Saturday, March 2, 2024
Latest:

សេចក្តីប្រកាសព័ត៌មាន៖ កាសិក្សាស្រាវជ្រាវមួយបានរកឃើញថា សិទ្ធិទទួលបានលំនៅឋានរបស់កម្មករោងចក្រ នៅក្នុងតំបន់ទីប្រជុំជននៅតែប្រឈមបញ្ហាធ្ងន់ធ្ងរ

របាយការណ៍ស្រាវជ្រាវចុងក្រោយ ស្តីពី​​បន្ទប់ជួលសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅក្នុងតំបន់ទីប្រជុំជនដែលសិក្សាស្រាវជ្រាវដោយសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស,​ សហព័ន្ធសហជីពសេរីឯករាជ្យ និង​អង្គការសមាគមធាងត្នោត បានបង្ហាញថា មានកម្មកររោងចក្រជាច្រើនមិនទាន់ទទួលបានបន្ទប់ជួល និងសិទ្ធិទទួលបានលំនៅឋានសមរម្យនៅឡើយទេ ហើយជារឿយៗម្ចាស់បន្ទប់ជួលតែងតែរំលោភបំពានលើច្បាប់ ដោយដំឡើងថ្លៃបន្ទប់ជួលស្របពេលនឹងកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលកើនឡើង។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) បានលើកឡើងថា៖

“​ការស្រាវជ្រាវនេះបង្ហាញថា កម្មកររោងចក្រដែលបានជួលបន្ទប់ស្នាក់នៅនោះជាអ្នកចំណាកស្រុក ដើម្បីការងារ ហើយពួកគាត់ភាគច្រើន ​មិនទាន់ទទួលបានបន្ទប់ជួលមានសុវត្ថិភាពនោះទេ ។ អ្នកផ្តល់បទសម្ភាសជាច្រើនធ្លាប់ទទួលរងគ្រោះពីបទល្មើស និងបញ្ហានៅក្នុងបន្ទប់ជួលរបស់ពួកគេ​ ឬនៅតាមដងផ្លូវនៅក្បែរបន្ទប់ជួល ដោយសារបន្ទប់ជួលទាំងនោះមានទំហំតូចចង្អៀតតែមានមនុស្សអ្នករស់នៅច្រើន និងមានច្រកសុវត្ថិភាពពេលមានអគ្គិភ័យកើតឡើង​ ឬសោរចាក់ឱ្យបានត្រឹមត្រូវ។”

ប្រហែលជា ១ ភាគ ៤ នៃកម្មកររោងចក្រទាំងអស់ បានជួបប្រទះនឹងបទល្មើសនៅជិតបន្ទប់ជួលរបស់ពួកគេ ហើយ ១ ក្នុងចំណោម ១០ ជួបប្រទះបទល្មើសកើតឡើងនៅក្នុងបន្ទប់ជួលរបស់ពួកគេផ្ទាល់។  បន្ទប់ទឹកប្រើប្រាស់រួមគ្នា គ្មានសោ ឬអំពូលភ្លើង ផ្លូវគ្មានភ្លើងបំភ្លឺ និងកង្វះនូវកន្លែងច្រកសុវត្ថិភាពពេលមានអគ្គិភ័យធ្វើឱ្យកម្មកររោងចក្រ តែងតែមានអារម្មណ៍មិនមានសុវត្ថិភាពនៅ​កន្លែងស្នាក់នៅរបស់ពួកគេ។

របាយការណ៍នៃការស្រាវជ្រាវក៏បានរកឃើញផងដែរថា កម្មកររោងចក្របានទទួលរងនូវការរំលោភបំពានពីម្ចាស់បន្ទប់ជួល កាលណាពួកគេមិនមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរឡើយ។ មានកម្មកររោងចក្រជាច្រើនដែល មិនមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរ​បានទទួលរងនូវការរំលោភបំពានច្រើនជាងប្រាំដងបើប្រៀបធៀបទៅនឹងកម្មកររោងចក្រដែលជួលបន្ទប់ដូចគ្នាដែលមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ក្នុងនោះរួម​បញ្ចូលទាំងការគំរាមកំហែងដោយប្រើពាក្យសំដីមិនសមរម្យ និងការបៀតបៀនរាងកាយពីម្ចាស់បន្ទប់ជួល។ ប្រមាណជា៩១% នៃកម្មកររោងចក្រចំនួន ១៥០ នាក់ដែលបានផ្តល់បទសម្ភាសបានឆ្លើយថាពួកគេ មិនមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរឡើយ។

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)បានលើកឡើងថា៖

“ ច្បាប់សម្រាប់គ្រប់គ្រងផ្ទះជួលត្រូវបានអនុម័តប្រើប្រាស់រួចមកហើយកាលពីឆ្នាំ​២០១៥ ។​ របកគំហើញនេះបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីចូលរួមទប់ស្កាត់ទៅនឹង ការរំលោភបំពានច្បាប់។ ការដែលមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ  ក៏មិនអាច​បញ្ឈប់បាននូវរាល់ការរំលោភបំពានទាំងអស់​នោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលគួរតែតម្រូវឱ្យម្ចាស់បន្ទប់ជួលមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរដល់អ្នកជួលទាំងអស់ ដើម្បីធានាថាសិទ្ធិរបស់អ្នកជួលបន្ទប់ត្រូវបានការពារ។

វាជាការរំលោភបំពានខុសច្បាប់ ដល់កម្មកររោងចក្រប្រមាណជាង ២០%ដែលពួកគេត្រូវប្រឈមទៅនឹងបញ្ហានៃការឡើងថ្លៃជួលបន្ទប់ដែលតែងតែកើតមានស្របពេល ទៅនឹងការឡើងប្រាក់ឈ្នួលរបស់ពួកគេនោះ។ កម្មកររោងចក្រមានអារម្មណ៍​មិនសប្បាយចិត្តដោយប្រាក់ឈ្នួលរបស់ពួកគេដែលបានឡើងនោះ ជារឿយៗតែងតែបង់ទៅឱ្យទៅម្ចាស់បន្ទប់ជួលទៅវិញ។ ទង្វើនេះបង្ហាញថា ​ខុសទៅនឹងច្បាប់ដែលចែងនៅក្នុង​ច្បាប់ស្តីពីភតិសន្យាពិសេស ប៉ុន្តែ ដោយមានកង្វះខាតក្នុងការអនុវត្តរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យទង្វើខុសច្បាប់នេះនៅតែបន្តកើតមាន។ ​

លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ (FUFI) បានលើកឡើងថា៖

“ កម្មករភាគច្រើនមិនសប្បាយចិត្តនឹងការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារសហរដ្ឋអាមេរិកនោះទេ ដោយផ្អែកលើកត្តាចំនួនពីរ៖ ទីមួយគឺកម្មករធ្វើការជាមួយលក្ខខណ្ឌការងារនិងបរិយាកាសលំបាក ហើយទីពីរ ការដំឡើងថ្លៃឈ្នួលបន្ទប់ជួល៥ដុល្លារ ដែលច្រើនជាងការដំឡើងថ្លៃប្រាក់ឈ្នួលកម្មកររោងចក្រទៅទៀត។ ហើយក៏មិនធ្លាប់ឃើញមានខាងស្ថាប័នពាក់ព័ន្ធណាចុះមកសម្ភាសពីអារម្មរណ៍ផ្ទាល់របស់កម្មករ​រោចក្រទាក់ទងនឹងការទទួលបានការដំឡើង ២ដុល្លារសម្រាប់ប្រាក់ឈ្នួលនោះដែរ។ មានកម្មករខ្លះនិយាយថា គាត់មិនចង់ទទួលបានការដំឡើងប្រាក់ឈ្នួល ២ដុល្លារនេះទេព្រោះវាតិចជាងការដំឡើងថ្លៃបន្ទប់ជួល ដែលមានចំនួន ៥ដុល្លារទៅទៀត។ នេះវាធ្វើឱ្យបង្កើននូវការចំណាយរបស់កម្មកររោចក្រទៅវិញ។”​

តាមរយៈរបាយការណ៍នេះសូមគាំទ្រឱ្យមាននូវការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ឱ្យកាន់តែប្រសើរឡើង កាត់បន្ថយនូវការអសុវត្ថិភាពឱ្យនៅកម្រិតអប្បបរមាសម្រាប់លំនៅឋានទាំងឡាយទទួលបាន នូវកិច្ចសន្យាជាលាយ​លក្ខណ៍អក្សរ​ចំពោះអ្នកជួលបន្ទប់ទាំងអស់ និងការផ្តល់ភ្លើងបំភ្លឺផ្លូវនៅទូទាំងរាជធានី ដើម្បីធានាថាកម្មកររោងចក្រមិនត្រូវបានកេងប្រវ័ញ្ច និងផ្តល់នូវបន្ទប់ជួលសម្រាប់រស់នៅប្រកបដោយសុវត្ថិភាព។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

 

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

១. លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)

តាមរយៈទូរស័ព្ទលេខ៖ ០១២ ៨៨០ ០៣៩

២. លោក ឃុន ថារ៉ូ ប្រធានកម្មវិធីនៃនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL)

តាមរយៈទូ​រស័ព្ទលេខ៖ ០៩៣ ៥៥៦​ ៦៧១

៣. លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

តាមរយៈទូរស័ព្ទលេខ៖ ០៧០​ ៧០​៥ ៥​៦៦

៤. លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត (STT)

តាមរយៈទូរស័ព្ទលេខ៖ ០៨៩ ៦៦៦ ០១៣

Comments