រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣
យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញយុវជនកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសមាគមធាងត្នោត សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការសមធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។
គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តី ក្មេងស្រី និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅគ្រប់វិស័យ ក៏ដូចជាបង្ហាញដល់សាធារណជនឱ្យបានជ្រាបអំពីតម្រូវការ បញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្រ្តី និងក្មេងស្រីរងគ្រោះ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមជាមួយយើងខ្ញុំតាមលទ្ធភាពដែលអាចធ្វើទៅបានតាមកម្មវិធីដូចខាងក្រោម៖
- នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយខិត្តប័ណ្ណរាប់ថ្ងៃថយក្រោយដើម្បីបង្ហាញកាលបរិច្ឆេទរំកិលជិតមកដល់ទិវាអន្តរជាតិនារី
- ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយវីដេអូចំនួន៧ បន្តបន្ទាប់គ្នា ដែលក្នុងវីដេអូទាំង៧នោះ លើកឡើងនូវសំណើឱ្យមានការដោះស្រាយនូវបញ្ហាប្រឈមចំនួន១៧ ចំណុច តាមវិស័យនីមួយៗ។
- នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីវិទ្យុពិភាក្សាលើប្រធានបទ៖« ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងយុទ្ធនាការទិវាអន្តរជាតិនារីឆ្នាំ២០២៣»។
- នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីក្រោមប្រធានបទ៖ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា» ដែលមានអ្នកចូលរួមចំនួនប្រមាណ ៥០០ នាក់៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
១. អ្នកស្រី អ៊ូ ទេពផល្លីន ទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣
២. អ្នកស្រី យ៉ាង សុភ័ណ្ឌ ទូរស័ព្ទ៖ ០១២ ៨៨០ ០៣៩
៣. អ្នកស្រី ចក់ សុភាព ទូរស័ព្ទ៖ ០១១ ៩៤៣ ២១៣
៤. អ្នកស្រី មាស សាអ៊ីម ទូរស័ព្ទ៖ ០៨៦ ៣៨២ ៦៦៦
៥. លោក ឃុន ថារ៉ូ ទូរស័ព្ទ៖ ០៩៣ ៥៥៦ ៦៧១
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ