អង្គការសមាគមធាងត្នោត (ស.ធ.ត.) ជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការផ្តោតលើសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន ដោយគាំទ្រសហគមន៍ក្រីក្រក្នុងទីក្រុង និងសហគមន៍ងាយរងគ្រោះឱ្យទទួលបានសុវត្ថិភាពដីធ្លី លំនៅឋានសមរម្យ យុត្តិធម៌បរិស្ថាន និងគាំពារសង្គម។ ស.ធ.ត. មានការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែតុលា ឆ្នាំ២០០៦។ “ធាងត្នោត” ត្រូវបានគេប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់នានា។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការណ៍នេះជម្រុញឲ្យស.ធ.ត.ព្យាយាមធ្វើការងាររបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ដល់សហគមន៍ងាយរងគ្រោះក្នុងប្រទេសកម្ពុជា។
តាំងពីដំបូង ស.ធ.ត.បានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចសម្រាប់សហគមន៍ក្រីក្រ ប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយ ទើបស.ធ.ត.ខិតខំពង្រឹងការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២៧០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន ។ តាមរយៈការគាំទ្រ ការទាមទាររបស់សហគមន៍ ស.ធ.ត. និងអង្គការដៃគូ បានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។
ចក្ខុវិស័យ៖
ស.ធ.ត. មានចក្ខុវិស័យថា សហគមន៍ក្រីក្រនៅទីក្រុង និងសហគមន៍ងាយរងគ្រោះ មានលំនៅឋានសមរម្យ រស់នៅប្រកបដោយជីវភាពធូរធារ និងសេចក្តីថ្លៃថ្នូរ។
បេសកកម្ម៖
បេសកកម្មរបស់ស.ធ.ត. គឺបង្កើតឧបករណ៍តស៊ូមតិ ផ្តល់អំណាច និងគាំទ្រសហគមន៍ក្រីក្រនៅទីក្រុង និងសហគមន៍ងាយរងគ្រោះទទួលបានលំនៅឋានសមរម្យ និងប្រកបដោយផាសុកភាព។
គុណតម្លៃស្នូល៖
សិទ្ធិលំនៅឋាន៖ ស.ធ.ត. ជឿជាក់ថា ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានលំនៅឋានដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេដោយអនុលោមតាមគោលនយោបាយជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិទទួលបានលំនៅឋានសមរម្យ។
ការស្រាវជ្រាវ និងទិន្នន័យផ្អែកលើភស្តុតាង៖ ស.ធ.ត. ជឿជាក់ថា ព័ត៌មាន និងភស្តុតាងដែលផ្អែកលើការពិត និងព៌ត័មានដែលទុកចិត្តបាន អាចជាឧបករណ៍មូលដ្ឋានសម្រាប់កិច្ចការតស៊ូមតិប្រកបដោយប្រសិទ្ធភាព។ វាជួយកាត់បន្ថយការជំរុញឲ្យមានភាពរងគ្រោះ និងបង្កើនការឆ្លើយតបជាវិជ្ជមាន និងទំនុកចិត្តនៅក្នុងសហគមន៍។
ភាពមានវិជ្ជាជីវៈ៖ រាល់ការងារ និងសកម្មភាពរបស់ស.ធ.ត. ចាំបាច់ត្រូវអនុវត្តតាមវិធីសាស្ត្រជាប្រព័ន្ធ និងមានភាពត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុត និងបទដ្ឋានវិជ្ជាជីវៈនៃការដំណើរការ និងគុណភាព។
តម្លាភាព និងគណនេយ្យភាព៖ ស.ធ.ត. ជឿជាក់ថាតម្លាភាព និងគណនេយ្យភាព ជាមូលដ្ឋាននៃការបង្កើនទំនុកចិត្តរបស់អ្នកពាក់ព័ន្ធ ក៏ដូចជាការធានានូវប្រសិទ្ធិភាព និងតម្លាភាពការងារ និងសកម្មភាពទាំងអស់របស់យើង។ ស.ធ.ត. នឹងចែករំលែកព័ត៌មាន និងមានគណនេយ្យភាពចំពោះភាគីពាក់ព័ន្ធទាំងអស់។
ការងារជាក្រុម៖ បុគ្គលិករបស់ ស.ធ.ត. ជឿជាក់ថា ការធ្វើការងារ និងសហការជាមួយគ្នាអាចសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យ។ ដូច្នេះបុគ្គលិកស.ធ.ត. នឹងធ្វើការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងមធ្យោបាយបំពេញបន្ថែមដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង។