អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូ សម្រាប់ស្ត្រី និងក្មេងស្រី

12 មីនា 2026, 00:00 80 ការមើល
អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូ សម្រាប់ស្ត្រី និងក្មេងស្រី

អបអរសាទរទិវានារីអន្តរជាតិខួបលើកទី១១៥!

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អង្គការសមាគមធាងត្នោតបានសហការជាមួយសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីប្រារព្ធនូវទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូ សម្រាប់ស្ត្រី និងក្មេងស្រី» នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៥០០នាក់។ ក្នុងឱកាសទិវានេះ តំណាងសហជីព សមាគម និងអង្គការសង្គមស៊ីវិល បានលើកឡើងនូវសារផ្សេងៗអំពីការគោរពសិទ្ធិសេរីភាពនៃការសម្ដែងមតិ ដើម្បីរួមគ្នាផ្ដល់ឱកាសអោយស្ត្រីបានចូលរួមក្នុងកិច្ចការងារសង្គម លើកពីបញ្ហារបស់ស្ត្រីជាសកម្មជនដីធ្លី ក៍ដូចជាលើកកម្ពស់ដល់សិទ្ធិអំណាចស្រ្តីក្នុងសហគមន៍ផងដែរ និង អំពាវនាវឱ្យមានសិទិ្ធស្មើគ្នារវាងបុរសនិងស្ត្រី និងគោរពសិទិ្ធស្ត្រី ក៏ដូចជាដំណោះស្រាយទៅលើបញ្ហាជាច្រើនដែលអ្នកទាំងនោះកំពុងជួបប្រទះ ដែលមានដូចជាជម្លោះដីធ្លី ហិង្សាផ្អែកលើយេនឌ័រ ការខ្វះខាតការទទួលបានកិច្ចការពារសង្គម និងស្នើភាគីពាក់ព័ន្ធបញ្ឈប់រាល់អំពើបៀតបៀនគ្រប់ទម្រង់នៅកន្លែងការងារ។

បន្ថែមពីនេះរាប់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ មីនា ឆ្នាំ២០២៦មក ប្រជាសហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតក្នុងទីក្រុង និងតាមបណ្តាលខេត្តផ្សេងៗទៀត ប្រមាណជា ៦០០ នាក់ ក៏បានប្រារព្ធ ទិវានារីអន្តរជាតិ នេះផងដែរ។ សហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតបានរៀបចំប្រារព្ធទិវានេះប្រកបដោយភាពច្នៃប្រឌិត ដែលមានដូចជា សកម្មភាពជួបជុំគ្នាក្នុងសហគមន៍ ការរាំរបាំ ការថ្លែងសារ រួមទាំងការសរសរសារពាក់ព័ន្ធបញ្ហាដីធ្លី លំនៅឋាន និងលើកកម្ពស់សិទ្ធិនារី ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកកម្ពស់ដល់សហគមន៍ដែលជាស្ត្រី ក្នុងការការការពារសិទ្ធិដីធ្លី និងលំនៅឋាន និងស្នើដល់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយដីធ្លី។

#STTCambodia #Urbanpoor #Poorcommunity #Landrights #Housingrights #Relocation #ទិវាអន្តរជាតិនារី #IWD2024

ចែករំលែក: