Tuesday, March 19, 2024
Latest:

មន្ត្រីគម្រោងផ្នែករៀបចំដីធ្លី និងសិទ្ធិមនុស្សចុះចែកបណ្ណពត៌មានស្តីពីសុវត្ថិភាពដីធ្លីដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី ០៧ សីហា ឆ្នាំ២០១៥ ក្រុមការងារបច្ចេកទេសនៃអង្គការសមាគមធាងត្នោតបានចុះចែក សន្លឹកព័ត៌មានស្តីពីសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដល់់ប្រជាពលរដ្ឋជាង១០០ គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ការរៀបចំបណ្ណព័ត៌មាននេះគឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍ សាធារណៈរដ្ឋឆេក និងអនុវត្តដោយអង្គការសមាគមធាងត្នោត (STT) និងអង្គការភីបផលអ៊ីននីត (PIN)។ ការរៀបចំចែកបណ្ណពត៌មាននេះ មានគោលបំណងពង្រឹងនូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋក្នុង
សហគមន៍ក្រីក្រដែលប្រឈមក្នុងការបណ្តេញចេញ។

ក្នុងឱកាសនៃការចុះចែកប័ណ្ណព័ត៌មាននេះ លោក ញឹម គីមអ៊ាង ប្រធានសម្របសម្រួលគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្ស
នៃអង្គការសមាគមធាងត្នោតបានមានប្រសាសន៍ថា ឯកសារព័ត៌មាននេះគឺជាអ្វីដែលកើតចេញពីការខិតខំប្រែងក្នុងការ
ចង់ក្រងរបស់អង្គការអស់រយៈពេលជាងមួយឆ្នាំកន្លងមក។ លោកបានបន្តទៀតថាព័ត៌មានដែលដាក់បញ្ចូលក្នុងឯកសារ
នេះគឺបានកមពីប្រភពសំខាន់ៗចំនួនបីគឺ ការផ្តល់ចម្លើយជូនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ការប្រមូលទិន្និន័យភូមិសាស្រ្ត
ដែលប្រមូលដោយបុគ្គលិករបស់អង្គការ និងបទដ្ឋានគតិយុត្តិផ្សេងៗទាក់ទងនឹងដីធ្លីដែលមានការចូលរួមពីអង្គការជា
ដៃគូរនិងអ្នកជំនាញផងដែរ។ ។ លោកបានបន្ថែមថាទោះបីយ៉ាងណាក៏ដោយឯកសារនេះគ្រាន់តែជាព័ត៌មាន និងឯកសារជំនួយផ្នែកច្បាប់ខ្លះៗប៉ុណ្ណោះដើម្បីជាប្រយោជន៍ដល់បងប្អូនរស់នៅទីតាំងនេះទាក់ទង់នឹងការកាន់កាប់ដីធ្លី ហើយវាមិនបានចង់កាតព្វកិច្ចផ្លូវច្បាប់នោះទេ ព្រោះមានតែនាយកដ្ឋានសូរិយោដីនៃអគ្គនាយកដ្ឋានសូរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែមួយ ប៉ុណ្ណោះដែលជាអ្នកមានសិទ្ធិសម្រេចលើបញ្ហាដីធ្លី ឬការចេញប័ណ្ណកម្មសិទ្ធិដីធ្លី។

ម៉្យាងវិញទៀតដោយសាផ្ទះរបស់បងប្អូនទាំងអស់គ្នាមានទីតាំងស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥ ដែលកំពុងនឹងត្រូវពង្រីកបន្ថែម និងស្ថិតនៅតាមបណ្តោយជាប់នឹងដងទន្លេសាប ដែលនៅក្នុងច្បាប់គេចាត់ទុកជាដីសាធារណៈរបស់រដ្ឋ ដែលអាចប្រឈមនឹងការរុះរើ ឬអភិវឌ្ឍថ្មីនាពេលអនាគត។ ដូច្នេះការយល់ដឹងអំពីពត៌មាន ទាំងនេះពិតជាមានប្រយោជន៍សំខាន់ណាស់ទាំងសម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងការពិភាក្សា និងរកដំណោះស្រាយជាមួយគ្នា។

សូមបញ្ជាក់ថានៅក្នុងសង្កាត់ច្រាំងចំរេះគឺជាសហគមក្រីក្រដែលមានលំនៅឋានមិនទាន់រៀបរយ និងប្រជាពលរដ្ឋភាគច្រើនគឺជាជនជាតិខ្មែរ ចាម(ឥស្លាម)។