របាយការណ៍នេះគឺជាការសិក្សាបន្តពីរបាយការណ៍ស្តីពីស្ថានភាពនៃការតាំងទីលំនៅក្រីក្រនៅទីក្រុងភ្នំពេញ ឆ្នាំ ២០១៧
របស់អង្គការសមាគមធាងត្នោត។ របាយការណ៍នេះមានគោលបំណងធ្វើបច្ចុប្បន្នភាព ទិន្នន័យអំពីទីតាំងលំនៅឋានក្រីក្រ ព័ត៌មានអំពីការបណ្តេញចេញការគំរាមកំហែងបណ្តេញចេញ ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ នៃគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានពិនិត្យ និងកែសម្រួល ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។ ទីតាំងចំនួន ១៩១ ត្រូវបានចាត់ទុកថាជាទីតាំងលំនៅឋានក្រីក្រ ដែលមាន ១៩ ៥៣៩គ្រួសារ ឬស្មើប្រជាពលរដ្ឋសរុបចំនួន ៨៩ ៨៧៩នាក់។ បើធៀបទៅនឹងចំនួន ពលរដ្ឋសរុបនៅរាជធានីភ្នំពេញស្មើនឹង ៣,៩៤%។ អង្គការសមាគមធាងត្នោត ក៏បានបានបញ្ចូលទិន្នន័យបន្ទាប់បន្សំ រួមទាំងរបាយការណ៍សង្គមស៊ីវិល របាយការណ៍រាជរដ្ឋាភិបាល ឯកសារស្រាវជ្រាវ អត្ថបទសារព័ត៌មាន និងការបោះពុម្ពផ្សាយនានាដែលអាចរកបាន។ នៅក្នុងរបាយការណ៍នេះបានរកឃើញចំណុចសំខាន់ៗដូចជា៖
- ចំនួននៃការតាំងទីលំនៅឋានក្រីក្រក្នុងទីក្រុងបាននឹងកំពុងថយចុះពី ២៧៧ ក្នុងឆ្នាំ ២០១៧ មក ១៩១ នៅឆ្នាំ ២០២២ ដោយទីតាំងមួយចំនួនត្រូវបានដកចេញដោយសារលក្ខខណ្ឌពួកគេលែងចាត់ចូលជាទីតាំងលំនៅឋានក្រីក្រ ខណៈទីតាំងមួយចំនួនទៀតបានបាត់បង់ទាំងស្រុង ដោយសារតែការបណ្តេញចេញ។ ទន្ទឹមនឹងនោះដែរ ក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៃការចេញប័ណ្ណកម្មសិទ្ធដីធ្លីដែលត្រូវបានរាយការណ៍ពីទីតាំងទាំងនោះ ពោលគឺមានទីតាំងលំនៅឋានក្រីក្រចំនួន ១៩បន្ថែមទៀតបានទទួលប័ណ្ណកម្មសិទ្ធដីធ្លី តាំងពីឆ្នាំ ២០១៧ មក។
- មួយភាគបីនៃទីតាំងទាំង១៩១ អាចស្ថិតនៅលើដីរដ្ឋ ខណៈដែលជិតពីរភាគបី នៃទីតាំង លំនៅឋានក្រីក្រនៅរាជធានីភ្នំពេញ មិនមានឯកសារជាលាយលក្ខណ៍អក្សរដែលបញ្ជាក់ពីស្ថានភាពដីដែលពួកគេរស់នៅ។ នេះមានន័យថាពួកគេប្រឈមអាចនឹងហានិភ័យនៃការបណ្តេញចេញចេញដោយបង្ខំ ដោយសារតែភាពខ្វះចន្លោះរបស់រដ្ឋក្នុងការផ្តល់នូវភាពច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីចំពោះទីតាំងលំនៅឋានក្រីក្រទាំងនេះ។ ប្រជាសហគមន៍ម្នាក់រស់នៅទីតាំងសហគមន៍ចាប់តាំងពីឆ្នាំ ១៩៨៣ កំពុងនឹងប្រឈមការបណ្តេញចេញនាពេលអនាគត បានប្រាប់ថា “អត់ច្បាស់ទេ តែគាត់(អាជ្ញាធរ)បានលើកឡើងថាមាន អ្នកមានៗនៅក្បែនេះចង់ទិញ” ។
- ជាងមួយភាគបួននៃទីតាំងលំឋានក្រីក្រទាំងអស់ បានរាយការណ៍ថាពួកគេកំពុងទទួលរងសម្ពាធពីការបណ្តេញចេញដោយបង្ខំ ដោយមានទីតាំងលំនៅឋានយ៉ាងតិចចំនួន ៩ ត្រូវបានបណ្តេញចេញដោយបង្ខំក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ស្រ្តីម្នាក់រស់នៅសហគមន៍ បន្ទាយស្លឹក ខាងក្រោយផ្សារសុវណ្ណា ដែលត្រូវបានបាន អាជ្ញាធរមូលដ្ឋានបង្ខំឱ្យរុះរើ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ ទៅតំបន់តំបន់ សេវេន អែនជី (7NG) នៅខេត្តកណ្តាល និយាយ ថា “វាជាការបណ្ដេញចេញដោយឈាមត្រជាក់” បន្ទាប់ពីអាជ្ញាធរចុះមករុះរើលំនៅឋានពួកគេភ្លាមៗ និងលើកឡើងថាសហគមន៍បានយល់ព្រមក្នុងការដោះដូររួចហើយ។
- លទ្ធភាពទទួលបានប្រព័ន្ធលូ និងប័ណ្ណសមធម៌ នៅតែខ្វះខាតក្នុងទីតាំងលំឋានក្រីក្រនៅជាច្រើន។ ក៏ប៉ុន្តែ ការតភ្ជាប់បណ្តាញជាមួយនឹងសេវាសាធារណៈរបស់រាជរដ្ឋាភិបាលដូចជាទឹកស្អាត អគ្គិសនី និងការប្រមូលសំរាមបានប្រសើរឡើងចាប់តាំងពីឆ្នាំ ២០១៧ ។
- ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅទីតាំងលំឋានក្រីក្រនៅទីក្រុងជាច្រើនកំពុងជាប់បំណុល ដោយ ២៦ ក្នុងចំណោម ១៩១ទីតាំងបានរាយការណ៍ថាមានប្រជាជននៅក្នុងទីតាំងរបស់ពួកគេបានលក់ផ្ទះ ដើម្បីសង់បំណុល។ អ្នកផ្តល់បទសម្ភាសម្នាក់បានប្រាប់ថា “ខ្ញុំអស់លទ្ធភាពសង ទើបឈានដល់ការលក់ផ្ទះ” ។ អង្គការសមាគមធាងត្នោត និងអង្គការសិទ្ធិមនុស្សផ្សេងទៀតជឿថា កម្ចីអាចត្រូវបានផ្តល់ឱ្យដោយការធ្វេសប្រហែស។ ការធ្លាក់ចូលទៅក្នុងបំណុលនេះ ប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្សដែលអាចកើតមានផ្សេងទៀតដូចជាការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការធ្វើចំណាកស្រុកដោយបង្ខំ ការជាប់បំណុល ពលកម្មកុមារ និងការមិនទទួលបានតម្រូវការមូលដ្ឋានផ្សេងទៀត។
ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះសូមចូលទៅកាន់គេហទំព័រ៖
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
ស៊ីកណល (Signal)៖០៨៩ ៦៦៦ ០១៣
អ៊ីម៉ែល៖ director@teangtnaut.org
លោក រ៉ូណាន់ ខេម ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
ស៊ីកណល (Signal)៖០៨១ ២៦២ ៧៩៩
អ៊ីមែល៖ advisor@teantnaut.org