Tuesday, April 16, 2024
Latest:

Human Right Based Spatial Planning-Inclusive Spatial Planning

គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស៖ ការធ្វើផែនការជម្រើសប្លង់-ជម្រើសទៅកាន់ទីតាំងទីលំនៅថ្មី

អ្នកចូលរួមៈ មានអ្នកចូលរួមសរុបចំនួន១៧នាក់ ដែលក្នុងនោះមាន៦នាក់ជាស្ត្រី។ ក្នុងចំណោមអ្នកចូលរួមទាំងអស់មាន៤នាក់ជាគ្រូបង្គោលមកពីអង្គការសមាគមធាងត្នោត និងក្រៅពីនេះជាសិក្ខាកាមដែលអញ្ជើញមកពីសាកលវិទ្យាល័យ នានាក្នុងរាជធានីភ្នំពេញ និងខ្លះមកពីអង្គការសង្គមស៊ីវិល។
– ទីកន្លែងៈ អគារ Development Innovation

កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៥ អង្គការសមាគមធាងត្នោត (ស.ធ.ត) រួមជាមួយអង្គការភីពផលអ៊ីន នីន (ភីន)បានរៀបចំការបណ្តុះបណ្តាលមួយស្តីអំពីការធ្វើផែនការជម្រើសប្លង់, ផែនការជម្រើសប្លង់ទៅកាន់ ទីតាំងថ្មី។ ជាបឋមសិក្ខាកាមទាំងអស់ត្រូវបានបង្ហាញព័ត៌មានទាក់ទងនឹងប្រវត្តិនៃការបណ្តេញចេញ ការផ្លាស់ ប្តូរលំនៅឋាន និងបញ្ហានានាដែលកើតមាននៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកទៀតពួកគេត្រូវបានផ្តល់បទ បង្ហាញអំពីនគរូបនីយកម្មក្នុងពិភពលោកចាប់ពីឆ្នាំ១៩៣០ និងតួលេខគ្រោងទុកក្នុងឆ្នាំ២០៣០។ បន្ទាប់មក ពួកគេត្រូវបានពន្យល់អំពីអត្ថន័យនៃពាក្យថា “គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស” ហើយហេតុអ្វីបានជាគេចាំ បាច់អនុវត្តគម្រោងនេះឡើង?
ក្រៅពីនេះសិក្ខាកាមទាំងអស់ត្រូវបានបង្រៀនអំពីបច្ចេកទេសគូរផែនទីសហគមន៍តាមបែបចូលរួម។ សំណួរសំ ខាន់ពាក់ព័ន្ធនឹងការគូរផែនទីត្រូវបានសួរទៅកាន់សិក្ខាកាមថាតើការគូរផែនទីសហគមន៍តាមបែបចូលរួមមានន័យដូចម្តេច? សិក្ខាកាមទាំងអស់ត្រូវបានគេបកស្រាយចម្លើយទៅនឹងសំណួរដូចតទៅៈ ការគូរផែនទីតាម បែបចូលរួមមានន័យថាវាជាវិធីសាស្ត្រមួយដែលជួយដល់ប្រជាសហគមន៍ដើម្បីឲ្យចូលរួមយ៉ាងសកម្មក្នុងការ ចែករំលែក ពិភាក្សា និងផ្តល់ព័ត៌មានត្រលប់អំឡុងពេលកំពុងដំណើការ ដើម្បីពង្រីកចំណេះដឹង បទពិសោធន៍ ដើម្បីផ្តល់សមត្ថភាពដល់សហគមន៍ដើម្បីចូលរួមដោះស្រាយបញ្ហាសំខាន់ៗដែលបានកើតឡើងនៅក្នុងសហ គមន៍(water Aid, 2005)។

ក្រៅពីនេះទៀតសំណួរដែលពាក់ព័ន្ធការគូរផែនទីគឺថា ហេតុអ្វីបានជាយើងចាំបាច់ឲ្យមានការគូរផែនទីសហគមន៍តាមបែបចូលរួម? ហើយជំហានបន្ទាប់សម្រាប់ការគូរផែនទីគឺមានដំណើរ ការតាមបែបចូលរួម ការគូរផែនទីជាមួយប្រជាសហគមន៍ ការដៅខ្នងផ្ទះ ផលិតផែនទីឌីជីថល ការចុះអង្កេត កែសម្រួលទិន្នន័យសហគមន៍ និងការចុះសម្ហាសន៍ និងការចុះផ្សព្វផ្សាយ។
កម្មវិធីបន្ទាប់គឺការបង្ហាញអំពីផែនការជម្រើសប្លង់។ ហើយសិក្ខាកាមទាំងអស់ត្រូវបានបង្ហាញអំពីចំណុចសំ ខាន់ៗដែលត្រូវធ្វើផែនការនេះមានដូចជា ការពិនិត្យមើលលើហេដ្ឋារចនាស័ម្ពន្ធជារូបវ័ន្ត សេវាសាធារណៈ សេដ្ឋកិច្ច បរិបទសង្គម បណ្ឌកម្មសិទ្ធិដីធ្លី រដ្ឋបាល បរិស្ថាន និងការសាងសង់លំនៅឋាន។ បន្ទាប់ពីកម្មវិធីនេះ បានបញ្ចប់សិក្ខាកាមបានយល់ដឹងបន្ថែមអំពីគម្រោងកែលម្អនៅនឹងកន្លែងដើម្បីឲ្យពួកគេបានយល់ដឹងកាន់ តែច្បាស់អំពីរបៀបធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាស័ម្ពន្ធជារូបវ័ន្ត ការបង្កើនប្រាក់ចំណូល បរិស្ថាន និង អនាម័យ ការសាងសង់លំនៅឋាន កាផ្សព្វផ្សាយអំពីសុខុមាលាភាព ស្ថានភាពនៃការរស់នៅ សន្តិសុខ សុវត្ថិភាពដីធ្លី ការថែទាំសុខភាព ការផ្សព្វផ្សាយពីអំពើអហិង្សាក្នុងគ្រួសារ និងGNH (Gross National Happiness)។ លើសពីនេះទៅទៀតសិក្ខាកាមបានយល់ដឹងអំពីផែនការអភិវឌ្ឍន៍ឡើងវិញនៅនឹងកន្លែង។ ចំណែកចំណុចចុងក្រោយសិក្ខាកាមទាំងអស់ត្រូវបានគេបែងចែកជា៣ក្រុមដើម្បីឲ្យពួកគេរៀបចំផែនការកែលម្អ ប្លង់ដើម្បីអភិវឌ្ឍន៍ឡើងវិញនៅនឹងកន្លែងដោយមានបទបង្ហាញផងដែរ។