ការ​ឆ្លើយ​តប​រួម​ទៅ​នឹង​លិខិត​ចំហរ​អំពី​របាយការណ៍​មីក្រូហិរញ្ញ​វត្ថុ

ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២០

ជម្រាបជូន

• ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
• ប្រធានសមាគមធនាគារនៅកម្ពុជា

ជា​ជំហរ​រួម​យើង​ខ្ញុំ សូម​បដិសេធ​សំណើ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក្នុង​ការ​កែប្រែ​ទៅ​លើ​របាយការណ៍​ទាំង៣ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​កម្ចីឥណទាន​ខ្នាត​តូច នៅ​កម្ពុជា ។ ព័ត៌​មាន និង​រឿងរ៉ាវ​របស់​បុគ្គល​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​ទាំងនេះគឺ​នៅតែ​មាន​ភាព​ច្បាស់លាស់​ត្រឹម​ត្រូវ​ដដែល​ដោយ​មិនអាច​កែ​ប្រែ​បាន ។ យើងខ្ញុំ នឹង​បន្ត​ការពារ​ឯកជន​ភាពបុគ្គល​ដែល​សម្រេច​ចិត្ត​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួក​គាត់​ជាមួយ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​យើងខ្ញុំ ក្នុង​លក្ខ​ខណ្ឌលាក់​បាំង​អត្ត​សញ្ញាណ ។ យើងខ្ញុំ​ សូម​លើក​ទឹក​ចិត្ត សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ ឱ្យ​អាន​របាយ​ការណ៍​ទាំង​នេះ ឱ្យ​បាន​លម្អិត ដើម្បី​ឈ្វេង​យល់​កាន់​តែ​ច្បាស់​អំពី គោលបំណង វិធី​សាស្ត្រ និង​ការ​រក​ឃើញ​ផ្សេងៗ​នៅ​ក្នុង​របាយ​ការណ៍ ។

សិទ្ធិ​មនុស្ស​គឺ​ជា​សិទ្ធិ​មាន​ពី​កំណើត​របស់​មនុស្ស​គ្រប់​រូប ហើយ​រឿង​រ៉ាវ​របស់​មនុស្ស​គឺ​ជា​មូលដ្ឋាន​គ្រឹះសំខាន់​នៃ​ការ​ស្រាវ​ជ្រាវ​បែប​គុណ​ភាព ។ ការងារ​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​របស់យើង​ខ្ញុំគឺ ដើម្បី​ជួយបន្លឺសំឡេង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះពី​ការរំលោភ​សិទ្ធិមនុស្ស និង​ផ្សព្វផ្សាយ​រឿងរ៉ាវ​ទាំងនោះ​ឱ្យបានទូលំ​ទូលាយ ក្នុង​គោល​បំណង​ដើម្បី​ឱ្យមាន​ការកែប្រែ​ជាវិជ្ជមាន​នៅក្នុងសង្គម និងដើម្បី​ការពារ​កុំឱ្យកើត​មានការរំលោភ​បំពានផ្សេងៗ ។ យើងខ្ញុំ នឹង​បន្ត​ផ្សព្វផ្សាយ និង​ចែករំលែក​ទុក្ខកង្វល់​របស់ប្រជា​ពលរដ្ឋ ទោះ​បីជា​ការរៀបរាប់​ពីបញ្ហា​សិទ្ធិ​មនុស្ស​ទាំងនេះ ពាក់​ព័ន្ធគ្នា​ទៅនឹង​វិស័យមីក្រូហិរញ្ញ​វត្ថុ និង​កម្ចីឥណទាន​ខ្នាតតូច​ក៏ដោយ ។

ជាថ្មី​ម្ដងទៀត យើងខ្ញុំ សូម​យក​ឱកាសនេះ លើក​យក​សំណើ និង​អនុសាសន៍ ដែល​ក្រុម​សង្គម​ស៊ីវិល បានផ្ញើ​ជូនទៅ អ្នក​ផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ទាំងអស់ ដើម្បី​ទប់ស្កាត់​កុំឱ្យកើត​មានការ​រំលោភសិទ្ធិ​មនុស្ស​នៅក្នុងវិស័យ​នេះ​ ក្នុងនោះ​រួមមាន៖

• សូម​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ដើម្បី​ហាម​ឃាត់​ការ​ទាមទារ​ដាក់ប័ណ្ណ​សម្គាល់​កម្មសិទ្ធ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី ធ្វើជា​ទ្រព្យ​ធានា សម្រាប់​កម្ចី​ឥណទាន​ខ្នាតតូចថ្មី​ទាំងអស់ ។

• សូម​គណនា និង​ចេញផ្សាយ​ជាសាធារណៈនូវ​ចំនួន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លីដែល​ត្រូវបាន​ដាក់តម្កល់​ជាទ្រព្យ​ធានា ។​

• សូម​បញ្ឈប់​ការដាក់​សម្ពាធ​លើអតិថិជន​ឱ្យលក់​ដី ដើម្បី​ដោះបំណុល និង​ជំនួស​វិញ​ដោយ​ការដោះស្រាយ​តាមរយៈ​ការប្រើប្រាស់​យន្តការ​ផ្លូវច្បាប់​ដែលមាន​ស្រាប់ សម្រាប់​អតិថិជន​ដែលគ្មានលទ្ធភាព​សង​បំណុល ។

• សូម​បញ្ឈប់​ការយក​កម្រៃ​បង់មុន ដែល​នាំឱ្យអត្រា​ការប្រាក់​ពិត​លើសពី ពិដាន​អត្រាការ​ប្រាក់ ១៨​ភាគរយ​ក្នុងមួយ​ឆ្នាំ ដែល​បាន​កំណត់​ដោយ​ធនាគារជាតិ​កម្ពុជា កាល​ពីខែ​មីនា ឆ្នាំ​២០១៧ ។

• សូម​គាំទ្រ និង​សម្របសម្រួល​ឱ្យមាន​ការស៊ើបអង្កេត​ដោយឯករាជ្យ​លើគ្រប់​វិស័យ ទៅលើការ​អនុវត្ត​នានារបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ និងគ្រឹះស្ថាន​ធនាគារ និង​ធានាថា ការ​សម្រាល​បន្ទុក និង​សំណងត្រូវ​បានផ្ដល់​ឱ្យអតិថិជន​អ្នកខ្ចី​ប្រាក់ នៅ​ពេល​ដែល​មាន​ការរក​ឃើញ​កំហុស ។

• សូម​ផ្ដល់​ការពន្យា​ពេលសង​បំណុល​មីក្រូហិរញ្ញ​វត្ថុ និង​ការប្រាក់ យ៉ាង​តិច​បំផុត​៣ខែ ដោយ​ផ្ដល់​អាទិភាព​ដល់ក្រុម​អ្នកខ្ចីប្រាក់​ដែលងាយ​រងគ្រោះ​ដូចជា គ្រួសារ និង​សហគមន៍​ក្រីក្រ កម្មករ​និយោជិក​គ្រប់វិស័យ​ដែលត្រូវ​បានបាត់បង់​ការងារ និង​ត្រូវបាន​ព្យួរការងារ ជា​ពិសេស​អ្នកដែល​ត្រូវបាន​សម្គាល់​ដោយប័ណ្ណ​ក្រីក្រ ដែល​ជាអ្នក​រងគ្រោះខ្លាំង​ជាងគេ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​កើតចេញ​ពីការរីករាល​ដាលនៃ​ជំងឺកូវីដ១៩ ៕

ដោយក្ដី​គោរពរាប់​អានអំពី​យើងខ្ញុំ!

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
អង្គការសមាគមធាងត្នោត (STT)
សម្ព័ន្ធសហជីពកម្ពុជា (CATU)
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងការពារសិទ្ធិមនុស្ស (CENTRAL)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

Leave a Reply

Your email address will not be published.