៅឋាន សមរម្យ ​រស់នៅប្រកបដោយជីវភាពធូរធារនិងសេចក្តីថ្លៃថ្នូរ។  

បេសកកម្ម

ផលិត/ផ្តល់ឧបករណ៍តស៊ូមតិ ពង្រឹងទំនុកចិត្តនិងគាំទ្រ សហគមន៍ក្រីក្រនិងងាយរងគ្រោះនៅទីក្រុង ដើម្បីពួកគេទទួលបានលំនៅឋានសមរម្យ​ប្រកបដោយផាសុខភាព។