កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សមាជិក ៤នាក់នៃចលនាបរិស្ថានមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលជាផ្នែកនៃការផ្ដន្ទាទោសដោយការដាក់គោលដៅ និងមិនអាចទទួលយកបាន ពីសំណាក់អាជ្ញាធរ ទៅលើអ្នកការពារបរិស្ថាន និងសកម្មជនមូលដ្ឋានជួរមុខ ។ អាជ្ញាធរ គួរបញ្ឈប់ការចាប់យុវជនជាសកម្មជនរបស់យើងដាក់ពន្ធនាគារ និងគួរចាប់ផ្ដើមស្ដាប់មតិយោបល់របស់ពួកគេ ដែលស្ថិតនៅជួរមុខក្នុងការចងក្រងឯកសារពី ហានិភ័យដែលប្រទេសកម្ពុជាកំពុងប្រឈម ចំពោះការជញ្ជក់ផលប្រយោជន៍ពីធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញបរិស្ថាន ។ សកម្មជនបរិស្ថានទាំងនេះ បានធ្វើការដោយមិនខ្លាចនឿយហត់ និងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ ។
យើងខ្ញុំ ជាសហគមន៍ និងសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យដោះលែង សកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួនឱ្យបានឆាប់រហ័ស ទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងពួកគេ និងបញ្ឈប់ការរឹតត្បិត និងការផ្ដន្ទាទោសឥតឈប់ឈរទៅលើចលនាបរិស្ថាន ។
កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក Alejandro Gonzalez-Davidson ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ តាមបញ្ញត្តិមាត្រា ៤៥៣ និងមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទោសអតិបរមានីមួយៗរហូតដល់ ១០ឆ្នាំ និង៥ឆ្នាំ ។ សកម្មជនម្នាក់ទៀតគឺ លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ។
សកម្មជនទាំង៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខណៈដែលលោក Alejandro Gonzalez-Davidson កំពុងស្ថិតនៅក្រៅប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានបណ្ដេញចេញ កាលពីឆ្នាំ២០១៥ ។
កញ្ញា រដ្ឋា និងលោក ចាន់ដារ៉ាវុត ត្រូវបានចាប់ខ្លួន នៅតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញ រួមជាមួយលោក សិដ្ឋ ឈីវលីម៉េង ដែលក្រោយមកលោកត្រូវបានដោះលែងវិញ ។ ពេលនោះ អ្នកទាំង៣ កំពុងចងក្រងឯកសារពីការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេ ។ ក្នុងពេលនោះដែរ អាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល បានកោះហៅ លោក យីម លាងហ៊ី សកម្មជនបរិស្ថាន ដើម្បីធ្វើការសាកសួរ និងចាប់ខ្លួនលោក ដោយក្រោយមក លោកត្រូវបានបញ្ជូនមករាជធានីភ្នំពេញ ។ ទីតាំងរបស់អ្នកទាំង៤ ត្រូវបានលាក់ការសម្ងាត់អស់រយៈពេលយ៉ាងតិច ២៤ម៉ោង បន្ទាប់ពីការចាប់ខ្លួនពួកគេ ដែលបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តក្រុមគ្រួសាររបស់ពួកគេយ៉ាងខ្លាំង ក៏ដូចជាដកហូតសិទ្ធិរបស់ពួកគេក្នុងការទទួលបានការប្រឹក្សាផ្លូវច្បាប់ក្នុងពេលចាប់ខ្លួន ។
ក្រោយមក សកម្មជនបរិស្ថានទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ និងសាកសួរដោយព្រះរាជអាជ្ញា នៅថ្ងៃទី១៩ និងត្រូវបានចោទប្រកាន់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ពី បទរួមគំនិតក្បត់ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលត្រូវបានទម្លាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល មុនពេលមេធាវីអ្នកទាំងនោះទទួលបានព័ត៌មានពីបទចោទទាំងនេះ ។ សកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សកម្មជនបរិស្ថានទាំងនេះ ក្នុងការទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ ។
លោក លាងហ៊ី អាយុ ៣២ ឆ្នាំ គឺជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈកម្មវិធីអាហារូបករណ៍ ។ កញ្ញា រដ្ឋា អាយុ ២៦ ឆ្នាំ គឺជាគណនេយ្យករ ដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកម្ពុជា ដែលកញ្ញាបានសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍ផងដែរ ។ លោក ចាន់ដារ៉ាវុត អាយុ ២២ ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ ជំនាញនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។
ការចាប់ខ្លួនពួកគេគឺមិនសមហេតុផល និងបទចោទប្រឆាំងពួកគេគឺគ្មានមូលដ្ឋានច្បាស់លាស់ និងជាឧទាហរណ៍មួយទៀតនៃអាជ្ញាធរកម្ពុជា និងប្រព័ន្ធយុត្តិធម៌ ក្នុងការប្រើប្រាស់បទចោទមិនត្រឹមត្រូវ ដើម្បីចាប់អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ដាក់ពន្ធនាគារ ។ ការតស៊ូមតិសម្រាប់សិទ្ធិមនុស្ស និងការទាមទារឱ្យអាជ្ញាធរការពារបរិស្ថាន មិនមែនជាបទល្មើសនោះទេ ហើយការចាប់ខ្លួនអ្នកការពារបរិស្ថានដែលជាយុវជនជំនាន់ក្រោយរបស់ប្រទេសជាតិ ដាក់ពន្ធនាគារ គឺធ្វើឱ្យមានគ្រោះថ្នាក់ដល់យើងទាំងអស់គ្នា ។
ការចាប់ខ្លួននេះ កើតឡើងតិចជាង ២ខែ បន្ទាប់ពីសកម្មជនមាតាធម្មជាតិចំនួន ៣នាក់ ត្រូវបានផ្ដន្ទាទោស កាលពីខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបទញុះញង់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ។ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានផ្ដន្ទាទោស និងដាក់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី ១៨ខែ ទៅ ២០ខែ ពាក់ព័ន្ធនឹងគម្រោងរៀបចំការដើរតវ៉ាដោយស្រ្តីម្នាក់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីតស៊ូមតិប្រឆាំងនឹងការលុបបឹងតាមោក ដែលត្រូវបានបែងចែកជាចំណែកតូចៗសម្រាប់ផលប្រយោជន៍បុគ្គលឯកជន និងស្ថាប័នរដ្ឋ ។ លោក Alejandro Gonzalez-Davidson និងសកម្មជនម្នាក់ទៀត គឺកញ្ញា ជា គន្ធីន ត្រូវបានផ្ដន្ទាទោស ដោយកំបាំងមុខ ។
ក្នុងឆ្នាំ២០២០ អាជ្ញាធរបានចាប់ខ្លួន សកម្មជនជាយុវជនយ៉ាងតិច ១៦នាក់ ដោយសារការតវ៉ាប្រឆាំងនឹងការឃុំខ្លួន លោក រ៉ុង ឈុន ប្រធានសហជីព ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ ជុំវិញសេចក្ដីអធិប្បាយរបស់លោកអំពីបញ្ហាព្រំដែនប្រទេសកម្ពុជា និងវៀតណាម ។
ខណៈដែលពន្ធនាគារមានសភាពចង្អៀតណែនខ្លាំងនៅទូទាំងប្រទេស កំពុងជួបការលំបាកចំពោះការផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីដ១៩ សាធារណជនអាចយល់ថា អាជ្ញាធរហាក់ដូចជាមានចេតនាក្នុងការចាប់ខ្លួន អ្នកណាដែលបញ្ចេញមតិរិះគន់ ឬតវ៉ាដោយសន្ដិវិធី ។ តុលាការ បានបង្ហាញចេតនាតិចតួចក្នុងការដោះលែងមុនពេលកំណត់ចំពោះពិរុទ្ធជន ដែលបានប្រព្រឹត្តបទល្មើសអហិង្សា ឬដោះលែងអ្នកទាំងនោះឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែផ្ទុយទៅវិញ នៅតែបន្តចាប់ខ្លួនសកម្មជនអហិង្សាដាក់ពន្ធនាគារ ដោយឱ្យពួកគេប្រឈមនឹងហានិភ័យចំពោះបញ្ហាសុខភាព ។
យើងខ្ញុំ សូមស្នើសុំឱ្យដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំងនេះ ក៏ដូចជាសកម្មជនការពារបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សដទៃទៀតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ឱ្យបានឆាប់រហ័ស ព្រមទាំងទម្លាក់ចោលបទចោទទាំងអស់ចំពោះអ្នកទាំងនោះដោយគ្មានលក្ខខណ្ឌ ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សហភាពការងារកម្ពុជា (CLC)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- បណ្តាញយុវជនកម្ពុជា (CYN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដកពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- សហជីពកម្មករនិយោជិតក្រុមហ៊ុន អេច.ស៊ី.ស៊ី.គ្រុប
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
- សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- អង្គការម្លប់តាប៉ាង
- មាតាធម្មជាតិកម្ពុជា (MNC)
- សហគមន៍អូរដំដែក (កំពង់ធំ)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- អង្គការស្ពានសន្តិភាព (PBO)
- សហគមន៍ពាមរស់ (កំពង់ស្ពឺ)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- អង្គការពន្លកខ្មែរ (PKH)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
- អង្គការសមាគមធាងត្នោត (សធត)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនអេចស៊ីស៊ី ព្រលានយន្តហោះខេត្តសៀមរាប
- សហជីពសាមគ្គីឯករាជ្យនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាភ្នំពេញ
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- អង្គការតម្លាភាពកម្ពុជា (TI)
- សហជីពនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់
- សហជីពកម្មករនិយោជិតវិស័យទេចរណ៍នៃស៊ីនទ្រី(ខេមបូឌា)
- សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនជីអេសអាយ
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស