សេចក្តីថ្លែងការណ៍រួម៖ ក្នុង​​ឱកាសនៃ​ទិវាសិទ្ធិ​មនុស្ស​ អង្គការ​សង្គម​ស៊ីវិលសូម​អំពាវនាវឲ្យ​រាជរដ្ឋាភិបាល ​កម្ពុជា​គោរពកាតព្វកិច្ចសិទ្ធិមនុស្ស

នៅក្នុង​ឱកាស​នៃ​​ទិវា​សិទ្ធិ​មនុស្ស​ យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិលចំនួន៦៩ ដូច​​រាយ​នាម​ខាងក្រោម​ សូម​អំពាវនាវ​ឲ្យ​រាជ​​រដ្ឋាភិបាលកម្ពុជា​ («រដ្ឋាភិបាល»​) ​គោរព​​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្សដែល​​​មាន​ចែង​ក្នុងសេចក្តីប្រកាស​ជាសកល​ស្តីពី​សិទ្ធិមនុស្ស​ និង​រដ្ឋ​ធម្ម​នុញ្ញ​នៃព្រះ​រាជាណាចក្រកម្ពុជា​ («រដ្ឋ​ធម្មនុញ្ញ») ព្រម​ទាំង​​បំពេញ​​កាតព្វកិច្ច​សិទ្ធិ​មនុស្សរបស់​ខ្លួន​​។ យើងខ្ញុំ​​​ក៏សូមអំពាវ​នាវឲ្យ​​​រដ្ឋាភិបាល​បញ្ឈប់ជា​បន្ទាន់នូវ​​ការ​កំណត់​មុខ​សញ្ញាទៅ​​លើ​សកម្មជន​ អ្នក​ការពារ​សិទ្ធិមនុស្ស​ អ្នក​សារព័ត៌មាន​ អ្នកគាំទ្រ​គណបក្ស​ជំទាស់​និង​សំឡេង​​រិះ​គន់​ដទៃ​ទៀតផងដែរ​ ​ដែលប្រការ​នេះបាន​ធ្វើ​ឱ្យ​ស្ថាន​ភាព​សិទ្ធិមនុស្ស​​កាន់តែ​មាន​ភាព​អាប់អួរខ្លាំង​​​នៅក្នុង​​​ឆ្នាំ២០២០ ព្រមទាំង​​សូ​មឲ្យ​​​ដោះ​លែងសកម្មជន អ្នកការពារសិទិ្ធមនុស្ស និងអ្នកសារព័ត៌មានដែល​ត្រូវបាន​ឃុំ​ខ្លួន​​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ​​។

សម្រាប់​កម្ពុជា ឆ្នាំ​នេះ​គឺជាខួប​គម្រប់ ២៧ ឆ្នាំ​នៃ​ទិវាសិទ្ធិ​មនុស្ស ​ ដែល​ទិវា​នេះ​​ត្រូវបាន​ប្រារព្ធ​ឡើងជារៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​រំឭក​ដល់​ការ​អនុម័ត​សេចក្តីប្រកាស​ជាសកល​ស្តីពីសិទ្ធិ​មនុស្ស។ ឆ្នាំនេះ​គឺ​ជាលើក​ដំបូង​ដែល​ទិវា​សិទ្ធិមនុស្ស​នៅកម្ពុជា​នេះ​មិនមែនជា​ថ្ងៃ​​ឈប់​សម្រាកនៅ​កម្ពុជាទៀតទេ​​។ ការដកថ្ងៃឈប់​សម្រាក​នេះ​គឺជាសញ្ញាមួយបង្ហាញពី​កង្វះ​ឆន្ទៈរបស់រដ្ឋាភិបាលក្នុងការ​លើក​កម្ពស់​​​​សិទ្ធិមនុស្ស និង​​​ស្រប​ពេលមានដែល​មានការ​កើន​ឡើង​នូវ​​​ការបង្ក្រាប​​សិទ្ធិ​មនុស្ស​ សេរីភាព​មូលដ្ឋាន​ និង​លទ្ធិ​ប្រជាធិបយតេ្យនៅ​កម្ពុជា​ផងដែរ​​។

​ការ​វិវឌ្ឍ​ច្បាប់​ដែលគួរឱ្យ​​ព្រួយបារម្ភមួយ​ចំនួននៅ​ក្នុង​ឆ្នាំ​នេះ​​​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​កាត់​បន្ថយបន្តិចម្តងៗនូវ​​ការ​អនុវត្ត​សេរីភាព​របស់ប្រជាពលរដ្ឋ​​ទាំង​នៅលើ​ និង​ក្រៅ​បណ្តាញ​អ៊ីនធឺណិត។ ក្នុងនោះ​រួមមាន​ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​ក្នុង​ខែមេសា ដែល​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុងការ​រឹត​ត្បិត​ការ​អនុវត្ត​សេរីភាពមូលដ្ឋាន​របស់​សាធារណជន ​ដោយ​ពុំ​មានការ​កំណត់​ក្នុង​​គ្រា​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។ បន្ថែម​លើ​នេះ​​ ​ការ​ធ្វើ​វិសោធនកម្មមាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីពនៅ​​ក្នុង​ខែមករា ពុំបាន​ដោះ​ស្រាយ​​នូវ​ភាព​ចន្លោះ​ប្រហោង​​នៃ​ច្បាប់​ឡើយ​ ​​ដែល​នាំឱ្យ​​ច្បាប់​នោះ​នៅ​តែ​រឹត​ត្បិត​ធ្ងន់​ធ្ងរ​លើ​លទ្ធភាព​របស់​កម្ម​ករ​និយោជិត​ក្នុង​ការចូល​ជាសមាជិក​ និង​បង្កើត​សហជីព​។ លើស​ពីនេះ​ទៀត​​ សេចក្តីព្រាង​ច្បាប់​​ និង​អនុក្រឹត្យចំនួន​ ៣ នឹង​​​ធ្វើ​ឱ្យ​ប៉ះពាល់ថែម​ទៀត​លើ​សិទ្ធិ​មនុស្ស​​​ ​គឺ ច្បាប់​ស្តីពីសណ្តាប់​ធ្នាប់​សាធារណៈ សេចក្តីព្រាងអនុក្រឹត្យ​ស្តី​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​  និង​សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្ម​ប្រព័ន្ធ

បច្ចេក​វិទ្យា​។ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​ ច្បាប់និង​អនុក្រឹត្យ​​នេះនឹង​ដាក់​ទោស​ព្រហ្ម​ទណ្ឌ​​​លើ​សកម្មភាព​​ប្រចាំ​ថ្ងៃ​​របស់​សាធារណ​ជន​ទាំង​នៅក្នុង​​និង​ក្រៅ​បណ្តាញ​អ៊ីន​ធឺណិតដោយ​​អនុញ្ញាត​ឱ្យ​មាន​ការគ្រប់គ្រង​ទៅ​លើ​​ជម្រើស​នៃ​ការ​ស្លៀក​ពាក់ ការផ្តល់​សិទ្ធិ​ឱ្យ​មាន​ការឃ្លាំមើល​មហាជន​​​ និងការ​ចាប់​ពិរុទ្ធ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិតជាដើម​​ ​ដែល​ប្រការ​នេះ​នឹង​​ធ្វើ​ឱ្យ​ធ្លាក់ចុះខ្លាំង​នូវ​សេរីភាព​មូលដ្ឋាន។

បន្ថែម​លើ​ការ​​​វិវឌ្ឍ​​ផ្នែក​ច្បាប់នេះ​ ​ឆ្នាំ២០២០ ក៏​បាន​បង្ហាញ​នូវ​ការ​​រំលោភ​បំពានធ្ងន់​ធ្ងរ​​ផង​ដែរ​លើ​សេរីភាព​មូលដ្ឋាន​ដូច​ជាការ​បញ្ចេញ​មតិ ការជួប​ប្រជុំ​ដោយ​សន្តិវិធី​ និង​ចង​ក្រង​សមាគម ដែលទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងពីសហគមន៍អន្ត​រជាតិមក​​លើ​ប្រទេស​កម្ពុជា ដោយ​សារ​ការ​​បង្ក្រាបរបស់​រដ្ឋាភិបាល​​លើ​សកម្ម​ជន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និងសំឡេង​ជំទាស់​ដែល​លើក​ឡើង​ពីបញ្ហាប្រឈម​សាធារណៈតាម​រយៈការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ​​។​ រហូត​មក​ទល់​ពេល​នេះ មនុស្ស​​​ជាង​ ១២០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារតែ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​របស់ខ្លួន​​​។

​​ឆ្នាំ​២០២០ បាន​បង្ហាញ​​នូវកំណើន​នៃ​​ការ​​អនុវត្ត​សេរីភាពក្នុង​ការ​​ជួប​ប្រជុំ​ដោយ​សន្តិវិធី​របស់​សាធារណជន។ ខណៈកម្មករ​រោង​ចក្រ​កំពុង​​​រង​ផល​ប៉ះពាល់​​​សេដ្ឋកិច្ច​ដោយសារឥទ្ធិពល​​នៃ​ជំងឺកូវីដ១៩ ​ក្នុង​ប្រទេស​​​ កម្មករជា​ច្រើន​​បាន​​ប្រមូល​ផ្តុំ​គ្នាតវ៉ាកាន់តែច្រើន​ឡើងៗ​​នៅ​តាម​ផ្លូវ។ សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទំនាស់​ដីធ្លី​បាន​បន្ត​ប្រមូល​ផ្តុំគ្នាដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពីសំណាក់​អាជ្ញាធរ​ រីឯ​ក្រុម​ផ្នែក​បរិស្ថាន​ក៏​បាន​តវ៉ា​ជំទាស់​ទៅនឹង​ការ​លក់​បឹងដែល​នៅ​សេសសល់ចុងក្រោយ​​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ​។​ ជាមួយ​គ្នា​ផង​ដែរ​​ មាន​ក្រុម​ប្រជាពលរដ្ឋ​នានា​បាន​តស៊ូមតិ​ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​បុគ្គល​មួយ​ចំនួន​ដែល​ត្រូវបាន​ឃុំ​ខ្លួនក្រោម​ការ​ចោទប្រកាន់ទាក់ទង​នឹង​​​ករណី​នយោបាយ​។ ​ជាការ​​គួរ​ឱ្យ​បារម្ភខ្លាំង​​ កំណើ​ន​ក្នុង​ការជួប​ប្រជុំទាំង​នេះបាន​ជួប​ការ​រារាំង​​ និង​ការ​រឹត​ត្បិតពី​សំណាក់​​អាជ្ញាធរ​ ព្រម​ទាំង​មាន​​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធីជាច្រើន​នាក់​ផង​​​ដែរ។  នៅ​ថ្ងៃទី៣១ ​ខែកក្កដា​​ លោក​ រ៉ុង​ ឈុន​ មេដឹកនាំ​សហជីព​ត្រូវបាន​ចាប់​ខ្លួន ហើយ​បន្ទាប់មក​​​មនុស្ស​ជាង​ ១០ នាក់ ផ្សេង​​ទៀត​ត្រូវបាន​ដាក់​ពន្ធនាគារ​ដោយសារ​ចូលរួម​តវ៉ា​ឱ្យ​ដោះ​លែងរូប​​លោក​​។ បន្ថែម​ពីនេះ​​ ​ការ​ប្រើ​ប្រាស់​កម្លាំង​​ បង្ក្រាបរបស់​អាជ្ញា​ធរ​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធីមាន​ការកើនឡើង​ ដោយ​​យ៉ាង​តិចមាន​​ ​១៥​ ករណី​ ក្នុង​ឆ្នាំ២០២០​  ដែលបាន​រាយការណ៍។ ចំនួន​នេះ​បាន​​កើនជិត​ទ្វេរដង​ បើបៀប​ធៀបទៅ​​នឹង​តួលេខ​ដែលបាន​កត់​ត្រា​កាល​ពី​ឆ្នាំមុន​។ ​ជាពិសេស​​ សកម្ម​ជន​ជា​យុវជន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្សជាស្ត្រី​ត្រូវ​ប្រឈម​នឹង​​​​ការ​បង្ក្រាប​ទាំង​នេះ​។​

សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ក៏​ទទួល​រង​ផល​ប៉ះពាល់​​ធ្ងន់​ធ្ងរ​ផង​ដែរ​ក្នុង​ឆ្នាំ​២០២០នេះ ដែល​សកម្មភាព​នៃ​ការ​វាយ​ប្រហារ​​គឺផ្តោ​តទៅលើ​ការ​បញ្ចេញ​មតិ​នៅ​លើប្រព័ន្ធ​អ៊ីន​ធឺណិត​។ ដោយ​ក្នុង​នោះ បុគ្គល​​មួយ​ចំនួន​​ត្រូវបាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ ដូចជា សយ ស្រស់ កម្មការិនីរោង​ចក្រ​ និង​ជាសកម្ម​ជន​សហជីព​ដែល​បាន​ចែក​រំលែក​សារ​របស់​នាង​​បង្ហាញ​ពី​កង្វល់​ទាក់ទងនឹង​សិទ្ធិ​ការ​ងារ​នៅលើ​​បណ្តាញ​ហ្វេសប៊ុក​ ហើយ គា សុគុណ​​ និង​ ​ឡុង​ ពុទ្ធា​រ៉ា​ អ្ន​ក​ចម្រៀង​រ៉េប​ ដែល​បង្ហោះ​បទ​ចម្រៀង​របស់ខ្លួន​​​​លើ​បណ្តាញ​​សង្គម​។ សេរីភាព​សារព័ត៌មាន​ក៏​មាន​ការ​​ធ្លាក់​ចុះផង​ដែរ​ ដោយ​មាន​និន្នា​ការបង្ក្រាប​លើ​អ្នក​សារព័ត៌មាន​​​ដូច​ជាការ​ចាប់​ខ្លួន​​​ និងការបិទ​អង្គភាព​សារព័ត៌មាន​ជាដើម​។​ អ្នក​សារព័ត៌មាន​ចំនួន​បីរូប​រួមមាន​ សុវណ្ណ​ រិទ្ធី, សុខ​ ឧត្តម​ និង រស់ សុកេត​ ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​នេះ ​និង​រង​ការ​ចោទប្រកាន់​ពី​បទ​ញុះ​ញង់​ក្រោម​មាត្រា​ ៤៩៥ នៃក្រម​ព្រហ្ម​ទណ្ឌដោយ​សារ​ការ​បំពេញ​វិជ្ជាជីវៈសារព័ត៌មាន​បែប​ស៊ើប​អង្កេត​ស្រប​ច្បាប់។ រស់ សុកេត​ និង សុខ​ ឧត្តម​ កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ហើយ​ការ​ប្រកាស​សាល​ក្រម​លើ សុខ​ ឧត្តម​ ត្រូវ​បាន​លើកពេលដោយ​ពុំមានការ​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់លាស់​។ ជា​មួយ​​គ្នា​នេះ ​រាជរដ្ឋាភិបាល​កម្ពុជាក៏បាន​ដក​ហូត​អាជ្ញា​ប័ណ្ណ​អង្គ​ភាព​ព័ត៌មាន​ចំនួន​ ៤ ​ផង​ដែរ​ ដោយ​អាជ្ញាប័ណ្ណ​ចំនួន៣ ​​ក្នុង​ចំណោម​នោះជា​កម្ម​សិទ្ធិ​របស់អ្នក​​​ដែល​ជាប់​ឃុំ​ទាំង​បីនាក់ខាង​លើ​​​។

ជាចុង​ក្រោយ​​ សេរីភាព​ក្នុង​ការ​ចង​ក្រង​សមាគម​ក្លាយជាគោល​ដៅ​​នៃ​ការ​បង្ក្រាប​ក្នុង​ឆ្នាំ​នេះ។ ក្រុម​​បរិស្ថាន​ដូច​ជា បណ្តាញ​សហគមន៍​ព្រៃឡង់​ និង​ចលនា​មាតា​ធម្មជាតិ​ ព្រម​ទាំង​ក្រុម​​សកម្ម​ជនយុវជន​​ក្នុង​នោះ​រួម​ទាំង ខ្មែរ​ថាវរៈ ត្រូវ​បាន​រារាំង​សកម្ម​ភាព​ជាញឹក​ញាប់ហើយ​សមាជិ​ក​របស់​ពួកគេ​ជាច្រើន​រូប​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​និង​ការយាយី​តាម​ប្រព័ន្ធ​តុលាការ​តាម​រយៈការ​ជួយ​សម្រួល​ពី​​អាជ្ញា​ធរ​​។ ​ក្រុម​ទាំង​បីខាង​លើ​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុក​ថាជាក្រុម​ខុស​ច្បាប់ ​ព្រោះ​ពុំ​បាន​គោរព​តាមលក្ខខណ្ឌ​នៃ​ការ​ចុះ​បញ្ជី​ដែល​តម្រូវ​ដោយ​​​ច្បាប់ស្តីពីសមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​​​ ដែល​ជាការ​រំលោភ​លើ​សេរីភាព​ក្នុង​ការ​ចង​ក្រង​សមាគម​។ ម្យ៉ាង​ទៀត​ នៅក្នុង​​​​ឆ្នាំ​២០២០ សមាជិក​សហជីព​រាប់​ពាន់​នាក់ប្រឈម​មុខ​បាត់​បង់​ការ​ងារ​ ដោយ​​​មាន​សេចក្តី​រាយ​ការណ៍ជាច្រើន​​លើក​ឡើង​ថា​​និយោជក​បាន​នឹង​កំពុង​ប្រើ​​ជំងឺ​កូវីដ-១៩ ជាលេស​បិទបាំង​ការបញ្ឈប់សមាជិក​សហជីព​ពី​ក្រុម​ហ៊ុន​របស់​ពួកគេ​។ សកម្មជន​សហជីព​ជាច្រើន​នាក់​បាន​ប្រឈម​នឹង​ការ​យាយី​ដូច​ជា​ ទូច កុសល​ ប្រធាន​សហ​ព័ន្ធ​សហជីពកម្មករ​និ​យោ​ជិ​ត​វិ​ស័​យ​ទេសចរណ៍​កម្ពុជាបាន​ទទួល​លិខិតព្រមានលុបបញ្ជិកា​ជាច្រើន​ដងពី​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​ ដោយសារ​ការ​គាំទ្រ​ឱ្យ​កម្មករធ្វើ​កូដកម្ម​។ ជាង​នេះ​ទៀត​​ នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ជា​គម្រប់​ខួប​ ៣ ឆ្នាំ ចាប់តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ(“គ.ស.ជ”) មកបាន​​​បង្ហាញ​ពីការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិតេយ្យ​នៅ​កម្ពុជា។​ អតី​ត​សមាជិក​ និង​អ្នក​គាំទ្រ​ គ.ស.ជ បន្ត​ប្រឈម​នឹង​ការ​យាយី​ ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​អំពើ​ហិង្សា​។ នៅក្នុង​​​ឆ្នាំ​២០២០​ មាន​ការ​កោះ​ហៅ​អតី​ត​សមាជិក គ.ស.ជ ចំនួន ​១៣៩ រូប​ ក្នុង​ទ្រង់​ទ្រាយ​ធំ ​ដើម្បី​ចូលរួម​សវនាការ​នៅ​ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទាក់ទងនឹង​ការ​ចោទប្រកាន់​ថា​ គ.ស.ជ. ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ និងមានករណីវាយ​ប្រហារ​​ជាច្រើន​​ហូរហែ​លើ​សមាជិក​ គ.ស.ជ ពី​ភាគី​ទី៣ ដែលភាគ​​ច្រើននៃ​ករណី​ទាំងនោះ​នៅពុំទាន់មាន​ការ​ស៊ើប​អង្កេតនៅ​ឡើយ​។​​

ជាការ​សោ​ក​ស្តាយ​ខ្លាំង​ដែលការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ទាំង​នេះពុំមែន​ជារឿងចម្លែក​​​​ តែ​ជា​លំអាន​គួរ​ឱ្យ​ព្រួយបារម្ភ​នៅរយៈពេល​​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រការនេះ​មានឥទ្ធិពល​ប៉ះពាល់​​ធ្ងន់​ធ្ងរ​ដល់​សង្គម​កម្ពុជា​ ជាការ​បន្ទច់​បង្អាក់​​បុគ្គល​នានា​ក្នុង​ការ​ចូលរួម​​កិច្ច​ការ​សាធារណៈ និងជំរុ​ញ​ឱ្យ​មាន​វប្បធម៌​ភ័យ​ខ្លាច​ ​​ការ​ជិន​ណាយ​ក្នុង​នយោបាយ​ និង​ការ​ដាក់គំនាប​ខ្លួន​ឯង។​ ​ដើម្បី​ឱ្យ​​សង្គមមួយ​មាន​ការ​អភិវឌ្ឍរីក​ចម្រើន​​​ និងមាន​​សន្តិភាព​ ជាការ​ចាំបាច់ដែល​​មនុស្ស​គ្រប់រូបអាច​អនុវត្ត​សិទ្ធិ​​សេរីភាព​មូលដ្ឋានរបស់​​ខ្លួន​ដើម្បី​​ចូលរួម​ក្នុង​ជីវ​ភាព​សាធារណៈនិង​លទ្ធិប្រជាធិបតេយ្យ​​។

រដ្ឋាភិបាល​ត្រូវប្តេជ្ញា​ចិត្ត​ក្នុងការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​សេចក្តីប្រកាស​ជាសកល​ស្តីពីសិទ្ធិ​មនុស្ស​ និង​អនុសញ្ញា​ស្នូល​សិទ្ធិ​មនុស្សផ្សេងៗ​ ដែល​ខ្លឹមសារសំខាន់​នៃ​លិខិតូប​ករណ៍​ទាំង​នេះមានចែង​​​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​។ នៅ​ក្នុងឱកាស​នៃ​ទិវាសិទ្ធិ​មនុស្ស​ យើង​ខ្ញុំសូ​ម​អំពាវនាវឲ្យ​  រដ្ឋាភិបាល​គោរព​ការ​ប្តេជ្ញាចិត្ត​សិទ្ធិ​មនុស្ស​របស់​ខ្លួន ដោយ​បញ្ឈប់​ជា​បន្ទាន់នូវ​​ការ​បន្ត​ការ​វាយ​ប្រហារ​ទៅលើ​សំឡេង​ជំទាស់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ និង​ដោះលែង​បុគ្គល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​ដោយសារ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​របស់ពួកគេ​។ យើង​ខ្ញុំ​ក៏​សូម​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាលត្រូវ​តែ​​ធានា​​ច្បាប់​ថ្មីៗ និង​ច្បាប់​កំពុង​ធរមាន​ទាំង​អស់​អនុលោម​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ និង​បំពេញតាម​​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ក្នុងអំឡុងពេលការ​​ត្រួត​ពិនិត្យ​ជាសកល​តាម​កាល​កំណត់​ (យូភីអ)។

 

ចប់

 

អង្គការ​​​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍​នេះ​ រួមមាន​៖

1 សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
2 ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3 សហជីពនិយោជិតទេសចរណ៍អាស៊ាននៃសណ្ឋាគារកំាបូឌីយ៉ាណា
4 សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់
5 សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ សាន់ វេ ភ្នំពេញ
6 សហគមន៍បឹងទន្លេម្រេច ខេត្តព្រះវិហារ
7 សហគមន៍​បឹង​ប្រាំ
8 សហគមន៍បឹងឈូក ភ្នំពេញ
9 សហគមន៍បុរីកីឡា ភ្នំពេញ
10 សហគមន៍ ប៊ូស្រា ខេត្តមណ្ឌលគិរី
11 អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
12 សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)
13 អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
14 សហព័ន្ធសហជីពកម្ពុជា (CATU)
15 មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
16 សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CSFWF)
17 សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
18 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19 មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
20 សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
21 អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)
22 អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
23 វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
24 សហភាពការងារកម្ពុជា (CLC)
25 សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
26 សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (C.T.W.U.F)
27 បណ្តាញយុវជនកម្ពុជា (CYN)
28 សមាគមមន្រ្តីរាជការឯករាជ្យ (CICA)
29 មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
30 សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
31 សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដែរកម្ពុជា (C.CAWDU)
32 សម្ព័ន្ធសមាគមន៍កសិករកម្ពុជា (CCFC)
33 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
34 អង្គការគណៈកម្មាធិការសហប្រត្តិបត្តិការដើម្បីកម្ពុជា (CCC)
35 អង្គការសមធម៌កម្ពុជា
36 សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
37 សហគមន៍បណ្តាញអតីតស្រ្តីបឹងកក់
38 សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
39 អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
40 សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
41 សហព័ន្ធសហជីពឯករាជ្យ (INTUFE)
42 សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
43 សហគមន៍កូនគ្រៀល ខេត្តឧត្តរមានជ័យ
44 សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)
45 សហគមន៍ដីធ្លីជីខក្រោម ភូមិព្រែកជីក ឃុំជីខក្រោម ខេត្តកោះកុង
46 សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
47 សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC)
48 សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ស្រុក​ក្រគរ ខេត្ត​ពោធិសាត់
49 បណ្តាញអ្នកការពារព្រៃឡង់ ខេត្តកំពង់ធំ
50 សហគមន៍ដីធ្លីប៉ៃលិន ខេត្តប៉ៃលិន
51 អង្គការស្ពានសន្តិភាព
52 សហគមន៍ភ្នំបាត
53 សហគមន៍ភ្នំក្រោម ខេត្តសៀមរាប
54 សហគមន៍ភូមិ២៣ ភ្នំពេញ
55 សហគមន៍ព្រៃពាយ ខេត្តកំពត
56 សហគមន៍ឃុំប្រមេរ ខេត្តព្រះវិហារ
57 សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A ភ្នំពេញ
58 អង្គការសមាគមធាងត្នោត (STT)
59 សហគមន៍ស្តីក្រោមរហាលសួង ខេត្តបាត់ដំបង
60 សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
61 សហគមន៍​តានី ១៩៧ ឃុំ​ជីខលើ ខេត្ត​កោះកុង
62 វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
63 មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
64 សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព ​និង​គណ​នេយ្យ​ភាព​​​​​​សង្គម​
65 សហគមន៍ថ្មដា​ ខេត្តពោធិសាត់
66 សហគមន៍ទួលសង្កែ B ភ្នំពេញ
67 អង្គការតម្លាភាពកម្ពុជា
68 អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង
69 អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន

 

— ចប់—

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

Leave a Reply

Your email address will not be published. Required fields are marked *