អំពីវិធីយុទ្ធសាស្ត្ររបស់អង្គការសមាគមធាងត្នោត (ស.ធ.ត.)
ស.ធ.ត. ប្រកាន់ជំហរអព្យាក្រឹត មិនប្រកាន់គណបក្ស និងនិន្នាការនយោបាយ និងឈរលើមូលដ្ឋានសិទ្ធិមនុស្ស ដើម្បីពង្រឹងសមត្ថភាពរបស់សហគមន៍ងាយរងគ្រោះក្នុងទីក្រុង និងជនបទ ដើម្បីពួកគេអនុវត្ត និងទទួលបាននូវសិទ្ធិមានលំនៅឋានសមរម្យ និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។ ការគាំទ្ររបស់ស.ធ.ត.ចំពោះសហគមន៍ងាយរងគ្រោះផ្អែកលើគោលការណ៍នៃសកម្មភាពស្វែងរកមតិគាំទ្ររបស់សហគមន៍ ដែលបង្កើនសមត្ថភាព ចំណេះដឹង និងភាពជាម្ចាស់របស់សហគមន៍។ សកម្មភាពស្វែងរកមតិគាំទ្រត្រូវតែផ្តួចផ្តើមដោយសហគមន៍ផ្ទាល់ ដែលផ្តោតលើការពង្រឹងបណ្តាញមូលដ្ឋាន សាមគ្គីភាព និងការដឹកនាំរបស់សហគមន៍។
វិធីសាស្រ្តរបស់ស.ធ.ត.ចំពោះការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន គឺការលើកកម្ពស់ការយល់ដឹង និងការបង្កើតភាពធន់នៅកម្រិតសហគមន៍។ សកម្មភាពទាំងអស់របស់ស.ធ.ត.ផ្អែកលើគុណតម្លៃ សិទ្ធិលំនៅឋានសមរម្យ ការស្រាវជ្រាវផ្អែកលើភស្តុតាង វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព។
ស.ធ.ត. រួមចំណែកក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយជាតិរបស់កម្ពុជា ទាក់ទងនឹងសិទ្ធិរបស់សហគមន៍ងាយរងគ្រោះក្នុងទីក្រុង និងជនបទ ដើម្បីទទួលបាននូវសិទ្ធិកាន់កាប់ដីធ្លី និងលំនៅឋានសមរម្យ។ គោលបំណងនៃការអភិវឌ្ឍរបស់កម្ពុជា ទាក់ទងនឹងការកាន់កាប់ដីធ្លី និងលំនៅឋានសមរម្យ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិមនុស្ស និងតាមរយៈគោលនយោបាយ និងច្បាប់ជាតិ ដូចជាច្បាប់ភូមិបាលកម្ពុជា ដែលកំពុងត្រូវបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ ២០២៥។
បច្ចុប្បន្ន ស.ធ.ត.មានកម្មវិធីសំខាន់ៗចំនួនពីរ៖ កម្មវិធីសិទ្ធិក្នុងទីក្រុង និងកម្មវិធីតស៊ូមតិ និងផ្សព្វផ្សាយ។
កម្មវិធីសិទ្ធិក្នុងទីក្រុង៖
កម្មវិធីនេះផ្តោតលើការផលិតឧបករណ៍តស៊ូមតិផ្អែកលើភស្តុតាង ដូចជាការធ្វើផែនទីសហគមន៍ ការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីសហគមន៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការចងក្រងព័ត៌មានសហគមន៍ និងការផ្តល់ប្រឹក្សាផ្នែកច្បាប់។ ឧបករណ៍ទាំងនេះត្រូវបានប្រើសម្រាប់ស្វែងរកមតិគាំទ្រក្នុងន័យដើម្បីសហគមន៍ទទួលនូវសិទ្ធិកាន់កាប់ដីធ្លី និងលំនៅឋានសមរម្យ នៅក្នុងតំបន់ទីក្រុង និងតំបន់ងាយរងគ្រោះ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យនៃការបណ្តេញចេញ។ ដើម្បីសម្រេចគោលដៅនេះ កម្មវិធីសិទ្ធិក្នុងទីក្រុង មានគម្រោង បី ក្នុងការប្រតិបត្តិការងារ៖
១.គម្រោងផែនទី និងគំនិតផ្តួចផ្តើមទីក្រុង៖ គម្រោងនេះទទួលបន្ទុកក្នុងការសម្របសម្រួល និងផលិតផែនទីសហគមន៍ដែលមានការចូលរួម និងការរចនាលំនៅឋានសហគមន៍។

២. គម្រោងស្រាវជ្រាវ៖ គម្រោងនេះពាក់ព័ន្ធនឹងសកម្មភាពស្រាវជ្រាវយ៉ាងទូលំទូលាយ ដែលផ្តោតលើការអភិវឌ្ឍទីក្រុង វិវាទដីធ្លី ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងសិទ្ធិមនុស្សដោយការអភិវឌ្ឍនានា។

៣. គម្រោងសិទ្ធិដីធ្លី និងលំនៅឋាន៖ គម្រោងនេះផ្តោតលើការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការវិភាគផ្លូវច្បាប់ ការចងក្រងព័ត៌មានសហគមន៍ និងការស៊ើបអង្កេតវិវាទដីធ្លីក្នុងទីក្រុង។
_____________________________________________________
កម្មវិធីតស៊ូមតិ និងផ្សព្វផ្សាយ៖
គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពង្រឹងសមត្ថភាពសហគមន៍ និងបង្កើតបណ្តាញក្នុងចំណោមដៃគូយុទ្ធសាស្ត្រនៅថ្នាក់មូលដ្ឋាន តំបន់ និងអន្តរជាតិ។ កម្មវិធីនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសហគមន៍ងាយរងគ្រោះទទួលបាននូវសុវត្ថិភាពដីធ្លី និងលំនៅឋានសមរម្យ។ កម្មវិធីនេះត្រូវបានរៀបចំជាពីរគម្រោងសំខាន់ៗ៖
១. គម្រោង អាយ ស៊ី ធី និងប្រព័ន្ធផ្សព្វផ្សាយ៖ គម្រោងនេះធានាថាបញ្ហា និងកង្វល់របស់សហគមន៍ត្រូវបានដឹងឮដោយភាគីពាក់ព័ន្ធ និងសាធារណជនតាមរយៈប្រព័ន្ធឌីជីថល។ សហគមន៍ត្រូវបានពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសុវត្ថិភាព ជាពិសេសនៅពេលចែករំលែកព័ត៌មាន និងកង្វល់ដល់ភាគីពាក់ព័ន្ធ។

២.គម្រោងពង្រឹងអំណាចសហគមន៍ និងបណ្តាញ៖ តាមរយៈគម្រោងនេះ សហគមន៍មានសមត្ថភាពរៀបចំសកម្មភាពស្វែងរកមតិគាំទ្រដោយខ្លួនឯង និងធ្វើការរួមគ្នាដើម្បីទទួលបាននូវសុវត្ថិភាពដីធ្លី និងលំនៅឋានសមរម្យ។ ស.ធ.ត.ជួយសហគមន៍ក្នុងការកសាងបណ្តាញ និងទទួលបានការគាំទ្រនៅពេលអនុវត្តសកម្មភាពស្វែងមតិគាំទ្រ។
