គ្មានជនណាម្នាក់ត្រូវបណ្តេញចេញដោយរហូតគ្មានលំនៅឋាន

ទោះបីប្រជាពលរដ្ឋរស់នៅដោយខុសច្បាប់ ឬស្របច្បាប់ក៏ដោយក៏ប្រជាពលរដ្ឋនៅមានសិទ្ធិក្នុងការមានលំនៅដ្ឋានសមរម្យ នេះជាការពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីខ្លឹមសារនៃពត៌មានស្តីពីសុវត្ថិភាពដីធ្លីរបស់លោក ញឹម គឹមអ៊ាង ប្រធានសម្របសម្រួលគម្រោងផ្នែករៀបចំដីធ្លី និងសិទ្ធិមនុស្សក្នុងឱកាសនៃការចែកឯកសារព័ត៌មានស្តីពី សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី កាលពីខែសីហា និងខែកញ្ញានៅក្នុងសង្កាត់ច្រាំងចំរេះ១ និង២ កន្លងមក។

លោកបានបន្តថាកន្លងមកតាមរយៈការសិក្សាស្រាវជ្រាវរបស់គម្រោង ក៏ដូចជាការសាកសួរអាជ្ញាធរមូលដ្ឋានបាន
រកឃើញថាស្ទើរតែទាំងអស់នៃប្រជាពលរដ្ឋដែលរស់នៅបានបណ្តោយអមសងខាងនៃដងទន្លេសាប និងផ្លូវនៃទីតាំងនេះ គឺគ្មានប័ណ្ណកម្មសិទ្ធិនោះទេ។ ម៉្យាងទៀតបើតាមច្បាប់ទីតាំងដែលប្រជាពលរដ្ឋរស់នៅបច្ចុប្បន្ននេះគឺអាចកំពុង
ស្ថិតលើដីសាធារណៈ ពោលអាចប៉ះដីចំណីផ្លូវ និងដីចំណីទន្លេ ។ លើសពីនេះដោយថ្មីៗនេះផ្លូវជាតិលេខ៥ កំពុងតែស្ថិតក្នុងគម្រោងនៃការពង្រីកបន្ថែម ដូច្នេះពួកគាត់ពិតជាអាចប្រឈមក្នុងការស្មើសុំឱ្យចាកចេញពី
លំនៅឋានទៅកាន់កន្លែងផ្សេងណាមួយទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាននាពេលអនាគត ។

លោកបានពន្យល់ថា ក្នុងច្បាប់ប្រសិនបើប្រជាពលរដ្ឋរស់នៅដោយខុសច្បាប់នៅលើដីរបស់រដ្ឋ គឺគាត់មិនមានសិទ្ធិទាមទាសំណងអ្វីទាំងអស់ ក៏ប៉ុន្តែដោយប្រទេសកម្ពុជាចុះហត្ថលេខាលើសន្និសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាននេះគឺមានន័យថារដ្ឋជាភាគីរដ្ឋមានកាតព្វកិច្ចក្នុងការធានាបាននូវសិទ្ធិមានលំនៅឋានសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ ដូច្នេះ មានន័យថាមិនមានពលរដ្ឋណាម្នាក់ត្រូវបានគេបណ្តេញចេញពីលំនៅឋានរហូតដល់គ្មានលំនៅឋាន
រស់នៅឡើយ បើទោះបីជាគាត់រស់នៅដោយខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋក៏ដោយ។ លោកបន្ថែមទៀតថាថ្វី ត្បិតតែវាជាឯកសារដែលបានយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ មានតម្លៃត្រឹមតែជា ព័ត៌មាន និងសម្រាប់ផ្តល់ចំណេះ
ដឹងដល់ប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់វាអាចអោយពួកគាត់យល់អំពីសិទ្ធិ និងលក្ខខណ្ឌនៃការកាន់កាប់របស់ពួកគាត់ ដើម្បីជាទុនក្នុងការពិភាក្សាជាមួយអាជ្ញាធរក្នុងការដោះស្រាយដែលជៀស
វាងនូវជម្លោះដែលកើតចេញពីការមិនយល់ដឹងផ្នែកផ្លូវច្បាប់។

ពត៌មានស្តីពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដែលបានក្រោម
ជំនួយឧបត្ថម្ភពីសហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍ សាធារណៈរដ្ឋឆេក និងអនុវត្តដោយអង្គការសមាគមធាងត្នោត(STT) និងអង្គការភីបផលអ៊ីននីត(PIN) មានគោលបំណងផ្សព្វផ្សាយអំពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី
ទៅដល់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ។ កន្លងមកមានការចែកឯកសារនេះចំនួន១០លើកចាប់ពីខែសីហា រហូតដល់ខែកញ្ញាឆ្នាំ២០១៥ ក្នុងភូមិចំនួនបួន នៃសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ដែលជាតំបន់គោលដៅនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ក្នុងនោះមានប្រជាពលរដ្ឋចំនួន១១២៨ ខ្នង់ផ្ទះ បានទទួលឯសារនេះ ដែលក្នុងនោះ ភូមិ១ បានទទួល២០៥, ភូមិ២ បាន២៣៣, ភូមិ៣ បាន២៨០, និងភូមិឃ បាន៤១០ខ្នងផ្ទះ។