ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
របាយការណ៍នេះគឺជាការវាយតម្លៃភាពក្រីក្រក្នុងសហគមន៍ក្រីក្រក្នុង រាជធានីភ្នំពេញ។ ការស្រាវជ្រាវបានរកឃើញនិន្នាការជាច្រើនទាក់ទងនឹងសន្តិសុខ និងសិទ្ធិកាន់កាប់ដីធ្លី ការទទួលបានអាហារ និង សេវាសាធារណៈ ដែលបញ្ហាទាំងអស់នេះគួរតែត្រូវបានដោះស្រាយជាបន្ទាន់ដោយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល។ គ្រួសារចំនួន ៩៥៨ ត្រូវបាន ជ្រើសរើសសម្រាប់ការសម្ភាសនៅក្នុងការសិក្សានេះ ដែលបង្កើនការយល់ដឹង អំពីស្ថានភាពនៃសហគមន៍ក្រីក្រ ចំនួន ៤២ នៅក្នុងរាជធានីភ្នំពេញ។
ការរកឃើញមួយក្នុងចំណោមការរកឃើញផ្សេងទៀតក្នុងរបាយការណ៍នេះ គឺកង្វះឯកសារគ្រួសារដែលជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់សហគមន៍ក្រីក្រនៅក្នុងទីក្រុង។ ៤៧% នៃអ្នកផ្តល់បទសម្ភាសបានអះអាងថាមិនមានសៀវភៅគ្រួសារនៅផ្ទះទេ ខណៈដែល ឯកសារទាំងនោះ ជាពិសេសសៀវភៅគ្រួសារមានសារៈសំខាន់សម្រាប់បម្រើឱ្យ ការចុះឈ្មោះបោះឆ្នោត ឬ ចុះឈ្មោះស្នើសុំបណ្ណសមធម៌ ។ ការស្នើសុំបណ្ណសមធម៌ ត្រូវបានរិះគន់ផងដែរដោយសមាជិកសហគមន៍៖ “ជិតពីរភាគបី (៦៤%) នៃអ្នកផ្តល់បទសម្ភាសបានបង្ហាញពីតម្រូវការសម្រាប់ការវាយតម្លៃបន្ថែមទៀត ដើម្បីត្រូវបានអនុវត្តទាក់ទង នឹងការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ អ្នកឆ្លើយតបបាននិយាយថា ពួកគាត់ជឿថាប្រព័ន្ធនេះបានមើលរំលងគ្រួសារក្រីក្រដែលមានសិទ្ធិទទួល បានប័ណ្ណសមធម៌នេះ” ។ (របាយការណ៍ស្តីពី ការវាយតម្លៃភាពក្រីក្ររបស់អង្គការសមាគមធាងត្នោត)
ការពុំមានសៀវភៅគ្រួសារ ឬការចុះឈ្មោះចូលរួមទទួលបានប័ណ្ណសមធម៌ អាចបង្កឱ្យមានហានិភ័យទាក់ទង នឹងសុវត្ថិភាពកាន់កាប់ដីធ្លី។ ជាក់ស្តែង របាយការណ៍ក៏បានរកឃើញផងដែរថា គ្រួសារមួយចំនួនបានប្រឈមនឹងការបណ្តេញចេញដោយបង្ខំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ លើសពីនេះ ការសិក្សាបានរកឃើញថាមានអ្នកផ្តល់បទសម្ភាសប្រមាណ ៥០នាក់ បានធ្វើសកម្មភាពតស៊ូមតិដើម្បីប្រឆាំង នឹងការបណ្តេញ ចេញ ដោយបង្ខំក្នុងអំឡុងពេលនោះ។
របាយការណ៍នេះបង្ហាញអំពីបញ្ហាដែលកំពុងកើតមានទាក់ទងនឹងការបណ្តេញចេញ ហើយក៏បានបង្ហាញកាន់តែស៊ីជម្រៅទៅលើ ភាពស្មុគ្រស្មាញក្នុងសង្គមនៃលំនៅឋាន និងទីជម្រក ការទទួលបានការថែទាំសុខភាព អាហារ និងអគ្គិសនី ភាពងាយរង គ្រោះនៅក្នុងគ្រួសារ និងការបំណុល។ ភាពក្រីក្របានបន្តប៉ះពាល់ដល់សហគមន៍ក្រីក្រជាច្រើននៅទូទាំងរាជធានីភ្នំពេញ ហើយបញ្ហានេះបានចោទកាន់តែខ្លាំងឡើង ដោយសារការីករាលដាលនៃជំងឺកូវីដ-១៩។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត បានលើកឡើងថា៖
“ភាពក្រីក្រក្នុងទីក្រុង ភាគច្រើនមិនត្រូវបានគេយកចិត្តទុកដាក់។ មានបញ្ហាជាច្រើនរាប់ចាប់ពីភាពមិនទៀងទាត់នៃប្រាក់ចំណូល អសុវត្ថិភាពសិទ្ធិដីធ្លី ការថែទាំសុខភាព ការអប់រំរបស់កុមារ និងអនាម័យ ជាដើម ហើយបញ្ហាទាំងនេះហាក់ដូចជាត្រូវបានមើល រំលងដោយភាគីពាក់ព័ន្ធ។ សហគមន៍កាន់តែប្រឈម ភាពងាយរងគ្រោះបន្ថែមទៀត”។
ទាក់ទងនឹងការគំរាមកំហែងនៃការបណ្តេញចេញ អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលចាំបាច់ត្រូវសម្របសម្រួលកិច្ចសន្ទនារវាងសហគមន៍ក្រីក្រ ក្នុងទីក្រុង និងអ្នកដែលអាចប្រឈមនឹងការបណ្តេញ ចេញផងដែរ។ របាយការណ៍នេះបានបង្ហាញថា ជនរងគ្រោះដោយសារការបណ្ដេញចេញដោយបង្ខំត្រូវប្រឈមមុខនឹងការគំរាមកំហែង ការបំភិតបំភ័យ និងការបៀតបៀនជាច្រើនរូបភាព។ ការពិគ្រោះយោបល់ជាមួយសហគមន៍ក្រីក្រប្រកបដោយតម្លាភាព និងកិច្ចសន្ទនាជាបន្តបន្ទាប់ជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ត្រូវតែមានចាំបាច់ នៅពេលដែលគម្រោងអភិវឌ្ឍនានា ដែលអាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅ និងការបណ្តេញចេញដោយបង្ខំ។
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។
ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
អ៊ីមែល: director@teangtnaut.org
អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិផ្នែកស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។
ទូរស័ព្ទ៖ ០១២ ៤៦៤ ៥០០
អ៊ីមែល: advisor1@teangtnaut.org