Friday, April 19, 2024
Latest:

stt

របាយការណ៍ស្តីពី៖ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ

របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោត ការពិត និងតួលេខទី៣៦ នេះគឺជាការគូរផែនទីផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ ដែលមិនទាន់មានការចូលរួមគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍទីក្រុង។ ការស្រាវជ្រាវនេះប្រើប្រាស់ សូចនាករ១១.៧.១នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលផ្ដោតទៅលើការការគិតគូរ គ្រប់ជ្រុងជ្រោយសម្រាប់រាជធានីភ្នំពេញ។

អ្នកស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោតបានរកឃើញថា ផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅក្នុងទីក្រុងបានគណនាឃើញថាមានចំនួន១៦.៣៦%នៃផ្ទៃដីសរុបទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ផ្លូវ និងចិញ្ចើមផ្លូវមានចំនួន១៤.២៦% ដែលមិនមែនជាចំនួនទាបទេ បើប្រៀបធៀបនឹងទីក្រុងបាងកក (១៥.៩%) និងទីក្រុងម៉ានីល (១៥.២%) ប៉ុន្ដែចំនួននេះទាបជាងទីក្រុង សិង្ហបុរី (២១.៦%)។ ២.១០%នៃទីកន្លែងសាធារណៈក្នុងរាជធានីភ្នំពេញ មានដូចជាសួនច្បារ ទីកន្លែងហាត់ប្រាណ និងទីកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមបានជាដើមនោះ គឺស្ថិតិនេះស្ថិតនៅក្រោមស្ដង់ដាអន្ដរជាតិ ១០% ហើយទីកន្លែងសាធារណៈភាគច្រើន គឺត្រូវបានរកឃើញថាស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន៕

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

ប្រជុំបង្ហាញស្តីពីការបំរែបំរួលអាកាសធាតុ

កាលពីថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០១៧ សមាគម ធាងត្នោតបានរៀបចំប្រជុំបង្ហាញពី ការបំរែបំរួលអាកាសធាតុ ដល់ប្រជាសហគមន៍ សាមគ្គីរុងរឿង ដែលពួកគាត់កំពុងរស់នៅតាមបណ្តោយប្រឡាយ បឹងត្របែក។

គោលបំណងនៃការប្រជុំនេះ គឺដើម្បីធ្វើឱ្យពួកគាត់ទទួលបាននូវលំនៅដ្ឋានសមរម្យ ដោយមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ស្របទៅតាមគោលនយោបាយនៃប្រទេសកម្ពុជា និង ច្បាប់ស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ នៅពេលអនុវត្តន៍គម្រោង និង សម្រាប់អនាគតសហគមន៍របស់ពួកគាត់។ វាក៏ជាឱកាសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ជាមួយនឹងម្ចាស់គម្រោងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការធ្វើការងាររួមគ្នា និង ការពិភាក្សាគ្នា។

កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងកែលំអសហគមន៍ ដោយទទួលជំនួយពី MIS តាមរយៈ សមាគម ធាងត្នោត។

 

សេចក្តីថ្លែងការណ៍រួម៖ ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧

អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​ រួមទាំង​ក្រុម​គ្រួសារ​ មិត្តភក្ដិ​និង​សហការី​របស់​លោក។

អ្នក​វិភាគ​សង្គម ​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​​អំពើ​ពុករលួយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាងលក់​ទំនិញ​​នៃបរិវេណ​​ស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច នៅកែងស្ដុប​បូកគោ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ស៊ើប​អង្កេត​នៃ​ករណី​ឃាតកម្ម​នេះ​ នៅ​មិនទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើនក្នុង​សំណុំ​រឿង​នេះ​ ក៏​នៅ​មិន​ទាន់​មានការ​​បកស្រាយ​​ផងដែរ។

ទោះ​បីជា​មាន​វីដេអូ​​ភស្ដុតាង​ដែលអាច​​បញ្ជាក់ថា មាន​អ្នក​សមគំនិត​ជាប់ពាក់ព័ន្ធ​ក៏ដោយ​ ក៏ប៉ុន្តែ​​មានជនសង្ស័យតែ​​ម្នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទា​ទោស​ នៅក្នុង​សវនាការ​ដែល​នៅ​មាន​ចន្លោះ​ខ្វះ​ខាតក្នុង​ការជជីក​​សួរដេញ​ដោល​សាក្សី ​ឬ​ស៊ើបអង្កេត​ឲ្យបាន​ស៊ី​ជម្រៅជាងនេះ​​អំពី ​ហេតុ​ដែល​នាំ​ឲ្យ​ឃាតករ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នេះ។​ និទ្ទណ្ឌភាព​ចំពោះ​ជនដែល​ពាក់​ព័ន្ធ​នៃ​អំពើ​ឃាតកម្ម​នេះ អាចនឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា។

យើង​ខ្ញុំ​ ជា​ក្រុម​សង្គមស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សំណូម​ពរ​ឲ្យ​មាន​ការ​​ស៊ើប​អង្កេតឯករាជ្យដោយ​​​ចូល​រួមពីសំណាក់​អ្នក​ជំនាញ​អន្តរជាតិ ក្នុង​​សំណុំ​រឿង​​លោក​បណ្ឌិត​ កែម ឡី ដែល​កំពុង​មាន​លក្ខណៈ​ស្ងៀម​ស្ងាត់​នេះ។​ ឃាតកម្ម​របស់​លោក​បាន​នាំ​ឲ្យ​​ប្រ​ជាពលរដ្ឋ​រាប់​សែន​នាក់​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយ​អ្នក​​ទាំង​នោះ​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នានា​ ដើម្បី​ចូល​រួម​​ដង្ហែ​សព​របស់​លោក។ ដូចគ្នា​នឹង​​ ក្រុម​គ្រួសារ សហការី​ និង​មិត្តភក្ដិ​របស់​លោក​បណ្ឌិត​ កែម ឡី ​ដែរ ប្រជាពលរដ្ឋ​ទាំង​នោះ ក៏​ចង់​​ទទួល​បាន​យុត្តិធម៌​ផងដែរ។

ភ្លាម​ៗ​បន្ទាប់​ពី​ឃាតកម្ម​នេះ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​មួយ​ក្រុម ​បានអំពាវនាវ​​ឲ្យ​មាន​ការ​ “ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​រហ័ស ​ម៉ត់ចត់​និង​​ឯករាជ្យ​ ទៅ​លើ​ករណី​ឃាតកម្ម​នេះ[….] ​​គួរតែ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ឯករាជ្យ”។ អស់​រយៈពេល​មួយឆ្នាំ​ក្រោយមក ​យើង​បាន​ឃើញ​ថា ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​មិនទាន់​​បាន​ការពារ​សិទ្ធិ​រស់​រានមាន​ជីវិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ដោយសារ​នៅមាន​មន្ទិល​សង្ស័យ​​ជាច្រើន​ ការ​ស៊ើបអង្កេត​ឯករាជ្យដោយ​​​ចូល​រួមពីសំណាក់​អ្នក​ជំនាញ​អន្តរជាតិ ​ គឺ​ជា​មធ្យោបាយ ​ដ៏សំខាន់​មួយ​ ដែល​អាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ សម្រាប់​លោកបណ្ឌិត​ កែម​ ឡី ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​លោកបាន​។

ជាថ្មី​ម្ដងទៀត ​យើងខ្ញុំ ជា​ក្រុម​សង្គមស៊ីវិល​មាន​​រាយ​នាម​ដូច​ខាង​ក្រោម មិន​​ភ្លេច​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី នោះទេ និង​​​​នៅតែរក្សា​សំណូមពរ​ដោយ​ទទូចដូច​លើក​មុន​ សូម​ឲ្យ​មាន​ការ​ស៊ើប​អង្កេតឯករាជ្យ​ដោយចូល​រួម​ពីសំណាក់​​អ្នក​ជំនាញ​អន្តរជាតិ រួម​ជាមួយ​នឹងការ​ផ្ដល់ឲ្យ​ពេញលេញ​នូវ​ភស្ដុតាង​ រាប់​ទាំង​វីដេអូនៃ​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន CCTV ដែល​បង្ហាញ​ពី​ដំណើរ​រឿង​នៃអំពើ​ឃាតកម្ម​នោះ។ ប្រ​សិន​បើ​នៅ​តែ​គ្មានការ​ចាត់វិធានការ​ខាងលើ​នេះទេ នោះ​ជំនឿ​ទុកចិត្តរបស់​សាធារណៈជន​​លើ​ប្រព័ន្ធ​យុត្តាធិការ​​ អាច​នឹង​កាន់​តែ​បាត់បង់​ថែមទៀត​ ហើយ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​លោកបណ្ឌិត​ កែម ឡី នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ដដែល។

សេចក្តី​ថ្លែងការណ៍​នេះ​គាំទ្រ​ដោយ​៖

១. សកម្មភាព​ដើម្បី​បរិស្ថាន​សហគមន៏
២. ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)
៣. សហគមន៍​បាក់​រទេះ
៤. សហគមន៍​បន្ទាយស្រី
៥. សហគមន៍​បឹងឈូក​
៦. សហគមន៍​ដីធ្លី​បឹងកក់​ (ខេត្តកំពង់ឆ្នាំង)
៧. សហគមន៍​បឹងប្រាំ
៨. សហគមន៍​បឹងត្របែក
៩. សហគមន៍​បុរីកីឡា
១០. សហគមន៍​បុស្សស្នោរ
១១. អង្គការ​ព្រះពុទ្ធសាសនា​សម្រាប់​សន្តិភាព​ (BPO)
១២. សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ (BWTUC)
១៣. អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ (BCV)
១៤. សហគមន៍​សេអ៊ីប្រាំ
១៥. អនាគត​យុវជន​កម្ពុជា​អាស៊ាន​ (CamASEAN)
១៦. សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ (CDPLA)
១៧. សមាគម​យុវជន​ជនជាតិ​ដើមភាគតិច​កម្ពុជា​ (CIYA)
១៨. បណ្តាញ​ព្រះសង្ឃ​និង​យុវជន​កម្ពុជា​ (CMYN)
១៩. សមាគម​មន្រ្តី​រាជការ​ឯករាជ្យ​កម្ពុជា​ (CICA)
២០. សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)
២១. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)
២២. បណ្តាញ​កម្មករ​ការងារ​តាមផ្ទះ​កម្ពុជា​ (CDWN)
២៣. សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា (CFSWF)
២៤. សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)
២៥. សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(CIWA)
២៦. សហភាព​ការងារ​កម្ពុជា​ (CLC)
២៧. សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO)
២៨. គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​លើ​ស្រ្តីភេទ​ (NGO-CEDAW)
២៩. បណ្តាញ​យុវជន​កម្ពុជា​ (CYN)
៣០. មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)
៣១. សហគមន៍​ឆេកូ
៣២. សហគមន៍​ជាំ​ក្រវៀន
៣៣. សហគមន៍​ចំបក់​ (ខេត្ត​កំពង់ស្ពឺ)
៣៤. សហគមន៍​ភូមិ​ចំបក់​ (ខេត្ត​កំពង់ចាម)
៣៥. សហគមន៍​ជីទ្រុន
៣៦. សហគមន៍​ជីខលើ
៣៧. សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យភាព​សង្គម​ (CISA)
៣៨. សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)
៣៩. សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW)
៤០. បណ្តាញ​សហគមន៍​ក្នុង​សកម្មភាព​
៤១. បណ្តាញ​កសាង​សន្តិភាព​ (CPN)
៤២. សហគមន៍​ឃុំដា
៤៣. អង្គការ​សមធម៌​កម្ពុជា (EC)
៤៤. សមាគម​កសិករ​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ (FAPD)
៤៥. សហគមន៏​ព្រៃឈើ
៤៦. សហគមន៍​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស
៤៧. បណ្តាញ​អតីត​ស្ត្រី​បឹងកក់
៤៨. អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា (GADC)
៤៩. អង្គការ​ទស្សនៈ​បៃតង​
៥០.ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ (HRTF)
៥១. បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ (IMNSJ) ​
៥២. យុវជន​ជនជាតិ​ដើម​ភាគតិច​ ឃុំ​ប្រមេ​ ស្រុក​ត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ​
៥៣. សហគមន៍​យុវជន​ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី
៥៤. សមាគម​ឥន្ទ្រទេវី (IDA)
៥៥. សហគមន៍​កំព្រឹស
៥៦. សមាគម​យុវជនខ្មែរ​​ (KYA)​
៥៧. សហគមន៍ដីធ្លី​ ភូមិ១​ ក្រុងព្រះសីហនុ
៥៨. សហគមន៍​ឡពាង
៥៩. ចលនា​មាតា​ធម្មជាតិ (MN)
៦០. សហគមន៍​ភ្នំបាត​
៦១. សហគមន៍​ភ្នំក្រោម
៦២. សហគមន៍​ភូមិ២១
៦៣. សហគមន៍​ភូមិ២៣
៦៤. សហគមន៍​ភូមិដីឆ្នាំង
៦៥. សហគមន៍ដីធ្លី​ភូមិ​ប្រាសាទ​រាំង
៦៦. សហគមន៍​ភូមិ​សមុទ្រ​លើ
៦៧. សហគមន៍​ដីធ្លី ​ភូមិ​សិលាខ្មែរ
៦៨. សហគមន៍​ភូមិថ្មី តាំង​សំរោង
៦៩. សហគមន៍​ដីធ្លី​ពង្រក​
៧០. អង្គការ​ពន្លកខ្មែរ
៧១. សហគមន៍​ព្រែក​តាគង់
៧២. សហគមន៍​ព្រែកតានូ
៧៣. សហគមន៍​ព្រៃឈើ​ពេជ្រចង្វារ​ល្អឆើត
៧៤. សហគមន៍​ព្រៃឈើ​រមាសហែក
៧៥. សហគមន៍​រស្មី​សាមគ្គី
៧៦. សមាគម​ធាងត្នោត
៧៧. សហគមន៍​សាមគ្គី៤​
៧៨. សហគមន៍​ដីធ្លី​សាមគ្គី​មានជ័យ
៧៩. សហគមន៏​ដីធ្លី​សង្គមថ្មី
៨០. សមាជិក​ និង ​គណៈកម្មាធិការ​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង
៨១. សហគមន៍​នេសាទ​សម្រស់​កោះស្តេច
៨២. សហគមន៍​ SOS​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
៨៣. សហគមន៍​ស្ពានឆេះ
៨៤. សហគមន៍​ស្រែប្រាំង
៨៥. សហគមន៍​ដីធ្លី​តានួន
៨៦. សហគមន៍​ថ្មគោល​
៨៧. សហគមន៍​ទួលរ៉ាដា
៨៨. សហគមន៍​ទួលសង្កែB
៨៩. សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​នៃ​ក្រុមហ៊ុន​ហ្គ្រែនដាយ​អឹម៉េន​ស៊ីធី
៩០. សហជីព​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ប៉ោយប៉ែត​រីស៊ត
៩១. សហគមន៍​ត្រពាំង​អញ្ចាញ​ថ្មី
៩២. សហគមន៍​ទំនប់ពីរ
៩៣. សហគមន៍​ទន្លូង
៩៤. អង្គការ​អភិវឌ្ឍ​ស្ត្រី​ក្រីក្រ​ទីក្រុង​
៩៥. សហគមន៍​១៨៥K​ ធីតា​ចំបក់
៩៦. សហគមន៍២៣
៩៧. សហគមន៍​២៤គ្រួសារ
៩៨. សហគមន៍​ដីធ្លី​២៩៧
៩៩. សហគមន៍​កៅពីរ
១០០. សហគមន៍​បឹងកក់ (BKL)
១០១. អង្គការ​បង្កើន​សមត្ថភាព​សហគមន៍​ដើម្បី​អភិវឌ្ឍន៍
១០២. អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច
១០៣. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (C.CAWDU)
១០៤. សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
១០៥. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA)
១០៦. អង្គការ​អភិវឌ្ឍន៍​សម្លេង​សហគមន៍ (CVDO)
១០៧. សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ (IDEA) 

ក្រុម​សង្គម​ស៊ីវិល​​ទទូច​ឱ្យ​ដោះ​លែង​​មន្ត្រី​៥​នាក់​​តាម​អនុសាសន៍​​អង្គការ​សហ​ប្រជាជាតិ

អង្គការ​FIDH អង្គការ​OMCT មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​​ថ្ងៃ​​ទី​១៨ ខែ​ធ្នូ ដោយ​សម្ដែង​ការស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំឃាំង​ដោយ​ឥត​ច្បាប់​(WGAD)​។ ​

ការគាំទ្រ​នេះ ដោយសារ​តែ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ WGAD​បាន​លើកឡើង​ថា ការបន្ត​ឃុំខ្លួន​លោក​នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​) និង​លោក​​នី សុខា លោក​យី សុខសាន្ត លោក​ណៃ វ៉ង់​ដា និង​លោកស្រី​លឹម មុនី ជា​មន្ត្រី​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​អាដហុក​) គឺ មិន​ត្រឹមត្រូវ​។​

ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តាម​សេចក្ដីសម្រេច​នេះ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ជា​បន្ទាន់ ហើយ​សូម​ទម្លាក់ចោល​បទ​ចោទ​ទាំងអស់​លើ​អ្នក​ទាំងនោះ ព្រមទាំង​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគេ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ថា​ «ការដកហូត​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​៥​នាក់ គឺជា​ការរំលោភ​បំពាន​ទៅលើ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាត្រា​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​កម្ពុជា ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន»។​ ​

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ដែល​មកទល់ពេលនេះ​មាន​រយៈពេល​២៣៤​ថ្ងៃ​ហើយ ចាប់​តាំងពី​អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ​២០១៦៕

ប្រភព៖ វាយោ

គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

អ្នកស្រី នី សុផាន់ណាក់ រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ផ្លូវ​តូច​ចង្អៀត​ខាង​ក្រោយ​វត្តថាន់ ម្តុំ​ផ្លូវ​សុធារស។ ស្រ្តី​វ័យ ៤២ ឆ្នាំ​ដែល​មាន​កូន​បី​នាក់​រូប​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​ដីក្រហម​ដែល​នៅ​ជិត​នោះ​កាលពី​ ១០ ឆ្នាំ​មុន​ដោយ​ការ​សន្យា​មិន​ពិត​របស់​អាជ្ញាធរ។
Read More

របាយការណ៍​ថ្មី​បង្ហាញ​ថា ទីតាំង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​គ្មាន​ការ​អភិវឌ្ឍ​ពេញលេញ​ដូច​ការ​សន្យា

ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​ចាស់​របស់​ខ្លួន ​ដោយ​បុព្វហេតុ​នៃ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​និយាយ​ថា បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​ថ្មី​របស់​ពួកគេ​តែង​តែ​មាន​ទឹក​ជន​លិច ហើយ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ។​ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ស្ដីពី​ការ​បណ្ដេញ​ចេញ​របស់​សមាគម​ធាងត្នោត​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។
Read More

សហគមន៍​​ស្នើ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដោយ​តម្លាភាព

ក្នុង​ការ​ប្រារព្ធ​ទិវា​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុងអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ដីធ្លីនិង​ប្រជា​សហគមន៍​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញបាន​ស្នើ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធីតម្លាភាពនិង​ឈរ​លើ​គោលការណ៍​ច្បាប់ ចៀសវាង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ។​

​ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្ដីពី​សេរីភាព​បញ្ចេញ​មតិ និង​ការ​អភិវឌ្ឍ​ទីក្រុង​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ក្រីក្រ​តំណាង​សហគមន៍​ជាង​៤០ និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ ២០០​នាក់​ កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង។ ​

​ប្រធាន​កម្មវិធី​បច្ចេកទេស​នៃ​សមាគម​ធាងត្នោត លោក សៅ កុសល បាន​ថ្លែង​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​កន្លង​មក បញ្ហា​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត ៣០​ម៉ឺន​នាក់ ត្រូវ​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

លោក​ថា៖«បញ្ហា​ដីធ្លី​ភាគ​ច្រើនគឺ​នៅ​លើ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​មិន​ត្រឹមត្រូវជា​ពិសេស​ច្បាប់​ភូមិបាល​ដែល​ចែង​ច្បាស់​លាស់​ហើយ​ថាប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​ដី​របៀប​ម៉េច ផ្ទះ​របៀប​ម៉េច តែ​ផ្ទុយ​ទៅវិញ​វា​អត់​មាន​ប្រសិទ្ធភាពការ​អនុវត្ត​ច្បាប់​នៅ​មាន​ចន្លោះ​ខ្វះខាត ទន្ទឹម​នឹង​នោះ ក៏​យើង​ឃើញ​ថា ការ​ដោះស្រាយ​មាន​បញ្ហា​ពុក​រលួយ​អី​ផ្សេងៗ​ទៅ ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តែ​មន​បញ្ហា»។

​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​កត់​សម្គាល់​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី បាន​នាំ​គ្នា​តវ៉ា ដោយសារ​តែ​អាជ្ញាធរ និង​រដ្ឋាភិបាល ពុំ​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ដោះស្រាយ​នោះ បែរ​ជា​ពួក​គាត់​រង​នូវ​ការ​បង្ក្រាប ការ​ប្រើ​ហិង្សា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​វិញ ដែល​នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​ជួប​ជុំ ការ​បញ្ចេញ​មតិ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត។

លោក​ថា៖ «ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សមរម្យ យុត្តិធម៌ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន»។​

​ចំណែក លោក ថេង សាវឿន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​ដោះដូរ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ថ្មី និង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាង៣០​ក្រុមប៉ុន្តែ​យន្តការ​ដោះស្រាយ​នៅ​មាន​ភាព​យឺតយ៉ាវនិង​តំបន់​ខ្លះ​មាន​ភ្ជាប់​នឹង​រឿង​នយោបាយ។លោក​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែន​ដី ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទៅ​តាម​គោលការណ៍​ច្បាប់ មាន​តម្លាភាព និង​ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។

​អតីត​ប្រជា​សហគមន៍​បុរី​កីឡា ដែល​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ បាន​រៀប​រាប់​ថាពួក​គាត់​បាន​បាត់បង់​ដីធ្លីផ្ទះ​សម្បែង និង​រង​ទុក្ខ​វេទនា​ក្នុង​ជីវភាព​រស់នៅ ដោយសារ​តែ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល យក​ដី​ពួក​គាត់​ទៅ​ក្រុម​ឈ្មួញ ឬ​ក្រុមហ៊ុន ដោយ​ពុំ​មាន​សំណង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ។

អ្នកស្រី​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល មុន​នឹង​ធ្វើការ​អភិវឌ្ឍ ត្រូវ​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ មាន​សំណង​សមរម្យ ឬ​ដោះដូរ​ទីតាំង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន។​

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ ជៀម សុផល​មករា បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល និង​ក្រសួង បាន​ខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរ​គោលការណ៍​បម្រើ​ប្រជាពលរដ្ឋ មាន​តម្លាភាព និង​ឈរ​លើ​គោលការណ៍​ច្បាប់ ពុំ​មាន​ផ្សារ​ភ្ជាប់​នឹង​រឿង​នយោបាយ​ឡើយ។

លោក​ថា៖ «ការ​លើក​ឡើង​របស់​ពួក​គាត់ ដោយសារ​គាត់​មិន​បាន​ឃើញ​សកម្មភាព​ផ្ទាល់ ឬ​អ្វី​ដែល​ជា​ការ​ដោះស្រាយ​ថ្មីៗ​ទេ ខ្ញុំ​គិត​ថា ការ​លើក​ឡើង​របស់​ពួកគាត់ គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​ទេ តែ​បើ​គាត់​ឃើញ​សកម្មភាព​នៃ​ការ​ដោះស្រាយ​របស់​ក្រុម​ការងារ​យើង នោះ​គាត់​នឹង​លែង​មាន​អារម្មណ៍​ដូច្នេះ​ហើយ ហើយ​ក្រសួង​ដែនដី​ ស្វាគមន៍​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ឲ្យ​ទាល់​តែ​អស់​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ»។​

​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា កាល​ពី​ខែ​ចុង​ខែ​សីហា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តាម​បណ្តា​រាជធានី-​ខេត្ត មក​ដល់​ពេល​នេះ នៅ​សល់​តែ​ប្រមាណ ៨០០​ករណី​ប៉ុណ្ណោះ ក្នុង​ចំណោម​វិវាទ​ជាង ៧០០០​ករណី កាល​ពី​៤​ខែ​មុន៕

ប្រភព៖ ខ្មែរថាមស៍

ទីក្រុងសម្រាប់កុមារ–អបអរទិវាកុមារអន្តរជាតិនៅក្នុងតំបន់ដែលមាន ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ

អង្គការសមាគមធាងត្នោតជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ នៃសាធារណៈ រដ្ឋឆែកដែលមានអង្គការភីពភលអ៊ីននីត (ភីន) នឹងប្រារព្ធទិវា ទីក្រុងសម្រាប់កុមារ សម្រាប់កុមារ និងមាតាបិតារបស់ ពួក គេនៅក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះនឹងត្រូវប្រារព្ធនៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១១:០០ ព្រឹក ខាងមុខវិហារធំឥស្លាមគីឡូលេខ០៩ ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អង្គការសមាគមធាងត្នោត និងអង្គការភីពផលអ៊ីននីត (ភីន)នឹងរៀបចំព្រឹត្តិការណ៍ដែលមានរយៈ ពេលកន្លះថ្ងៃ សម្រាប់កុមារដែលមានចំនួនជាងមួយរយនាក់ រួមជាមួយនិងមាតាបិតារបស់ពួកគេដែលរស់នៅក្នុងភូមិក ដែលជា សហគមន៍ក្រីក្រមួយនៅក្នុងសង្កាត់ច្រាំងចំរេះទី២ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត ចេញផ្សាយនៅក្នុងឆ្នាំ២០១៤ (ការអង្កេតអំពីរាជធានីភ្នំពេញ) កុមារ នៅក្នុងសហគមន៍ ៣៤០ទីតាំងដែលស្ថិត នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ  គឺពួកគេរស់នៅក្នុងស្ថានភាពលំបាក ដូចជាការ ទទួលបានគុណភាពទឹក មិនល្អក្នុងការប្រើប្រាស់ ឬសហគមន៍ខ្លះគ្នានទឹកស្អាតសម្រាប់ប្រើប្រាស់, ការប្រឈមអនាម័យមិនស្អាត កាកសំណល់ និងភ្លើងអគ្គិសនីមិនគ្រប់គ្រាន់ជាដើម។ យោងតាមការស្រាវជ្រាវដែលបោះពុម្ពដោយអង្គការភីន កាលពីឆ្នាំកន្លងទៅបាន ឱ្យដឹងថារាល់កុមារទីបីដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញគឺគ្មាន អាហារហូបចុកគ្រប់គ្រាន់ មានភាព ស្លេក ស្លាំង ខ្សោយកម្លាំង និងរៀនមិនសូវពូកែ។ ព្រឹត្តិការណ៍នេះលើកទឹកចិត្តដល់កុមារទាំងអស់ដើម្បីឱ្យ ពួកគេបានគិតគូអំពី បរិស្ថានរស់នៅក្នុងទីក្រុងតាមរយៈការពិភាក្សាអំពី “ទីក្រុងដ៍ស្រស់សោភា”របស់ពួកគេដែលពួកគេនឹងបង្កើតបានតាមរយៈ ការគូរគំនូរនេះ។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់កុមារក្នុងការ នាំមកនូវបំណងប្រាថ្នារបស់ពួគគេសម្រាប់លំនៅដ្ឋាន របស់ពួកគេអស់មួយជីវិតតាមរយៈ សកម្មភាពសប្បាយៗ។ វាក៏មានន័យថា កុមារទាំងនេះនឹង បានដឹងតាំងពីខ្លួននៅក្នេងថា ពួកគេអាចមានសម្លេង ក្នុងការអភិវឌ្ឍទីក្រុង។

នៅក្នុងឆ្នាំ២០១៦ អង្គការភីន, អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង, និងវិទ្យាស្ថានបើកទូលាយបានចាប់ផ្តើមជំហានទី២នៃកិច្ចសហប្រតិបត្តិការ “ទីក្រុងសម្រាប់យើងទាំងអស់គ្នា របស់គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែល ផ្តល់ មូលនិធិដោយគណៈប្រតិភូសហគមន៍អឺរ៉ុបនៅក្នុងប្រទេសកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណៈរដ្ឋឆែក។ គម្រោង ដែលមានរយៈពេលបីឆ្នាំនេះផ្សព្វផ្សាយអំពីវិធីសាស្ត្រទាក់ទងនឹងសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុង។ បច្ចុប្បន្ន គម្រោង នេះកំពុងអនុវត្តនៅក្នុងភូមិក ក្នុងសង្កាត់ច្រាំងចំរេះទី២ ដែលជាសហគមន៍កំពុងប្រឈមមុខនឹងការបណ្តេញចេញ។ នៅឆ្នាំខាងមុខនេះ គម្រោងនេះនឹងត្រូវធ្វើនៅក្នុងតំបន់បឹងទំពុនផងដែរ។ គម្រោងនេះធ្វើការជាមួយសហគមន៍ និង អាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ដល់ឱ្យប្រជាពលរដ្ឋនូវការវាយតម្លៃទាក់ទងនឹង ការកាន់កាប់ដីធ្លីស្របច្បាប់ និងរៀបចំ ផែនការទីក្រុងថ្មីៗដើម្បីកែលម្អសហគមន៍នៅនឹងកន្លែងក្នុងគោលបំណងធ្វើឱ្យការប្រើប្រាស់ដីធ្លីកាន់តែមាន ប្រសិទ្ធភាព ជៀសវាងការតាំងលំនៅថ្មីដោយមិនមានការព្រមព្រៀងគ្នា។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតបានមានប្រសាសន៍បន្ថែមថាទិវាកុមារអន្តរជាតិគឺជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងអំពីសិទ្ធិ និងសុខុមាលាភាពរបស់កុមារ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងសហគមន៍ក្រីក្រក្នុង រាជធានីភ្នំពេញ។ ស្ថានភាពរស់នៅក្នុងលក្ខណៈលំបាក និងការប្រឈមក្នុងការបណ្តេញចេញបានធ្វើឱ្យមានការគម្រាម កំហែងដល់សិទ្ធិទាំងអស់នោះ។ គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សគឺជាជំហានដ៏មានសារៈសំខាន់មួយដើម្បីឈានទៅ ទទួលបានសិទ្ធិសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដោយផ្តោតលើការអភិវឌ្ឍនៅក្នុងទីក្រុង។

បន្ថែមទៅនឹងការងារទូទៅដែលបានអនុវត្ត នៅក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង គម្រោង“ទីក្រុងសម្រាប់យើង ទាំងអស់គ្នាដែលជាគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ក៏រៀបចំឱ្យមានការចូលរួមពីនិស្សិតនៅក្នុងរាជធានី ភ្នំពេញ តាម រយៈ វគ្គបណ្តុះបណ្តាលស្តីពី “គម្រោងរៀបចំផែនការទីក្រុង”។ វគ្គបណ្តុះបណ្តាលនេះរួមបញ្ចូលនូវសិក្ខាសាលា និងបទបង្ហាញ នានា អំពីការធ្វើផែនការដីធ្លី បញ្ហាប្រឈមនឹងហានិភ័យ, គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស, យែនឌ័រ និងការធ្វើផែនការ លម្អទីក្រុង។ល។ ដើម្បីជួយដល់អ្នកដែលរៀបចំផែនការទីក្រុងនាពេលអនាគត ពិចារណាអំពីសារៈសំខាន់,អំពីវិធីសាស្ត្រ ដែលផ្តោតលើសិទ្ធិក្នុងការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ។ អង្គការភីន និងអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រ ក្នុងទីក្រុង នឹងរៀប ចំវាយតម្លៃផងដែរដើម្បីកំណត់អត្តសញ្ញាណ តំបន់ដែលងាយរងគ្រោះបំផុត និងពង្រឹងសមត្ថភាពសមាជិកនៅក្នុង សហគមន៍ក្នុងការទប់ទល់និង គ្រោះមហន្តរាយទាំងនោះ និងដាក់រចេញវិធានការកាត់បន្ថយសមស្របនានា ។

សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាទាក់ទង៖

លោក សៅ កុសល  ប្រធានកម្មវិធីបច្ចេកទេស របស់អង្គការសមាគមធាងត្នោត  ០១៧ ៥៥៥ ៨៨៧ (ផ្នែកភាសាខ្មែរ និងអង់គ្លេស)

លោក SASIN Piotr, នាយកប្រចាំប្រទេស របស់អង្គការភីពភលអ៊ីននីត (ភីន) ០១១ ៦៧៦ ៣៣១ (ផ្នែកភាសាអង់គ្លេស)

20160530_International Children's Day_Advisory-Khmer_Page_1 20160530_International Children's Day_Advisory-Khmer_Page_2

ទាញយកឯកសារ នៅត្រង់នេះ

កម្មវិធីវិទ្យុ សំឡេងទីក្រុង

ប្រធានបទ៖ «របាយការណ៍ផែនទីចុងក្រោយនៃយុទ្ធនាការការកកស្ទះចរាចរណ៍របស់សំឡេងទីក្រុង»

ផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែ ឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៤:០០ ដល់ ៥:០០ ល្ងាច តាមវិទ្យុសារិកា FM ១០៦.៥ និងតាមរយៈគេហទំព័រ Sarika.fm

វាគ្មិន៖

លោក អែល អាត អ្នកសម្របសម្រួលគម្រោងសំឡេងទីក្រុង

ប្រិយមិត្តអាចស្តាប់បានដោយ ចុចនៅត្រង់នេះ ។

ប្រសិនបើ លោកអ្នកមានសំណូមពរ សូមសរសេរមកកាន់ www.facebook.com/UrbanVoiceCam ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៩ ៦៦៦ ០១៣, ០៩៧ ២៦៤ ០០៥៦

សង្គមស៊ីវិលថ្កោលទោសការកើនឡើងនៃការបំភិតបំភ័យអ្នក​ការពារសិទិ្ធមនុស្ស

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ – ក្រុមសង្គមស៊ីវិលបានលើកឡើងនាថ្ងៃនេះថា ការឃាត់ខ្លួនអ្នកការពារ និងសកម្មជនសិទិ្ធមនុស្សចំនួនប្រាំបីនាក់ កាលពីម្សិលមិញ ធ្វើឲ្យមានការប៉ះពាល់ដល់សេរីភាពនៃការប្រមូលផ្តុំគ្នា និងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនទាំងនេះ ដែលបានកើតឡើងបន្ទាប់ពីមានការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការលើអ្នកធ្វើការសិទិ្ធមនុស្សបួននាក់ និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់កាលពីសប្តាហ៍មុន បានបង្ហាញពីការកើនឡើងយ៉ាងគួរឲ្យព្រួយបារម្ភនៃយុទ្ធនាការចុងក្រោយរបស់អាជ្ញាធររដ្ឋ ក្នុងការបំភិតបំភ័យសង្គមស៊ីវិល។

ទាញយកឯកសារជា ភាសាអង់គ្លេស និង ភាសាខ្មែរ

405kCivil_society_condemns_intimidation_KH_Page_1 405kCivil_society_condemns_intimidation_KH_Page_2 405kCivil_society_condemns_intimidation_KH_Page_3 405kCivil_society_condemns_intimidation_KH_Page_4 405kCivil_society_condemns_intimidation_KH_Page_5

កម្មវិធីវិទ្យុសិទ្ធិមនុស្ស ៖ ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ ដី​របស់​រដ្ឋ​នៅ​រាជធានី​ ទីក្រុង​ និង​ទីប្រជុំជន

នៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំ កម្មវិធីវិទ្យុ ដែល ពិភាក្សា លើ ប្រធានបទ “ការដោះស្រាយសំណង់បណ្តោះអាសន្នលើ ដីរបស់រដ្ឋនៅរាជធានី ទីក្រុង និងទីប្រជុំជន” ដែល មាន វាគ្មិន កិត្តិយសក្នុងកម្មវិធីនេះគឺ លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោត និងអ្នកស្រី ម៉ៅ មុំ តំណាងសហគមន៍រាជសីហ៍សាមគ្គីភាពក្រុងបាត់ដំបង

លោកអ្នកអាចស្តាប់បានដោយ ចុចត្រង់នេះ

ប្រសិនបើ លោកអ្នកមានសំណូមពរ សូមសរសេរមកកាន់ www.facebook.com/UrbanVoiceCam ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៩ ៦៦៦ ០១៣, ០៩៧ ២៦៤ ០០៥៦

សង្គមស៊ីវិលថ្កោលទោស​ការចោទ​ប្រកាន់​នានា​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ – យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ និងឃាត់ខ្លួនអ្នកការពារសិទិ្ធមនុស្សមកពីក្រុមការពារសិទិ្ធមនុស្ស និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងបុគ្កលិកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំនួន ប្រាំមួយនាក់ ដោយហេតុផលមិនសមរម្យ។ ការដាក់គោលដៅលើបុគ្គលទាំងប្រាំមួយនាក់ (ក្នុងនោះ ប្រាំនាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនាថ្ងៃនេះ) គឺជាភាពតានតឹងចុងក្រោយពាក់ព័ន្ធនឹងការគាបសង្កត់របស់អាជ្ញាធររដ្ឋទៅលើសង្គមស៊ីវិល ហើយជាការតបតរបស់អាជ្ញាធររដ្ឋទៅលើការគាំទ្រនៅក្នុងសំណុំរឿងរសើបរបស់អ្នកធ្វើការងារក្នុងវិស័យសិទិ្ធមនុស្ស ។

ទាញយកឯកសារជា ភាសាអង់គ្លេស និង ភាសាខ្មែរ

404k404Civil_society_condemns_charges_against_HRDs_0205_Khmer_Page_1 404k404Civil_society_condemns_charges_against_HRDs_0205_Khmer_Page_2 404k404Civil_society_condemns_charges_against_HRDs_0205_Khmer_Page_3 404k404Civil_society_condemns_charges_against_HRDs_0205_Khmer_Page_4

វគ្គបណ្តុះបណ្តាលស្តីពី ការគូរផែនទីសហគមន៍ និងការប្រមូលទិន្នន័យគ្រួសារសហគមន៍

កាលពីថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស របស់សមាគមធាងត្នោត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគូរផែនទីសហគមន៍ និងការប្រមូលទិន្នន័យគ្រួសារសហគមន៍ នៅក្នុងភូមិក សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួន២៧នាក់។

វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង ដើម្បី ៖

  • បណ្តុះបណ្តាលសមាជិកសហគមន៍ភូមិក សង្កាត់ច្រាងចំរេះទី២ ពីរបៀបនៃការរៀបចំធ្វើផែនទីសហគមន៍ និងវិធីសាស្រ្ដប្រមូលទិន្នន័យតាមគ្រួសារនីមួយៗដែលមានការចូលរួមពីសមាជិកសហគមន៍
  • បណ្តុះបណ្តាលធ្វើឱ្យសមាជិកសគមន៍ភូមិក សង្កាត់ច្រាងចំរេះទី២ ចេះធ្វើការសហការជាក្រុម
  • បង្កើនទំនាក់ទំនងរវាងសមាជិកសហគមន៍ដែលបានចូលរួមក្នុងវគ្គ បណ្តុះបណ្តាលឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

photo_2016-04-29_15-20-52 photo_2016-04-29_15-21-09 photo_2016-04-29_15-21-18 photo_2016-04-29_15-21-29 photo_2016-04-29_15-21-35 photo_2016-04-29_15-21-45

 

សង្គមស៊ីវិលអំពាវនាវឱ្យ​អាជ្ញាធរ​បញ្ឈប់ជា​បន្ទាន់​នូវការ​យាយី​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះការកោះហៅ និងសាកសួរទៅលើមន្ត្រីអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសមស្រប និងត្រឹមត្រូវតាមច្បាប់ក្នុងការការពារសិទ្ធិមនុស្ស។ នេះជាការអនុវត្តដោយបំពានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (“អ.ប.ព”) ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើសង្គមស៊ីវិល។

ទាញយកឯកសារជា ភាសាអង់គ្លេស និង ភាសាខ្មែរ

402k402Joint Press Release - CSOs call upon the authorities to immediately cease harrassment of human rights defenders_(KHM)_Page_1 402k402Joint Press Release - CSOs call upon the authorities to immediately cease harrassment of human rights defenders_(KHM)_Page_2 402k402Joint Press Release - CSOs call upon the authorities to immediately cease harrassment of human rights defenders_(KHM)_Page_3 402k402Joint Press Release - CSOs call upon the authorities to immediately cease harrassment of human rights defenders_(KHM)_Page_4 402k402Joint Press Release - CSOs call upon the authorities to immediately cease harrassment of human rights defenders_(KHM)_Page_5

អនុក្រឹត្យស្តីពីការកែសម្រួលសមាសភាពរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

អនុក្រឹត្យស្តីពីការកែសម្រួលសមាសភាពរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

លោកអ្នកអាចស្វែងរកដោយ ចុចត្រង់នេះ

កម្មវិធីវិទ្យុ សំឡេងទីក្រុង

ប្រធានបទ៖ «ការលុបបឹង និងផលប៉ះពាល់»

ផ្សាយនៅថ្ងៃសុក្រ ទី០១ ខែ មេសា ឆ្នាំ២០១៦ វេលាម៉ោង ៤:០០ ដល់ ៥:០០ ល្ងាច តាមវិទ្យុសារិកា FM ១០៦.៥ និងតាមរយៈគេហទំព័រ Sarika.fm
វាគ្មិន៖
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត
អ្នកស្រី បូវ សោភា តំណាងសហគមន៍បឹងកក់

ប្រិយមិត្តអាចស្តាប់បានដោយ ចុចនៅត្រង់នេះ ។

ប្រសិនបើ លោកអ្នកមានសំណូមពរ សូមសរសេរមកកាន់ www.facebook.com/UrbanVoiceCam ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៩ ៦៦៦ ០១៣, ០៩៧ ២៦៤ ០០៥៦

ផលប៉ះពាល់នៃអនុក្រឹត្យស្តីពី ការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ជាសម្បត្តិសាធារណៈរបស់រដ្ឋ

បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ​ ​    ចំនូន៥​សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ​(ព្រែកព្នៅ និង សែន សុខ)។ ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ​។ ហេតុដូច្នេះហើយ វាបានធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។

នៅចន្លោះថ្ងៃទី០៨ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ អង្គការសមាគមធាងត្នោត បានចុះទៅប្រមូលព័ត៌មានដោយធ្វើការសម្ភាសន៍ជាមួយ​ប្រធានភូមិទាំង ១៩ ភូមិ ព្រមទាំងសមាជិកសហគមន៍នីមួយៗនៅក្នុងតំបន់នោះផងដែរ។ ការចុះប្រមូលព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចង់ដឹងថាតើ​អនុក្រឹត្យនេះ ​នឹងមាន​ផលប៉ះពាល់អ្វីខ្លះ។ តាមការស្រាវជ្រាវ ប្រជាពលរដ្ឋ​ប្រមាណ ៣៣២ គ្រួសារ នឹងរងផលប៉ះពាល់ពីសេចក្តីសម្រេចនៃអនុក្រឹត្យនេះ។ ក្នុងនោះ មានប្រជាពលរដ្ឋប្រមាណចំនួន១៤៧ គ្រួសារ ប៉ះពាល់លំនៅដ្ឋាន និងដីស្រែ​ ហើយប្រហែល១៨៥គ្រួសារផលប៉ះពាល់​ដីស្រែប៉ុណ្ណោះ។ ភូមិចំនួន៤ក្នុងចំណោមភូមិទាំង១៩ ដែលរងផលប៉ះពាល់ទាំងលំនៅដ្ឋាន និងដីស្រែចំការ ដោយសារសេចក្តីសម្រេចនៃអនុក្រឹត្យ មានដូចជា ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន និងភូមិធំត្បូង។ ភាគច្រើននៃដីដែលរងផលប៉ះពាល់ (ប្រមាណ ២៥៣ហិចតា) គឺដីសម្រាប់ប្រជាពលរដ្ឋធ្វើកសិកម្ម។ សេចក្តីសម្រេចនៃអនុក្រឹត្យនេះមិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នោះទេ វាថែមទាំងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ននេះផងដែរ។

ប្រធានភូមិទាំង១៩ ​ប្រាប់ថា ពួកគេមិនបានដឹងអំពីអនុក្រឹត្យនោះទេ។ នេះបង្ហាញពីភាពខ្វះខាតនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអនុក្រឹត្យនេះ ហើយការគ្រប់គ្រងដីធ្លី នៅក្នុងរាជធានីភ្នំពេញថ្មីៗនេះ គឺវាមានភាពស្រដៀងគ្នា នៅក្នុងការគ្រប់គ្រងដីធ្លីកាលពីអតីតកាល។ អ្នកស្រី ផាន សុខុម ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិសំរោងត្បូងតាំងពីឆ្នាំ២០០០ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៣  អាជ្ញាធរមូលដ្ឋានបានប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់អ្នកស្រី ឱ្យផ្លាស់ទីចេញពីតំបន់នេះ ដោយបញ្ជាក់ថាភូមិនេះ គឺជាដីរបស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្លាស់ទីចេញ ហើយបន្តរស់នៅទីនោះរហូតមកដល់សព្វថ្ងៃនេះ។ អង្គការសមាគមធាងត្នោតបានរកឃើញថា មានចំនួន៧៧គ្រួសារត្រូវបានបាញ់លេខពណ៌ក្រហម ដែលសញ្ញាជូនដំណឹងឱ្យរុះរើចាប់ពីពេលនោះមក។ អ្នកស្រី ផាន សុខុមបានបន្ថែមទៀតថា អ្នកស្រី និងប្រជាពលរដ្ឋក្នុងភូមិនេះ មិនមានការជំទាស់ទៅនឹងការអភិវឌ្ឍនៅតំបន់នេះទេ ប៉ុន្តែសូមឱ្យមានសំណងសមរម្យ និងត្រឹមត្រូវ ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យរុះរើចេញពីតំបន់នេះ។

map IMG_5325 IMG_5326

សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត

រាជធានីភ្នំពេញ ថ្ថៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦

ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាសគាំទ្រពហិការចំពោះក្រុមហ៊ុនទេសចរណ៍កាពីតូល បន្ទាប់ពីមានការបង្រាបទៅលើសកម្មភាពរបស់សហជីបដ៏ឃោរឃៅបានកើតឡើង។

 

606_202jcsdbock_kh
606_202jcsdbock_kh (1)
606_202jcsdbock_kh (2)
606_202jcsdbock_kh (3)
606_202jcsdbock_kh (4)
606_202jcsdbock_kh (5)

ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លូន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរ សាធារណៈ។

លោកអ្នកអាចទាញយកឯកសារ តាមរយៈតំណភ្ជាប់ខាងក្រោម ៖

Law on Association and Non-governmental Organizations

សារាចរ ស្តីពី ការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់តាមរាជធានី ទីក្រុង និងទីប្រជុំជន

សារាចរនេះមានគោលដៅ ដោះស្រាយចំពោះតែសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់។ ក្នុងគោលដៅដោះស្រាយបញ្ហាខាងលើ រាជរដ្ឋាភិបាលដាក់ចេញនូវសារាចរនេះ ដើម្បីណែនាំដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ អំពីនីតិវិធីដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋដែលត្រូវបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់ ដែលបានកើតនៅតាមទីក្រុង និងទីប្រជុំជន ដោយអនុវត្តវិធានការដូចខាងក្រោម ៖

  • ការស្រង់ទិន្នន័យជាក់លាក់អំពីចំនួនទីតាំងសំណង់បណ្តោះអាសន្ន
  • ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី និងការធ្វើចំណាត់ថ្នាក់ទីតាំងដីដែលសំណង់បណ្តោះអាសន្នតាំងនៅ
  • ការធ្វើជំរឿនចំនួនគ្រួសារ និងចំនួនប្រជាជនដែលរស់នៅក្នុងទីតាំងសំណង់បណ្តោះអាសន្ន
  • ការស្វែងរកដំណោះស្រាយ
  • ការពិភាក្សាសម្របសម្រួលដើម្បីកំណត់គោលនយោបាយ
  • ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈមូលដ្ឋានចាំបាច់សម្រាប់គាំទ្រដល់ការរស់នៅ
  • ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍ

លោកអ្នកអាចទាញយកឯកសារនេះ តាមរយៈតំណភ្ជាប់ខាងក្រោម ៖

Circular_03_on_Resolution_of_Temporary_Settlements_on_State_Land_in_Urban_Areas

អនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវរថភ្លើងនៃព្រះរាជាណាចក្រកម្ពុជា

អនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវរថភ្លើងនៃព្រះរាជាណាចក្រកម្ពុជា

អនុក្រឹត្យមានគោលបំណងដើម្បី ៖

  • លុបបំបាត់បាតុភាពទន្រ្ទានយកដីចំណីទៅធ្វើការសាងសង់សំណង់ ឬដំណាំផ្សេងៗ
  • ទប់ស្កាត់ឩបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងកើតមាននៅតាមបណ្តាញផ្លូវ
  • កាត់បន្ថយឩបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ
  • កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋដែលតាំងនៅតាមបណ្តាញផ្លូវ
  • ធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកអាចទាញយកឯកសារនេះ​ តាមរយតំណភ្ជាប់ខាងក្រោម ៖

អនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវរថភ្លើងនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីថ្លែងការណ៍រួម: អង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រ អង្គការមាតាធម្មជាតិ និងថ្កោលទោសចំពោះការបង្រ្កាប ទៅលើអង្គការនេះ

ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦

ជាការឆ្លើយតបទៅនឹងបទចោទយ៉ាងអយុត្តិធម៌ចុងក្រោយ បង្អស់ ប្រឆាំង ទៅលើសមាជិកបីរូបបន្ថែមទៀតរបស់អង្គការការពារបរិស្ថាន ឈ្មោះ មាតាធម្មជាតិ យើងជាអង្គការសង្គមស៊ីវិល ដូចមានរាយនាមខាងក្រោម សូមប្រកាសគាំទ្រអង្គការមាតាធម្មជាតិ និងសូមថ្កោលទោស ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”)  ក្នុងការបង្រ្កាបទៅលើអង្គការនេះ និងសង្គមស៊ីវិលទូទៅនៅកម្ពុជា។

ទាញយកឯកសារជា ភាសាខ្មែរអង់គ្លេស :

 605_201jcdsfmnk_kh_Page_1 605_201jcdsfmnk_kh_Page_2 605_201jcdsfmnk_kh_Page_3 605_201jcdsfmnk_kh_Page_4

សង្គមស៊ីវិល​សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ក្រុង​ជា​ច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម

សេចក្តីថ្លែងការណ៍

ថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០១៦ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​កាលពី​ព្រឹកមិញ​នេះ ដែលត្រូវ​បាន​ប្រព្រឹត្តិឡើង​ដោយ​សមាជិក​​សមាគម​​រួបរួមគ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា (CCDA) ទៅលើ​​អ្នកបើកបរ​​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​អ្នក​បើកបរ​ទាំងនោះ​ដែល​កំពុងតវ៉ា ហើយ​ក៏មានការ​សោកស្តាយផង​ដែរ​​ចំពោះ​នគរបាល​ដែល​មិនបាន​ឆ្លើយតប​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​បញ្ជៀស​អំពើហិង្សា​នេះ។ យើងខ្ញុំ​សូមអំពាវនាវ​ឲ្យមាន​ការដោះលែង​បុរសពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេតលើ​អំពើហិង្សា​នេះ។

អំពើហិង្សាយ៉ាង​ធ្ងន់ធ្ងរនេះ បានកើតឡើងនៅពេលមានការតវ៉ា​មួយរបស់អ្នកបើកបររថយន្តក្រុងជាច្រើននាក់​មកពីសហព័ន្ធសហជីពកម្មករ​វិស័យដឹកជញ្ជូនកម្ពុជា និងអ្នកគាំទ្រអ្នកទាំងនោះ ដែលមកពីសមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។ ព្រឹត្តិការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៤នាក់ រងរបួស រួមមានអ្នកបើកបររថយន្ត​ក្រុងដែលជាអ្នកតវ៉ានិង​អ្នកគាំទ្រអ្នកទាំងនោះ​ជាច្រើននាក់ អ្នកឃ្លាំមើលសិទិ្ធមនុស្ស ១នាក់ និងមន្ត្រីនគរបាល ១នាក់។ ក្នុងនោះមានម្នាក់បានរងរបួសបាក់ដៃ និងជាច្រើននាក់ផ្សេងទៀត រងរបួសមុខ​និងក្បាល។

នៅវេលាម៉ោងប្រមាណ ៩ និង៤០​នាទី ព្រឹក អ្នកតវ៉ា​មួយចំនួនក្នុងចំណោមអ្នកតវ៉ា ៥០នាក់ ដែលបានតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនរថយន្តក្រុងកាពីតូល នៅក្នុងរាជធានីភ្នំពេញ តាំងពីម៉ោង ៨ព្រឹក បានព្យាយាមរារាំងរថយន្តក្រុងមួយ ដោយមិនឲ្យចាកចេញពីស្ថានីយ។ អ្នកគាំទ្រប្រមាណ ៥០នាក់ មកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបាន​ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅ “ការពាររថយន្តក្រុង” ហើយអំពើហិង្សាបានចាប់ផ្តើមឡើង។ ភ្លាមៗបន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានកាន់ញញួរ និងដំបងដែក វាយទៅលើក្រុមមនុស្ស ដោយបានវាយដំ និងទាត់ធាក់យ៉ាងខ្លាំង​ទៅលើអ្នកតវ៉ានិងអ្នកគាំទ្រទាំងនោះ។ នគរបាលបង្ក្រាបបាតុកម្មមួយចំនួន បានចូលរួមក្នុងការវាយដំនេះផងដែរ នៅពេលដែលសមាជិក​សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងនគរបាលមួយចំនួនទៀត ព្យាយាមបញ្ឈប់អំពើហិង្សា តែមិនបានជោគជ័យ។

បន្ទាប់មក នគរបាល​បានរុញអ្នកបើកបរនិងអ្នកគាំទ្រអ្នកទាំងនោះថយក្រោយ និងបានចាប់ខ្លួនអ្នកបើកបរម្នាក់ និងអ្នកបើករ៉ឺម៉កកង់បី​ម្នាក់មកពីសហភាព​ការងារកម្ពុជា។ មិនមានសមាជិកមកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាណាម្នាក់ ត្រូវបានចាប់ខ្លួននោះទេ ទោះជាសមាជិករួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា វាយដំដោយប្រើញញួរ និងដំបងដែកមកលើអ្នកបើកបរ​រថយន្តក្រុងនិងអ្នកគាំទ្រអ្នក​ទាំងនោះ ក៏ដោយ។

បន្ទាប់ពីមានអំពើហិង្សា អ្នកបើកបរ​រថយន្តក្រុង និងអ្នកគាំទ្រសហភាពការងារ​កម្ពុជាជាច្រើននាក់ បានដើរក្បួនទៅកាន់ប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាល ដើម្បីដាក់ពាក្យបណ្តឹងអំពីអំពើហិង្សានេះ។ ច្រកចូលប៉ុស្តិ៍នគរបាល និងអធិការដ្ឋាន​នគរបាលទាំងពីរកន្លែងត្រូវបានបិទ ហើយនគរបាលដែលនៅទីនោះ បានបដិសេធទទួល​យកពាក្យបណ្តឹងអ្នកទាំងនោះ។ បន្ទាប់មកទៀត នគរបាលបង្ក្រាប​បាតុកម្មបានមកដល់ ហើយបំបែកអ្នកតវ៉ាទាំងនោះ។

លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “មនុស្សជាច្រើន ត្រូវបានក្រុមអ្នកស្លៀកពាក់ស៊ីវិលជាច្រើន​នាក់ប្រដាប់ដោយអាវុធបានវាយដំ កាលពីព្រឹកនេះ ហើយនគរបាលមិនបានខិតខំ​ប្រឹងប្រែងគ្រប់​គ្រាន់​ដើម្បី​បញ្ឈប់អំពើនេះនោះទេ”។ លោក បានបន្តទៀតថា៖ “មិនមាននរណាម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារនាថ្ងៃនេះ ត្រូវបានចាប់ខ្លួននោះទេ ទាក់ទងនឹងអំពើហិង្សាដែល​បង្កឡើងដោយក្រុមអ្នក​ស្លៀកពាក់ស៊ីវិល ហើយនិងនគរបាលបង្ក្រាបបាតុកម្ម”។

អ្នកបើកបររថយន្តក្រុង កាពីតូល បានធ្វើការ​តវ៉ាអស់រយៈពេលប្រហែល ២ខែមកហើយ បន្ទាប់ពីមានការបញ្ឈប់អ្នកបើកបររថយន្តក្រុង ៤៥នាក់ ដែលអ្នកទាំងនោះបានអះអាងថាខ្លួនត្រូវបានគេបញ្ឈប់ពីការងារដោយសារអ្នកទាំងនោះបានព្យាយាមបង្កើតសហជីពមួយ។ ក្រោយពីមានការស្នើសុំពីសាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនរថយន្តក្រុងនេះពិចារណាទទួលយកអ្នកបើកបរទាំងនោះវិញ ក្រុមអ្នកតវ៉ាបានផ្អាកការតវ៉ាជាបណ្តោះអាសន្នកាលពីថ្ងៃទី២៦ ខែមករា ហើយបានចាប់ផ្តើមតវ៉ាជាថ្មីកាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីក្រុមហ៊ុនរថយន្តក្រុងនេះ មិនអើពើនឹងសំណើរបស់សាលារាជធានី។

សមាគមរួបរួមគ្នាដើម្បី​អភិវឌ្ឍន៍កម្ពុជា ដែលជាសមាគមតូចមួយនៃ​អ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បីបានអះអាងថា ការតវ៉ារបស់អ្នកបើកបរ​រថយន្តក្រុងទាំងនេះ បានរំខានដល់អាជីវកម្មអ្នក​បើករ៉ឺម៉កកង់បីដែលនៅ​ជុំវិញស្ថានីយ៍។ សមាគមនេះ មិនតំណាងឲ្យអ្នកបើកបររថយន្តក្រុងនោះទេ ហើយក៏មិនមានទំនាក់ទំនងផ្លូវការណាមួយនៅក្នុងជម្លោះនេះដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៣ អ្នកចូលរួមពីរនាក់នៅក្នុង​ការតវ៉ានៅពេលនោះរបស់សមាគមរួបរួមគ្នា​ដើម្បីអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍ដល់សារព័ត៌មានថា អ្នកទាំងនោះត្រូវបាន​គេសន្យាផ្តល់ប្រាក់ដើម្បីចូលរួមក្នុងការតវ៉ា ហើយមិនបានដឹងថា​តើគេតវ៉ាអំពីអ្វី​នោះទេ។

លោក មឿន តុលា នាយក​ប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ “អំពើហិង្សាយ៉ាងធ្ងន់ធ្ងរនាថ្ងៃនេះ បង្ហាញថាពលរដ្ឋមិននឹងអាចចូលរួមក្នុងការតវ៉ាជាសាធារណៈនានាដោយមិនរងនូវការចាប់ខ្លួនោះទេ (ឬគម្រាមកំហែងដល់អាយុជីវិតអ្នកទាំងនោះនោះទេ)។ នេះក៏ជាភស្តុតាងបន្ថែមនៃការប្រើប្រាស់អំពើហិង្សាដែលមិនមានភាពស្មើគ្នារបស់អាជ្ញាធរដោយមាននិទណ្ឌភាពទាំងស្រុង ដើម្បីបំភិតបំភ័យ និងបំបែកកម្មករដែលកំពុងតវ៉ា”។

យើងខ្ញុំ សូមធ្វើការ​ថ្កោលទោសជាថ្មីយ៉ាងខ្លាំងចំពោះអំពើហិង្សា អំពាវនាវឲ្យមានការដោះលែងជនរងគ្រោះដែលត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ និងទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស មានតម្លាភាព និងឯករាជ្យភាព ទៅលើព្រឹត្តិការណ៍នាថ្ងៃនេះ។

១. សហគមន៍បឹងកក់ (BKL)
២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៣. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
៤. សហភាពសហជីពកម្ពុជា (CATU)
៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៦. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
៧. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
៩. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១០. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១១. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
១២. សហភាពការងារកម្ពុជា (CLC)
១៣. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
១៧. សហគមន៍ឆេកូ
១៨. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៩. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. អង្គការសមធម៌កម្ពុជា (EC)
២២. សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
២៣. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
២៤. សមាគមខ្មែរលើ (HA)
២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៦. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
២៧. សហគមន៍ភ្នំបាត
២៨. សហគមន៍ព្រែកតាគង់
២៩. សហគមន៍ព្រែកតានូ
៣០. សហគមន៍ព្រៃសាលាថ្មី
៣១. សមាគមធាងត្នោត (STT)
៣២. សហគមន៍ ៩២
៣៣. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
៣៤. សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក មឿន តុលា, នាយកប្រតិបត្តិមជ្ឈ​មណ្ឌលសម្ព័ន្ធ​ភាពការងារ​និងសិទ្ធិមនុស្ស, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
▪ លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេក​ទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០