គោលនយោបាយចល័តភាពគឺជាគន្លឹះសម្រាប់និរន្តភាពនៃបរិស្ថាន
ការប្រើប្រាស់ថយន្តគឺជាកត្តាចម្បង ដែលបង្កឱ្យមានការប៉ះពាល់ដល់បរិស្ថានបៃតង។ ការយល់ដឹងរវាងការតភ្ជាប់គោលនយោបាយចល័តភាព និងការរិចរិលនៃបរិស្ថានធម្មជាតិ គឺជាកត្តាចាំបាច់ ព្រោះវាជាគន្លឹះក្នុងការទប់ស្កាត់ការបាត់បង់បរិស្ថានធម្មជាតិបន្ថែមទៀត។ អត្ថបទនេះ បង្ហាញពីមូលហេតុនៃការបាត់បង់បរិស្ថានធម្មជាតិពីទស្សនៈនៃការពង្រីកទីក្រុង និងដំណោះស្រាយក្នុងការបង្រួមទីក្រុងគឺជាផ្លូវតម្រង់ទិសក្នុងការអភិវឌ្ឍ។
ការពង្រីកទីក្រុង គឺជាកាលៈទេសៈដែលមិនអាចជៀសវាងបាននៅពេលដែលទីក្រុងកាន់តែរីកចម្រើន។ សម្ពាធសេដ្ឋកិច្ច និងការអភិវឌ្ឍបានកែប្រែអតីតដីស្រែចំការ ដីលិចទឹក និងបឹងទៅជាអគារ ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ទីក្រុងភ្នំពេញតែងតែពង្រីកទៅតាមនិន្នាការគ្រីនហ្វៀល (Greenfield) មានន័យថាការបំប្លែងបរិស្ថានធម្មជាតិ ដូចជា ផ្ទៃទឹក ដីលិចទឹក និងទេសភាពជនបទ ដើម្បីបង្កើតសង្កាត់ថ្មី។ ក្នុងប្រវត្តិសាស្ត្រ ទីតាំងដូចជាវត្តកោះពហុកីឡដ្ឋាន ជាតិអូឡាំពិក និងសួនច្បារស្ពាននាគ សុទ្ធតែជាកន្លែងមានទឹកដែលត្រូវបានលប់។ ដូចគ្នានេះ ដែរឈ្មោះនៃទីតាំងដែលសំដៅទៅទឹក ឧទាហរណ៍ បឹងកេងកង ទឹកថ្លា បឹងកក់ ស្រះចក និងបឹងត្របែកជាដើមក៏បង្ហាញឱ្យឃើញថាទីតាំងទាំងនោះ ធ្លាប់ជាបឹង និងផ្លូវទឹកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ល្បឿននគរូបនីយកម្មនាពេលបច្ចុប្បន្នបណ្តាលឱ្យមានវិបត្តិ។ នៅពេលដែលការរីកដុះដាលទីក្រុងមានភាពរាលដាល ដូចជាការពឹងផ្អែកលើយានយន្តឯកជន និងមិនអាចគ្រប់គ្រងបានការបណ្តេញប្រជាជនចេញ ការបាត់បង់ជីវភាព និងការបំផ្លិចបំផ្លាញបរិស្ថានធម្មជាតិកាន់តែកើតឡើងញឹកញាប់ និងមានភាពធ្ងន់ធ្ងរ។ ផលប៉ះពាល់អវិជ្ជមានទាំងនេះ មិនត្រឹមតែកើតឡើងចំពោះអ្នករស់នៅជិតតំបន់អភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទូទៅផងដែរ។
ក្នុងការរុករកដំណោះស្រាយសម្រាប់បញ្ហានេះ ការសម្រាយពន្យល់ និងផ្ដល់អនុសាសន៍ផ្ដោតទៅលើតែរោគសញ្ញាតែប៉ុណ្ណោះ។ ខណៈពេលដែលអំពើពុករលួយ និងការរកប្រាក់ចំណេញត្រូវបានគេលើកឡើងជាញឹកញាប់ថាជាកត្តាចម្បង ឬជាដើមហេតុមិនបានកំណត់ ដែលនាំឱ្យមានការរីករាលដាលទីក្រុងដោយខ្វះការគ្រប់គ្រងនោះទេ។ ដើម្បីរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព ការវិភាគ និងផ្ដល់អនុសាសន៍គួរឈ្វេងរកកត្តាចម្បង ដែលជំរុញឱ្យទីក្រុងរីករាលដាលគ្មានដែនកំណត់ ដូចជាការពឹងផ្អែកលើយានយន្តឯកជន និងការរៀបចំទីក្រុងផ្ដោតទៅលើរថយន្ត។
លើសពីសម្ពាធសេដ្ឋកិច្ច
ស្របពេលប្រទេសកម្ពុជាកំពុងរីកចម្រើនតម្រូវការសម្រាប់លំនៅឋានកន្លែងពាណិជ្ជកម្ម និងកន្លែងបម្រើការងារសេវាកម្មកើនឡើងយ៉ាងខ្លាំងជំរុញឱ្យមាននគរូបនីយកម្ម។តម្រូវការនេះ ត្រូវបានបំពេញទាំងស្រុងដោយវិស័យឯកជន ដែលអភិវឌ្ឍ និងកែប្រែទេសភាពជនបទទៅជាតំបន់ទីក្រុងថ្មី ពោរពេញទៅដោយផ្ទះ អគារពាណិជ្ជកម្ម និងបរិក្ខារផ្សេងៗទៀត។ នៅក្នុងទីផ្សារសេរីដែលតែងតែផ្តោតលើប្រាក់ចំនេញតម្លៃអចលនៈទ្រព្យបានកើនឡើងខ្ពស់លើសលប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយមិនមានការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ។ ជាការឆ្លើយតប ក្រុមហ៊ុនអភិវឌ្ឍបានជ្រើសរើសទីតាំងដែលនៅកាន់តែឆ្ងាយពីស្នូលកណ្តាលនៃទីក្រុងភ្នំពេញ គម្រោងលំនៅឋានល្បីៗមួយចំនួនមានទីតាំងនៅតាមបណ្តាលខណ្ឌជាយក្រុងនានា ដូចជាខណ្ឌកំបូល ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ហើយស្ថិតនៅចំងាយជាង១៧គីឡូម៉ែត្រទៅ ២១គីឡូម៉ែត្រ ពីកណ្តាលទីក្រុងភ្នំពេញ។ ជាលទ្ធផលគម្រោងលំនៅឋានភាគច្រើនមានចំងាយឆ្ងាយពីកន្លែងធ្វើការសាលារៀនមណ្ឌលសុខភាព សេវាសាធារណៈ និងកន្លែងលំហែកាយ ដែលបង្ខំឱ្យមានការធ្វើដំណើរប្រចាំថ្ងៃឆ្ងាយខ្លាំង។
ភាពរីកដុះដាលនៃទីក្រុងបានបង្ករឱ្យមានការថយចុះនៃបរិស្ថានធម្មជាតិកាន់តែខ្លាំងទៅៗ។ ឧទាហរណ៍ ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនរាជរដ្ឋាភិបាលគ្រោងនឹងប្រគល់ដីព្រៃការពារនៅភ្នំតាម៉ៅ ដែលមានចម្ងាយ ៤២គីឡូម៉ែត្រ ខាងត្បូងរាជធានីភ្នំពេញក្នុងឆ្នាំ២០២២។ ជាងពាក់កណ្តាលនៃព្រៃភ្នំតាម៉ៅ ត្រូវបានខ្ទេចខ្ទីទុកឱ្យឧកញ៉ាពាក់ព័ន្ធនយោបាយធ្វើឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីសកម្មជនបរិស្ថាន និងសាធារណជនទូទៅ។ សង្គមស៊ីវិលដាក់សម្ពាធលើនាយករដ្ឋមន្ត្រីកម្ពុជាឱ្យចូលខ្លួនបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅក្រៅរាជធានីរបស់ប្រទេសជាតិ។ ជាអកុសល មួយសប្តាហ៍មុនការអន្តរាគមន៍ អ្នកអភិវឌ្ឍបានឈូសឆាយដី ៥០០-៦០០ ហិកតារួចទៅហើយ។ សព្វថ្ងៃនេះ ព្រៃនៅភ្នំតាម៉ៅបានជួបជោគវាសនា ដូចគ្នានឹងបឹងជាច្រើនក្នុងរាជធានីភ្នំពេញ ដែលនាំឱ្យសមាជិកសង្គមស៊ីវិលសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអនាគតនៃតំបន់ការពារធម្មជាតិ និងតំបន់ការពារជុំវិញទីក្រុង។
តើកត្តាគោលនយោបាយរៀបចំទីក្រុងអ្វីខ្លះ ដែលជំរុញឱ្យមានការអភិវឌ្ឍន៍បែបរីករាលដាល?
ទីក្រុងផ្តោតលើរថយន្ត
គោលនយោបាយចល័តភាពទីក្រុង គឺជាកត្តាសំខាន់មួយក្នុងការតម្រងទិសដៅនគរូបនីយកម្ម។ ទីក្រុងមួយពង្រីករាលដាលនាំឱ្យបំផ្លាញជម្រកធម្មជាតិ និងបណ្តេញប្រជាជនចេញពីទីលំនៅ ឬពង្រីកយ៉ាងប្រណីតឱ្យការថែរក្សាបរិស្ថាន
ធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់សង្គម គឺអាស្រ័យលើគោលនយោបាយចល័តភាពទីក្រុង។ ក្នុងករណីទីក្រុងភ្នំពេញ គឺយើងបានជ្រើសរើសយានជំនិះឯកជនជាមធ្យោបាយធ្វើដំណើរចម្បង។ ពិតមែនហើយបុគ្គលដែលមានលទ្ធភាពប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ដូចជាឡានទំនើបជាដើម គាត់អាចធ្វើដំណើរឆ្ងាយប្រចាំថ្ងៃបាន។ ប៉ុន្តែភាពងាយស្រួលនេះ បានជំរុញការពង្រីកទីក្រុងឱ្យកាន់តែឆ្ងាយទៅ ហួសផុតពីដែនកំណត់ចូលទៅដល់បរិស្ថានធម្មជាតិ។ទីក្រុងដែលពឹងផ្អែកទាំងស្រុងលើយានជំនិះឯកជន គឺជាក្រុងដែលបង្កើតឡើងសម្រាប់យានយន្តឯកជន (រថយន្ត) ដោយមិនបានលើកតម្កើនមធ្យោបាយធ្វើដំណើរផ្សេងទៀត។ ទីក្រុងបែបនេះមានដង់ស៊ីតេទាប (មានដង់ស៊ីតេប្រជាជនតិចជាង ១៥ ០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ) សំណង់មិនមានការប្រើប្រាស់ចម្រុះការដឹកជញ្ជូនសាធារណៈ មិនគ្រប់គ្រាន់ និងមានលក្ខណៈពិបាកថ្មើរជើងដែលធ្វើឱ្យអ្នកស្រុកពឹងផ្អែកតែលើរថយន្ត។ជាដំបូងនគរូបនីយកម្មបែបដង់ស៊ីតេទាប គឺជាការលូតលាស់នៃទីក្រុងដែលទីតាំងនីមួយៗ មានសភាពឆ្ងាយដាច់ស្រយាលពីគ្នា។ ជាឧទាហរណ៍ សាលារៀន ហាងលក់គ្រឿងទេស ការិយាល័យ ភោជនីយដ្ឋាន និងសួនច្បារនៅឆ្ងាយដាច់
ពីគ្នា ដែលនាំឱ្យកាន់តែពិបាកធ្វើដំណើរទៅកាន់ទីតាំងទាំងនោះ។
ជាបន្ទាប់ បណ្តាញផ្លូវដែលស្មុគស្មាញ និងខ្វះការព្រៀងទុកមុនធ្វើឱ្យតំបន់នីមួយៗមានលក្ខណៈផ្តាច់ចេញពីគ្នា ដែលតម្រូវឱ្យការធ្វើដំណើរ ពោរពេញទៅដោយភាពលំបាក។ បូកផ្សំទាំងការបំពានចិញ្ចើមថ្នល់ដោយយានយន្ត និងអាជីវកម្មតាមដងផ្លូវ សូម្បីតែការធ្វើដំណើរចម្ងាយជិតក៏មិនអាចប្រើមធ្យោបាយថ្មើរជើងបាននោះទេ។ ហើយកត្តាខាងលើទាំងអស់នេះបានជំរុញឱ្យជម្រើសដឹកជញ្ជូនសាធារណៈគ្មានប្រសិទ្ធភាពទាំងស្រុង ដែលជាមូលហេតុនាំឱ្យមានការពឹងផ្អែកទៅលើយានយន្តឯកជនកាន់តែខ្លាំងលើសលប់។
ការសិក្សានៅទីក្រុង ឆាងឈុន (Changchun) នៃប្រទេសចិនបានបង្ហាញឱ្យឃើញថាការសម្រេចចិត្ត របស់បុគ្គលក្នុងការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាមធ្យោបាយធ្វើដំណើរចម្បងរបស់ពួកគេ ផ្អែកលើលក្ខណៈសម្បត្តិនៃទីក្រុងក្នុងប្រទេសរបស់ពួកគេ។ កត្តារួមចំណែកនានា ទាំងដង់ស៊ីតេនៃទីក្រុង ប្លុក ឬតំបន់នៃទីក្រុងដែលមានការប្រើប្រាស់ចម្រុះ និងចម្ងាយទៅកាន់កណ្តាលទីក្រុង ទាំងអស់នេះ សុទ្ធតែជាកត្តារួមចំណែកឱ្យមានការសម្រេចចិត្តក្នុងការជ្រើសរើសមធ្យោបាយ ធ្វើដំណើរមួយដែលសាកសម។
ដូច្នេះ ករណីរាជធានីភ្នំពេញ ដែលពឹងផ្អែកលើរថយន្តបានបង្ខំអ្នករស់នៅឱ្យចាំបាច់ត្រូវប្រើប្រាស់យានជំនិះឯកជន សម្រាប់ធ្វើដំណើរប្រចាំថ្ងៃ។ កត្តានេះក៏ជំរុញធ្វើឱ្យទីក្រុងកាន់តែមានការពង្រីករាលដាលជ្រៅទៅក្នុងអតីតដីលិចទឹក បឹងនិងដីស្រែជាដើម ដែលបំផ្លាញបរិស្ថានធម្មជាតិនៅជុំវិញរាជធានីភ្នំពេញ។ នាពេលអនាគត បើរាជធានីភ្នំពេញមិនអាចផ្លាស់ប្ដូរចេញពីគោលនយោបាយចល័តភាពទីក្រុងដែលពឹងផ្អែកលើយានយន្តឯកជននោះទេ គឺនាំឱ្យមានការបំផ្លិចបំផ្លាញនឹងការខូចខាតបរិស្ថាន និងផលប៉ះពាល់ដល់សុខភាពប្រជាជនទីក្រុងភ្នំពេញទាំងមូល។
ទីក្រុងបង្រួម
កំណើននគរូបនីយកម្ម គឺផ្សារភ្ជាប់ជាមួយនឹងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃប្រទេស។ ដូច្នេះហើយ ការរីកលូតលាស់នៃទីក្រុង គឺត្រូវតែកើតមាន និងនគរូបនីយកម្មក៏អាចមានលក្ខណៈដែលមិនប៉ះពាល់អវិជ្ជមានដល់ជីវភាពប្រជាជន និងបរិស្ថានបានដែរ។ ក្នុងកិច្ចពិភាក្សារកដំណោះស្រាយសម្រាប់ការពង្រឹងការអភិរក្សតំបន់ធម្មជាតិ ទោះបីមានប្រយោជន៍ក្តីវាអាចព្យាបាលតែរោគសញ្ញានៃជំងឺតែប៉ុណ្ណោះ ប៉ុន្តែមិនអាចរកដំណោះស្រាយមូលហេតុដើមនោះទេ។ ដូច្នេះ ដើម្បីអភិរក្សតំបន់ធម្មជាតិនៅជិតទីក្រុង និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្សេងៗក្នុងសង្គម (ការបណ្តេញចេញពីលំនៅឋាន ការបាត់បង់ជីវភាពរស់នៅ) ដែលបណ្តាលមកពីការអភិវឌ្ឍន៍ វាជាការចាំបាច់ដែលបញ្ហានេះត្រូវដោះស្រាយតាមរយៈគោលនយោបាយនគររូបនីយកម្ម។ ជម្រើសមួយដែលល្អប្រសើរ គឺជាការរៀបចំទីក្រុងដែលមានលក្ខណៈបង្រួបបង្រួម។ គោលបំណងនៃវិធីសាស្ត្របង្រួបបង្រួម គឺការបង្កើតទីក្រុងមួយដែលមានផ្ទៃដីតូចជាជាងការរីករាលដាល និងផ្ទុយពីគំរូបច្ចុប្បន្ន។ ករណីសិក្សាមួយបានប្រៀបធៀបរវាងទីក្រុងអាត្លង់តាក្នុងសហរដ្ឋអាមេរិក និងទីក្រុងបាសេឡូណាក្នុងអេស្ប៉ាញ បានបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាងទីក្រុងដែលលាតធំ និងទីក្រុងដែលផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។
អាត្លង់តា គឺជាទីក្រុងដែលពឹងផ្អែកយ៉ាងខ្លាំងលើរថយន្ត ហើយគ្របដណ្តប់លើផ្ទៃដី៧,៦៩២ គីឡូម៉ែត្រការ៉េ ជាមួយនឹងប្រជាជនចំនួន ៥.៣លាននាក់។ ខណៈពេលដែលបាសេឡួណាមានចំនួនប្រជាជនស្រដៀងគ្នា ប៉ុន្តែវាគ្របដណ្តប់តំបន់មួយត្រឹមតែ ១/១២ នៃទំហំរបស់អាត្លង់តា។
អាត្លង់តាជាតំបន់ដែលមានផ្លូវធំៗ និងចំណតរថយន្តច្រើន ចំណែកឯបាសេឡូណាវិញ មានផ្លូវថ្មើរជើង សួនសាធារណៈ ហាងកាច់ជ្រុង និងលំនៅឋាន - ទាំងអស់នេះស្ថិតក្នុងប្លុកទីក្រុងតែមួយ។ អាត្លង់តាជួបប្រទះនឹងបញ្ហា ដូចជាការស្ទះចរាចរណ៍ និងភាពចល័តក្នុងទីក្រុងមិនសូវល្អក៏ដូចជាការបំភាយកាបូនច្រើនហួសហេតុ ខណៈពេលដែលបាសេឡូណារៀបចំឱ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅជុំវិញប្រព័ន្ធធ្វើដំណើរសាធារណៈ ដ៏មានប្រសិទ្ធភាព និងបង្កើតជាតំបន់ដែលអាចដើរបាន និងអាចជិះកង់បាន។
អាត្លង់តាត្រូវស៊ូទ្រាំនឹងកំដៅក្នុងទីក្រុងដែលស្ទើរតែមិនអាចទទួលយកបាន ដោយសារផ្ទៃបេតុងនៃចំណត់រថយន្ត និងផ្លូវកៅស៊ូដ៏ធំៗ ផ្ទុយទៅវិញបាសេឡូណាមានភាពត្រជាក់ដោយសារមានដើមឈើឧទ្យាន និងសួនតាមមាត់ទឹកជាច្រើន។
លើសពីនេះ បាសេឡូណាមិនមែនជាព្រៃនៃអគារខ្ពស់ៗនោះទេ។ អគារភាគច្រើនមានកម្ពស់ត្រឹមតែ ៥-៦ជាន់ ប៉ុណ្ណោះ ប៉ុន្តែអាចផ្ទុកលំនៅឋាន ហាង សេវាកម្មសំខាន់ៗ និងសកម្មភាពជាច្រើន។ ម្យ៉ាងទៀត ប្លុកនីមួយៗមានលក្ខណៈងាយស្រួលក្នុងការថ្មើរជើង។
គំរូដែលបានកំណត់ដោយ បាសេឡូណាបង្ហាញឱ្យឃើញថា ការអភិវឌ្ឍន៍បែបបង្រួមមិនចាំបាច់មានភាពចង្អៀត ឬអាគារខ្ពស់ស្គឹមស្កៃនោះទេ ដើម្បីទទួលបានជោគជ័យ។ ជាការពិត ដង់ស៊ីតេសមរម្យគឺជាគុណសម្បត្តិមួយ ព្រោះលំនៅឋាន ឱកាសការងារ ស្ថាប័នអប់រំ សេវាកម្មជាដើម កាន់តែខិតជិតគ្នា កាន់តែធ្វើឱ្យការដឹកជញ្ជូនសាធារណៈមានភាពប្រសើរ និងការធ្វើដំណើរកាន់តែមានប្រសិទ្ធភាព។ ចំណុចសំខាន់បំផុត គឺទីក្រុងដែលបង្រួមផ្ទៃក្រឡាក៏ជួយថែរក្សាប្រព័ន្ធអេកូឡូស៊ីជុំវិញផងដែរ។
មេរៀនពីទីក្រុងបាសេឡូណាជាគំរូអភិវឌ្ឍន៍ដ៏ល្អមួយសម្រាប់រាជធានីភ្នំពេញ។
ទីក្រុងបង្រួមរក្សាជម្រកធម្មជាតិ
អ្នកប្រហែលជាមានចម្ងល់ថា បើមានការកំណត់អាទិភាពវិធីសាស្ត្របង្រួមអាចនាំឱ្យមានការសាងសង់អគារខ្ពស់ៗ ឬទេ? គឺមិនមែនទេ ទីក្រុងបាសេឡូណាបង្ហាញរួចហើយការកំណត់ទំហំទីក្រុងឱ្យនៅតូចសមរម្យមិនតែងតែនាំទៅដល់ការ
សាងសង់អគារខ្ពស់ៗនោះទេ។
ភាពបង្រួមមានន័យថាកំណើននៃការប្រើប្រាស់លំហនៅក្នុងតំបន់ទីក្រុង។ គ្រប់អគារគួរតែជាអគារដែលប្រើប្រាស់ចម្រុះនិងពហុគោលបំណង ដែលរួមមានលំនៅឋាន ភោជនីយដ្ឋាន ហាងលក់ទំនិញ។ល។ ការធ្វើតាមគំរូបែបបង្រួមមានន័យថាអ្នកអភិវឌ្ឍនឹងជៀសវាងសាងសងកន្លែង ដែលមានការប្រើប្រាស់តែមួយ ដូចជាយានដ្ឋាន និងទីលានវាយកូនហ្គោលជាដើម។ ផ្ទុយទៅវិញ ទីធ្លាសាធារណៈ ផ្លាហ្សា និងសួនឧទ្យាន ដែលបម្រើគ្រប់លក្ខណៈនៃមុខងារសង្គមវប្បធម៌លំហែកាយ និងសេដ្ឋកិច្ចគួរតែត្រូវបានផ្តល់អាទិភាពជាធំ។
ដូចគ្នានេះដែរ ការដឹកជញ្ជូនក៏ត្រូវតែបង្រួបបង្រួមដូចគ្នាដែរ។ ការសាងសង់ផ្លូវធំៗចំណតយានយន្ត និងយានដ្ឋានរាប់មិនអស់គួរតែត្រូវបានជៀសវាង។ជំនួសមកវិញការធ្វើដំណើរគួរតែផ្លាស់ប្តូរមកមានការប្រើប្រាស់ឡានក្រុងដែលផ្ទុកអ្នកធ្វើដំណើរបានច្រើនជាង ប៉ុន្តែមានតម្លៃថោកក្នុងការធ្វើដំណើរ និងមាននិរន្តរភាពក្នុងការថែរក្សា ផ្លូវជិះកង់ និងចិញ្ចើមថ្មើរជើង។ ជាងនេះទៅទៀត ការសាងសង់ប្លុកទីក្រុងឱ្យមានភាពងាយស្រួលក្នុងការថ្មើរជើង ធ្វើឱ្យការធ្វើដំណើរសកម្ម និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ក្លាយទៅជាជម្រើសដ៏ងាយស្រួល និងទាក់ទាញសម្រាប់អ្នករស់នៅ។
សេចក្តីសន្និដ្ឋាន
ដូច្នេះវិធីសាស្ត្របង្រួមនេះ គ្រាន់តែអំពាវនាវឱ្យយើងប្រើប្រាស់លំហដែលយើងមានរួចមកហើយឱ្យមានភាពចម្រុះ និងអស់ពីលទ្ធភាព ដែលកាត់បន្ថយតម្រូវការក្នុងការសាងសង់អគារខ្ពស់ ឬសាងសង់បែបពង្រីករាលដាល។ ជាចំណុចបញ្ចប់ ការផ្លាស់ប្ដូរគោលនយោបាយចល័តភាព ចេញពីការពឹងផ្អែកលើយានយន្តឯកជននាំឱ្យទីក្រុងមានលក្ខណៈបង្រួបបង្រួម មិនត្រឹមតែនាំឱ្យទីក្រុងមានភាពងាយស្រួលក្នុងការរស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយសម្របសម្រួល ការថែរក្សាបរិស្ថានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានសង្គមផងដែរ។
អត្ថបទសិក្សាស្រាវជ្រាវខ្លីខាងលើនេះ ឆ្លុះបញ្ជាំងពីទស្សនៈរបស់អ្នកស្រាវជ្រាវវ័យក្មេងលើជ្រុងមួយនៃការអភិវឌ្ឍន៍ក្រោមប្រធានបទ៖
“ គោលនយោបាយចល័តភាពគឺជាគន្លឹះសម្រាប់និរន្តភាពនៃបរិស្ថាន”
*បញ្ជាក់អត្ថបទនេះ មិនបានសិក្សាស្រាវជ្រាវស៊ីជម្រៅ និងឆ្លុះបញ្ជាំងអំពីទស្សនៈរបស់អង្គការសមាគមធាងត្នោត (ស.ធ.ត)។