សេចក្ដីថ្លែងការណ៍រួម ស្ពីពីការរឹតត្បិតសិទ្ធិសេរីភាពខាងការជួបជុំទីសាធារណៈដោយសន្តិវិធី

23 តុលា 2026, 17:00 62 ការមើល សេចក្ដីថ្លែងការ
សេចក្ដីថ្លែងការណ៍រួម ស្ពីពីការរឹតត្បិតសិទ្ធិសេរីភាពខាងការជួបជុំទីសាធារណៈដោយសន្តិវិធី

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលមានរាយនាមខាងក្រោម     មានការសោកស្តាយជាខ្លាំង ដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយើងខ្ញុំរៀបចំកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខួបលើកទី៣៥ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរឹតត្បិតដែលមិនសមហេតុផលនេះ គឺជាការរំលោភសិទិ្ធសេរីភាពខាងការជួបជុំ និងបញ្ចេញមតិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាសាលារាជធានីភ្នំពេញទទួលបានការជូនដំណឹងជាមុនរួចហើយក៏ដោយ។ 
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាព ការផ្សះផ្សារជាតិ ការស្តារ និងការអភិវឌ្ឍស្រមតាមសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអធិបតេយ្យភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដូច្នេះ ការរំលឹកខួប គឺជាឱកាសមួយដែលប្រជាពលរដ្ឋកម្ពុជា អាចជួបជុំគ្នា បញ្ចេញមតិ និងលើកឡើងអំពីការវិវឌ្ឍ និងការសម្រេចបាននូវគោលបំណងដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អំពីសន្តិភាព សិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម ។ មិនតែប៉ុណ្ណោះ ទិវានេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ចួន ចំពោះកិច្ចព្រមព្រៀងនេះ ។


អាជ្ញាធររដ្ឋកាន់តែបង្កើនការរឹតត្បិតសិទ្ធិសេរីភាពខាងការជួបជុំដោយសន្តិវិធីនៅទីសាធារណៈ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរួមទាំងការរឹតត្បិតចុងក្រោយដែលបានកើតឡើងក្នុង        ឱកាសនៃការរំលឹកខួបនេះ។ ការរឹតត្បិតនេះ ធ្វើឱ្យលំហនៃការអនុវត្តសិទិ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរួមតូចស្រាប់ឱ្យកាន់តែលែងមាននៅក្នុងសង្គមកម្ពុជា ជាពិសេសសេរីភាពខាងការជួបជុំដោយផ្ទាល់នៅតាមទីសាធារណៈ ដើម្បីបញ្ចេញមតិ ឬកង្វល់របស់ពួកគេ ។ សកម្មភាពរឹតត្បិតទាំងនេះ គឺជាការអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជាហើយចាកឆ្ងាយកាន់តែខ្លាំងពីគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស ។


ខណៈដែលប្រទេសកម្ពុជា តែងតែប្រកាសជាសាធារណៈ និងចំពោះអន្តរជាតិថា រាជរដ្ឋាភិបាលបានធានានូវការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្ស ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កតិកាសញ្ញា អនុសញ្ញា និងលិខិតតូបករណ៍ពាក់ព័ន្ធនានា រូមទាំងសិទ្ធិស្ត្រី និងកុមារ ប៉ុន្តែអាជ្ញាធរតែងតែបដិសេធម្តងហើយម្តងទៀត ចំពោះការជួបជុំដោយសន្តិវិធីនានានៅទីសាធារណៈ ។ 


លំហសេរីភាពសាធារណៈដែលបានរួមតូច ធ្វើឱ្យសំឡេងរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ពីភាពអយុត្តិធម៌ក្នុងសង្គម មិនត្រូវបានស្តាប់ឮ ឬយកចិត្តទុកដាក់គ្រប់គ្រាន់។ ស្ថានភាពដ៏អាក្រក់នេះ នឹងរារាំងការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយបរិយាប័ន្ន ពហុភាពនិយម និងសមធម៌ ក៏ដូចជារារាំងកម្ពុជាក្នុងការសម្រេចបាននូវទស្សនវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។ យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមអំពាវនាវយ៉ាងទទូចដល់សាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់រូបភាពនៃការរឹតត្បិត ឬបំបិទសិទ្ធិសេរីភាពសម្តែងមតិ និងការជួបជុំសាធារណៈដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដោយត្រូវធានានូវ ការអនុវត្តសិទ្ធិសេរីភាពទាំងនេះឱ្យបានពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។


យើងខ្ញុំសូមបញ្ជាក់ជាថ្មីថា ការការពារសិទ្ធិសេរីភាព និងការបើកទូលាយលំហសាធារណៈ គឺជាការទទួលខុសត្រូវរួមរបស់រដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់រូប។ យើងខ្ញុំនឹងបន្តចូលរួមដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពពិតប្រាកដនៅកម្ពុជា។ សន្តិភាពពិតប្រាកដ ត្រូវដើរទន្ទឹមនឹងសេរីភាព យុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស ។


ឈ្មោះអង្គការ សមាគម និងសហជីពដែលគាំទ្រសេចក្តីថ្លែងការណ៍រួម៖
1-    សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
2-    អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
3-    សហព័ន្ធសហជីពកម្ពុជាឯករាជ្យ
4-    សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
5-    អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
6-    អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
7-    អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL)
8-    អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
9-    សមាគមបណ្តាញយុវជនកម្ពុជា (CYN)
10-    សហព័ន្ធសហជីពវិស័យទេសចរណ៍
11-    អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (CMPO)
12-    អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
13-    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
14-    សម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម
15-    សហព័ន្ធសហជីពអំណាចយុវជនកម្ពុជា
16-    ក្រុមពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម 
17-    សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
18-    សហព័ន្ធសហជីពឥទ្ធិពលការងារ
19-    សហព័ន្ធសហជីពឯករាជ្យ
20-    អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
21-    អង្គការមជ្ឈមមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
22-    អង្គការសមាគមធាងត្នោត (STT)
23-    អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ
24-    សហព័ន្ធសហជីពបេះដូងកម្មករ
25-    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ សេវាកម្មកម្ពុជា
26-    សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
27-    សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍
28-    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា
29-    សមាគមអ្នកបើកបររថយន្តធុនធ្ងន់កម្ពុជា

ទាញយក
ចែករំលែក: