កម្មវិធីភាពជាអ្នកដឹកនាំយុវជនក្នុងសហគមន៍ បានចាប់ផ្តើមនៅឆ្នាំ២០២៤ និងជាគំនិតផ្តួចផ្តើមរបស់អង្គការសមាគមធាងត្នោត (ស.ធ.ត.) ក្នុងការផ្តល់សិទ្ធិអំណាច និងពង្រឹងសមត្ថភាពដល់យុវជន។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឪកាសដល់យុវជនកម្ពុជាមកពីសហគមន៍ក្រីក្រក្នុងទីក្រុង ក៏ដូចជាសិស្សានុសិស្ស តាមរយៈការផ្តល់ឱ្យពួកគេនូវបទពិសោធន៍ក្នុងវិស័យដីធ្លី និងសិទ្ធិលំនៅឋានសមរម្យ សិទ្ធិមនុស្ស និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ស.ធ.ត. បានចូលរួមយ៉ាងសកម្មជាមួយយុវជនតាំងពីឆ្នាំ ២០០៩ តាមរយៈគម្រោងដែលបានលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាអន្តរវប្បធម៌ តាមរយៈការសម្របសម្រួលទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូររវាងយុវជនកម្ពុជា និងសាកលវិទ្យាល័យនានាពីអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឹះដ៍រឹងមាំសម្រាប់កម្មវិធីភាពជាអ្នកដឹកនាំយុវជនក្នុងសហគមន៍។

លើសពីនេះ វេទិកាសំឡេងទីក្រុងរបស់ស.ធ.ត. បានដើរតួនាទីយ៉ាងសំខាន់ក្នុងជម្រុញឪ្យមានការចូលរួមរបស់យុវជន។ យន្តការនេះបានអនុញ្ញាត និងផ្តល់ឪកាសឱ្យយុវជនចូលរួមចំណែក និងផ្តល់មតិយោបល់ក្នុងកិច្ចការអភិវឌ្ឍន៍ និងការរៀបចំទីក្រុង។ ការណ៍នេះបានអនុញ្ញាតឱ្យយុវជនអនុវត្តសិទ្ធិរបស់ពួកគេក្នុងទីក្រុង និងលើកឡើងនូវការព្រួយបារម្ភ និងកង្វល់នានាអំពីការរចនាទីក្រុង ការដឹកជញ្ជូនសាធារណៈ ការគ្រប់គ្រងកាកសំណល់ ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ និងបញ្ហាបរិស្ថានជាដើម តាមរយៈយុទ្ធនាការ ការលើកកម្ពស់យល់ដឹងជាសាធារណៈ ការអភិវឌ្ឍសមត្ថភាព និងសកម្មភាពនានាទាំងលើវេទិកាឌីជីថល និងតាមសិក្ខាសាលានានាជាដើម។