សួនសាធារណៈនៅក្នុងទីក្រុង តែជាកន្លែងមួយដែលផ្សារភ្ជាប់ទំនាក់ទំនងមនុស្សក្នុងសង្គម

បើទោះជាសួនសាធារណៈគឺជាកន្លែងសំខាន់សម្រាប់ការលើកកម្ពស់សហគមន៍ និងសង្គមក៏ដោយ ក៏រាជធានីភ្នំពេញនៅតែមានការខ្វះខាតសួនសាធារណៈសម្រាប់សាធារណជនទូទៅ ជាពិសេសសហគមន៍ក្រីក្រនៅទីក្រុង អាចប្រើប្រាស់បានដោយងាយស្រួល និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។ ករណីសិក្សាមួយចំនួនខាងក្រោមបង្ហាញពីរបៀបនៃការរៀបចំសួនសាធារណៈ​ក្នុងទីក្រុង និងនៅសហគមន៍ក្រីក្រ ដែលអាចកែលម្អជីវភាពរស់នៅ កាត់បន្ថយឧក្រិដ្ឋកម្ម និងទទួលបានអារម្មណ៍សុវត្ថិភាព។

នៅរាជធានីភ្នំពេញទីធ្លាសាធារណៈកាន់តែតិចទៅៗ។ ការវាយតម្លៃថ្មីៗនេះ ក្នុងរាជធានីភ្នំពេញដែលបានបោះពុម្ពផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរកឃើញថាសមាមាត្រលំហសាធារណៈក្នុងរាជធានីភ្នំពេញ​ បានធ្លាក់ចុះពី១,១មែត្រការ៉េ ក្នុងមនុស្សម្នាក់កំឡុងឆ្នាំ២០១៤ ​មកត្រឹមតែ​០,៦៧ម៉ែត្រការ៉េ​ ក្នុងមនុស្សម្នាក់ក្នុងឆ្នាំ២០២០។ ស្ថិតិនេះដែរ ធ្វើឱ្យ​រាជធានីភ្នំពេញស្ថិតក្នុងលំដាប់ទាបជាងទីក្រុងផ្សេងទៀតនៅក្នុងតំបន់ ​​ដូចជាប្រទេសសិង្ហបុរី ដែលមានសមាមាត្រជាមធ្យម ៧,០៤ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់ហើយ​​ចំណែក​ឯទីក្រុង​សេអ៊ូល ដែលមាន​សមាមាត្រ​១៤,៦៦​ ម៉ែត្រ​ការ៉េ​សម្រាប់មនុស្សម្នាក់ និង​ទីក្រុង​ហូជីមិញ​ ដែល​ជាមធ្យម​១៣,៧ មែត្រ​​​ការ៉េ សម្រាប់មនុស្សម្នាក់។​

ទីក្រុង​នៅតែបន្តការពង្រីកយ៉ាងឆាប់រហ័សនូវទីធ្លាសាធារណៈថ្មីៗភាគច្រើនបានបង្កើតឡើងសម្រាប់លំនៅឋានបុរី ហើយវាមិន​ផ្តល់​ផល​ប្រយោជន៍ដល់សាធារណជនទូទៅឡើយ។ អាស្រ័យហេតុនេះ ហើយបានជាកង្វះទីធ្លាសាធារណៈ​បានក្លាយជា​បញ្ហាមួយ​គួរ​ឱ្យ​កត់​សម្គាល់  ជាពិសេសនៅក្នុងសហគមន៍ក្រីក្របាននឹងកំពុងជួបប្រទះការខ្វះខាតទីធ្លាសាធារណៈ ឬសឹងតែគ្មានទីធ្លាសាធារណៈតែម្តង។ ទោះជាយ៉ាងណាក៏ដោយទីធ្លាសាធារណៈ គឺជាគន្លឹះសម្រាប់ជំរុញឱ្យ​ប្រសើរ​ឡើងនូវលទ្ធភាពរស់នៅរបស់សហគមន៍ក្រីក្រទាំងនោះ។ រាជធានីភ្នំពេញត្រូវតែរកវិធីដាក់បញ្ចូលទីធ្លាសាធារណៈបន្ថែម ជាពិសេសនៅក្នុងសង្កាត់ដែលជួបការលំបាក ឬកង្វះទីធ្លាសាធារណៈ។

ទីកន្លែងសាធារណៈជួយដល់កុមារ និងមនុស្សចាស់ បង្កើនទំនុកចិត្ត និងលើកកម្ពស់សុវត្ថិភាព

យោង​តាមការប្រឹក្សានៃការរចនាបថចក្រភពអង់គ្លេស សួនសាធារណៈ​ និងរុក្ខជាតិបៃតង​មានសារៈសំខាន់​ណាស់​ ព្រោះ​វាផ្តល់​នូវបរិយាកាសសុវត្ថិភាពសម្រាប់កុមារក្នុងការលេង ដែលអាចឱ្យពួកគេរៀនសម្របខ្លួន មានសកម្មភាព​ច្នៃប្រឌិត​ និងជំរុញសកម្មភាពផ្សេងៗបន្ថែមទៀត។ ដូចគ្នានេះដែរ ប្រជាជនវ័យចំណាស់ក្នុងសង្គមក៏អាចទទួលបានអត្ថប្រយោជន៍ដល់សុខភាពពីទីធ្លាសាធារណៈផងដែរ។ លើស​ពី​នេះ​​ទៀត ករណី​សិក្សាបានបង្ហាញ​ថា​សួនបៃតងសាធារណៈតាមសហគមន៍ក្រីក្រ​មានឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើការរស់នៅ​តាម​សហគមន៍​ក្រីក្រ​ ដោយកាត់បន្ថយឧក្រិដ្ឋកម្ម ការកសាងទំនុកចិត្ត និងលើកកម្ពស់ជីវភាពរបស់អាជីវករ។​

ការយល់ឃើញរបស់អ្នកប្រើប្រាស់អំពីសុវត្ថិភាពនៅទីធ្លាសាធារណៈ ត្រូវបានផ្សារភ្ជាប់​យ៉ាងខ្លាំង​ទៅនឹង​សកម្ម​ភាពរស់​នៅនៃ​តំបន់​នោះ។​ សកម្មភាពមនុស្ស និងភាពរស់រវើកបានបង្កើតនូវបរិយាកាសដែលមានសុវត្ថិភាព។ ចូរគិតអំពីអារម្មណ៍​របស់មនុស្សម្នាក់ៗ​នៅពេល​ដើរកន្លែងដែលមានមនុស្សអ៊ូអរជាមួយអ្នកថ្មើរជើង មានមនុស្សហូបអាហារតាមតុចិញ្ចើមផ្លូវ ក្មេងៗលេង និងមនុស្សចាស់​និយាយគ្នា​។ ផ្ទុយ​ទៅវិញចូរគិតអំពីអារម្មណ៍របស់មនុស្សម្នាក់ៗនៅពេលដើរកន្លែងដែល​ទំនេរ គ្មានមនុស្សដទៃ ហើយ​មាន​តែជញ្ជាំង​ខ្ពស់ និង​ទ្វារ​បិទ។

ដូច្នេះសកម្មភាពទាំងនោះ មានសារៈសំខាន់ណាស់ ព្រោះវាអាចទទួលបានការទាក់ទាញអ្នកប្រើប្រាស់ និងអាចជា បណ្តាញឃ្លាំមើលធម្មជាតិ។ បណ្ដាញនេះ​ បានដើរតួនាទី​ក្នុងការបង្កើត​សុខសុវត្ថិភាព​ដែលលើកកម្ពស់​សុខុមាលភាព​របស់​សង្គម​​។ ការបង្កើនសកម្មភាព និងភាពរស់រវើកនៃតំបន់មួយអាចមានលក្ខណៈសាមញ្ញ និងសន្សំសំចៃ ​ដូចជា​ការប្រើប្រាស់​នូវដីទំនេរ​មួយ​ ដូចដែលករណីសិក្សាខាងក្រោមបានបង្ហាញ។

នៅក្នុងឆ្នាំ២០២១​ និងឆ្នាំ២០២២ អង្គការសកម្មភាពភាពកុមារក្រីក្រ (Child Poverty Action Lab) បានរួមសហការជាមួយអង្គការមូលនិធិប្លុកទីក្រុង (Better Block Foundation) ដើម្បីជំរុញឱ្យ​ដីទំនេរមួយកន្លែងមាន​ភាពសកម្ម។ ដីទំនេរ​ត្រូវ​បាន​ផ្លាស់ប្តូរឱ្យមាន​ការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដូចជា ការប្រកួតបាល់បោះ និងការបញ្ចាំងខ្សែភាពយន្ត។ តាមរយៈ
ការផ្លាស់​ប្ដូរទីធ្លាទំនេរ​ទៅជាកន្លែងដែល​មាន​សកម្មភាព​មនុស្ស ទទួលបានលទ្ធផលល្អក្នុងការបង្កើនសុវត្ថិភាពសាធារណៈដោយមិនចាំបាច់បង្កើនកំលាំងនគបាល។

ទិន្នន័យប្រមូលបានបន្ទាប់ពីឆ្លងកាត់ការអន្តរាគមន៍បានរកឃើញថា ការរក្សាទីធ្លាសាធារណៈឱ្យមានភាពរស់រវើកនាំឱ្យមានការថយចុះនៃឧក្រិដ្ឋកម្ម។ អំពើហិង្សាបានធ្លាក់ចុះ ៥៩% បើធៀបនឹងឆ្នាំ២០១៩ ជាមួយនឹងការថយចុះ ២០% នៃការចាប់ខ្លួន។ សរុបមក នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់បំផុតនៅក្នុងផ្នែកល្បាតរបស់នាយកដ្ឋានប៉ូលីសបានធ្លាក់ចុះមកលេខ៤៦៣ នៅលើបញ្ជីចំណាត់ថ្នាក់ដូចគ្នា។ អន្តរាគមន៍នេះផងដែរ បានបង្ហាញពីភាពរស់រវើកក៏ដូចជាសកម្មភាពដែលសម្បូរបែបតាមទីធ្លាសាធារណៈ អាចជាគន្លឹះនៃសង្កាត់ដែលមានសុវត្ថិភាពជាងមុន។ សកម្មភាពមនុស្សនៅក្នុងសហគមន៍ដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យតំបន់មួយមានសុវត្ថិភាព។

ជាចុងក្រោយ ការរក្សាទីធ្លាសាធារណៈបានផ្តល់ផលវិជ្ជមានសម្រាប់បរិស្ថាន ជាពិសេស កាត់បន្ថយឥទ្ធិពលកម្ដៅ កាត់បន្ថយទឹកជំនន់ និងកាត់បន្ថយការបំពុលខ្យល់ និងការបំពុលដោយសំឡេង។

ការរួមបញ្ចូលសួនសាធារណៈចូលទៅក្នុងសហគមន៍ក្រីក្រ

យោងតាមកាលៈទេសៈបច្ចុប្បន្នការបង្កើតសួនច្បារខ្នាតធំប្រហែលជាមិនអាចធ្វើបានសម្រាប់រាជធានីភ្នំពេញ​នោះទេ។ ប៉ុន្តែទីធ្លា​សាធារណៈ​បៃតង​តូចៗ នៅតែអាចកសាងបានសម្រាប់ទីក្រុង។ ទីធ្លាសាធារណៈតូចៗ​មួយ​ចំនួន​ធំ​អាចបែកខ្ញែក​យ៉ាង​ទូលំទូលាយក្នុងចំណោមសង្កាត់នានាក្នុងរាជធានីភ្នំពេញ ដែលជាកត្តានាំឱ្យមានភាពងាយស្រួលសម្រាប់ប្រជាជន។

ដូចដែលបានបង្ហាញនៅក្នុងករណីសិក្សាខាងលើ ទីធ្លាសាធារណៈតូចៗ​ (Pocket​Parks) បណ្តោះអាសន្ន មាន​ភាពបត់បែន​ក្នុងការប្រើ​ប្រាស់ និងទាមទារការចំណាយទាប ខណៈពេលដែលរក្សាបាននូវផលវិជ្ជមានដូចគ្នា។ ដូច្នេះ​ ​ដំណោះស្រាយ​ក្នុងការអនុវត្ត ​ក្នុងទ្រង់ទ្រាយធំ អាជ្ញាធរ​មូលដ្ឋាន​អាចចាប់ផ្តើម​ដោយកំណត់​អត្តសញ្ញាណ​ដី​ទំនេរ​ ឬទីតាំង ដែលអាចផ្លាស់ប្តូរបាន។

ទីមួយ ទីតាំងដែលត្រូវបានចាត់ទុកថាជាដីសាធារណៈគួរតែត្រូវបានផ្តល់អាទិភាពសម្រាប់ការផ្លាស់ប្ដូរ។ តំបន់ដែលស្ថិតនៅក្រោមស្ពានអាកាសជាទូទៅ គឺជាទីធ្លាទំនេរទុកចោល ផ្លូវលំ និងតំបន់ ដែលនៅជាប់នឹងប្រឡាយក៏គួរតែត្រូវបានកំណត់គោលដៅផងដែរ។

ខេត្តសៀមរាបបានបង្ហាញរួចហើយ ពីយុទ្ធសាស្ត្រ និងផលវិជ្ជមាននៃការកែលម្អប្រឡាយទឹកស្អុយហូរកាត់សហគមន៍ក្រីក្រឱ្យក្លាយទៅជាសួនសាធារណៈបៃតង។ កាធ្វើបែបនេះបានពង្រីកទីធ្លាសាធារណៈនៅក្នុងទីក្រុងជាមួយនឹងការទទួលបានសួនសាធារណៈថ្មីមួយនេះ និងផ្លូវថ្មើរជើងផងដែរ។ សួនសាធារណៈដែលស្ថិតនៅលើប្រឡាយទឹកមានផ្លូវសម្រាប់ថ្មើរជើង និងលាតសន្ធឹងប្រវែង ៦២៥ ម៉ែត្រ ពីផ្លូវជាតិលេខ៦ ដល់ផ្លូវ សម្តេចព្រះមហាសង្ឃរាជទេពវង្ស។

មិនត្រឹមតែប៉ុណ្ណោះ សហគមន៍ក្រីក្រក៏អាចធ្វើការរួមគ្នាដើម្បីផ្លាស់ប្តូរជាបណ្តោះអាសន្ននូវដីឯកជនដែលនៅទំនេរ។ទោះបីជាវាពិបាកជាងកែលម្អទីធ្លាសាធារណៈ ដែលមានស្រាប់ក៏ដោយ ប៉ុន្តែអត្ថប្រយោជន៍នៃទីធ្លាសាធារណៈអាចជំរុញសហគមន៍មួយដើម្បីបញ្ចុះបញ្ចូលម្ចាស់ដីឱ្យទទួលយកនូវគំនិតផ្តួចផ្តើមបែបនេះក្នុងរយៈពេលខ្លីទៅមធ្យម។

យ៉ាងណាមិញ ម្ចាស់ដីក៏អាចទទួលបានផលប្រយោជន៍ នៅពេលដែលដីរបស់ពួកគេ ត្រូវបានប្រើប្រាស់ជាកន្លែងសាធារណៈដ៏រស់រវើក។ ឧទាហរណ៍ ពួកគេទទួលបានអត្ថប្រយោជន៍ពីការបង់ពន្ធលើអចលនទ្រព្យទាបពីព្រោះដីរបស់ពួកគេមិនត្រូវបានចាត់ទុកថាជាដីទំនេរទៀតទេ។ លើសពីនេះ ពួកគេប្រហែលជាអាចជួលតូបសម្រាប់អ្នកលក់ជាផ្នែកនៃការរៀបចំផងដែរ។

ទីពីរ ការធ្វើអន្តរាគមន៍លើទីធ្លាសាធារណៈខ្នាតធំ ទោះបីពិបាកជាងនេះក៏ដោយ ក៏នៅតែអាចសម្រេចបាន ប្រសិនបើដីទំនេរអាចរកបាននោះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងភ្នំពេញបានផ្លាស់ទីកន្លែងឧស្សាហកម្មមួយចំនួន ឱ្យនៅតាមជាយក្រុង ឬខេត្តវិញ នេះគឺជាឱកាសដើម្បីអភិវឌ្ឍន៍ និងកែប្រែអតីតតំបន់ឧស្សាហកម្មឱ្យបំពេញតម្រូវការផ្សេងៗឡើងវិញ។

សួនសាធារណៈហួតាន (Houtan) ទីក្រុងសៀងហៃ ផ្តល់នូវឧទាហរណ៍ដ៏ល្អមួយសម្រាប់ការអភិវឌ្ឍឡើងវិញនៃអតីតតំបន់ឧស្សាហកម្ម។ ទីធ្លាសាធារណៈនេះបានស្ដារផ្នែកមួយនៃមាត់ទន្លេហងពួ (Huangpu) ដោយបានរៀបចំឡើងវិញនូវ រោងម៉ាស៊ីនដែក កន្លែងចាក់សំរាម និងកន្លែងផលិតកប៉ាល់ ឱ្យក្លាយទៅជាតំបន់ឧទ្យានបៃតង។ វារួមបញ្ចូលផ្លូវដើរមើលទិដ្ឋភាពទេសភាពតាមដងទន្លេ និងប្រព័ន្ធ អេកូឡូស៊ីតំបន់ដីសើមធម្មជាតិ។ ស្របពេលជាមួយគ្នានេះដែរ ​ទីធ្លាសាធារណៈនេះក៏ដើរតួនាទី​ជាហេដ្ឋារចនា​សម្ព័ន្ធ​ចម្រោះ​ទឹកធម្មជាតិ គឺចម្រោះទឹកកខ្វក់ ១ ៩០០ម៉ែត្រ​គូប ជារៀងរាល់ថ្ងៃ។

ទីធ្លាសាធារណៈ

សហគមន៍ក្រីក្រមួយអាចទទួលបានអត្ថប្រយោជន៍ពី សង្គម សុខភាព បរិស្ថាន និងសេដ្ឋកិច្ចពីការដាក់បញ្ចូលសួនសាធារណៈខ្នាតតូច។ ជាពិសេសសម្រាប់សហគមន៍ក្រីក្រ ដែលជួបការលំបាកក្នុងការអាចទទួលបានអត្ថប្រយោជន៍ពីការបង្កើនអារម្មណ៍សុវត្ថិភាពក្នុងសង្គម និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅពេលដែលបានបង្កើតទីធ្លាសាធារណៈ។

ការបង្កើនទីធ្លាសាធារណៈបៃតងបែបនេះ មិនត្រឹមតែអាចអនុវត្តបានច្រើនជាង បើធៀបនឹងទីធ្លាសាធារណៈធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចមានភាពបត់បែនជាង សម្រាប់សហគមន៍ក្រីក្រ និង អ្នកប្រើប្រាស់ទាំងអស់ផងដែរ។ អ្នករៀបចំផែនការទីក្រុង និងអាជ្ញាធរមូលដ្ឋានគួរតែធ្វើការជាមួយប្រជាជន ឬសហគមន៍ក្រីក្រ ដើម្បីប្រែក្លាយដីទំនេរទៅជាដីដែលបំរើប្រយោជន៍ដល់សាធារណៈ។

អត្ថបទសិក្សាស្រាវជ្រាវខ្លីខាងលើនេះ ឆ្លុះបញ្ជាំងពីទស្សនៈរបស់អ្នកស្រាវជ្រាវវ័យក្មេងលើជ្រុងមួយនៃការអភិវឌ្ឍន៍ក្រោមប្រធានបទ៖

សួនសាធារណៈនៅក្នុងទីក្រុង តែជាកន្លែងមួយដែលផ្សារភ្ជាប់ទំនាក់ទំនងមនុស្សក្នុងសង្គម”
*បញ្ជាក់អត្ថបទនេះ មិនបានសិក្សាស្រាវជ្រាវស៊ីជម្រៅ និងឆ្លុះបញ្ជាំងអំពីទស្សនៈរបស់អង្គការសមាគមធាងត្នោត (ស.ធ.ត)។

ឯកសារ PDF: ភាសាខ្មែរភាសាអង់គ្លេស

Leave a Reply

Your email address will not be published. Required fields are marked *