សេចក្តីថ្លែងការណ៍នៃទិវាលំនៅឋានពិភពលោកឆ្នាំ 2023

ក្នុងឳកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៨នេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងលំនៅឋាននានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងអសុវត្ថិភាពដីធ្លី និងលំនៅឋាន ដោយសារតែការអភិវឌ្ឍដែលកង្វះនូវយុត្តិធម៌ តម្លាភាព និងការចូលរួម។ ពួកយើងទាំងអស់គ្នា ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ តែងតែមានការព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ និងការមិនមានសំណងសមរម្យ ព្រោះនាពេលកន្លងមក សហគមន៍ដីធ្លីដូចពួកយើងជាច្រើនតែងតែឈឺចាប់ និងរងគ្រោះពីការអភិវឌ្ឍទាំងនោះ។ សិទ្ធិមានកម្មសិទ្ធិ រួមទាំងសិទ្ធិមានលំនៅឋានសមរម្យ ត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៤៤ ក៏បានធានាអំពីសិទ្ធិជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានការពារដោយច្បាប់យ៉ាងតឹងរឹង។ ចំណែកឯសិទ្ធិមានលំនៅឋានសមរម្យត្រូវបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងនោះរួមមាន មាត្រា ២៥ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ នៃកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៨ ឆ្នាំ២០២៣នេះ យើងខ្ញុំបានរួមគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក តាមសហគមន៍របស់យើងរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធាបបទរួមគ្នា “យុត្តិធម៌លំនៅឋាននិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន”។ ដោយមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអជ្ញាធរមូលដ្ឋាន ប្រមាណជាជាង ១០០០នាក់ មកពីសហគមន៍ចំនួន ១៦ បានចូលរួមប្រារព្ធទិវានេះ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមផលប៉ះពាល់ដោយសារ ការរំលោភបំពានលើសិទិ្ធដីធ្លី និងលំនៅឋាន។
ដូច្នេះហើយ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវ៖
– រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធគោរព និងការពារសិទ្ធិរបស់យើងខ្ញុំជាប្រជាពលរដ្ឋក្រីក្រ និង មានសិទ្ធិរស់នៅដោយសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។
– រាជរដ្ឋាភិបាលត្រូវតែអនុវត្ត ច្បាប់ឱ្យមានប្រសិទ្ធិភាព និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើពួកយើងខ្ញុំ ជាពិសេស សកម្មជនដីធ្លី និងលំនៅឋាន។
– រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យបាននូវសិទ្ធិមានលំនៅឋានសមរម្យ ដើម្បីឱ្យមានការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។
– រាល់ការអភិវឌ្ឍទាំងឡាយត្រូវតែវាយតម្លៃហេតុប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសផលប៉ះពាល់ទៅលើជីវភាពរបស់ជនងាយរងគ្រោះ។
– អាជ្ញាធរមូលដ្ឋានគួរពន្លឿនការចេញប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណសមធម៌ដល់សមាជិកសហគមន៍ដីធ្លី ដែលពុំទាន់មានដើម្បីឱ្យពួកគាត់ទទួលបាននូវសេវាសង្គមនានា។
– សាលារាជធានីភ្នំពេញផ្តល់ និងគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជាប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម និងការតភ្ជាប់ បណ្តាញទឹកស្អាត និង អគ្គិសនីរបស់រដ្ឋ។
– អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលត្រូវធានាថា រាល់ដំណើរការអភិវឌ្ឍនានាត្រូវអនុលោមតាមគោលការណ៍នីតិរដ្ឋ ដែលរួមមានការបើកចំហរ តម្លាភាព គណនេយ្យភាព និងការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នករងផលប៉ះពាល់ ដើម្បីធានាថា ពួកគាត់បានចូលរួមពិភាក្សាអំពីបញ្ហាទាំងនោះ លើកឡើងពីកង្វល់នានា និងដំណោះស្រាយដែលអាចធ្វើទៅរួច សម្រាប់ផលប្រយោជន៍គ្រប់ភាគី។

Comments