សេចក្តីថ្លែងការណ៍រួម៖ សូម​លុបចោល​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​៖​ ​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ក្នុង​ច្បាប់​នេះ​ ​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ

9 កញ្ញា 2025, 00:00 141 ការមើល សេចក្ដីថ្លែងការ
សេចក្តីថ្លែងការណ៍រួម៖ សូម​លុបចោល​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​៖​ ​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ក្នុង​ច្បាប់​នេះ​ ​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ

​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ ​នឹង​ផ្តល់​អំណាច​ពេញលេញ​ដល់​អាជ្ញាធរ​ ​ដើម្បី​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ ​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​ក្លាយ​ជា​ជន​គ្មាន​សញ្ជាតិ​ ​។​ ​មូលហេតុ​ដែល​អាច​ដក​សញ្ជាតិ​បាន​ ​ត្រូវ​បាន​ចែង​នៅ​ក្នុង​មាត្រា​ ​២​៩​ ​ថ្មី​ ​នៃ​ច្បាប់​នេះ​ ​ហើយ​នីតិវិធី​ជាក់លាក់​ក្នុង​ការ​ដកហូត​ ​នឹង​ត្រូវ​បាន​បញ្ញត្តិ​នៅ​ក្នុង​អនុក្រឹត្យ​ដាច់ដោយឡែក​មួយទៀត​ ​។​ ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​នេះ​ ​យើងខ្ញុំ​នឹង​ពន្យល់​អំពី​មូលហេតុ​ ​និង​របៀប​ដែល​វិសោធនកម្ម​ច្បាប់​នេះ​ ​មាន​លក្ខណៈ​ទូលាយ​ ​និង​ស្រពិចស្រពិល​ ​ដែល​រំលោភ​ទៅ​នឹង​បទដ្ឋាន​គតិ​យុត្ត ​និង​ច្បាប់អន្តរជាតិ​ ​។

​​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ ​ត្រូវ​បាន​អនុម័ត​ ​ក្រោយពេល​ដែល​មានការ​អំពាវនាវ​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​ក្រោយពេល​មានការ​បើកផ្លូវ​តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៥​ ​។​ ​ក្រុម​សង្គម​ស៊ីវិល​ជាង​ ​៥​០​ ​ស្ថាប័ន​/​ក្រុម​ ​បាន​លើកឡើង​អំពី​កង្វល់​របស់​ពួកគេ​ ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​នៃ​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ ​ដែល​រួម​មានលទ្ធភាព​នៃ​ការ​អនុវត្ត​ខុស​គោលដៅ​ ​និង​ផល​ប៉ះពាល់​ទៅលើ​សកម្មជន​សិទិ្ធ​មនុស្ស​ ​នយោបាយ​និង​សង្គម​ ​និង​ប្រជាពលរដ្ឋ​សាមញ្ញ​ ​ដែល​អ្នក​ទាំងនោះ​អាច​នឹង​ប្រឈម​នឹង​ការ​បាត់បង់​សិទិ្ធ​សេរីភាព​ ​ដោយ​ជាប់ពន្ធនាគារ​ ​ហើយនិង​បាត់បង់​នូវ​អត្តសញ្ញាណ​ជា​ ​ពលរដ្ឋ​ “​ខ្មែរ​” ​។

សិទិ្ធ​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ

​មាត្រា​ ​១​៥​ ​នៃ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទិ្ធ​មនុស្ស​ ​បាន​ចែង​ថា​ “​មនុស្ស​គ្រប់រូប​មាន​សិទិ្ធ​ទទួល​បាន​សញ្ជាតិ​មួយ​” ​ហើយ​ “​គ្មាន​ជន​ណា​ម្នាក់​អាច​ត្រូវ​ដកហូត​សញ្ជាតិ​ ​ឬ​រារាំង​សិទិ្ធ​ប្តូរ​សញ្ជាតិ​របស់​ខ្លួន​ដោយ​រំលោភ​បាន​ឡើយ​” ​។​ ​សេចក្តីប្រកាស​របស់​អា​ស៊ាន​ស្តីពី​សិទិ្ធ​មនុស្ស​ ​ក៏មាន​ចែង​នូវ​មាត្រា​ ​១​៨​ ​ដែល​មាន​អត្ថន័យ​ដូចគ្នានឹង​សេចក្តីប្រកាស​ជាស​កល​ខាងលើ​ដែរ​ ​ក៏ដូចជា​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​មនុស្សដទៃ​ទៀត​ ​ដែល​ប្រទេស​កម្ពុជា​ ​បាន​ផ្តល់​សច្ចាប័ន​ ​និង​បាន​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ជាតិ​ ​តាមរយៈ​មាត្រា​ ​៣​១​ ​នៃ​រដ្ឋធម្មនុញ្ញ​ ​។

​ដើម្បី​ជៀសវាង​ពី​ការ​ “​អនុវត្ត​មិន​ត្រឹមត្រូវ​” ​តាម​ច្បាប់អន្តរជាតិ​ ​ការ​ដកហូត​សញ្ជាតិ​ត្រូវ​ ​៖​

• ​អនុវត្ត​តាម​នីតិវិធី​មួយ​ដែល​អាច​ដឹង​ជាមុន​ ​និង​ធានា​បាន​នូវ​យុត្តិធម៌​ ​៖​ ​តើ​មានច្បាប់​ ​ឬ​បទដ្ឋាន​គតិ​យុត្ត​ដែល​ច្បាស់លាស់​ ​និង​ជាក់លាក់​ ​សម្រាប់​អនុវត្ត​ការ​ដកហូត​សញ្ជាតិ​ឬទេ​? ​តើ​មាន​នីតិវិធី​ត្រឹមត្រូវ​មួយ​ ​ដើម្បី​អនុវត្ត​ឬទេ​ ?
• ​ភាព​ចាំបាច់​ ​៖​ ​តើ​មានទោស​ទណ្ឌ​ដែល​មាន​លក្ខណៈ​ស្រាល​ជាង​ ​ឬ​ល្អ​​​ជាង​ ​ដើម្បី​ដោះស្រាយបញ្ហា​ដែល​កើតមាន​ឬទេ​ ?
• ​សមាមាត្រ​ ​៖​ ​តើ​ទោស​ទណ្ឌ​នេះ​ ​មាន​លក្ខណៈ​សមាមាត្រ​ ​ទៅ​នឹង​អំពើ​ល្មើស​ ​ឬទេ​ ?
• ​សម​ហេតុផល​ទៅ​នឹង​សត្យានុម័ត​ ​៖​ ​តើ​មាន​មូលហេតុ​រឹង​មាំ​ ​ដែល​បញ្ជាក់​ថា​អំពើ​ល្មើស​សាក​សមនឹង​ទទួលរង​ទោស​ទណ្ឌ​នេះ​ឬទេ​ ?
• ​មិន​រើសអើង​ ​៖​ ​តើ​ទោស​ទណ្ឌ​ ​អាច​ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ ​ដោយ​ភាព​រើសអើង​របស់​ខ្លួន​ទៅលើ​ជន​ណា​ម្នាក់​ឬទេ​ ​ដូចជា​ដោយសារ​និន្នាការនយោបាយ​ ​ជាតិពន្ធុ​ ​ឬ​ឋានៈ​ក្នុង​សង្គម​ផ្សេងទៀត​ ?

​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ ​ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​ ​មិនបាន​គោរព​តាម​លក្ខខណ្ឌ​ខាងលើ​នោះ​ទេ​ ​។​ ​មាត្រា​ ​២​៩​ ​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ ​ដកហូត​សញ្ជាតិ​ ​ពី​ពលរដ្ឋ​ខ្មែរ​ ​ក្នុង​លក្ខខណ្ឌ​ ​ដែល​មាន​ចែង​យ៉ាង​ទូលាយ​ ​និង​ស្រពិចស្រពិល​ ​ដោយ​មិន​ផ្តល់​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់​ទៅលើ​លក្ខខណ្ឌ​នីមួយៗ​នោះ​ទេ​ ​ដូចជា៖

​• “​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ ​ឬ​ធ្វើសកម្មភាព​ឃុបឃិត​គ្នា​ជាមួយ​បរទេស​ ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ផលប្រយោជន៍​ស្នូល​របស់​ព្រះរាជាណាចក្រកម្ពុជា​”
• “​ធ្វើសកម្មភាព​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​អធិបតេយ្យ​ជាតិ​ ​បូរណភាពទឹកដី​ ​និង​សន្តិសុខ​ជាតិ​” ​និង​
• “​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ ​ឬ​បទមជ្ឈិម​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ដល់​អង្គ​ព្រះមហាក្សត្រ​ ​ការ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​ ​ឬ​អំពើ​ភេរវកម្ម​” ​។

​ឃ្លា​ខាងលើ​ ​ដែល​ជា​និយមន័យ​នៃ​អំពើ​ល្មើស​ ​មាន​លក្ខណៈ​ទូលាយ​ ​និង​អាច​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដោយ​អត្ត​នោម័ត​ ​ហើយ​ ​មិន​អាច​ឱ្យ​សាធារណជន​អាច​ដឹង​ជាមុន​បាន​ ​ពី​លក្ខខណ្ឌ​ជាក់លាក់​នៃ​អំពើ​ល្មើស​ ​និង​ផ្តល់​នូវ​លទ្ធភាព​ខ្ពស់​ឱ្យ​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​បកស្រាយ​ ​និង​ប្រើប្រាស់​តាមចិត្ត​ ​។​ ​ជាឧទាហរណ៍​ ​អំពើ​ល្មើស​ក្នុង​ចំណុច​ពីរ​ដំបូង​ខាងលើ​ ​មិន​តម្រូវ​ឱ្យ​តុលា​ការពិនិត្យ​លើ​ភស្តុតាង​ ​ឬ​សម្រេច​ផ្តន្ទាទោស​ ​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ​ជាមុន​នោះ​ទេ​ ​ដោយ​គ្រាន់តែ​មាន​សកម្មភាព​ “​ប្រព្រឹត្ត​” ​អំពើ​ល្មើស​ ​ឬ​ “​ឃុបឃិត​” ​ដែល​នាំ​ឱ្យ “​អន្តរាយ​” ​គឺ​គ្រប់គ្រាន់​អាច​ចាត់​ជា​អំពើ​ល្មើស​តាម​វិសោធនកម្ម​ច្បាប់​នេះ​ ​។​ ​ក្នុង​ន័យ​នេះ​ ​គឺ​មិន​មានដំណើរ​ការ​នីតិវិធី​មួយ​ដែល​ ​ផ្តល់​យុត្តិធម៌​ ​សម្រាប់​ជន​ត្រូវ​ចោទ​នោះ​ទេ​ ​ហើយក៏​មិន​មាន​នីតិវិធី​ណាមួយ​ ​ដែល​អាច​បង្ហាញ​ ​ភាព​សម​ហេតុផល​ទៅ​នឹង​សត្យានុម័ត​ ​នៃ​ការចោទប្រកាន់​ទៅលើ​ជន​ត្រូវ​ចោទ​នោះ​ដែរ​ ​។​ ​នីតិវិធី​ដែល​ផ្តល់​យុត្តិធម៌​ ​ក៏​រួមបញ្ចូល​ផង​ដែរ​ ​នូវ​ការ​សរសេរ​ ​ជាលា​យ​ល័ក្ខ​អក្សរ​ ​អំពី​សេចក្តី​សម្រេច​ដកហូត​សញ្ជាតិ​ ​ហើយ​សេចក្តី​សម្រេច​នោះ​ទៀតសោត​ ​ត្រូវ​បើកផ្លូវ​ ឱ្យ​ជន​ដែល​ត្រូវ​បាន​ដកហូត​សញ្ជាតិ​ ​អាច​ប្តឹង​ជំទាស់​បាន​ ​ទៅកាន់​ស្ថាប័ន​ឯករាជ្យ​មួយ​ ​ដែល​មានអំណាច​គ្រប់គ្រាន់​ ​ដើម្បី​អាច​បដិសេធ​ចោល​ ​សេចក្តី​សម្រេច​នោះ​ ​។​ ​នៅ​កម្ពុជា​ ​មិន​មានច្បាប់​ណាមួយ​ ​ចែង​អំពី​លក្ខខណ្ឌ​គតិ​យុត្ត​ខាងលើ​នេះ​ទេ។

​ការ​អាច​ដឹង​ជាមុន​បាន​ ​មិន​ត្រូវ​បាន​ពិចារណា​នោះ​ទេ​ ​នៅ​ពេល​ប្រើប្រាស់​ពាក្យ​មួយ​ចំនួន​ដែល​មានន័យ​ស្រពិចស្រពិល​ ​ដូចជា​ “​ផលប្រយោជន៍​ស្នូល​” “​សន្តិសុខ​ជាតិ​” ​ឬ​ “​ការ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​” ​ដែល​ឃ្លា​ទាំងនេះ​ ​អាច​ត្រូវ​បាន​អាជ្ញាធរ​បកស្រាយ​បាន​ច្រើនយ៉ាង​ ​។​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​សកម្មជន​បរិស្ថាន​ជាច្រើន​នាក់​​ ​ដោយ​គ្រាន់តែ​ធ្វើ​ការពិសោធន៍​ទឹក​ ​រក​សារធាតុ​ពុល​ ​ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​ចោទប្រកាន់​ថា​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ​។​ ​ដូចនេះ​ប្រសិនបើ​ពលរដ្ឋ​ “​ខ្មែរ​” ​ណា​ម្នាក់​ ​រង​ការចោទប្រកាន់​ដែល​មាន​លក្ខណៈ​ទូលាយ​ខាងលើ​នេះ​ ​ដោយ​យោង​តាម​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ ​ហើយ​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ “​ខ្មែរ​” ​នោះ​ ​បាត់បង់​សញ្ជាតិ​ ​តើ​អាច​ឱ្យ​ពលរដ្ឋ​ “​ខ្មែរ​” ​ដទៃទៀត​ ​យល់​ដឹង​ដោយ​របៀបណា​ទៅ​ ​ថា​សកម្មភាព​ណាខ្លះ​ ​ជា​ការ​ប៉ះពាល់​សន្តិសុខ​ជាតិ​ ​និង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ដ្ឋ​ដកហូត​សញ្ជាតិ​ ​ខ្មែរ​ ​ពី​ពួកគាត់​ ?

​លើស​ពីនេះទៅ​ទៀត​ ​វិសោធនកម្ម​ច្បាប់​នេះ​ ​មិន​មាន​ ​ភាព​ចាំបាច់​ ​ឬ​ ​សមាមាត្រ​ ​នោះ​ទេ​។​ ​យោង​តាម​ច្បាប់អន្តរជាតិ​ ​ការ​ដកហូត​សញ្ជាតិ​ត្រូវ​បាន​ចាត់ទុកថា​ជា​ជម្រើស​ទណ្ឌកម្ម​ចុងក្រោយ​ ​។​ ​ទោស​ទណ្ឌ​នេះ​ ​អាច​ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​ ​តែ​នៅ​ក្នុង​ករណី​ដែល​វិធានការ​នានា​ ​មិន​អាច​សម្រេច​បាន​នូវ​គោលបំណង​របស់​រដ្ឋ​ ​។​ ​អាជ្ញាធរ​រដ្ឋ​នៅ​កម្ពុជា​ ​មិនបាន​ផ្តល់​អំណះអំណាង​ណាមួយ​ ​ដែល​បញ្ជាក់​ថា​ ​មូលហេតុ​​​អ្វី​បានជា​ក្រមព្រហ្មទណ្ឌ​ ​មិន​អាច​ដោះស្រាយបញ្ហា​ ​និង​រក្សា​បាន​នូវ​ “​សន្តិសុខ​ជាតិ​” ​។

​វិសោធនកម្ម​ច្បាប់​នេះ​ ​ក៏​មិនបាន​ហាមឃាត់​ ​ការ​អនុវត្ត​ដោយ​ការរើសអើង​ ​ផ្នែក​លើ​និន្នាការនយោបាយ​ ​ជាតិពន្ធុ​ ​ឬ​ឋានៈ​សង្គម​ផ្សេងទៀត​ ​នោះ​ដែរ​ ​។​ ​ការ​ផ្តន្ទាទោស​ថ្មីៗ​នេះ​ ​ទៅលើ​សកម្មជន​សង្គម​ ​និង​នយោបាយ​ ​ជាច្រើន​នាក់​ ​ពី​បទ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ ​និង​រួមគំនិតក្បត់​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ ​អំពី​ហា​និ​ភ័យ​ខ្ពស់​ ​ទៅលើ​ពលរដ្ឋ​ “​ខ្មែរ​” ​ប្រភេទ​ខាងលើ​នេះ​ ​នៅ​ពេល​អនុវត្ត​វិសោធនកម្ម​ច្បាប់​នេះ​ ​។​ ​វិសោធនកម្ម​ច្បាប់​នេះ​ ​ក៏​មិនបាន​ចែង​នូវ​ការណ៍​ដែល​មិន​មាន​ពលរដ្ឋ​ “​ខ្មែរ​” ​ណា​ម្នាក់​ ​នឹង​ត្រូវ​បាន​ដកហូត​សញ្ជាតិ​ ​ដោយសារ​និន្នាការនយោបាយ​ ​ជាតិពន្ធុ​ ​ឬ​លក្ខណៈ​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់អន្តរជាតិ​នោះ​ទេ​ ​។

​លើស​ពី​នេះ​ ​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​ដកហូត​សញ្ជាតិ​ក្រោម​វិសោធនកម្ម​ច្បាប់​នេះ​ ​អាច​នឹង​ក្លាយ​ជា​ជន​គ្មាន​សញ្ជាតិ​ ​ដែល​នេះ​ជា​អំពើ​រំលោភ​ច្បាប់អន្តរជាតិ​ ​។​ ​វិសោធនកម្ម​ច្បាប់​នេះ​ ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ដកហូត​សញ្ជាតិ​ ​ប្រសិនបើ​ “​មាន​មូលដ្ឋាន​ដែល​អាច​ជឿជាក់​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​រូប​នោះ​អាច​ទទួល​បាន​សញ្ជាតិ​ផ្សេងទៀត​ ​ឬ​ទទួល​បានការ​គាំពារ​ពី​រដ្ឋ​បរទេស​” ​។​ ​វាក្យ​ខណ្ឌ​នេះ​ ​មាន​លក្ខណៈ​ស្រពិចស្រពិល​ ​និង​មិន​អាច​ដឹងមុន​នោះ​ទេ​ ​ថា​នៅ​ក្នុង​លក្ខខណ្ឌ​ ​ឬ​ស្ថានភាព​ណាខ្លះ​ ​ដែល​ត្រូវ​ចាត់ទុកថា​សម​ហេតុផល​ក្នុង​ការ​ “​ជឿជាក់​” ​ថា​ជន​ណា​ម្នាក់​ ​អាច​ទទួល​បាន​សញ្ជាតិ​ផ្សេងទៀត​នោះ​ ​។

ការ​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ “​ខ្មែរ​” ​អាច​នឹង​មាន​ផលវិបាក​ធំធេង​ ​និង​ធ្ងន់ធ្ងរ​ ​ជាច្រើន​ ​។​ ​អំពើ​នេះ​ក៏​នឹង​ដកហូត​នូវ​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ​ក្នុង​ការ​កាន់កាប់​ដីធ្លី​ ​ការ​ទទួល​បាន​សេវា​សុខាភិបាល​សាធារណៈ​ ​ការអប់រំ​ ​ការ​រៀបអាពាហ៍ពិពាហ៍​ ​ការ​ធ្វើការងារ​ស្រប​ច្បាប់​ ​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ ​និង​ការធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ ​។

​វិសោធនកម្ម​ច្បាប់​នេះ​ ​អាច​នឹង​បង្ក​ហា​និ​ភ័យ​ ​ដែល​ជា​ការ​ដកហូត​ដោយ​មិន​ត្រឹមត្រូវ​ ​នូវ​សញ្ជាតិ​ “​ខ្មែរ​” ​ពី​ពលរដ្ឋ​ “ខ្មែរ​” ​និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទាំងនោះ​ ​ជាពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​។​ ​យើងខ្ញុំ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​សូម​លុបចោល​វិសោធនកម្ម​នេះ​ជាបន្ទាន់​ ​។

 

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍អមលាំង (កំពង់ស្ពឺ)
៤. សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
៥. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៦. សហគមន៍បឹងពីរ (បាត់ដំបង)
៧. សហគមន៍បឹងប្រាំ (បាត់ដំបង)
៨. សហព័ន្ធសហជីពកម្ពុជា (CATU)
៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១២. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៣. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៥. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
១៦. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
១៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
១៨. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
១៩. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
២០. អង្គការសមធម៌កម្ពុជា (EC)
២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
២៣. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ
២៤. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
២៥. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
២៦. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)
២៧. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
២៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
២៩. សហគមន៍ដីធ្លី (ប៉ៃលិន)
៣០. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៣១. ចលនាមាតាធម្មជាតិ (MNC)
៣២. សហគមន៍មានជ័យ (ស្វាយរៀង)
៣៣. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
៣៤. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
៣៥. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
៣៦. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៣៧. សហគមន៍ភ្នំក្រោម (សៀមរាប)
៣៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៣៩. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
៤០. អង្គការពន្លកខ្មែរ (PKH)
៤១. សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង)
៤២. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
៤៣. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៤៤. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៤៥. អង្គការសមាគមធាងត្នោត (ស.ធ.ត)
៤៦. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៤៧. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤៨. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
៤៩. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៥០. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
៥១. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
៥២. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥៣. សហគមន៍ព្រៃឈើត្រពាំងចាន (កំពង់ឆ្នាំង)
៥៤. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)

ចែករំលែក: