បឹងទំពុន
តំបន់បឹងទំពុនជាបឹងធម្មជាតិមានសារៈសំខាន់សម្រាប់មនុស្ស និងបរិស្ថាននៅរាជធានីភ្នំពេញ។ បឹងនេះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតក្នុងខណ្ឌមានជ័យ (សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម) និងខណ្ឌដង្កោ (សង្កាត់ដង្កោ និងសង្កាត់ជើងឯក) នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ផ្ទៃទឹកធម្មជាតិសរុបនៃបឹងនេះមានប្រមាណ ២៦០០ហិកតា ប៉ុន្តែនៅឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជា បានកំណត់យកត្រឹម ៥២០ហិកតាប៉ុណ្ណោះជាផ្ទៃបឹងរក្សាទុក និងកំណត់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ បឹងនេះមានមុខងារប្រើប្រាស់ច្រើនយ៉ាងដូចជា អាងស្ដុកទឹក និងរំដោះទឹកភ្លៀងដ៏សំខាន់ប្រមាណ ៧០% ពីរាជធានីភ្នំពេញ ជាអាងបន្សុទ្ធទឹកកខ្វក់ក្នុងក្រុងបែបធម្មជាតិ ជាតំបន់ផ្តល់នូវបរិយាកាសត្រជាក់ដល់ទីក្រុង ជាតំបន់កសិកម្ម ជម្រកពពួកត្រី និងបក្សាបក្សីជាច្រើនប្រភេទកំពុងរស់នៅ ហើយដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២៦០០ហិកតា។
ប្រជាពលរដ្ឋសាងសង់លំនៅឋានតាមមាត់បឹង និងលើផ្ទៃបឹងដើម្បីរស់នៅ និងអាស្រ័យផល ព្រោះវាស្ថិតនៅមិនឆ្ងាយពីចំណុចកណា្ដលនៃទីក្រុងភ្នំពេញ ដែលជាកន្លែងអាចទទួលបានឱកាសការងារ និងការអប់រំបានប្រសើរជាងតាមតំបន់ជនបទនានាក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់បឹងនេះ អាចអាស្រ័យផលពីផ្ទៃបឹងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ តាមរយៈការនេសាទ ដាំក្រគួន កញ្ឆែតជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពផ្ទៃបឹងមានការប្រែប្រួលយ៉ាងខ្លាំង ដោយក្រុមហ៊ុនឯកជនមួយមានឈ្មោះថា អ៊ីង ហូល ឌីង (ING Holdings) ទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់មួយនេះ ក្នុងទំហំផ្ទៃដីសរុប ២៥៧២ហិកតា ដើម្បីប្រែក្លាយទៅជាទីក្រុងរណបភាគខាងត្បូងនៃរាជធានីភ្នំពេញ។ បច្ចុប្បន្នគេឃើញមានការបូមខ្សាច់លុបបំពេញដីបឹង និងមានការដ្ឋានសំណង់របស់ក្រុមហ៊ុនឯកជនកំពុងដំណើរការសាងសង់ព្រោងព្រាត ពោលគឺ អគារពាណិជ្ជកម្មចម្រុះ លំនៅឋានជាប្រភេទ ខុនដូ និងអាផាតមិនជាដើម។
ការចាប់ផ្តើមកំណត់ផ្ទៃបឹងផ្លូវការ និងការកែសម្រួលផ្ទៃបឹងទំពុន
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្ដីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយនិយាមការចំនួន៧៧ចំនុច (ពីA1 ដល់ A77) ដែលមានទំហំសរុបចំនួន ៥២០ហិកតា។ បន្ទាប់ពីការកំណត់ផ្ទៃបឹងជាផ្លូវការ បឹងទំពុនត្រូវបានកែសម្រួលផ្ទៃបឹងចំនួន៦លើក៖
១. ការកែសម្រួលផ្ទៃបឹងលើកទី១ (២០១២)
នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ សម្រេចធ្វើការកែសម្រួលផ្ទៃបឹងដែលកំណត់ក្នុងឆ្នាំ២០០៨។ ការកែសម្រួលនេះបានធ្វើឱ្យផ្ទៃបឹងបានរួមតូចអស់ ១៧ហិកតាក្នុងអនុក្រឹត្យក៏មិនបាន បញ្ជាក់ច្បាស់អំពីមូលហេតុនៃការកែសម្រួលផ្ទៃបឹងនេះឡើយ។ ហើយក៏មិនដឹងថាផ្ទៃបឹងនេះកាត់ចេញផ្ដល់ឱ្យបុគ្គលរូបណាជាអ្នកគ្រប់គ្រងនោះទេ ក៏ប៉ុន្តែបច្ចុប្បន្នទីតាំងនេះ ជាផ្នែកមួយនៃគម្រោងរបស់ជីបម៉ុង។
២. ការកាត់ផ្ទៃបឹងជាលើកទី២ (២០១៧)
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៧០ អនក្រ.បក ស្ដីពីការកែសម្រួលផ្ទៃបឹងជើងឯកស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល មួយទៀត ដោយបានសម្រេចកាត់ផ្ទៃដី និងបឹងទំហំ ៤៧.០៧ហិកតា ពីផ្ទៃបឹងជើងឯកដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ ដើម្បីធ្វើអនុបយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ជាក់ស្ដែង ដោយមាន១៥ ចំណុច។ ទីតំាងនេះស្ថិតក្នុងភូមិខ្វា និងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងនោះក៏មានដីរបស់ឧកញ៉ា និងអ្នកមានមួយចំនួនផងដែរ។
៣. ការកាត់ផ្ទៃបឹងជាលើកទី៣ (២០១៨)
នៅថ្ងៃទី១៨ ខែកមរា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ០៥ អនក្រ.បក មួយទៀត ដោយសម្រេចកាត់ផ្ទៃបឹងចំនួន ៣០ហិកតាបន្ថែមទៀត ប្រគល់ទៅឱ្យក្រុមហ៊ុន អ៊ីង ហូល ឌីង(ING Holding., Ltd) ធ្វើជាកម្មសិទិ្ធ ជាថ្នូរនឹងផ្ទៃដីទំហំ ១០ហិកតា របស់ក្រុមហ៊ុន ING Holding., Ltd ស្ថិតនៅក្នុងភូមិសាស្រ្តទីក្រុងរណបតំបន់បឹងជើងឯក ដែលក្រុមហ៊ុនបានប្រគល់ជូនក្រសួងមហាផ្ទៃសម្រាប់សាងសង់អគារផ្សេងៗ។ ត្រង់ចំនុចនេះមានន័យថា រាជរដ្ឋាភិបាលបានផ្តល់សំណងបីដងឱ្យទៅក្រុមហ៊ុន។ ក៏ប៉ុន្តែទីតាំងនេះក្រោយមកត្រូវបានរដ្ឋាភិបាលដកហូត និងប្រគល់ទៅឱ្យបុគ្គលផ្សេងវិញ។
៤. ការកាត់ផ្ទៃបឹងជាលើកទី៤ (២០១៨)
មួយខែក្រោយមកទៀត រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១២ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មួយទៀត ដោយសម្រេចកាត់ផ្ទៃដីទំហំ ៤៧៣ ១៧៦ម៉ែត្រក្រឡា ពីផ្ទៃបឹងជើងឯក ដើម្បីធ្វើអនុបយោគដីឯកជនរបស់រដ្ឋសម្រាប់ផ្ដល់ជូនបុគ្គលចំនួនពីរ ទី១ ក្រុមហ៊ុន អ័រគីដេវីឡា ៤ ឯ.ក ចំនួន ៣៧៤ ៦៧៨ ម៉ែត្រការ៉េ និងឈ្មោះ ខូវ គីមបាក់ ចំនួន ៩៨ ៤៩៨ម៉ែត្រក្រឡា។
៥. ការកាត់ផ្ទៃបឹងជាលើកទី៥(២០១៨)
ផ្ទៃបឹងទំហំ ១៩០ហិកតាបន្ថែមទៀត ត្រូវបានធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជូនក្រុមហ៊ុន ING Holding., Ltd ជាកម្មសិទ្ធិ ដើម្បីអភិវឌ្ឍន៍ តាមរយៈអនុក្រឹត្យលេខ ១៤៨ អនក្រ. បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក៏ប៉ុន្តែទីតាំងនេះ ក្រោយមកក៏ត្រូវបានរដ្ឋាភិបាលដកហូត និងប្រគល់ឱ្យឧកញ៉ាពីរនាក់ជំនួសវិញគឺឧកញ៉ាឃុន លាង និងឧកញ៉ាថៃ ជាហួត។
៦. ការកាត់ផ្ទៃបឹងជាលើកទី៦(២០១៨)
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ដោយសម្រេចធ្វើអនុបយោគផ្ទៃបឹងទំហំ ១៩ ៧៣៦ម៉ែត្រក្រឡា ជាដីឯកជនរបស់រដ្ឋបន្ថែមទៀត និងប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាកម្មសិទ្ធិ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។
៧. ការកាត់ផ្ទៃបឹងជាលើកទី៧ (២០១៩)
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៤២ អនក្រ.បក ដោយសម្រេចធ្វើអនុបយោគផ្ទៃបឹងទំហំ ៣០ហិកតា ជាដីឯកជនរបស់រដ្ឋបន្ថែមទៀត និងប្រគល់ជូនដូចតទៅ៖
– ផ្ទៃបឹងចំនួន ១០ហិកតា ត្រូវបានផ្តល់ជូនក្រសួងមហាផ្ទៃ សម្រាប់សាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិទំហំ ៥ ហិកតា អគ្គស្នងការដ្ឋានអត្តសញ្ញាណកម្ម ទំហំ ១ហិកតា សាលារដ្ឋបាលមូលដ្ឋានទំហំ ២ហិកតា និងមន្ទីរពេទ្យនគរបាលជាតិ ២ ហិកតា។
– ក្នុងនោះដែរផ្ទៃដីទំហំ ៣២ ១២៣ម៉ែត្រក្រឡា ត្រូវបានផ្តល់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់សាងសង់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ។
– ក្រៅតែពីការផ្តល់ជូនក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានផ្តល់ជូនផងដែរចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ដីដើមចំនួន ៦ នាក់ ទំហំ ១៦១ ៣៥៧ម៉ែត្រក្រឡា រួមមានឈ្មោះ ភាព ហៀក ទំហំ ១២ ៤២៦ម៉ែត្រក្រឡា, ឈ្មោះ ខូវ គីមបាក់ ទំហំ ២ ២៥៨ម៉ែត្រក្រឡា, ឈ្មោះ លី ប៉ោយូ ទំហំ ៣៨ ៨៥៦ម៉ែត្រក្រឡា, ឈ្មោះ ឃុន ទី ទំហំ ២ ៥២៨ ម៉ែត្រក្រឡា, ឈ្មោះ លាង វួចឆេង ទំហំ ៣៩ ៥៧០ម៉ែត្រក្រឡា និងឈ្មោះ អ៊ឹង ស៊ីស្រ៊ន ទំហំ ៦៥ ៧២០ម៉ែត្រក្រឡា។
– ក្រៅពីនេះទុករៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទំហំ ៦ ៥២០ ម៉ែត្រក្រឡា។
៨. ការកាត់ផ្ទៃបឹងជាលើកទី៨ (២០២២)
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៩ អនក្រ.បក ដោយសម្រេចធ្វើអនុបយោគផ្ទៃបឹងទំហំ ១៨ ១២៦ម៉ែត្រក្រឡា ជាដីឯកជនរបស់រដ្ឋបន្ថែមទៀត និងប្រគល់ជូនក្រសួងមហាផ្ទៃ។
៩. ការកាត់ផ្ទៃបឹងជាលើកទី៩ (២០២២)
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៥៧ អនក្រ.បក ដោយសម្រេចធ្វើអនុបយោគផ្ទៃបឹងទំហំ ១០៦ ៤២៩ម៉ែត្រក្រឡា ជាដីឯកជនរបស់រដ្ឋ និងប្រគល់ជូនឧកញ៉ា ឡោក ហួរ ដោយមានពីរទីតាំង៖
– ទីតាំងទី១ ទំហំ ៨៨៨ម៉ែត្រក្រឡា
– ទីតាំងទី២ ទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា។