ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ – យើងខ្ញុំ ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានរាយនាមដូចខាងក្រោម នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការខកខានរបស់ប្រទេសកម្ពុជាក្នុងស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ចំពោះការបាត់ខ្លួនដោយបង្ខំរបស់សកម្មជនជនជាតិថៃ គឺលោក Wanchalearm Satsaksit និងការនាំឱ្យមាននិទណ្ឌភាព ។ ខណៈដែលគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) រៀបចំការពិនិត្យមើលឡើងវិញជាបឋមអំពីស្ថានភាពនៃការបាត់ខ្លួនដោយបង្ខំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២២នេះ យើងខ្ញុំ សូមស្នើឱ្យគណៈកម្មាធិការនេះ ជួយដោះស្រាយការខកខានជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកលោក Wanchalearm ឱ្យបានឆាប់រហ័ស និងដោយហ្មត់ចត់ និងដើម្បីស៊ើបអង្កេតពីការបាត់ខ្លួនរបស់គាត់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ យើងខ្ញុំ ឈរជាសាមគ្គីភាព ជាមួយលោក Wanchalearm និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំទាំងអស់ ហើយសូមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាពីសិទ្ធិរបស់ជនរងគ្រោះក្នុងការទទួលបានយុត្តិធម៌ និងសំណង ក៏ដូចជាកំណត់ជោគវាសនា ឬទីកន្លែងដែលអ្នកបាត់ខ្លួនកំពុងស្នាក់នៅ ។ យើងខ្ញុំយល់ស្របជាមួយគណៈកម្មាធិការថា “លក្ខណៈនៃការបាត់ខ្លួនដោយបង្ខំគឺជាឧក្រិដ្ឋកម្មកើតមានជាបន្ត” ដែលនាំឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពរបស់មនុស្ស សេរីភាពពីការឃុំឃាំងនិងការធ្វើទារុណកម្មដោយសម្ងាត់ ក៏ដូចជាសិទ្ធិរស់នៅជួបជុំជាមួយគ្រួសារផងដែរ ។ គ្រួសារអ្នកដែលបានបាត់ខ្លួនទាំងអស់នោះ បានប្រឈមមុខនឹងទុក្ខលំបាករាប់មិនអស់ ខណៈដែលពួកគេត្រូវបានដកហូតសិទ្ធិទទួលបានសំណងការខូតខាត និងដឹងជោគវាសនា ឬទីកន្លែងដែលអ្នកបាត់ខ្លួនកំពុងស្នាក់នៅ ។
គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះការខកខានរបស់អាជ្ញាធរកម្ពុជាក្នុងការកំណត់ និងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដោយហ្មត់ចត់ ឥតលម្អៀង និងដោយឯករាជ្យ ជុំវិញការបាត់ខ្លួនដែលត្រូវបានរាយការណ៍ ដែលជាលំនាំមួយនៅតែបន្តកើតមានជាមួយនឹងករណីរបស់លោក Wanchalearm ។ កាលពីខែមិថុនា ឆ្នាំ២០២០ លោក Wanchalearm ត្រូវបានគេចាប់ពង្រត់ទាំងកណ្ដាលថ្ងៃនៅខាងក្រៅអគារស្នាក់នៅរបស់លោក ខណៈដែលលោកកំពុងរស់នៅនិរទេសខ្លួនក្នុងរាជធានីភ្នំពេញ ។ លោក Wanchalearm ជាអ្នករិះគន់ឥតសំចៃមាត់ចំពោះរាជរដ្ឋាភិបាលថៃ ដែលប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌជាច្រើននៅក្នុងប្រទេសថៃ ។ ការចាប់ពង្រត់លោក ត្រូវបានថតជាប់នៅលើវីដេអូនៃកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនCCTV រួមមានទាំងរូបភាពរថយន្តដែលត្រូវបានប្រើប្រាស់ និងស្លាកលេខរថយន្ត ក៏ដូចជាសាក្សីដែលបានឃើញផ្ទាល់ភ្នែកផងដែរ ។ អ្នកស្រី Sitanan Satsaksit ដែលជាបងស្រីរបស់លោក Wanchalearm ក៏បានដឹងឮផ្នែកខ្លះនៃការចាប់ពង្រត់នេះផងដែរ ដោយសារអ្នកស្រីកំពុងនិយាយទូរសព្ទជាមួយលោកនៅពេលនោះ ។ ឯកឧត្តម ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដំបូងឡើយបានច្រានចោលការចាប់ពង្រត់នេះថាជា “ព័ត៌មានមិនពិត” ខណៈដែលមន្ត្រីម្នាក់ផ្សេងទៀតបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនស៊ើបអង្កេតករណីនេះទេ ដោយសារតែពុំមានពាក្យបណ្តឹងជាផ្លូវការ ។ ក្រោយមក អាជ្ញាធរបានបដិសេធថា លោក Wanchalearm មិនបាននៅក្នុងប្រទេសកម្ពុជានៅពេលនោះទេ បើទោះបីជាមានភស្តុតាងច្បាស់លាស់ក៏ដោយ ប៉ុន្តែអាជ្ញាធរបានផ្តោតលើបញ្ហាដែលមិនពាក់ព័ន្ធក្នុងការកំណត់ជោគវាសនា និងទីកន្លែងដែលគាត់កំពុងស្នាក់នៅទៅវិញ ដូចជាថាតើគាត់មានឯកសារឆ្លងដែនត្រឹមត្រូវដែរឬទេ ។ នៅចំពេលដែលមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ ហើយបន្ទាប់ពីអ្នកស្រី Sitanan Satsaksit បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ទីបំផុតអាជ្ញាធរកម្ពុជាបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌនៅខែកញ្ញា ឆ្នាំ២០២០ ។ ទោះបីជាអ្នកស្រី Sitanan បានផ្តល់សក្ខីភាព និងភស្តុតាងដល់តុលាការរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០២០ និងដើមឆ្នាំ ២០២១ ក៏ដោយ ក៏មិនទាន់មានចាប់ផ្ដើមក្នុងការស៊ើបអង្កេតដែរ ។ បណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់សម្រាប់ព័ត៌មានលើការបាត់ខ្លួនរបស់គាត់ និងដំណើរការនៃការស៊ើបអង្កេតរបស់ក្រុមគ្រួសារលោក Wanchalearm គឺទទួលបានត្រឹមតែភាពស្ងៀមស្ងាត់ ។ នៅក្នុងប្រទេសថៃ អាជ្ញាធរថៃបានគំរាមកំហែងពីរដងរួចមកហើយទៅលើអ្នកស្រី Sitanan ជាមួយនឹងបទចោទព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយចំនួនក្នុងខែកញ្ញា និងខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រី និងតម្រូវការក្នុងការអនុម័តសេចក្តីព្រាងច្បាប់របស់ប្រទេសថៃស្តីពីការការពារ និងបង្ក្រាបការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ ។
ការបាត់ខ្លួនរបស់លោក Wanchalearm គឺជាការរំលឹកដ៏តក់ស្លត់មួយនៃការបាត់ខ្លួនឆ្លងប្រទេសក្នុងឆ្នាំ២០០៧ របស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសកម្មជនសិទ្ធិការងារជាជនជាតិវៀតណាមពីររូបពីប្រទេសកម្ពុជា ។ ឧទាហរណ៍ លោក Le Tri Tue ជាអ្នកជនជាតិវៀតណាមដែលនិយមបញ្ចេញមតិរិះគន់ បានបាត់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០៧ បន្ទាប់ពីបានដាក់ពាក្យសុំសិទ្ធិជ្រកកោន ហើយនៅតែបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ន ។
ការខកខានក្នុងការស៊ើបអង្កេត ប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជារំលោភបំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលប្រទេសកម្ពុជាបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ២០១៣ ។ ជាពិសេស ប្រទេសកម្ពុជាកំពុងតែរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្នុងការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឥតលំអៀងដោយមិនពន្យារពេល ក្នុងការចាត់វិធានការចាំបាច់ ដើម្បីយកអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវព្រហ្មទណ្ឌ និងធានាដល់សិទ្ធិទទួលបានព័ត៌មានសម្រាប់អ្នកដែលត្រូវទទួលបានផលប្រយោជន៍ស្របច្បាប់ ។ លើសពីនេះ ការពន្យារពេលដែលមិនសមហេតុផលក្នុងការស្វែងរកមនុស្សដែលបានបាត់ខ្លួន គឺមិនស្របតាមគោលការណ៍ណែនាំសម្រាប់ការស្វែងរកមនុស្សដែលបានបាត់ខ្លួនទេ ក្នុងនោះដើម្បីសន្មតថាមនុស្សនោះនៅមានជីវិត គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ចាប់ផ្តើមស្រាវជ្រាវដោយមិនពន្យារពេល ប្រើប្រាស់ព័ត៌មានតាមមធ្យោបាយសមស្រប និងការគោរពថា ការស្វែងរកគឺជាកាតព្វកិច្ចដែលបន្តរហូតដល់ជោគវាសនានៃអ្នកបាត់ខ្លួននោះត្រូវបានដឹង ។
គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ បានបើកសម័យប្រជុំលើកទី២២ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ហើយនឹងបង្កើត បញ្ជីបញ្ហា ដែលនឹងជាមូលដ្ឋានសម្រាប់ការពិនិត្យឡើងវិញនូវរបាយការណ៍ដំបូងរបស់កម្ពុជា ផ្អែកតាមមាត្រា២៩ នៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ។ របាយការណ៍នេះ ត្រូវបានតម្រូវឱ្យធ្វើរួចរាល់ត្រឹមឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ជូនទេ រហូតដល់ឆ្នាំ២០២១ ៕
សេចក្ដីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. អ្នកស្រី Sitanan Satsaksit និងក្រុមគ្រួសារ
២. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៣. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៤. Ain o Salish Kendra (ASK) ប្រទេសបង់ក្លាដេស
៥. Asian Forum for Human Rights and Development (FORUM-ASIA)
៦. Asian Resource Foundation (ARF) ប្រទេសថៃ
៧. Association of Women for Awareness & Motivation (AWAM) ប្រទេសប៉ាគីស្ថាន
៨. Banglar Manabadhikar Suraksha Mancha (MASUM) ប្រទសឥណ្ឌា
៩. Bytes for All (ប្រទេសប៉ាគីស្ថាន)
១០. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
១២. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៦. បណ្តាញយុវជនកម្ពុជា (CYN)
១៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៨. Center for Human Rights and Development (CHRD) ប្រទេសម៉ុងហ្គោលី
១៩. Center for Prisoners’ Rights (CPR) ប្រទសជប៉ុន
២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២២. Commonwealth Human Rights Initiative (CHRI) ប្រទេសឥណ្ឌា
២៣. Cross Cultural Foundation (CrCF) ប្រទេសថៃ
២៤. Defence of Human Rights (DHR) ប្រទេសប៉ាគីស្ថាន
២៥. Dignity-Kadyr-kassiyet (KK) ប្រទេសកាហ្សាក់ស្ថាន
២៦. អង្គការសមធម៌កម្ពុជា (EC)
២៧. Human Rights Commission of Pakistan ប្រទេសប៉ាគីស្ថាន
២៨. Human Rights Lawyers Association (HRLA) ប្រទេសថៃ
២៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣០. The Indonesian Human Rights Monitor – Inisiatif Masyarakat Partisipatif untuk Transisi Berkeadilan (Imparsial) ប្រទេសឥណ្ឌូនេស៊ី
៣១. International Federation for Human Rights (FIDH)
៣២. Korean House for International Solidarity (KHIS) ប្រទេសកូរ៉េខាងត្បូង
៣៣. League for the Defence of Human Rights in Iran (LDDHI) ប្រទេសអ៊ីរ៉ង់
៣៤. Madaripur Legal Aid Association (MLAA) ប្រទេសបង់ក្លាដេស
៣៥. Maldivian Democracy Network (MDN) ប្រទេសម៉ាឌីវ
៣៦. Manushya Foundation (ប្រទេសថៃ)
៣៧. Odhikar (ប្រទេសបង់ក្លាដេស)
៣៨. People’s Empowerment Foundation (PEF) ប្រទេសថៃ
៣៩. People’s Watch (ប្រទេសឥណ្ឌា)
៤០. Programme Against Custodial Torture & Impunity (PACTI) ប្រទេសឥណ្ឌា
៤១. Progressive Voice (ប្រទេសមីយ៉ាន់ម៉ា)
៤២. Safety and Risk Mitigation Organization (SRMO) ប្រទេសអាហ្វហ្កានីស្ថាន
៤៣. អង្គការសមាគមធាងត្នោត (STT)
៤៤. Suara Rakyat Malaysia (SUARAM) ប្រទេសម៉ាឡេស៊ី
៤៥. Thai Lawyers for Human Rights (TLHR) ប្រទេសថៃ
៤៦. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការ រើសអើងលើស្រ្តី (NGO-CEDAW)
៤៧. Think Centre (ប្រទេសសិង្ហបុរី)
៤៨. អង្គការតម្លាភាពកម្ពុជា (TIC)
៤៩. Vietnam Committee on Human Rights (VCHR) ប្រទេសវៀតណាម
៥០. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ