សេចក្តីថ្លែងការណ៍រួម ក្នុងវេទិកាសហគមន៍ក្រីក្រក្នុងទីក្រុងលើកទី ៦

យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋមកពីសហគមន៍នានានៅក្នុងរាជធានីភ្នំពេញដែល​​កំពុងប្រឈមនឹងអសុវត្ថភាពដីធ្លី និងលំនៅឋានដោយសារការអភិវឌ្ឍទីក្រុងដោយកង្វះនូវតម្លាភាព​។

យោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោតស្តីពី ការស្ទង់មតិក្នុងរាជធានីភ្នំពេញ ដែលសិក្សាពីទីតាំងលំនៅឋានក្រីក្រ បានរកឃើញថា យ៉ាងហោចណាស់ មានសហគមន៍ក្រីក្រប្រមាណ២៧៧ ទីតាំងក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ។ របាយការណ៍ដដែលរកឃើញថា ៨៣% នៃទីតាំងទាំងនេះ មិនមានឯកសារផ្លូវការជាលាយលក្ខណ៍អក្សរដើម្បីកំណត់ពីស្ថានភាពដីធ្លីរបស់ពួកគេទេ ខណៈ៧៥% នៃទីតាំង មិនទាន់មានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ផងដែរ។ លើសពីនេះ មានសហគមន៍ចំនួន៤១ ទីតាំងកំពុងប្រឈមនឹងការបណ្តេញចេញ ឬរងសម្ពាធក្នុងការឱ្យផ្លាស់ប្តូរលំនៅឋាន។ ស្ថានភាពនេះបានបង្ហាញថា សហគមន៍ក្រីក្រក្នុងទីក្រុងមិនទាន់មានសុវត្ថភាពដីធ្លី និងលំនៅឋាន ដោយសារមិនទាន់មានសិទ្ធិកាន់កាប់ស្របច្បាប់ ឬទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។

គួរគាត់សម្គាល់ថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញច្រើនជាង ១០ភាគរយ ត្រូវបាន​ជម្លៀសចេញ​ពី​លំនៅឋាន​របស់ខ្លួន។ ប្រជាពលរដ្ឋទាំងនោះត្រូវ​បានជម្លៀសចេញ​ពីលំនៅ​ឋាន​​​របស់ខ្លួន​ក្រោម​ហេតុ​​ផលដើម្បីធ្វើការអភិវឌ្ឍកែលម្អសោភ័ណ្ឌភាពទីក្រុង ការរៀបចំ​សណ្តាប់​ធ្នាប់ សន្តិសុខ និងសុវត្ថិ​ភាពសង្គម។ ប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុងបានក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅពេល​ដែលមាន​ការអភិវឌ្ឍក្រោមហេតុផលទាំងនេះ។ ជាក់ស្តែង កន្លងមកក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតំបន់​ជន​បទ​មួយចំនួនក្នុងប្រទេសកម្ពុជា គឺពួកយើងដែល​ជាម្ចាស់ផ្ទះ ជា​ម្ចាស់ដី​មិនទទួលបានផល​អ្វីពីការ​អភិវឌ្ឍនោះទេ។ ផ្ទុយទៅវិញ យើងត្រូវបានគេបង្ខំឱ្យចាកចេញ​ពីលំនៅឋានរបស់​ខ្លួនទៅ​រស់នៅ​ក្នុង​តំបន់ឆ្ងាយពីទីក្រុង ឬនៅ​តំបន់ជាយក្រុងដែលមិនទាន់មានសេវាសាធារណៈ និងហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់នៅ ឡើយ។ ជារឿយៗ តំបន់ដែលពួកយើងត្រូវបានជម្លៀសទៅនោះ នៅឆ្ងាយ​ពីកន្លែង​ប្រ​កប​របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកយើង ហើយវាបានក្លាយជាប្ញសគល់​ដ៏ធំមួយ​នៃភាពក្រីក្រ​តោក​យ៉ា​ក​។

ដោយមានបទពិសោធន៍​នៃការរំលោភបំពានយ៉ាងអយុត្តិធម៌បែបនេះ ពួកយើងជា​ប្រជា​ពលរដ្ឋ​នៅក្នុងទីក្រុងបានធ្វើការទាមទារឱ្យ​​មាន​ការ​​អភិវឌ្ឍ​ទី​​ក្រុង និងប្រទេស​ជាតិ​ប្រ​ក​បដោយតម្លាភាព ការចូលរួម សមភាព និងយុត្តិធម៌។ ប៉ុន្តែជាអកុសល ការខិត​ខំ​ប្រឹងប្រែង​ធ្វើការ​ទាមទារនេះ តែងតែត្រូវបានអាជ្ញាធរ និងមន្ត្រីរាជរដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​មួយចំនួន​បានព្យា​យា​ម​​ទប់ស្កាត់ គំរាមកំហែង និងពេលខ្លះបានឈានទៅ​ដល់ការបង្ក​ហិង្សា​មាន​របួស​ស្នាម និងចាប់ដាក់ពន្ធនាគារផងដែរ។ កន្លងមក អ្នកតស៊ូមតិ ម្ចាស់ផ្ទះ ឬដីធ្លីមួយចំនួន​ត្រូវ​បាន​ទទួលរងការប្រើ​ប្រាស់​អំពើហិង្សាពីអាជ្ញាធរមានសមត្ថកិច្ច ការ​ចាប់​ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនក្នុង​ពន្ធនាគារដោយ អ​យុត្តិធម៌បំផុត។ ម៉្យាងវិញទៀត កន្លង​មក រាជរដ្ឋាភិបាល ជាពិសេស សាលារាជធា​នីភ្នំ​ពេ​ញ បានរៀបចំគម្រោងអភិវឌ្ឍន៍ ដោយ​មិន​បាន​ប្រឹក្សាយោបល់ពេញលេញ​ជាមួយយើង​ខ្ញុំជាប្រជាពលរដ្ឋក្រីក្រ និងជាជនរង​ផលប៉ះ​ពាល់​​ទេ ផ្ទុយទៅវិញ ពួកយើងខ្ញុំត្រូវបានគំរាមកំហែង និងបង្ខំឱ្យចាកចេញ​ដោយ​មិនផ្តល់សំណងសមរម្យឡើយ។ ​ដោយមើលឃើញ​រូបភាពមិន​ប្រ​ក្រ​តីទាំងនេះ យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងទទូចស្នើសុំប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មេត្តា​ជ្រាប និងជួយដោះស្រាយសេចក្តីត្រូវ​ការ​ពិត​ប្រាកដ​របស់​យើងខ្ញុំ។

ក្នុងឱកាសវេទិកាសហគមន៍ក្រីក្រក្នុងទីក្រុងលើកទី៦​​ ឆ្នាំ២០១៩ នេះ យើងខ្ញុំទាំងអស់គ្នាទទូចស្នើសុំ​​​​​​​​​រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគោរព និងការពារសិទ្ធិរបស់យើងខ្ញុំជាប្រ​ជា​​​ពល​រដ្ឋ​​​ក្រីក្រ ថាជាអ្នកមានសិទ្ធិរស់នៅដោយសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ដូចប្រជាពលរដ្ឋក្នុងទីក្រុងដ៏ទៃទៀតដែរ។ យើងខ្ញុំទាំងអស់គ្នាមិនជំទាស់​ចំ​ពោះ​​ការ​អភិវឌ្ឍទេ ប៉ុន្តែពួកយើងត្រូវតែទទួលបានផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទាំងនោះ​។   

ដូច្នេះហើយ នាឱកាសវេទិកាសហគមន៍ក្រីក្រក្នុងទីក្រុងឆ្នាំ២០១៩នេះ យើងខ្ញុំទាំងអស់គ្នា​សូមអំពាវ​​នាវឱ្យ៖

  • រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ​នានា​នៃរាជរដ្ឋា​ភិបាល​កម្ពុជាមេត្តាទទួលស្គាល់ និងអនុវត្តន៍ឱ្យបាននូវសិទ្ធិមាន​លំនៅឋាន​សមរម្យ​ ដើម្បីឱ្យមានការអភិវឌ្ឍ​សម្រាប់ទាំង​អស់​គ្នា។
  • រាជរដ្ឋាភិបាលអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធិភាព និងបញ្ឈប់ការ​បណ្តេ​ញចេញ​ដោយ​បង្ខំ ការប្រើអំពើហិង្សា និងបញ្ឈប់ការ​ប្រើប្រាស់​ប្រ​ព័ន្ធ​តុ​លាការគាប​សង្កត់​លើប្រជា​ពល​រដ្ឋ ជាពិសេសគឺសកម្មជនដីធ្លី និងលំនៅឋាន​។
  • សាលារាជធានីភ្នំពេញផ្តល់ និងគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជាប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម និងការតភ្ជាប់បណ្តាញទឹកនិងអគ្គិសនីរបស់រដ្ឋ។
  • អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ អនុវត្តន៍គោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងលំនៅឋានឱ្យមានប្រសិទ្ធិភាព ដោយផ្តោតលើការខិតខំប្រឹងប្រឹង កែលម្អទីតាំលំនៅឋានសហគមន៍ក្រីក្រនៅនឹងកន្លែងជាជម្រើសចម្បង និងជម្រើសផែនការសុវត្ថភាពដីធ្លីផ្សេងៗទៀតដែលអាចធ្វើបាន ហើយចៀសវាងឱ្យបាននូវការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។

 

ឈ្មោះសហគមន៍ខាងក្រោម

  1. សហគមន៍ទួលសង្កែប៊ី
  2. សហគមន៍ផ្លូវរថភ្លើង
  3. សហគមនរលួសជើងឯង
  4. សហគមន៍ជើងឯកក្រុម ៣
  5. សហគមន៍ជើងឯកក្រុម ៤
  6. សហគមន៍ស្ទឹងមានជ័យ
  7. សហគមន៍ព្រែកតាគង់
  8. សហគមន៍បូរីកីឡា​
  9. សហគមន៍ថ្មគោល
  10. សហគមន៍បឹងឈូកអេ
  11. សហគមន៍មិត្តភាព
  12. សហគមន៍ជ្រោយចង្វារ
  13. សហគមន៍សំរោងត្បួង
  14. សហគមន៍បឹង​ឈូក
  15. សហគមន៍វត្តប្រយូវង្ស
  16. សហគមន៍បឹងត្របែក
  17. សហគមន៍បឹងកក់
  18. សហគមន៍ភូមិ២៣
  19. សហគមន៍ទួលសង្កែអេ
  20. សហគមន៍ត្រពាំងរាំងថ្មី
  21. សហគមន៍សែនរីករាយ
  22. សហគមន៍សំរោងមានជ័យ
  23. សហគមន៍ផ្សារតូចអា
  24. សហគមន៍និរោធបឹងឈូក
  25. សហគមន៍ក្រោលគោ
  26. សហគមន៍៩២
  27. សហគមន៍បុរីមិត្តភាព
  28. សហគមន៍ឬស្សីស្រស់
  29. សហគមន៍ទំនប់២
  30. សហគមន៍សាមគ្គីរុងរឿង
  31. សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រ
  32. សហគមន៍ព្រែកតាគង់៣
  33. សហគមន៍ស្មាសាន
  34. សហគមន៍បុរីដើមស្រល់
  35. សហគមន៍ស្ត្រីឃ្លាំងសាំង

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ