ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ ។

កាលពីប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរបានប្រើប្រាស់ការបង្រ្កាបបែបហិង្សាជាបន្តបន្ទាប់ទៅលើការតវ៉ាដោយសន្ដិវិធី ដែលបានចាប់ផ្ដើមកើតឡើងបន្ទាប់ពីការចាប់ខ្លួននិងការឃុំខ្លួនប្រធានសហជីព លោក រ៉ុង ឈុន ដាក់ពន្ធនាគារ កាលពីដើមខែសីហា ឆ្នាំ២០២០នេះ ។ ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មនុស្សចំនួន៦នាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកទាំងនោះតស៊ូមតិទាមទារឱ្យដោះលែងលោក រ៉ុង ឈុន វិញ ។ អាជ្ញាធរក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនសាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់ដែលត្រូវបានរំលាយផងដែរ ខណៈដែលពួកគាត់ភាគច្រើនជាស្រ្តី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ។
ការអំពាវនាវឱ្យសមាជិកគ្រួសាររបស់អ្នកមានសេរីភាពពីពន្ធនាគារមកវិញ មិនមែនជាបទល្មើសទេ ។ ការសម្ដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភក្ដិរបស់អ្នក មិនមែនជាបទល្មើសទេ ។ ការឈរគៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍របស់អ្នក និងការទាមទាររកយុត្តិធម៌ ក៌មិនមែនជាបទល្មើសដែរ ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬអូសទាញ ពីសំណាក់នគរបាលទេ ។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ឱ្យបានឆាប់ និងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអាចគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ។
លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកទាំងយប់ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយ ព្រំដែនជាមួយប្រទេសវៀតណាម ។ មុនពេលចាប់ខ្លួនលោកពីរបីថ្ងៃ លោកបានចូលរួមការតវ៉ាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេររាប់រយនាក់ បន្ទាប់ពីរោងចក្រដែលពួកគាត់ធ្វើការត្រូវបានបិទដំណើរការ ដោយសារបញ្ហាកូវីដ១៩ ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ សកម្មជនចំនួន៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យដោះលែងលោក រ៉ុង ឈុន វិញ ។ អំឡុងពេលតវ៉ាដោយអហិង្សា យុវតី ឈឿន ដារ៉ាវី ដែលបានរួមចំណែកជាច្រើនក្នុងការងារយុត្តិធម៌សង្គម និងបរិស្ថាន ត្រូវបានបោចសក់អូសចូលក្នុងរថយន្ត បន្ទាប់ពីកងសន្ដិសុខខណ្ឌបានដកហូតយកកាបូបលុយរបស់នាងយ៉ាងកម្រោល ។ ក្រោយមកសកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស្លៀកពាក់ស៊ីវិល ខណៈដែលលោកកំពុងផ្សាយផ្ទាល់ (live) តាមហ្វេសប៊ុក (Facebook) បណ្ដើរ និងដើរទៅផ្ទះបណ្ដើរ បន្ទាប់ពីចូលរួមការតវ៉ា ។
សកម្មជនទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ។ លោក វណ្ណៈកំពុងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ក្នុងរាជធានីភ្នំពេញ ខណៈដែល ដារ៉ាវី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ។ សកម្មជន៤នាក់ទៀត ត្រូវបានដោះលែងពីការឃុំឃាំងវិញ បន្ទាប់ពីបានទទួលរងសម្ពាធឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយសន្យាថា នឹងមិនចូលរួមការតវ៉ាស្រដៀងគ្នានេះទៀត ។
កាលពីសប្ដាហ៍មុនមួយទៀត សកម្មជន៤នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយគណបក្សជំទាស់ដែលត្រូវបានរំលាយ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានចូលរួមការតវ៉ា ដើម្បីអំពាវនាវឱ្យដោះលែងលោក រ៉ុង ឈុន ។ ក្នុងនោះមាន២នាក់គឺលោក ឈួ ផេង និងលោក ជុំ ពុទ្ធី ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងកំពុងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ផងដែរ ។ ព្រះសង្ឃចំនួន៨អង្គ ដែលបានធ្វើដំណើរមកពីខេត្តបាត់ដំបង ដើម្បីចូលរួមការតវ៉ា ត្រូវបាននគរបាលហាមឃាត់ និងបង្ខំឱ្យនិមន្តត្រឡប់ទៅវត្តដែល ព្រះអង្គគង់នៅវិញ ។ សកម្មជនម្នាក់ទៀតគឺ យុវតី ស កន្និកា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ដូចគ្នា បន្ទាប់ពីបានចូលរួមការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី៧ ខែសីហា និងត្រូវបានបញ្ជូនទៅ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ ។ បច្ចុប្បន្ន លោកស្ថិតនៅក្រោមការឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ។ លោក សុភ័ណ្ឌ បានអំពាវនាវជាសាធារណៈឱ្យដោះលែងលោក រ៉ុង ឈុន ហើយក្រោយមកលោកក៏ត្រូវបានចាប់ខ្លួន បន្ទាប់ពីចុះទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលលោក រ៉ុង ឈុន បានពិនិត្យមើល មុនពេលដែលលោកត្រូវបានចាប់ខ្លួន ។
នេះជាលើកទី៣ហើយ ដែលលោក ហ៊ុន វណ្ណៈ ត្រូវបានចាប់ខ្លួនដោយសារភាពសកម្មរបស់លោក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកត្រូវបានជាប់ពន្ធនាគារ៥ខែ នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការចងក្រងឯកសារដែលសង្ស័យថាមានការបូមខ្សាច់ខុសច្បាប់ ។ កាលពីខែឧសភា ឆ្នាំ២០២០នេះ លោកត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង បន្ទាប់ពីតវ៉ាឱ្យមានការសម្រាលបន្ទុកបំណុលពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អំឡុងពេលមានវិបត្តិជាសកលនៃវីរុសកូវីដ១៩នេះ ។
ខណៈដែលមានការចាប់ខ្លួនជាបន្តបន្ទាប់បណ្ដាលមកពីការឃុំខ្លួនលោក រ៉ុង ឈុន កងកម្លាំងនគរបាល និងសន្ដិសុខបានបង្កើនការប្រើប្រាស់អំពើហិង្សា ដើម្បីបង្ក្រាបការជួបជុំបែបសន្ដិវិធីទាំងនេះ ។ នៅប៉ុន្មានសប្ដាហ៍មុន សាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់កំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលបានអំពាវនាវជាសាធារណៈឱ្យដោះលែងក្រុមគ្រួសាររបស់ពួកគាត់វិញ ត្រូវបានរុញច្រាន ទាត់ធាក់ និងអូសទាញឆ្លងផ្លូវធ្វើដំណើរពីសំណាក់ កងសន្ដិសុខប្រដាប់ដោយអាវុធ ។
អាជ្ញាធរក៏បានបង្កើនការប្រើប្រាស់មធ្យោបាយជាច្រើនក្នុងការរារាំងអ្នកតវ៉ាតាមដងផ្លូវ ។ កាលពីថ្ងៃទី០៣ ខែសីហា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានក្នុងចេតនា ហាមឃាត់រាល់ការតវ៉ាទាំងឡាយណា ដែលមានការសម្ដែងមតិអំពីរឿងក្ដីនៅខាងមុខតុលាការ ។ សេចក្ដីប្រកាសព័ត៌មាននេះបាន គំរាមកំហែងអំពីការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកតវ៉ា ដែលអំពាវនាវឱ្យមានការដោះលែងលោក រ៉ុង ឈុន ដោយបានចោទប្រកាន់ការតវ៉ាដោយសន្ដិវិធីរបស់អ្នកទាំងនោះថាជា ទង្វើដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់៦ខែ តាមមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ ។ នៅថ្ងៃដដែលនោះ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំដោយប្រកាសថា ការតវ៉ាទាំងនេះគឺបានអនុវត្តផ្ទុយពីវិធានការ ក្នុងការទប់ស្កាត់វីរុសកូវីដ១៩ ដែលនេះជាមធ្យោបាយផ្សេងមួយទៀតដើម្បីរារាំងការតវ៉ាផ្សេងៗ ។
យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនិងតុលាការ អាចដោះលែងអ្នកឃុំក្នុងពន្ធនាគារដែលគ្រាន់តែប្រើប្រាស់សិទ្ធិធានាដោយរដ្ឋធម្មនុញ្ញរបស់ខ្លួន ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នកតវ៉ាផ្សេងៗទៀត ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
3. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
4. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
5. សហគមន៍អមលាំង (កំពង់ស្ពឺ)
6. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
7. សហគមន៍បឹងប្រាំ (បាត់ដំបង(
8. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
9. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
10. សម្ព័ន្ធសហជីពកម្ពុជា (CATU)
11. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
12. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
13. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
14. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
15. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
16. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
17. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
18. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
21. សហភាពការងារកម្ពុជា (CLC)
22. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
23. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
24. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
25. បណ្តាញយុវជនកម្ពុជា (CYN)
26. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
27. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
29. សហគមន៍ដីធ្លីជីខលើ (កោះកុង)
30. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
31. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
32. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
33. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
34. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
35. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
36. អង្គការសមធម៌កម្ពុជា (EC)
37. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
38. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
39. យុវជនជនជាតិដើមភាគតិចសម្រាប់សហគមន៍ខេត្តរតនគិរី
40. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
41. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
42. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
43. សមាគមឥន្ទ្រទេវី (IDA)
44. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
45. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
46. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
47. សហគមន៍នេសាទកោះស្រឡៅ )កោះកុង)
48. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល
49. សហគមន៍ដីធ្លី )ប៉ៃលិន)
50. សហគមន៍ឡពាង (កំពង់ឆ្នាំង)
51. សហគមន៍មានជ័យ (ស្វាយរៀង)
52. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
53. មាតាធម្មជាតិកម្ពុជា (MNC)
54. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
55. Not 1 More (N1M)
56. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
57. អង្គការស្ពានសន្តិភាព (PBO)
58. សហគមន៍ភ្នំក្រោម (សៀមរាប)
59. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
60. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
61. អង្គការពន្លកខ្មែរ (PKH)
62. សហគមន៍ព្រៃឡង់ (កំពង់ធំ)
63. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
64. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
65. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង(
66. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
67. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
68. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
69. សមាគមធាងត្នោត (STT)
70. អង្គការសាមគ្គី
71. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
72. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង(
73. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ(
74. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង(
75. សហគមន៍ដីធ្លីតានូន (កោះកុង(
76. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
77. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ(
78. អង្គការតម្លាភាពកម្ពុជា (TI(
79. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ