សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖ បញ្ហាប្រឈម និងដំណោះស្រាយ

15 ឧសភា 2024, 07:13 367 ការមើល របាយការណ៍
សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖ បញ្ហាប្រឈម និងដំណោះស្រាយ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតចេញរបាយការណ៍ដែលមានចំណងជើងថា “សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖ បញ្ហាប្រឈម និងដំណោះស្រាយ ” ការស្រាវជ្រាវនេះមានគោលបំណងធ្វើការសិក្សា និងស្វែងរកឫសគល់នៃបញ្ហាដីធ្លីដែលប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រចំនួន ១១ ក្នុងរាជធានីភ្នំពេញកំពុងជួបប្រទះ។ ការស្រាវជ្រាវក៏នឹងពិនិត្យទៅលើការអនុវត្តលិខិតតូបករណ៍ជាតិ និងអន្តរជាតិដែលមានស្រាប់ ដើម្បីផ្ដល់ដំណោះស្រាយសមស្របក្នុងការលើកកម្ពស់សិទ្ធិដីធ្លី និងលំនៅឋាននៅក្នុងសហគមន៍ទាំងនោះផងដែរ។ 


ក្នុងរបាយការណ៍នេះ បានរកឃើញបញ្ហាសំខាន់ៗ ដែលសហគមន៍ទាំង១១ ទីតាំងកំពុងជួបប្រទះ រួមមាន បញ្ហាទាក់ទងនឹងសិទ្ធិដីធ្លី និងលំនៅឋាន បញ្ហាជីវភាព ប្រាក់ចំណូលធ្លាក់ចុះ ការបាក់ទឹកចិត្ត ការគំរាមកំហែងដោយអាជ្ញាធរ និងការចោទប្រកាន់ពីតុលាការ។


បញ្ហាទាំងនេះ កើតមានឡើងដោយសារកង្វះការចែករំលែកព័ត៌មាន ឬមិនបានដាក់បញ្ចូលសហគមន៍ក្រីក្រទាំងនោះក្នុងដំណើរការពិភាក្សា និងស្វែងរកដំណោះស្រាយសម្រាប់កិច្ចការអភិវឌ្ឍ។ ការណ៍នេះ បណ្តាលឱ្យសហគមន៍ក្រីក្រទាំងនោះមិនទទួលបានឯកសារមួយចំនួនដែលអាចគាំទ្រដល់ការកាន់កាប់ដីធ្លីរបស់ពួកគេ ហើយជាលទ្ធផលនៅពេលមានគម្រោងអភិវឌ្ឍន៍ពួកគេត្រូវបានតម្រូវឱ្យចាកចេញ ដើម្បីយកដីរបស់គេទៅឱ្យអ្នកផ្សេង ឬយកដីដែលពួកគេធ្លាប់កាន់កាប់ទៅអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបង្កើតជាអំពើអយុត្តិធម៌សង្គម។ សហគមន៍គ្មានជម្រើសអ្វីក្រៅពីការរួបរួមគ្នា និងតស៊ូមតិស្វែងរកអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីការពារដីធ្លីដែលពួកគេធ្លាប់អាស្រ័យផល និងរស់នៅនោះទេ តែជារើយៗពួកគាត់ត្រូវបានគំរាមកំហែង និងបំភិតភ័យបន្ថែមទៀត រហូតដល់មានសមាជិកសហគមន៍មួយចំនួនត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ។ 


ការលើកឡើងរបស់លោកស្រី វន ផា នៅសហគមន៍សំរោងត្បូង៖ “អ្នកក្រក្រមិចក៏តែងតែចាញ់ ចាញ់ហើយគ្មានថ្ងៃងើបមុខរួចទេ ចាញ់ហើយគេជាន់លិចដល់បាតដី។ អាជ្ញាធរវៃប្រជាពលរដ្ឋហើយ ពួកគាត់ដាក់ពាក្យបណ្តឹងមកលើប្រជាពលរដ្ឋទៀត។” 


ក្នុងរបាយការណ៍ ក៏បានផ្តល់អនុសាសន៍ឱ្យស្ថាប័នរដ្ឋដែលពាក់ព័ន្ធ រួមមាន៖


១- ការលើកឡើងថាសហគមន៍រស់នៅលើដីរដ្ឋ ខណៈដីរដ្ឋមិនទាន់បានចុះបញ្ជីដីរដ្ឋនៅឡើយបានធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ដល់ប្រជាសហគមន៍ក្រីក្រ និងអយុត្តិធម៌សង្គម។ ដូច្នេះរដ្ឋាភិបាលត្រូវចុះបញ្ជីដីឱ្យបានរួចរាល់មុននឹងអះអាងថាប្រពលរដ្ឋក្រីក្ររស់នៅលើដីរដ្ឋ និងត្រូវមានតម្លាភាពក្នុងការកំណត់ដីសាធារណៈរបស់រដ្ឋ ដោយមានការចូលរួមពិគ្រោះយោបល់យ៉ាងពិតប្រាកដ ពីប្រជាពលរដ្ឋដែលពាក់ព័ន្ធ។


២- សារាចរលេខ០៣ និងសារាចរលេខ ០៦ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ដល់ជនក្រីក្រ ជាពិសេស អ្នកដែលរស់នៅតំបន់មិនទាន់រៀបរយ ក៏ប៉ុន្តែការអនុវត្តគឺបានតិចតួចនៅឡើយ។  សាលារាជធានីភ្នំពេញ និងអគ្គនាយដ្ឋានលំនៅឋាន គួរយកគោលនយោបាយទាំងនេះ ដោយសហការណ៍ជាមួយស្ថាប័នដែលពាក់ព័ន្ធ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកម្ពស់សិទ្ធិមានលំនៅឋាន និងជីវភាពដល់ប្រជាសហគមន៍ក្រីក្រកាន់តែប្រសើរ តាមរយៈការសាងសង់លំនៅឋានសមរម្យ ឬផ្តល់មូលនិធិលំនៅឋានសមរម្យសម្រាប់សហគមន៍ក្រីក្រ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖


លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត


ទូរស័ព្ទ៖ ០១៦ ៨៩៩ ៤៦៥


អ៊ីម៉ែល: [email protected] 

ទាញយក
ចែករំលែក: