នៅក្នុងឱកាសនៃទិវាសិទ្ធិមនុស្ស យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន៦៩ ដូចរាយនាមខាងក្រោម សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា («រដ្ឋធម្មនុញ្ញ») ព្រមទាំងបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។ យើងខ្ញុំក៏សូមអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការកំណត់មុខសញ្ញាទៅលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកគាំទ្រគណបក្សជំទាស់និងសំឡេងរិះគន់ដទៃទៀតផងដែរ ដែលប្រការនេះបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែមានភាពអាប់អួរខ្លាំងនៅក្នុងឆ្នាំ២០២០ ព្រមទាំងសូមឲ្យដោះលែងសកម្មជន អ្នកការពារសិទិ្ធមនុស្ស និងអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួនទាំងអស់ដោយគ្មានលក្ខខណ្ឌ។
សម្រាប់កម្ពុជា ឆ្នាំនេះគឺជាខួបគម្រប់ ២៧ ឆ្នាំនៃទិវាសិទ្ធិមនុស្ស ដែលទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោកដើម្បីរំឭកដល់ការអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ឆ្នាំនេះគឺជាលើកដំបូងដែលទិវាសិទ្ធិមនុស្សនៅកម្ពុជានេះមិនមែនជាថ្ងៃឈប់សម្រាកនៅកម្ពុជាទៀតទេ។ ការដកថ្ងៃឈប់សម្រាកនេះគឺជាសញ្ញាមួយបង្ហាញពីកង្វះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងស្របពេលមានដែលមានការកើនឡើងនូវការបង្ក្រាបសិទ្ធិមនុស្ស សេរីភាពមូលដ្ឋាន និងលទ្ធិប្រជាធិបយតេ្យនៅកម្ពុជាផងដែរ។
ការវិវឌ្ឍច្បាប់ដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្តិចម្តងៗនូវការអនុវត្តសេរីភាពរបស់ប្រជាពលរដ្ឋទាំងនៅលើ និងក្រៅបណ្តាញអ៊ីនធឺណិត។ ក្នុងនោះរួមមាន ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រកាសឱ្យអនុវត្តក្នុងខែមេសា ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋានរបស់សាធារណជន ដោយពុំមានការកំណត់ក្នុងគ្រាប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ បន្ថែមលើនេះ ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីពនៅក្នុងខែមករា ពុំបានដោះស្រាយនូវភាពចន្លោះប្រហោងនៃច្បាប់ឡើយ ដែលនាំឱ្យច្បាប់នោះនៅតែរឹតត្បិតធ្ងន់ធ្ងរលើលទ្ធភាពរបស់កម្មករនិយោជិតក្នុងការចូលជាសមាជិក និងបង្កើតសហជីព។ លើសពីនេះទៀត សេចក្តីព្រាងច្បាប់ និងអនុក្រឹត្យចំនួន ៣ នឹងធ្វើឱ្យប៉ះពាល់ថែមទៀតលើសិទ្ធិមនុស្ស គឺ ច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ សេចក្តីព្រាងអនុក្រឹត្យស្តីអំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មប្រព័ន្ធ
បច្ចេកវិទ្យា។ ប្រសិនបើត្រូវបានអនុម័ត ច្បាប់និងអនុក្រឹត្យនេះនឹងដាក់ទោសព្រហ្មទណ្ឌលើសកម្មភាពប្រចាំថ្ងៃរបស់សាធារណជនទាំងនៅក្នុងនិងក្រៅបណ្តាញអ៊ីនធឺណិតដោយអនុញ្ញាតឱ្យមានការគ្រប់គ្រងទៅលើជម្រើសនៃការស្លៀកពាក់ ការផ្តល់សិទ្ធិឱ្យមានការឃ្លាំមើលមហាជន និងការចាប់ពិរុទ្ធលើប្រព័ន្ធអ៊ីនធឺណិតជាដើម ដែលប្រការនេះនឹងធ្វើឱ្យធ្លាក់ចុះខ្លាំងនូវសេរីភាពមូលដ្ឋាន។
បន្ថែមលើការវិវឌ្ឍផ្នែកច្បាប់នេះ ឆ្នាំ២០២០ ក៏បានបង្ហាញនូវការរំលោភបំពានធ្ងន់ធ្ងរផងដែរលើសេរីភាពមូលដ្ឋានដូចជាការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងចងក្រងសមាគម ដែលទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិមកលើប្រទេសកម្ពុជា ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងសំឡេងជំទាស់ដែលលើកឡើងពីបញ្ហាប្រឈមសាធារណៈតាមរយៈការអនុវត្តសេរីភាពមូលដ្ឋានរបស់ពួកគេ។ រហូតមកទល់ពេលនេះ មនុស្សជាង ១២០ នាក់ត្រូវបានចាប់ខ្លួនដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។
ឆ្នាំ២០២០ បានបង្ហាញនូវកំណើននៃការអនុវត្តសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីរបស់សាធារណជន។ ខណៈកម្មកររោងចក្រកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារឥទ្ធិពលនៃជំងឺកូវីដ–១៩ ក្នុងប្រទេស កម្មករជាច្រើនបានប្រមូលផ្តុំគ្នាតវ៉ាកាន់តែច្រើនឡើងៗនៅតាមផ្លូវ។ សហគមន៍ដែលរងផលប៉ះពាល់ដោយទំនាស់ដីធ្លីបានបន្តប្រមូលផ្តុំគ្នាដើម្បីស្វែងរកដំណោះស្រាយពីសំណាក់អាជ្ញាធរ រីឯក្រុមផ្នែកបរិស្ថានក៏បានតវ៉ាជំទាស់ទៅនឹងការលក់បឹងដែលនៅសេសសល់ចុងក្រោយមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នាផងដែរ មានក្រុមប្រជាពលរដ្ឋនានាបានតស៊ូមតិដើម្បីឱ្យមានការដោះលែងបុគ្គលមួយចំនួនដែលត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ទាក់ទងនឹងករណីនយោបាយ។ ជាការគួរឱ្យបារម្ភខ្លាំង កំណើនក្នុងការជួបប្រជុំទាំងនេះបានជួបការរារាំង និងការរឹតត្បិតពីសំណាក់អាជ្ញាធរ ព្រមទាំងមានការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាច្រើននាក់ផងដែរ។ នៅថ្ងៃទី៣១ ខែកក្កដា លោក រ៉ុង ឈុន មេដឹកនាំសហជីពត្រូវបានចាប់ខ្លួន ហើយបន្ទាប់មកមនុស្សជាង ១០ នាក់ ផ្សេងទៀតត្រូវបានដាក់ពន្ធនាគារដោយសារចូលរួមតវ៉ាឱ្យដោះលែងរូបលោក។ បន្ថែមពីនេះ ការប្រើប្រាស់កម្លាំង បង្ក្រាបរបស់អាជ្ញាធរទៅលើអ្នកតវ៉ាដោយសន្តិវិធីមានការកើនឡើង ដោយយ៉ាងតិចមាន ១៥ ករណី ក្នុងឆ្នាំ២០២០ ដែលបានរាយការណ៍។ ចំនួននេះបានកើនជិតទ្វេរដង បើបៀបធៀបទៅនឹងតួលេខដែលបានកត់ត្រាកាលពីឆ្នាំមុន។ ជាពិសេស សកម្មជនជាយុវជននិងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីត្រូវប្រឈមនឹងការបង្ក្រាបទាំងនេះ។
សេរីភាពក្នុងការបញ្ចេញមតិ ក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរក្នុងឆ្នាំ២០២០នេះ ដែលសកម្មភាពនៃការវាយប្រហារគឺផ្តោតទៅលើការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិត។ ដោយក្នុងនោះ បុគ្គលមួយចំនួនត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ ដូចជា សយ ស្រស់ កម្មការិនីរោងចក្រ និងជាសកម្មជនសហជីពដែលបានចែករំលែកសាររបស់នាងបង្ហាញពីកង្វល់ទាក់ទងនឹងសិទ្ធិការងារនៅលើបណ្តាញហ្វេសប៊ុក ហើយ គា សុគុណ និង ឡុង ពុទ្ធារ៉ា អ្នកចម្រៀងរ៉េប ដែលបង្ហោះបទចម្រៀងរបស់ខ្លួនលើបណ្តាញសង្គម។ សេរីភាពសារព័ត៌មានក៏មានការធ្លាក់ចុះផងដែរ ដោយមាននិន្នាការបង្ក្រាបលើអ្នកសារព័ត៌មានដូចជាការចាប់ខ្លួន និងការបិទអង្គភាពសារព័ត៌មានជាដើម។ អ្នកសារព័ត៌មានចំនួនបីរូបរួមមាន សុវណ្ណ រិទ្ធី, សុខ ឧត្តម និង រស់ សុកេត ត្រូវបានចាប់ខ្លួនក្នុងឆ្នាំនេះ និងរងការចោទប្រកាន់ពីបទញុះញង់ក្រោមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌដោយសារការបំពេញវិជ្ជាជីវៈសារព័ត៌មានបែបស៊ើបអង្កេតស្របច្បាប់។ រស់ សុកេត និង សុខ ឧត្តម កំពុងស្ថិតក្នុងការឃុំខ្លួនហើយការប្រកាសសាលក្រមលើ សុខ ឧត្តម ត្រូវបានលើកពេលដោយពុំមានការបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដកហូតអាជ្ញាប័ណ្ណអង្គភាពព័ត៌មានចំនួន ៤ ផងដែរ ដោយអាជ្ញាប័ណ្ណចំនួន៣ ក្នុងចំណោមនោះជាកម្មសិទ្ធិរបស់អ្នកដែលជាប់ឃុំទាំងបីនាក់ខាងលើ។
ជាចុងក្រោយ សេរីភាពក្នុងការចងក្រងសមាគមក្លាយជាគោលដៅនៃការបង្ក្រាបក្នុងឆ្នាំនេះ។ ក្រុមបរិស្ថានដូចជា បណ្តាញសហគមន៍ព្រៃឡង់ និងចលនាមាតាធម្មជាតិ ព្រមទាំងក្រុមសកម្មជនយុវជនក្នុងនោះរួមទាំង ខ្មែរថាវរៈ ត្រូវបានរារាំងសកម្មភាពជាញឹកញាប់ហើយសមាជិករបស់ពួកគេជាច្រើនរូបប្រឈមនឹងការចាប់ខ្លួននិងការយាយីតាមប្រព័ន្ធតុលាការតាមរយៈការជួយសម្រួលពីអាជ្ញាធរ។ ក្រុមទាំងបីខាងលើនេះត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាក្រុមខុសច្បាប់ ព្រោះពុំបានគោរពតាមលក្ខខណ្ឌនៃការចុះបញ្ជីដែលតម្រូវដោយច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលជាការរំលោភលើសេរីភាពក្នុងការចងក្រងសមាគម។ ម្យ៉ាងទៀត នៅក្នុងឆ្នាំ២០២០ សមាជិកសហជីពរាប់ពាន់នាក់ប្រឈមមុខបាត់បង់ការងារ ដោយមានសេចក្តីរាយការណ៍ជាច្រើនលើកឡើងថានិយោជកបាននឹងកំពុងប្រើជំងឺកូវីដ-១៩ ជាលេសបិទបាំងការបញ្ឈប់សមាជិកសហជីពពីក្រុមហ៊ុនរបស់ពួកគេ។ សកម្មជនសហជីពជាច្រើននាក់បានប្រឈមនឹងការយាយីដូចជា ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាបានទទួលលិខិតព្រមានលុបបញ្ជិកាជាច្រើនដងពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការគាំទ្រឱ្យកម្មករធ្វើកូដកម្ម។ ជាងនេះទៀត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជាគម្រប់ខួប ៣ ឆ្នាំ ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ(“គ.ស.ជ”) មកបានបង្ហាញពីការធ្លាក់ចុះនៃលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ អតីតសមាជិក និងអ្នកគាំទ្រ គ.ស.ជ បន្តប្រឈមនឹងការយាយី ការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា។ នៅក្នុងឆ្នាំ២០២០ មានការកោះហៅអតីតសមាជិក គ.ស.ជ ចំនួន ១៣៩ រូប ក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាក់ទងនឹងការចោទប្រកាន់ថា គ.ស.ជ. ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងមានករណីវាយប្រហារជាច្រើនហូរហែលើសមាជិក គ.ស.ជ ពីភាគីទី៣ ដែលភាគច្រើននៃករណីទាំងនោះនៅពុំទាន់មានការស៊ើបអង្កេតនៅឡើយ។
ជាការសោកស្តាយខ្លាំងដែលការរំលោភបំពានសិទ្ធិមនុស្សទាំងនេះពុំមែនជារឿងចម្លែក តែជាលំអានគួរឱ្យព្រួយបារម្ភនៅរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ប្រការនេះមានឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមកម្ពុជា ជាការបន្ទច់បង្អាក់បុគ្គលនានាក្នុងការចូលរួមកិច្ចការសាធារណៈ និងជំរុញឱ្យមានវប្បធម៌ភ័យខ្លាច ការជិនណាយក្នុងនយោបាយ និងការដាក់គំនាបខ្លួនឯង។ ដើម្បីឱ្យសង្គមមួយមានការអភិវឌ្ឍរីកចម្រើន និងមានសន្តិភាព ជាការចាំបាច់ដែលមនុស្សគ្រប់រូបអាចអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់ខ្លួនដើម្បីចូលរួមក្នុងជីវភាពសាធារណៈនិងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលត្រូវប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងតម្លៃនៃលទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្នូលសិទ្ធិមនុស្សផ្សេងៗ ដែលខ្លឹមសារសំខាន់នៃលិខិតូបករណ៍ទាំងនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ នៅក្នុងឱកាសនៃទិវាសិទ្ធិមនុស្ស យើងខ្ញុំសូមអំពាវនាវឲ្យ រដ្ឋាភិបាលគោរពការប្តេជ្ញាចិត្តសិទ្ធិមនុស្សរបស់ខ្លួន ដោយបញ្ឈប់ជាបន្ទាន់នូវការបន្តការវាយប្រហារទៅលើសំឡេងជំទាស់ទាំងអស់នៅក្នុងប្រទេស និងដោះលែងបុគ្គលដែលត្រូវបានឃុំខ្លួនដោយសារការអនុវត្តសេរីភាពមូលដ្ឋានរបស់ពួកគេ។ យើងខ្ញុំក៏សូមស្នើយ៉ាងទទូចដល់រដ្ឋាភិបាលត្រូវតែធានាច្បាប់ថ្មីៗ និងច្បាប់កំពុងធរមានទាំងអស់អនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបំពេញតាមកាតព្វកិច្ចសិទ្ធិមនុស្សដែលរដ្ឋាភិបាលបានប្តេជ្ញាក្នុងអំឡុងពេលការត្រួតពិនិត្យជាសកលតាមកាលកំណត់ (យូភីអ)។
– ចប់ –
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន៖
1 | សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA) |
2 | ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) |
3 | សហជីពនិយោជិតទេសចរណ៍អាស៊ាននៃសណ្ឋាគារកំាបូឌីយ៉ាណា |
4 | សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ |
5 | សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ សាន់ វេ ភ្នំពេញ |
6 | សហគមន៍បឹងទន្លេម្រេច ខេត្តព្រះវិហារ |
7 | សហគមន៍បឹងប្រាំ |
8 | សហគមន៍បឹងឈូក ភ្នំពេញ |
9 | សហគមន៍បុរីកីឡា ភ្នំពេញ |
10 | សហគមន៍ ប៊ូស្រា ខេត្តមណ្ឌលគិរី |
11 | អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO) |
12 | សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) |
13 | អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) |
14 | សហព័ន្ធសហជីពកម្ពុជា (CATU) |
15 | មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR) |
16 | សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CSFWF) |
17 | សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) |
18 | មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) |
19 | មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) |
20 | សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា |
21 | អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC) |
22 | អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា |
23 | វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) |
24 | សហភាពការងារកម្ពុជា (CLC) |
25 | សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) |
26 | សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (C.T.W.U.F) |
27 | បណ្តាញយុវជនកម្ពុជា (CYN) |
28 | សមាគមមន្រ្តីរាជការឯករាជ្យ (CICA) |
29 | មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) |
30 | សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT) |
31 | សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដែរកម្ពុជា (C.CAWDU) |
32 | សម្ព័ន្ធសមាគមន៍កសិករកម្ពុជា (CCFC) |
33 | គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) |
34 | អង្គការគណៈកម្មាធិការសហប្រត្តិបត្តិការដើម្បីកម្ពុជា (CCC) |
35 | អង្គការសមធម៌កម្ពុជា |
36 | សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) |
37 | សហគមន៍បណ្តាញអតីតស្រ្តីបឹងកក់ |
38 | សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI) |
39 | អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា |
40 | សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) |
41 | សហព័ន្ធសហជីពឯករាជ្យ (INTUFE) |
42 | សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) |
43 | សហគមន៍កូនគ្រៀល ខេត្តឧត្តរមានជ័យ |
44 | សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U) |
45 | សហគមន៍ដីធ្លីជីខក្រោម ភូមិព្រែកជីក ឃុំជីខក្រោម ខេត្តកោះកុង |
46 | សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង |
47 | សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC) |
48 | សហគមន៍ការពារធនធានធម្មជាតិស្រុកក្រគរ ខេត្តពោធិសាត់ |
49 | បណ្តាញអ្នកការពារព្រៃឡង់ ខេត្តកំពង់ធំ |
50 | សហគមន៍ដីធ្លីប៉ៃលិន ខេត្តប៉ៃលិន |
51 | អង្គការស្ពានសន្តិភាព |
52 | សហគមន៍ភ្នំបាត |
53 | សហគមន៍ភ្នំក្រោម ខេត្តសៀមរាប |
54 | សហគមន៍ភូមិ២៣ ភ្នំពេញ |
55 | សហគមន៍ព្រៃពាយ ខេត្តកំពត |
56 | សហគមន៍ឃុំប្រមេរ ខេត្តព្រះវិហារ |
57 | សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A ភ្នំពេញ |
58 | អង្គការសមាគមធាងត្នោត (STT) |
59 | សហគមន៍ស្តីក្រោមរហាលសួង ខេត្តបាត់ដំបង |
60 | សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ |
61 | សហគមន៍តានី ១៩៧ ឃុំជីខលើ ខេត្តកោះកុង |
62 | វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ |
63 | មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR) |
64 | សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម |
65 | សហគមន៍ថ្មដា ខេត្តពោធិសាត់ |
66 | សហគមន៍ទួលសង្កែ B ភ្នំពេញ |
67 | អង្គការតម្លាភាពកម្ពុជា |
68 | អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង |
69 | អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន |
— ចប់—