សេចក្ដីថ្លែងការណ៍រួម៖ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការ ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤

 

នៅក្នុងរបាយការណ៍របស់ខ្លួន ដែលត្រូវដាក់មុនពេលការប្រជុំ​ពិនិត្យឡើងវិញជាសាកល​តាម​កាលកំណត់​ជារបស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UPR) សម្រាប់ប្រទេស​កម្ពុជា ក្រុមសង្គមស៊ីវិលជាតិនិងអន្តរជាតិ ស្នើទៅដល់រាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៃការការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និង ការអនុវត្តការប្រមូលប្រាក់សងបំណុលដោយរំលោភបំពាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស   ។

ការអំពាវនាវសូមឱ្យមានការដោះស្រាយ លើការរំលោភបំពាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានធ្វើឡើង នៅពេលដែលអនុសាសន៍ចំនួន ៣០ ដែលបានធ្វើឡើងនៅក្នុងការពិនិត្យឡើងវិញជាសាកល​តាម​កាលកំណត់ (UPR) កាលពីឆ្នាំ២០១៩ ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការទទួលយកទៅអនុវត្តឱ្យបានពេញលេញ ។​ ការរំលោភបំពាននេះ បានកើតឡើងជាយូរមកហើយ និងត្រូវបានប្រជាពលដ្ឋដឹងលឺយ៉ាងទូលំទូលាយ ។ ការមិនបានអនុវត្តឱ្យបានពេញលេញនូវអនុសាសន៍ទាំង ៣០ ខាងលើ បានជាធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពរីកដុះដាលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំប្រាក់កម្ចីជាមធ្យមបានកើនឡើងដល់ជាង ៥.000 ដុល្លារ (ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក) ហើយការបង្ខិតបង្ខំឱ្យលក់ដី បានកើតឡើងយ៉ាងច្រើនករណីគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេស ។

ការដាក់របាយការណ៍របស់ស្ថាប័នយើងខ្ញុំ ត្រូវបានធ្វើឡើង បន្ទាប់ពីបានតាមដាន និងសិក្សាស្រាវជ្រាវ អំពីព័ត៌មានដែលមាននៅក្នុងពាក្យបណ្តឹងរបស់អ្នកខ្ចីប្រាក់ ។ របាយការណ៍នេះរៀបរាប់យ៉ាងលម្អិតអំពីការរាយការណ៍ និងភស្តុតាងពីប្រភពផ្សេងៗ ដែលបង្ហាញថា តើបន្ទុកបំណុលនៅក្នុងប្រទេសកម្ពុជា បានជះឥទ្ធិពលអវិជ្ជមានដោយរបៀបណា ដល់សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសុខុមាលភាព សិទ្ធិទទួលបានការហូបចុក សិទ្ធិទទួលបានការរស់នៅសមរម្យ និងសិទ្ធិរបស់ជនជាតិដើមភាគតិច។ ល។​

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានអំពីការបាត់បង់ដី ដោយផ្អែកលើទំហំនៃការសងត្រឡប់លើកម្ចីខ្នាតតូច ជាមធ្យម ដែលមានកម្រិតខ្ពស់នៅកម្ពុជា និងការប្រើប្រាស់ដីធ្លីជាទ្រព្យធានាក្នុងខែកញ្ញា ឆ្នាំ ២០២១ ។ គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានសម្តែងការព្រួយបារម្ភកាលពីខែមីនា ឆ្នាំ២០២៣​ ថា ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុកំពុងជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិទទួលបានការរស់នៅសមរម្យ ។ ការសិក្សាចំនួនបី ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរកឃើញថា ប្រមាណជា ៦% នៃអ្នកខ្ចីប្រាក់ បានលក់ដីដើម្បីសងបំណុលខ្នាតតូច ។ ការរកឃើញរបស់ការសិក្សាមួយ បានបង្ហាញថា នៅចន្លោះឆ្នាំ​ ២០១៧ ដល់ឆ្នាំ​ ២០២២ ពលរដ្ឋកម្ពុជាប្រមាណជា ១៦៧.០០០​​ នាក់ បានធ្វើការលក់ដីដើម្បីសងកម្ចីមីក្រូហិរញ្ញវត្ថុ ។​

នៅក្នុងរបាយការណ៍ឆ្នាំ២០២២ និងឆ្នាំ២០២៣ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា បានអំពាវនាវឲ្យមានការអនុគ្រោះទៅលើកម្ចី និងស្នើឱ្យមានវិធានការដោយផ្ទាល់ពីរាជរដ្ឋាភិបាលកម្ពុជាឱ្យបានច្រើនជាងមុន ក្នុងការគ្រប់គ្រងប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងការឃ្លាំមើលអ្នកផ្តល់ប្រាក់កម្ចី ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរនៃការបាត់បង់ដីធ្លី និងការកើនឡើងនៃភាពក្រីក្រដែលទាក់ទងនឹងបំណុលមីក្រូហិរញ្ញវត្ថុ ។ ការស្តង់មតិនៅក្នុងឆ្នាំ​ ២០២២ កុមារច្រើនជាង ៣%​ នៅក្នុងគ្រួសារដែលផ្តល់បទសម្ភាសន៍ បានឈប់រៀន ជាពិសេសដោយសារតែបញ្ហាមីក្រូហិរញ្ញវត្ថុ ហើយបន្ថែមពីនេះទៅទៀត កុមារច្រើនជាង ៤% (រួមទាំងកុមារដែលមានអាយុក្មេងត្រឹម១០ឆ្នាំ)​ បានចេញទៅធ្វើការដើម្បីសងបំណុលទៅកាន់មីក្រូហិរញ្ញវត្ថុ ។ នៅក្នុងការស្តង់មតិដែលមានលក្ខណៈតំណាង ១៨,៣% នៃក្រុមគ្រួសារដែលមានកម្ចី បាននិយាយថា ពួកគេកាត់បន្ថយការហូបចុកបន្ទាប់ពីពួកគេបានខ្ចីប្រាក់​ ហើយប្រជាពលរដ្ឋប្រមាណ ៨,៥% បានរាយការណ៍ថា គ្រួសារពួកគេមិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ ។​

រហូត​មក​ដល់​ពេល​នេះ នៅមិន​ទាន់​មាន​ចំណាត់​ការ​ណាមួយដែលច្បាស់លាស់ ពីរាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​កំណែ​ទម្រង់​នោះ​ទេ ។ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ ដើម្បីធានាឱ្យមានការបញ្ឈប់នូវការរំលោភបំពានទាំងនេះ។ នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស យើងខ្ញុំក៏សូមអំពាវនាវដល់រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ សូមសួរទៅកាន់អ្នកតំណាងប្រទេសកម្ពុជា អំពីកំណត់ត្រារបស់ខ្លួនស្តីពីការការពារអ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុ ។

យើង​ខ្ញុំក៏សូម​អំពាវ​នាវ​បន្ថែម​ទៀត​ដល់​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ​ សូមឱ្យ​ស្នើនូវអនុសាសន៍មួយចំនួនដូចខាងក្រោម​ និងសូម​ឱ្យរាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យកទាំងនោះ ៖

  • អនុវត្តសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការពារសិទ្ធិជនជាតិដើមភាគតិច ។ ហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីជាទ្រព្យធានា សម្រាប់កម្ចីខ្នាតតូច ដោយផ្តល់អាទិភាពលើកម្ចីដែលផ្តល់ទៅឱ្យជនជាតិដើមភាគតិច និងអ្នកដែលមានប័ណ្ណក្រីក្រ ។ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ ដែលបច្ចុប្បន្នកំពុងត្រូវបានគេកាន់កាប់ជាទ្រព្យធានាលើបំណុលខ្នាតតូច មកម្ចាស់កម្មសិទិ្ធស្របច្បាប់វិញ ។
  • លើកកម្ពស់សិទ្ធិទទួលបានការរស់នៅសមរម្យ ។ បង្កើតយន្តការអនុគ្រោះលើបំណុល សម្រាប់គ្រួសារដែលជំពាក់បំណុលច្រើនលើសលុប និងផ្តល់អាទិភាពនៃការអនុគ្រោះបំណុលនោះ ដល់ជនជាតិដើមភាគតិច និងគ្រួសារដែលមានប័ណ្ណក្រីក្រ ។
  • លើកកម្ពស់សិទ្ធិទទួលបានសុខភាព សិទ្ធិទទួលបានអាហារ និងសិទ្ធិទទួលបានការអប់រំ ។ ចាត់វិធានការជាក់ស្តែង ក្នុងការផ្តល់សេវាថែទាំសុខភាព និងការអប់រំកម្រិតបឋមសិក្សានិងមធ្យមសិក្សា ដោយឥតគិតថ្លៃពេញលេញ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីកាត់បន្ថយការជាប់បំណុលដែលកើតចេញពីការចំណាយទាំងនេះ ។

សម្រាប់ព័ត៌មានបន្ថែមសួមទាក់ទង៖

  • ​អ្នកនាង ណា​លី ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ ៖ (+​៨​៥​៥​) ​១​២​ ​២​១​៤​ ​៤​៥​៤​ (​ភាសា​អង់គ្លេស​)
  • លោក Mathias Pfeifer មន្រ្តីកម្មវិធីនៅអង្គការ FIAN អាល្លឺម៉ង់ ​តាមរយៈ​ ​Signal​ ៖ +៤៩ ១៧ ៦៥៤ ១១៣ ៩៨៨ និង តាមរយៈអ៊ីម៉ែល៖ pfeifer@fian.de (ភាសាអង់គ្លេស និងអាល្លឺម៉ង់)
  • លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​តាមរយៈ​ ​Signal ៖ (+​៨​៥​៥​) ​១​២​ ​៧​៩​១​ ​៧​០​០​ (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)
  • លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគមធាងត្នោត​ ​តាមរយៈ​ ​Signal ៖ (+​៨​៥​៥​) ៨៩​ ៦៦៦ ០១៣ ឬតាមរយៈអ៊ីម៉ែល director@teangtnaut.org (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)

ឯកសារ PDF អាចចូលប្រើបាននៅទីនេះ៖ ភាសាខ្មែរ  ភាសាអង់គ្លេស  ភាសាបារាំង  ភាសាអាឡឺម៉ង់

Leave a Reply

Your email address will not be published. Required fields are marked *