សហគមន៍បឹងត្របែកភូមិ៤ និងសហគមន៍សាមគ្គីរុងរឿង គឺជាទីលំនៅឋានរបស់ប្រជាពលរដ្ឋក្រីក្រប្រមាណជាង៦០០គ្រួសារ ដែលកំពុងរស់នៅលើប្រឡាយបឹងត្របែកស្ថិតនៅក្នុងខណ្ឌចំការមននៃរាជធានីភ្នំពេញអស់ជាច្រើនឆ្នាំមកហើយ។ ទោះបីជាការរស់នៅរបស់ពួកគាត់នៅក្នុងតំបន់នេះ បានជួបការលំបាក ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗនៅមានកម្រិតក៏ដោយ ដូចជាកង្វះផ្លូវបេតុង ក៏ពួកគបានកសាងគ្រួសារ មានរបរចិញ្ចឹមជីវិត ដែលបានរួមចំណែកដល់ភាពរស់រវើកនៃទីក្រុងភ្នំពេញ ។
យ៉ាងណាក៏ដោយ ឥឡូវនេះ ប្រជាពលរដ្ឋនៅសហគមន៍ទាំង២ខាងលើកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ខណៈពេលរដ្ឋាភិបាលកំពុងជំរុញគម្រោងអភិវឌ្ឍន៍តំបន់នេះឡើងវិញ ដើម្បីស្តារប្រឡាយបឹងត្របែក និងឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានលើប្រឡាយរំកិលផ្ទះចេញ។ យោងតាមសាលារាជធានីភ្នំពេញ មានប្រជាពលរដ្ឋ១៣១ខ្នងផ្ទះ កំពុងរស់នៅតំបន់បឹងត្របែកនេះ ដែលនឹងរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះ។ មកដល់ត្រឹមខែសីហា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញបានអះអាងថា ខ្លួនបានដោះស្រាយបញ្ចប់ការទូទាត់សំណងឱ្យប្រជាពលរដ្ឋទាំងអស់នៅតំបន់បឹងត្របែកខាងលើ។ ប៉ុន្តែប្រជាពលរដ្ឋដែលត្រូវបានសម្ភាសដោយសារព័ត៌មានខេមបូចា បាននិយាយថា ការទូទាត់សំណងនៅមិនទាន់គ្រប់គ្រាន់ និងមានភាពយុត្តិធម៌នៅឡើយ។
ទោះជាការអភិវឌ្ឍដែលបានស្នើឡើងខាងលើគឺជាជំហានចាំបាច់មួយដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងភ្នំពេញ ផលប៉ះពាល់ទៅលើប្រជាពលរដ្ឋដែលបង្កពីវឌ្ឍនភាពបែបនេះ មិនគួរត្រូវបានរាជរដ្ឋាភិបាលមើលរំលងឡើយ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់ប្រជាពលរដ្ឋនៅសហគមន៍ទាំង២ខាងលើ អត្ថបទនេះនឹងបង្ហាញពីការបណ្តេញចេញដោយសារគម្រោងអភិវឌ្ឍន៍នេះ ហើយស្វែងយល់ពីផលប៉ះពាល់នៃការអភិវឌ្ឍទីក្រុងនៅក្នុងរាជធានីភ្នំពេញ។
ជីវភាព និងសហគមន៍
អ្នកមីង សុខា(ឈ្មោះតំណាង) គឺជាអាជីវករលក់ដូរតាមផ្ទះម្នាក់នៅក្នុងសហគមន៍បឹងត្របែកភូមិ៤។ អ្នកមីងហៅសហគមន៍បឹងត្របែកភូមិ៤ថា ជាផ្ទះរបស់គាត់និងគ្រួសារតាំងពីឆ្នាំ១៩៨២មក។ អ្នកមីង បានរៀបរាប់ប្រាប់អង្គការសមាគមធាងត្នោត ទាំងអារម្មណ៍ក្ដុកក្ដួលថា៖ “ខ្ញុំរស់នៅកន្លែងនេះពិបាកវេទនាណាស់ ទម្រាំបានដូចសព្វថ្ងៃនេះ។ ពីឆ្នាំ១៩៨២មក ទឹកបឹងត្របែកលិច ហើយកូនៗខ្ញុំនៅតូចៗ…វេទនាណាស់…ខ្ញុំត្រូវអ៊ុំទូក។
ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ សហគមន៍បឹងត្របែកភូមិ៤នេះ បានរីកចម្រើនប្រែក្លាយទៅជាសហគមន៍ដែលមានការអភិវឌ្ឍជាងមុន ហើយហាងលក់ចាប់ហួយរបស់អ្នកមីងក្លាយជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់អ្នកមីង។ សាមគ្គីភាពជាធ្លុងមួយនៃសហគមន៍បឹងត្របែកភូមិ៤ គឺជាអ្វីដែលអ្នកមីងចងចាំបំផុតអំពីបឹងត្របែកភូមិ៤។ អ្នកមីង សុខា បានបញ្ជាក់ថា៖ “យើងរស់នៅតាំងពីអត់ផ្លូវ រហូតដល់ពួកខ្ញុំ[សហគមន៍]បានសាងសង់ផ្លូវ។ នាំគ្នាជាសហគមន៍ធ្វើផ្លូវ និងស្ពានជាដើម។ ពីមុនមក អត់មានស្ពានទេ ពួកយើងឆ្លងតែទូក។ រហូតដល់សព្វថ្ងៃ យើងមានលុយខ្លះ រាយ[លុយ]គ្នាជាសហគមន៍ ធ្វើផ្លូវដូចសព្វថ្ងៃនេះ។”
ក្រឡេកទៅមើល អាជីវករលក់ដូរតាមផ្ទះម្នាក់ទៀតនៅសហគមន៍ក្បែរគ្នានេះ គឺ អ្នកមីង មុំ (ឈ្មោះតំណាង) ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសហគមន៍សាមគ្គីរុងរឿង។ អ្នកមីង មុំ មានអាយុ ៥៨ ឆ្នាំ មានកូន ០៦នាក់ និងរស់នៅក្នុងសហគមន៍សាមគ្គីរុងរឿងជាយូរដែរមកហើយ។ អ្នកមីង បាននិយាយប្រាប់អង្គការសមាគមធាងត្នោតអំពី ជីវិតរបស់អ្នកមីងនៅក្នុងសហគមន៍ថា៖ “ខ្ញុំលក់ដូរចាប់ហួយតិចតួច នំណែកសម្រាប់ក្មេងៗនៅផ្ទះ។ នេះជាមុខរបរយើងជាមនុស្សចាស់ គ្រាន់បាន[ប្រាក់ចំណូល]ជាប្រចាំថ្ងៃ….នៅពេលគេ[រដ្ឋាភិបាល]ឱ្យយើងចេញ ខ្ញុំមានអារម្មណ៍ភ័យខ្លាច។”
រឿងរ៉ាវទាំងនេះបានបង្ហាញថា ជីវភាពរបស់ប្រជាសហគមន៍បឹងត្របែកភូមិ៤ និងសាមគ្គីរុងរឿង ត្រូវបានផ្សារភ្ជាប់ទៅជាមួយសហគមន៍ ដែលជាទីជម្រករបស់ពួកគេតាំងពីយូរអង្វែងណាស់មកហើយ។
ជីវភាព និងការទូទាត់សំណង
យោងតាមក្រសួងព័ត៌មាន គម្រោងអភិវឌ្ឍន៍នៅសហគមន៍ទាំងពីរខាងលើនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កែលម្អប្រព័ន្ធលូ ៥០ ផ្សេងទៀតនៅទូរទាំងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាទឹកជន់លិច។ ហើយកាលពីខែមេសា ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ បានចុះវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរស់នៅសហគមន៍សាមគ្គីរុងរឿង និងឱ្យពួកគេទៅចូលរួមក្នុងការប្រជុំមួយ ដើម្បីធ្វើការសម្រេចចិត្តទទួលយកសំណង និងយល់ព្រមផ្លាស់ប្តូរទីលំនៅចេញពីតំបន់អភិវឌ្ឍន៍នេះ។ ជាថ្នូរនឹងការដោះដូរ សាលារាជធានីភ្នំពេញបានផ្តល់សំណងដល់ប្រជាសហគមន៍ដែលនឹងរងផល់ប៉ះពាល់ពី គម្រោងនេះជាសាច់ប្រាក់ទៅតាមតម្លៃផ្ទះ។ សម្រាប់ផ្ទះតូច សំណងមានតម្លៃចន្លោះពី ១០០០ដុល្លារ ទៅ ៣០០០ដុល្លារ និងផ្ទះធំទទួលបាន ៦០០០ដុល្លារ នេះបើយោងទៅតាមប្រជាសហគមន៍សាមគ្គីរុងរឿង ដែលរស់នៅទីនោះតាំងពីឆ្នាំ ១៩៨៨ ប្រាប់ខេមបូចា។
ដោយដឹងថាសហគមន៍ងាយប្រឈមនឹងបញ្ហាទឹកជំនន់ និងកាកសំណល់រួចមកហើយនេះ ប្រជាសហគមន៍បឹងត្របែកភូមិ៤ និងសាមគ្គីរុងរឿង មិនមានការជំទាស់ចំពោះភាពចាំបាច់នៃ ការអភិវឌ្ឍនេះទេ។ អ្នកមីង សុខា នៅសហគមន៍បឹងត្របែកភូមិ៤ បានពន្យល់ប្រាប់អង្គការសមាគមធាងត្នោតថា៖ “ខ្ញុំមិនប្រឆាំង ហើយក៏ថាមិនចេញអីដែរ…គេយកន្លែងអភិវឌ្ឍហើយ យើងមិនព្រមចេញអីដែរ។ ខ្ញុំព្រមចេញ ប៉ុន្តែ គ្រាន់ថាចង់ឱ្យដោះស្រាយតម្លៃ [សំណង] សមរម្យ អាចឱ្យពួកខ្ញុំទិញនៅខាងក្រៅបានរស់នៅ។
ប្រជាសហគមន៍ជាច្រើន រួមទាំងអ្នកមីង សុខា និងអ្នកមីង មុំ បានរស់នៅទីនេះអស់ជាច្រើនទស្សវត្ស មកហើយ ប៉ុន្តែការទូទាត់សំណងដែលពួកគេត្រូវបានផ្តល់ឱ្យគឺ មិនគ្រប់គ្រាន់ដើម្បីធានាបាននូវ លំនៅឋានស្រដៀងគ្នានៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុង ដែលតម្លៃដី និងអចលនទ្រព្យបានកើនឡើង ខ្ពស់នោះទេ។ អ្នកមីង មុំ នៅសហគមន៍សាមគ្គីរុងរឿង ក៏បានប្រាប់ពីកង្វល់របស់គាត់ថា៖ “គេ [រដ្ឋាភិបាល] មកប្រាប់គេមកបាញ់លេខហើយឱ្យតម្លៃតាមផ្ទះតូច ផ្ទះធំ។ ប៉ុន្តែឱ្យខ្ញុំតិចពេក…ផ្ទះរបស់ខ្ញុំបានប្រហែល ២០០០ទៅ៣០០០ដុល្លា ខ្ញុំអត់យល់ព្រមព្រោះវាអត់សមរម្យ។ ហើយខ្ញុំក៏សុំគាត់អភិវឌ្ឍនៅនឹងកន្លែង ដូចសហគមន៍ស្ទឹងមានជ័យ។” សម្រាប់គ្រួសាររស់នៅសហគមន៍ទាំងពីរខាងលើ ដូចជាគ្រួសារអ្នកមីង សុខា និងអ្នកមីង មុំ ប្រាក់សំណងដ៏តិចតួចទាំងនេះ មិនអាចរាប់រងសូម្បីតែកការសាងសងលំនៅឋានថ្មីផង ចុះទម្រាំតែថវិកាទុកសម្រាប់ង្កើតអាជីវកម្មថ្មី។
ជីវភាព និងផលប៉ះពាល់នៃការបណ្តេញចេញ
ចំពោះអ្នកមីង សុខា និងអ្នកមីង មុំ ការបណ្ដេញចេញដោយសារគម្រោងអភិវឌ្ឍន៍នេះ ដោយមិនមានការទូទាត់សំណងមួយដែលសមរម្យទៅតាមតម្លៃទីផ្សារ និងមិនមានការពិភាក្សាជាមួយសហគមន៍នោះ បានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងអំពី អនាគតរបស់ពួកគាត់និងគ្រួសារ។ អាជីវកម្មលក់ចាប់ហួយរបស់អ្នកមីងទាំង២ មិនមែនគ្រាន់តែជាការងារនោះទេ វាគឺជាឆ្នាំងបាយរបស់ពួកគាត់ និងគ្រួសាររបស់ពួកគាត់ផងដែរ។ ការផ្លាស់ទីលំនៅទៅតំបន់ថ្មីមានន័យថា ពួកគាត់ត្រូវចាប់ផ្តើមពីបាតដៃទទេ ដោយមិនមានការធានាថាអាជីវកម្មថ្មីរបស់ពួកគាត់អាចដើរទៅមុខបាននោះទេ។
អ្នកមីង សុខា បានសង្កេតឃើញពីផលលំបាករបស់ប្រជាសហគមន៍មួយចំនួនដែលបានយល់ព្រមទទួលយកការទូទាត់សំណងថា៖ “នៅកន្លែងនេះ គ្នាមានមុខរបរ ដល់ពេលផ្លាស់ទីលំនៅទៅឆ្ងាយ អ្នកខ្លះអត់មានលុយគ្រប់គ្រាន់ ក៏ជួលផ្ទះគេនៅ។ អ្នកខ្លះទៀតក៏ទៅបង់រំលោះដីគេនៅ។ រីឯ អ្នកមីង មុំ វិញ ដែលមានអាយុ៥៨ ឆ្នាំបានប្រាប់ពីក្តីបារម្ភរបស់គាត់ក្នុងនាមជាមនុស្សវ័យចំណាស់ និងកំពុងទទួលរងការបណ្តេញចេញ ដោយគ្មានការទូទាត់សំណងដោយភាពសមរម្យថា៖ “បើឱ្យខ្ញុំតម្លៃប៉ុននឹង ខ្ញុំទៅរកកន្លែងណាបានរស់នៅ។ ខែភ្លៀង ខែខ្យល់អញ្ចឹង ខ្ញុំមិនអាចចាកចេញពីទីនេះបានទេ…ខ្ញុំជាមនុស្សចាស់ផង ទៅឆ្ងាយពីពេទ្យ ខ្ញុំអត់អាចទទួលយកបានទេ។ អញ្ចឹងខ្ញុំសុំអភិវឌ្ឍនៅនឹងកន្លែង និងសុំឱ្យតម្លៃ [សំណង] សមរម្យ។”
កង្វះការចរចានិងពិភាក្សាជាមួយសហគមន៍អំពីការទូទាត់សំណង ដូចដែរបានលើកឡើងដោយអ្នកមីង សុខា និងអ្នកមីង មុំ បានបង្កជាការព្រួយបារម្ភអំពីអនាគតរបស់ពួកគេ។ ជាហេតុ ប្រជាសហគមន៍ដូចជា អ្នកមីង សុខា និងអ្នកមីង មុំ កំពុងរង់ចាំដោយសង្ឃឹមថា សំឡេងរួមរបស់ពួកគាត់នឹងនាំឱ្យ មានលក្ខខណ្ឌល្អប្រសើរក្នុងការទូទាត់សំណង។ ពួកគាត់មិនប្រឆាំងនឹងការអភិវឌ្ឍន៍នេះទេ ពួកគាត់គ្រាន់តែចង់ទទួលបានការទូទាត់សំណង និងការអភិវឌ្ឍន៍ដោយភាពត្រឹមត្រូវនិងយុត្តិធម៌។
សេចក្តីសនិ្នដ្ឋាន
ស្ថានភាពនៅបឹងត្របែកភូមិ៤ និងសាមគ្គីរុងរឿង ឆ្លុះបញ្ចាំងពីសហគមន៍ក្រីក្រផ្សេងៗទៀត នៅរាជធានីភ្នំពេញ ដែលកំពុងរងផល់ប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទីក្រុង។ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅក្នុងសហគមន៍ក្រីក្រទាំងនេះ ត្រូវបានគេបណ្តេញចេញដោយមិនបានពីចារណាពីផលប៉ះពាល់ដែលនឹងកើតមានលើអនាគតរបស់ពួកគេ។ ខណៈពេលដែលការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធលូមានសារៈសំខាន់មិនអាចប្រកែកបានសម្រាប់សុខុមាលភាពនិងសោភ័ណភាព
ទីក្រុង រាជរដ្ឋាភិបាលគួរគិតពិចារណានូវលក្ខខណ្ឌមួយថា ៖
តើយើងគួរអភិវឌ្ឍទីក្រុងរបៀបណាដែលនាំទៅរកវឌ្ឍនភាព រួមនឹងការគោរព និងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋនៅទីកន្លែងនោះ?
អ្នកមីង សុខា និងអ្នកមីង មុំ ក៏ដូចជាប្រជាសហគមន៍ផ្សេងទៀត នឹងបន្តការតស៊ូទាមទារសំណង សមរម្យ ដែលអាចអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរទីលំនៅទៅកន្លែងថ្មីដោយគ្មានក្តីបារម្ភ។ ក្នុងនោះដែរ សំណើរបស់ពួកគេគឺសាមញ្ញបំផុត៖ “សូមវាយតម្លៃសំណងឱ្យបានសមរម្យ ដើម្បីយើងអាចទៅកសាងជីវិតរបស់ពួកយើងឡើងវិញនៅកន្លែងផ្សេងបាន“។ តាមរយៈការតស៊ូ និងការប្តេជ្ញាចិត្តរបស់ប្រជាសហគមន៍ ពួកគេសង្ឃឹមថា រដ្ឋាភិបាលអាច ធានាបាននូវអនាគតមួយប្រកបដោយការរីកចម្រើន និងប្រជាពលរដ្ឋអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនា។
អត្ថបទសិក្សាស្រាវជ្រាវខ្លីខាងលើនេះ ឆ្លុះបញ្ជាំងពីជាទស្សនៈរបស់អ្នកស្រាវជ្រាវវ័យក្មេងលើជ្រុងមួយនៃការអភិវឌ្ឍន៍ក្រោមប្រធានបទ៖
“ អនាគតមិនច្បាស់លាស់នៃសហគមន៍បឹងត្របែកភូមិ៤ និងសហគមន៍សាមគ្គីរុងរឿង”
*បញ្ជាក់អត្ថបទនេះ មិនបានសិក្សាស្រាវជ្រាវស៊ីជម្រៅ និងឆ្លុះបញ្ជាំងអំពី
ទស្សនៈរបស់អង្គការសមាគមធាងត្នោត (ស.ធ.ត)។
ឯកសារ PDF: ភាសាខ្មែរ – ភាសាអង់គ្លេស