Friday, March 29, 2024
Latest:

ប្រតិកម្មរបស់ប្រជាពលរដ្ឋទៅលើគម្រោងផ្លូវថ្មី

ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លើគម្រោងសាងសង់ផ្លូវថ្មីលើផ្លូវរថភ្លើងចាស់ ភ្ជាប់ពីផ្លូវលេខ៧០ រហូតដល់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២៣នេះ គ្រួសារដែលរងគ្រោះបានសម្រេចធ្វើសន្និសិទសារពត៌មានមួយដោយមានការចូលរួមពីបណ្តាសហគមន៍ផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល និងអ្នកយកពត៌មានមួយចំនួន។

គោលបំណងនៃការធ្វើសារពត៌មាននេះគឺដើម្បីទាមទារឲ្យមានការបញ្ជាក់អំពីសំណងច្បាស់លាស់ ព្រោះប្រជាពលរដ្ឋបាននិយាយថាពួកគេមិនបានទទួលព័ត៌មានច្បាស់លាស់ពីគម្រោងសាងសង់នេះទេ។ គម្រោងផ្លូវថ្មីនេះមានបណ្តោយប្រវែង៤៥១០ម៉ែត្រ និងទទឹង៧ម៉ែត្រលើជំហៀងផ្លូវសងខាង ដោយនឹងត្រូវប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន។ ដោយសារគ្មានការសន្យាលើសំណងជាដីរឺជាទឹកប្រាក់ច្បាស់លាស់ អង្គការក្រៅរដ្ឋាភិបាល និងគ្រួសាររងគ្រោះកំពុងមានក្តីព្រួយបារម្ភថាការសាង់សង់នេះអាចនឹងមិនគោរពតាមការអភិវឌ្ឍស្របតាមសិទ្ធិមនុស្សដែលធ្លាប់កើតឡើងនៅតំបន់ដទៃទៀតក្នុងទីក្រុងភ្នំពេញ។​