ស្លាកស្នាមនៃការអភិវឌ្ឍបឹងតាមោក "ពលរដ្ឋ២៦អ្នក ត្រូវបានចោទប្រកាន់ដោយសារការពារដីធ្លី និងលំនៅឋាន" ករណីសហគមន៍សំរោងត្បូង។
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតចេញរបាយការណ៍ដែលមានចំណងជើងថា “ស្លាកស្នាមនៃការអភិវឌ្ឍបឹងតាមោក ” ពលរដ្ឋ២៦អ្នក ត្រូវបានចោទប្រកាន់ដោយសារការពារដីធ្លី និងលំនៅឋាន៖ ករណីសហគមន៍សំរោងត្បូង។
របាយការណ៍សិក្សាស្រាវជ្រាវនេះមានគោលបំណង ប្រមូលនូវព័ត៌មានរបស់សហគមន៍សំរោងត្បូង ដែលជាសហគមន៍រងផលប៉ះពាល់ដោយផ្ទាល់ពី ការអភិវឌ្ឍបឹងតាមោក សម្រាប់ជាចំណេះដឹងដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិចារណា និងធ្វើឱ្យប្រសើរឡើងចំពោះគម្រោងអភិវឌ្ឍនានានៅពេលអនាគត ជាពិសេសធ្វើឱ្យប្រសើរឡើងសម្រាប់ក្រុមងាយរងគ្រោះដូចជាសហគមន៍ក្រីក្រជាដើម។
ដោយគិតចាប់ពីឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៤ ប្រជាសហគមន៍ចំនួន២៦នាក់ ត្រូវបានរងបណ្តឹងលើសំណុំរឿងចំនួន៧ ដោយសារតែការការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគេ។ បច្ចុប្បន្ន ក្នុងចំណោមបណ្តឹងទាំង៧ នោះមាន ប្រាំបណ្តឹង កំពុងដំណើរការនៅសាលាដំបូងរាជរាជធានីភ្នំពេញ មួយបណ្តឹងត្រូវបានសហគមន៍ប្តឹងសាទុក្ខទៅតុលាការកំពូល និងមួយបណ្តឹងទៀតបានតម្កល់ទុកឥតចាត់ការ។