Friday, April 26, 2024
Latest:

Author: Ath Ell

ទិវាបរិស្ថានពិភពលោកខួបលើកទី៤៤ ត្រូវបានប្រារព្ធនៅកម្ពុជា ក្រោមប្រធានបទ ” ព្រៃឈើ និងទន្លេគឺជាជីវិត “

កាលពីថ្ងៃទី០៥ មិថុនា២១០៦ អង្គការសង្គមស៊ីវិលចំនួនប្រាំបី បានប្រារព្វទិវាបរិស្ថានពិភពលោកខួបលើទី៤៤ ក្រោមប្រធានបទ” ព្រៃឈើ និងទន្លេគឺជាជីវិត “ ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ ដែលភាគច្រើនគឺជាយុវជន។ ទិវានេះប្រារព្វឡើងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន និងកត្តាដែលនាំឱ្យប៉ះពាល់ដល់ធនធានរបស់ទន្លេ និងព្រៃឈើនៅកម្ពុជា។ ការកាប់បំផ្លាញ់ព្រៃឈើ និងកាកសំណល់ បានធ្វើឲ្យមានផលប៉ះពាល់បរិស្ថានជាច្រើននៅប្រទេសកម្ពុជា ដូចជា បញ្ហាបំរែបំរួលអាកាសធាតុ និងវិនាសកម្មទូទាំងពិភពលោក។

នៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានបែងចែកជាពីរ ដែលពេលព្រឹកមានការថ្លែងសាររបស់វីរជនព្រៃឈើ និងបរិស្ថានពិភពលោក វេទិការពិភាក្សាតុមូលទាក់ទងនឹងយន្តការនានាក្នុងកិច្ចការពារបរិស្ថាន។ នៅពេលល្ងាច មានការដាក់តាំងរូបគំនូរស្តីពីបរិស្ថាន ការថ្លែងសាររបស់យុវជន ការសំដែងចាប៉ីដងវែង សម្តែងរឿងខ្លី និងការរាំកម្សាន្ត។  ក្នុងនោះដែរ អ្នកចូលរួមបានហែក្បួនជុំវិញទីលានប្រជាធិបតេយ្យដើម្បីទាមទារឱ្យដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំនៅខេត្តកោះកុង។

ការពិតនិងតួលេខ៖ #២៨៖ បឹងនៅក្នុងរាជធានីភ្នំពេញ៖ តើបឹងទាំងនោះនៅឯណា?

រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការលក់បឹងក្នុងរាជធានីភ្នំពេញហើយដូចដែលបានបង្ហាញដោយករណីនៃតំបន់បឹងកក់នេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបំពេញបឹង និងការបាត់បង់នៃប្រព័ន្ធទឹកក្នុងរាជធានីភ្នំពេញ។ ការអនុវត្តនេះត្រូវបានគេយល់ តាមរយៈការរាយការណ៍និងភស្តុតាងជាក់ស្តែងរបស់អតីតអ្នករស់នៅបឹងនេះមានការរងផលប៉ះពាល់ ដើម្បីឱ្យមានការរីករាលដាលបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើប្រព័ន្ធបង្ហូរទឹកធម្មជាតិនៅក្នុងរាជធានីភ្នំពេញ និងហានិភ័យនៃទឹកជំនន់។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះពុំមានការវិភាគគ្រប់ជ្រុងជ្រោយអំពីរបៀបនៃការអភិវឌ្ឍទីក្រុងដែលបានប៉ះពាល់នៅលើបឹងក្នុងរាជធានីភ្នំពេញនៅឡើយទេ។

នៅឆ្នាំ២០១៥ ក្រុមការងារស្រាវជ្រាវ របស់សមាគមធាងត្នោត បានធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នមានបឹងចំនួន២៥ ដែលមាននៅក្នុងរាជធានីភ្នំពេញ។ ការសិក្សានេះបានរកឃើញថាបឹងចំនួន ១៥ ត្រូវបានបំពេញ ដែលមានការខាតបង់ ៦០% នៃប្រព័ន្ធបឹងក្នុងរាជធានីភ្នំពេញ។ មួយបន្ថែមទៀត មានបឹងចំនួន ប្រាំបី ត្រូវបានចាក់បំពេញដោយផ្នែកខាងក្នុង និងបឹងផ្សេងទៀត បានក្លាយទៅជារាក់ដែលជាលទ្ធផល បានធ្វើឲ្យកាកសំណល់ ទឹក និងសំរាម ចូលទៅក្នុងតំបន់នេះ។ សរុបមក នេះបានបង្ហាញថា ការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅលើប្រព័ន្ធទឹកនៅក្នុងតំបន់នេះ។

ការពិតនិងតួលេខ៖ #២៨៖ បឹង​នៅក្នុងរាជធានីភ្នំពេញ៖

តើបឹងទាំងនោះនៅឯណា?

អត្ថបទនេះ​ផ្តល់នូវ​ព័ត៌មាន​លម្អិតស្តីពីបឹងនៅក្នុងរាជធានីភ្នំពេញ។

លោក​អ្នក​អាចស្វែងរក​ឯក​សារ​នេះជា ​ភាសាខ្មែរ និង​អង់គ្លេស។ ​

ព័ត៌មាន​បន្ថែម សូមទាក់ទង

លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ អង្គការ​សមាគមធាងត្នោត

អ៊ីម៉ែល ៖ sarom@teangtnaut.org

ទូរសព្ទ ៖ (+៨៥៥) ១២ ៨៣៦ ៥៣៣

សង្គមស៊ីវិល​សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ក្រុង​ជា​ច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម

សេចក្តីថ្លែងការណ៍

ថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០១៦ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​កាលពី​ព្រឹកមិញ​នេះ ដែលត្រូវ​បាន​ប្រព្រឹត្តិឡើង​ដោយ​សមាជិក​​សមាគម​​រួបរួមគ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា (CCDA) ទៅលើ​​អ្នកបើកបរ​​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​អ្នក​បើកបរ​ទាំងនោះ​ដែល​កំពុងតវ៉ា ហើយ​ក៏មានការ​សោកស្តាយផង​ដែរ​​ចំពោះ​នគរបាល​ដែល​មិនបាន​ឆ្លើយតប​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​បញ្ជៀស​អំពើហិង្សា​នេះ។ យើងខ្ញុំ​សូមអំពាវនាវ​ឲ្យមាន​ការដោះលែង​បុរសពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេតលើ​អំពើហិង្សា​នេះ។

អំពើហិង្សាយ៉ាង​ធ្ងន់ធ្ងរនេះ បានកើតឡើងនៅពេលមានការតវ៉ា​មួយរបស់អ្នកបើកបររថយន្តក្រុងជាច្រើននាក់​មកពីសហព័ន្ធសហជីពកម្មករ​វិស័យដឹកជញ្ជូនកម្ពុជា និងអ្នកគាំទ្រអ្នកទាំងនោះ ដែលមកពីសមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។ ព្រឹត្តិការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៤នាក់ រងរបួស រួមមានអ្នកបើកបររថយន្ត​ក្រុងដែលជាអ្នកតវ៉ានិង​អ្នកគាំទ្រអ្នកទាំងនោះ​ជាច្រើននាក់ អ្នកឃ្លាំមើលសិទិ្ធមនុស្ស ១នាក់ និងមន្ត្រីនគរបាល ១នាក់។ ក្នុងនោះមានម្នាក់បានរងរបួសបាក់ដៃ និងជាច្រើននាក់ផ្សេងទៀត រងរបួសមុខ​និងក្បាល។

នៅវេលាម៉ោងប្រមាណ ៩ និង៤០​នាទី ព្រឹក អ្នកតវ៉ា​មួយចំនួនក្នុងចំណោមអ្នកតវ៉ា ៥០នាក់ ដែលបានតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនរថយន្តក្រុងកាពីតូល នៅក្នុងរាជធានីភ្នំពេញ តាំងពីម៉ោង ៨ព្រឹក បានព្យាយាមរារាំងរថយន្តក្រុងមួយ ដោយមិនឲ្យចាកចេញពីស្ថានីយ។ អ្នកគាំទ្រប្រមាណ ៥០នាក់ មកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបាន​ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅ “ការពាររថយន្តក្រុង” ហើយអំពើហិង្សាបានចាប់ផ្តើមឡើង។ ភ្លាមៗបន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានកាន់ញញួរ និងដំបងដែក វាយទៅលើក្រុមមនុស្ស ដោយបានវាយដំ និងទាត់ធាក់យ៉ាងខ្លាំង​ទៅលើអ្នកតវ៉ានិងអ្នកគាំទ្រទាំងនោះ។ នគរបាលបង្ក្រាបបាតុកម្មមួយចំនួន បានចូលរួមក្នុងការវាយដំនេះផងដែរ នៅពេលដែលសមាជិក​សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងនគរបាលមួយចំនួនទៀត ព្យាយាមបញ្ឈប់អំពើហិង្សា តែមិនបានជោគជ័យ។

បន្ទាប់មក នគរបាល​បានរុញអ្នកបើកបរនិងអ្នកគាំទ្រអ្នកទាំងនោះថយក្រោយ និងបានចាប់ខ្លួនអ្នកបើកបរម្នាក់ និងអ្នកបើករ៉ឺម៉កកង់បី​ម្នាក់មកពីសហភាព​ការងារកម្ពុជា។ មិនមានសមាជិកមកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាណាម្នាក់ ត្រូវបានចាប់ខ្លួននោះទេ ទោះជាសមាជិករួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា វាយដំដោយប្រើញញួរ និងដំបងដែកមកលើអ្នកបើកបរ​រថយន្តក្រុងនិងអ្នកគាំទ្រអ្នក​ទាំងនោះ ក៏ដោយ។

បន្ទាប់ពីមានអំពើហិង្សា អ្នកបើកបរ​រថយន្តក្រុង និងអ្នកគាំទ្រសហភាពការងារ​កម្ពុជាជាច្រើននាក់ បានដើរក្បួនទៅកាន់ប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាល ដើម្បីដាក់ពាក្យបណ្តឹងអំពីអំពើហិង្សានេះ។ ច្រកចូលប៉ុស្តិ៍នគរបាល និងអធិការដ្ឋាន​នគរបាលទាំងពីរកន្លែងត្រូវបានបិទ ហើយនគរបាលដែលនៅទីនោះ បានបដិសេធទទួល​យកពាក្យបណ្តឹងអ្នកទាំងនោះ។ បន្ទាប់មកទៀត នគរបាលបង្ក្រាប​បាតុកម្មបានមកដល់ ហើយបំបែកអ្នកតវ៉ាទាំងនោះ។

លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “មនុស្សជាច្រើន ត្រូវបានក្រុមអ្នកស្លៀកពាក់ស៊ីវិលជាច្រើន​នាក់ប្រដាប់ដោយអាវុធបានវាយដំ កាលពីព្រឹកនេះ ហើយនគរបាលមិនបានខិតខំ​ប្រឹងប្រែងគ្រប់​គ្រាន់​ដើម្បី​បញ្ឈប់អំពើនេះនោះទេ”។ លោក បានបន្តទៀតថា៖ “មិនមាននរណាម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារនាថ្ងៃនេះ ត្រូវបានចាប់ខ្លួននោះទេ ទាក់ទងនឹងអំពើហិង្សាដែល​បង្កឡើងដោយក្រុមអ្នក​ស្លៀកពាក់ស៊ីវិល ហើយនិងនគរបាលបង្ក្រាបបាតុកម្ម”។

អ្នកបើកបររថយន្តក្រុង កាពីតូល បានធ្វើការ​តវ៉ាអស់រយៈពេលប្រហែល ២ខែមកហើយ បន្ទាប់ពីមានការបញ្ឈប់អ្នកបើកបររថយន្តក្រុង ៤៥នាក់ ដែលអ្នកទាំងនោះបានអះអាងថាខ្លួនត្រូវបានគេបញ្ឈប់ពីការងារដោយសារអ្នកទាំងនោះបានព្យាយាមបង្កើតសហជីពមួយ។ ក្រោយពីមានការស្នើសុំពីសាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនរថយន្តក្រុងនេះពិចារណាទទួលយកអ្នកបើកបរទាំងនោះវិញ ក្រុមអ្នកតវ៉ាបានផ្អាកការតវ៉ាជាបណ្តោះអាសន្នកាលពីថ្ងៃទី២៦ ខែមករា ហើយបានចាប់ផ្តើមតវ៉ាជាថ្មីកាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីក្រុមហ៊ុនរថយន្តក្រុងនេះ មិនអើពើនឹងសំណើរបស់សាលារាជធានី។

សមាគមរួបរួមគ្នាដើម្បី​អភិវឌ្ឍន៍កម្ពុជា ដែលជាសមាគមតូចមួយនៃ​អ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បីបានអះអាងថា ការតវ៉ារបស់អ្នកបើកបរ​រថយន្តក្រុងទាំងនេះ បានរំខានដល់អាជីវកម្មអ្នក​បើករ៉ឺម៉កកង់បីដែលនៅ​ជុំវិញស្ថានីយ៍។ សមាគមនេះ មិនតំណាងឲ្យអ្នកបើកបររថយន្តក្រុងនោះទេ ហើយក៏មិនមានទំនាក់ទំនងផ្លូវការណាមួយនៅក្នុងជម្លោះនេះដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៣ អ្នកចូលរួមពីរនាក់នៅក្នុង​ការតវ៉ានៅពេលនោះរបស់សមាគមរួបរួមគ្នា​ដើម្បីអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍ដល់សារព័ត៌មានថា អ្នកទាំងនោះត្រូវបាន​គេសន្យាផ្តល់ប្រាក់ដើម្បីចូលរួមក្នុងការតវ៉ា ហើយមិនបានដឹងថា​តើគេតវ៉ាអំពីអ្វី​នោះទេ។

លោក មឿន តុលា នាយក​ប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ “អំពើហិង្សាយ៉ាងធ្ងន់ធ្ងរនាថ្ងៃនេះ បង្ហាញថាពលរដ្ឋមិននឹងអាចចូលរួមក្នុងការតវ៉ាជាសាធារណៈនានាដោយមិនរងនូវការចាប់ខ្លួនោះទេ (ឬគម្រាមកំហែងដល់អាយុជីវិតអ្នកទាំងនោះនោះទេ)។ នេះក៏ជាភស្តុតាងបន្ថែមនៃការប្រើប្រាស់អំពើហិង្សាដែលមិនមានភាពស្មើគ្នារបស់អាជ្ញាធរដោយមាននិទណ្ឌភាពទាំងស្រុង ដើម្បីបំភិតបំភ័យ និងបំបែកកម្មករដែលកំពុងតវ៉ា”។

យើងខ្ញុំ សូមធ្វើការ​ថ្កោលទោសជាថ្មីយ៉ាងខ្លាំងចំពោះអំពើហិង្សា អំពាវនាវឲ្យមានការដោះលែងជនរងគ្រោះដែលត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ និងទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស មានតម្លាភាព និងឯករាជ្យភាព ទៅលើព្រឹត្តិការណ៍នាថ្ងៃនេះ។

១. សហគមន៍បឹងកក់ (BKL)
២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៣. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
៤. សហភាពសហជីពកម្ពុជា (CATU)
៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៦. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
៧. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
៩. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១០. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១១. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
១២. សហភាពការងារកម្ពុជា (CLC)
១៣. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
១៧. សហគមន៍ឆេកូ
១៨. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៩. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. អង្គការសមធម៌កម្ពុជា (EC)
២២. សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
២៣. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
២៤. សមាគមខ្មែរលើ (HA)
២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៦. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
២៧. សហគមន៍ភ្នំបាត
២៨. សហគមន៍ព្រែកតាគង់
២៩. សហគមន៍ព្រែកតានូ
៣០. សហគមន៍ព្រៃសាលាថ្មី
៣១. សមាគមធាងត្នោត (STT)
៣២. សហគមន៍ ៩២
៣៣. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
៣៤. សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក មឿន តុលា, នាយកប្រតិបត្តិមជ្ឈ​មណ្ឌលសម្ព័ន្ធ​ភាពការងារ​និងសិទ្ធិមនុស្ស, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
▪ លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេក​ទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

ការពិត និងតួលេខ ទី២៦​៖ការគ្រប់គ្រង និងការប្រមូលសំណល់រឹង

ការពិត និងតួលេខ ទី២៦៖ការគ្រប់គ្រង និងការប្រមូលសំណល់រឹង អត្ថបទនេះផ្តល់នូវព័ត៌មានលម្អិតស្តីពីសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ។ Read More

វគ្គបណ្តុះបណ្តាលស្តីអំពីការគូរផែនទី នឹងប្រមូលទិន្នន័យគ្រួសារសហគមន៍

គម្រោងរៀបចំ ផែនទី កែលម្អ និងសុវត្ថិភាពដីធ្លីសហគមន៍ នៅថ្ងៃទី ០២ ខែកញ្ញា ២០១៥ នេះបានបើកវគ្គបណ្តុះបណ្តាលមួយដែលមានរយៈពេលបីថ្ងៃ​ចាប់ពីថ្ងៃទី ០២ ខែកញ្ញា ២០១៥នេះរហូតដល់ ថ្ងៃទី ០៤ ខែកញ្ញា ២០១៥ ស្តីពីការគូរផែនទី និងប្រមូលទិន្នន័យគ្រួសារសហគមន៍ ដែលស្ថិតនៅ នៅភូមិស្វាយចេកថ្មី ឃុំគោករកា ខណ្ឌព្រែកព្នៅ។ ហើយក្នុងវគ្គបណ្តុះបណ្តាលនេះដែរក៏មានការអញ្ជើញចូលរួមពីរ លោក ហង្ស វង្ស អ្នកតំណាងមកពី សមាគមធាងត្នោត  លោកចៅសង្កាត់ព្រែកព្នៅ  និងប្រធានភូមិស្វាយចេកថ្មីផងដែរ។

ដោយសរុបទាំងសិក្ខាកាម និងបុគ្គលិករបស់សមាគមមានទាំងអស់៥០នាក់។ ដោយមូលហេតុក្នុងការបង្កើតវគ្គបណ្តុះបណ្តាលនេះឡើងគឺមានគោលបំណងដូចជា ចង់បណ្តុះបណ្តាលសមាជិកសហគមន៍ស្វាយចេកថ្មីពីបច្ចេកទេសក្នុងការៀបចំផែនទី និងប្រមូលទិន្នន័យ សហគមន៍របស់ពួកគេតាមវិធីសាស្រ្តនៃការចូលរួម ចង់ពង្រឹកទំនាក់ទំនងរវាង​ អ្នកចូលរួមដែលមកចូលរួមមកពីសហគមន៍ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ចង់បង្កើនការយល់ដឹងសហគមន៍អ្នកចូលរួម​ ពីច្បាប់ភូមិបាល ការប្រើប្រាស់សិទ្ធិមានចែងក្នុងច្បាប់ និងច្បាប់ផ្សេងទៀតដែលអាចដកហូតសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់។

តាមរយៈការបង្កើតនៅវគ្គបណ្តុះបណ្តាលនេះឡើងយើងក៏បានរំពឹងទុក្ខដែរថា អ្នកចូលរួមនឹងទទួលបានបច្ចេកទេសថ្មីពីអង្គការសមាគមន៍ ទាក់ទងទៅនឹងការៀបចំផែនទី និងប្រមូលទិន្នន័យដោយមានការចូលចូលរួមទំនាក់ទំនងរបស់អ្នកចូលរួម ដែលជាសមាជិកសហគមន៍ ធ្វើអោយកាន់តែមានភាពប្រសើរឡើងតាមរយៈការធ្វើការងារជាមួយគ្នាក្នុងរយៈពេលបណ្តុះបណ្តាលបីថ្ងៃនេះ ដោយទទួលបានការយល់ដឹងបន្ថែមពីច្បាប់ភូមិបាល ការប្រើប្រាស់សិទ្ធិមានចែងក្នុងច្បាប់ និងច្បាប់ផ្សេងៗទៀតដែលអាចដកហូតសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី និងផ្ទះសំបែងរបស់ពួកគាត់។

សិក្ខាសាលាការៀបជម្រើសប្លង់កែលម្អសគមន៍ អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ

កាលពីថ្ងៃទី២៥-២៦ ខែកក្កដា និងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ អង្គការសមាគមធាងត្នោត បានកំពុងរៀបចំសិក្ខាសាលានិស្សិតរយៈពេល៣ថ្ងៃស្តីពី“ការៀបជម្រើសប្លង់កែលម្អសគមន៍ អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ”។នៅក្នុងសិក្ខាសាលានេះមានការចូលរួមពីក្រុមនិស្សិតស្ថាបត្យកម្មនិងវិស្វកម្មមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជននានានៅក្នុងរាជធានីភ្នំពេញ បានសហការណ៍គ្នាចុះទៅជជែកពិភាក្សាស្វែងរកបញ្ហា ដើម្បីរៀបចំផែនការកែលម្អ រួមទាំងបទបង្ហាញលទ្ធផលបានរកឃើញ ទៅកាន់សហគមន៍អភិវឌ្ឍន៍ថ្មី និងសហគមន៍ស្វាយចេកថ្មីសហគមន៍។

បឹងកក់ៈ រដ្ឋាភិបាលគួរតែដោះស្រាយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

ESCR-Net

សេចក្តីប្រកាសព័ត៌មានបន្ទាន់

​បឹងកក់ៈ រដ្ឋាភិបាលគួរតែដោះស្រាយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

អង្គការអន្ដរជាតិអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យធានាថាការអភិវឌ្ឍនៅក្នុងតំបន់មួយគឺត្រូវធ្វើឡើងទៅតាមបទដ្ឋានទទួលស្គាល់ជាអន្ដរជាតិ

ទីក្រុងញ៉ូវយក ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៥៖

កាលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥ បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ (ESCR-Net)​ បានផ្ញើរលិខិតមួយច្បាប់ទៅកាន់​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង លើស្ថានភាពរស់នៅ ដែលក្រុមគ្រួសាររស់នៅក្នុងតំបន់បឹងកក់​កំពុងប្រឈម ជាពិសេសទាក់ទងទៅនឹងទឹកជំនន់ ប្រព័ន្ធលូ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

លោក គ្រីស ហ្គ្រូវ (Chris Grove)​ ប្រធានបណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានមានប្រសាសន៍ថា “ការបណ្ដេញចេញដោយបង្ខំ ដើម្បីសំអាតតំបន់ជុំបឹងកក់ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេឃើញថាមានភាពមិនសម​ស្របទៅនឹងកតិកាសញ្ញាអន្ដរជាតិស្ដីអំពី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”

លិខិត ដែលមានការយល់ស្រប និងគាំទ្រពីអង្គការ ជំនួន ២២០ និង សកម្មជនសិទ្ធិមនុស្ស ៥០ ក្នុងប្រទេសចំនួន ៧០ ក៏បានបញ្ជាក់ផងដែរថា ក្រុមគ្រួសារអ្នកបឹកកក់ដែលនៅសេសសល់មួយចំនួនត្រូវបានឆ្វៀលចេញពីដំណើរការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងបន្ដខ្វះសុវត្ថិភាពកាន់កាប់ដីធ្លី ចំណែកឯ សមាជិកគ្រួសារដែលមានចំណូលទាប ដែលបានទទួលសិទ្ធិកាន់កាប់ផ្ទះរបស់ពួកគេរួចហើយនោះ គឺតម្រូវឲ្យធ្វើតាមបទបញ្ញាត្ដិការអភិវឌ្ឍទីក្រុង ដែលនេះធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះនៃការបណ្ដេញចេញនាពេលអនាគតខាងមុខ។

លោក គ្រីស ហ្គ្រូវ មានប្រសាសន៍ថា “យើងបានកត់សម្គាល់ដោយក្ដីព្រួយបារម្មណ៍ថា ពីរបីពាន់គ្រួសារត្រូវបានគេរាយការណ៍ថា​ បានចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់បឹងកក់ បន្ទាប់ពីបានទទួលសំណងមិនសមរម្យ និងក្រោមរូបភាពបង្ខិតបង្ខំយ៉ាងធ្ងន់ធ្ងរបំផុត ដែលនេះធ្វើឲ្យពួកគេ​កាន់តែក្រីក្រខ្លាំងទៅៗ។”

បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net)​​ សូមអំពាវនាវដល់រាជរដ្ឋាភិបាល​កម្ពុជា សូមផ្ដល់សុវត្ថិភាពផ្លូវច្បាប់កាន់កាប់ដីធ្លី ទៅដល់ក្រុមគ្រួសារដែលនៅសេស​សល់នៅក្នុងតំបន់បឹងកក់ រួមទាំងផ្ដល់ជំនួយផ្នែកថវិការ និងផ្នែកបច្ចេកទេសទៅដល់សមាជិកគ្រួសារ សម្រាប់ឲ្យពួកគេកែលម្អរលំនៅឋានរបស់ពួកគេទៅតាមបទដ្ឋានលំនៅឋាន និងស្របទៅនឹងគោលនយោបាយលំនៅដ្ឋានជាតិ ដែលបានអនុម័ត​ពេលថ្មីៗ នេះ។

ជាចុងក្រោយ លិខិតនេះ អំពាវនាវ ដើម្បីធានាថា រាល់ការអភិវឌ្ឍជុំវិញតំបន់បឹងកក់ គឺត្រូវធ្វើឡើងឲ្យស្របទៅតាមបទដ្ឋានទទួលស្គាល់ជាអន្ដរជាតិ និងមិនរំលោភសិទ្ធិសហគមន៍ដែលទទួលរងផលប៉ះ​ពាល់។

លិខិតទាំងស្រុង គឺអាចរកបាននៅក្នុងតំណរភ្ជាប់នេះ​ http://goo.gl/tjOJ6I

អំពី ESCR-Net

បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ (ESCR-Net)​ មានបណ្ដាញជាង២៧០អង្គការ អ្នកចលនាសង្គម និងសកម្មជនពីបណ្ដាប្រទេស៧០ ជុំវិញពីភពលោក។ ESCR-Net ផ្ដល់ការផ្លាស់ប្ដូរបែបយុទ្ធសាស្រ្ដ និងការតស៊ូមតិបែបសមូហភាពក្នុងការកសាងចលនាសកលលោកដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងយុត្ដិធម៌សង្គមពិតប្រាកដសម្រាប់ទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.escr-net.org.

 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក អ៊ី សារ៉ុម

នាយកប្រតិបត្ដិ នៃអង្គការសមាគមធាងត្នោត

sarom@teangtnaut.org

លោក អៀង វុទ្ធី

នាយកប្រតិបត្ដិ នៃអង្គការសមធម៌កម្ពុជា

vuthy@equitablecambodia.org

Sergio Rozalén (English/Spanish).

អ្នកសម្រសម្រួលការទំនាក់ទំនង​ របស់អង្គការ ESCR-Net.

srozalen@escr-net.org

 

ទីក្រុង សម្រាប់កុមារ

សេចក្តីប្រកាសព័ត៌មាន​

ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

ទីក្រុងសម្រាប់កុមារ

អបអរទិវាកុមារអន្តរជាតិលើកទី៦៦ នៅក្នុងតំបន់ដែលមានប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ

អង្គការសមាគមធាងត្នោតជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណៈរដ្ឋឆែក ដែលមានអង្គការភីពភលអ៊ីននីត (ភីន)កំពុងប្រារព្ធព្រឹត្តិការណ៏ “ទីក្រុងសម្រាប់កុមារ“ ដែលជាឱកាសមួយដើម្បីប្រារព្ធទិវា កុមារអន្តរជាតិលើកទី៦៦ នៅក្នុងភូមិក្រីក្រចំនួន៤នៅក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះនឹងត្រូវប្រារព្ធនៅខាងមុខព្រះ វិហារធំឥស្លាមគីឡូលេខ០៩ ក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី០១ មិថុនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១១:០០ ព្រឹក។

ស្ថានភាពសម្រាប់កុមារដែលកំពុងរស់នៅក្នុងលំនៅឋានក្រីក្រក្នុងទីក្រុង (ដែលក្នុងនោះមាន៣៤០ទីតាំងដោយយោង ទៅតាម របាយការណ៍អង្កេតនៅក្នុងរាជធានីភ្នំពេញដែលស្រាវជ្រាវដោយ អង្គការសមាគមធាងត្នោតនៅក្នុងឆ្នាំ២០១៤) បាននិងកំពុងរងផលប៉ះពាល់ដោយសាការទទួលបានការផ្តល់សេវា សាធារណៈមានកំរិតទាប រួមទាំងការផ្គត់ផ្គង់ទឹក​ អនាម័យ ប្រព័ន្ធលូ និងភ្លើងអគ្គីសនី។ យោងតាមការស្រាវជ្រាវ បោះពុម្ពផ្សាយដោយអង្គការភីពភលអ៊ីននីត (ភីន) និងអង្គការយូនីសេហ្វ នៅដើម ឆ្នាំនេះបានឲ្យ ដឹងថា៖ រាល់កុមារម្នាក់ក្នុងចំណោមបីនាក់នៅក្នុងសហគមន៍ក្រីក្រនៅ តាមទីក្រុងគឺមានសភាពស្គមស្គាំង។ កុមារទាំងនេះ គឺមានមាឌតូចជាងធម្មតា ខ្សោយកម្លាំង និងរៀនមិនសូវពូកែ ដូចកុមារដែលមានលទ្ធភាពទទួលចំណីអាហារគ្រប់គ្រាន់ ការផ្គត់ផ្គង់ទឹកស្អាត និងមានអនាម័យ។

នៅក្នុងឆ្នាំ២០១៤ អង្គការសមាគមធាងត្នោត និងអង្គការភីពភលអ៊ីននីត បានចាប់ផ្តើមគម្រោងសហប្រតិបត្តការដែល មានឈ្មោះថា គម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាក្រោមពាក្យស្លោក“ទីក្រុងសម្រាប់យើងទាំងអស់គ្នា“។ ដែល ផ្តល់ហិរញ្ញវត្ថុដោយសហភាពអឺរ៉ុបនិងទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណៈរដ្ឋឆែក ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង គោលបំណងដើម្បីផ្សព្វផ្សាយអំពីសិទ្ធិជាមូល ដ្ឋានជុំវិញ ការអភិវឌ្ឍន៍នៅក្នុងទីក្រុង។ គម្រោងសហប្រតិបត្តការនេះ ត្រូវធ្វើនៅក្នុងភូមិចំនួនបួននៅក្នុង សង្កាត់ ច្រាំងចំរេះ១និង២ ដែលមានទីតាំងនៅស្របនឹងមាត់ទន្លេសាបដែលជាទីកន្លែង ដែលមិនមានសុវត្ថិភាពដីធ្លី ឬហៅថា សហគមន៍ដែលកំពុង ប្រឈមមុខនឹងការបណ្តេញចេញ។ គម្រោងសហប្រតិបត្តិការ នេះធ្វើជាមួយសហគមន៍ និង អាជ្ញាធរដែនដីដើម្បីផ្តល់ជូន ប្រជាពលរដ្ឋនូវការវាយតម្លៃអំពីអំណះអំណាងនៃការ កាន់កាប់ ដីធ្លីដោយស្របច្បាប់ និងដើម្បីបង្កើតនូវផែនការសម្រាប់ អភិវឍ្ឍន៍ទីក្រុងថ្មីនៅនឹងកន្លែងដើម្បីធ្វើឲ្យ ការប្រើប្រាស់ដីធ្លី កាន់តែមានប្រសិទ្ធិភាព ជៀសវាងការតាំងលំនៅថ្មីដោយមិនពេញចិត្ត។

ក្នុងចំណោមសកម្មភាពនៃការពង្រឹងសហគមន៍នៃគម្រោងនេះមានដូចជា ការប្រមូលទិន្នន័យ ការធ្វើផែនទី និងសិក្ខា សាលា។ អង្គការសមាគមធាងត្នោត និងអង្គការភីពភលអ៊ីននីតកំពុងរៀបចំប្រារព្ធព្រឹត្តិការណ៍ដែលមានរយៈពេល កន្លះថ្ងៃ សម្រាប់ កុមារចំនួន១០០នាក់ និងមាតាបិតារបស់គេមកពីភូមិចំនួន០៤ (ភូមិ១ ភូមិ២ ភូមិ៣ និងភូមិឃ) ដែលការ ប្រារព្ធនេះនឹង ត្រូវធ្វើនៅខាងមុខព្រះវិហារធំឥស្លាមគីឡូលេខ០៩ ក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះនឹងលើកទឹកចិត្តដល់កុមារដើម្បីឲ្យពួកគេបានគិតអំពីបរិស្ថានរស់នៅតាមទីក្រុងរបស់ពួកគេដោយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីពិភាក្សា និងគូរនូវអ្វីដែលទីក្រុងដ៏ល្អរបស់ពួកគេនឹងមើលទៅដូចអ្វីដែលពួកគេ ស្រមៃចង់ឃើញ។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតបាននិយាយថា “តាមបទពិសោធន៍របស់យើង ការអញ្ជើញកុមារ និងមាតាបិតារបស់ពួកគេឱ្យចូលរួមព្រឹត្តិការណ៍ផ្តោតលើចក្ខុវិស័យរបស់កុមារចំពោះការអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុងដ៏ល្អរបស់ពួកគេគឺជាសកម្មភាពមួយដែលបានជួយយ៉ាងច្រើនក្នុងការជម្រុញឱ្យមានការចូលរួមរបស់សហគមន៍ទាំងមូលនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផែនទីដោយមានការចូលរួមឱ្យប្រសើរ។ លោក សារ៉ុម បានបន្ថែមថា៖ “ក្នុងរយៈពេល ១០ឆ្នាំធ្វើការនៅក្នុងសហគមន៍អ្នកក្រីក្រក្នុងទីក្រុងសមាគមធាងត្នោតបានឃើញផ្ទាល់ភ្នែកម្តងហើយម្តងទៀតអំពីរបៀបដែលកុមារត្រូវបានរងផលប៉ះពាល់ដោយស្ថានភាពរស់នៅក្រីក្រដែលមានជាញឹកញាប់កាន់តែអាក្រក់នៅក្នុងករណីនៃការតាំងលំនៅថ្មីដោយបង្ខំ។ យើងសង្ឃឹមថាព្រឹត្តិការណ៍នេះអាចជួយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃលំនៅដ្ឋាន កុមាររបស់ យើងនៅក្នុង ទីក្រុងនេះ”។

បន្ថែមទៅលើការងារដែលអនុវត្តនៅច្រាំងចំរេះ១របស់គម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក្រោមពាក្យ ស្លោក “ទីក្រុងសម្រាប់យើងទាំងអស់គ្នា“ គឺគម្រោងបានរួមបញ្ចូលនិស្សិតក្នុងរាជធានីភ្នំពេញមកពីមហាវិទ្យាល័យ គ្រប់គ្រង ដែនដី និងនគរ រូបនីយកម្មឱ្យចូលរួម “វគ្គសិក្សាអំពីការរៀបចំផែនការដីធ្លី”។ វគ្គសិក្សានេះពាក់ព័ន្ធ នឹងសិក្ខាសាលា និងការបង្រៀនដូចជាការ ធ្វើផែនការប្រើប្រាស់ដីដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ, ការធ្វើផែនការកែលម្អ ហេដ្ឋារចនាសម័្ពន្ធ ដីធ្លី និងសិទ្ធិមនុស្ស ។ល។ ដើម្បីជួយអ្នកធ្វើផែនការនៅតាមទីក្រុង នាពេលអនាគតឲ្យពិចារណាអំពីសារៈសំខាន់ នៃសិទ្ធិជាមូលដ្ឋានទៅនឹងការអភិវឌ្ឍន៍ នៃរាជធានីរបស់ប្រទេសកម្ពុជា។

អង្គការភីពភលអ៊ីននីតបានវាយតម្លៃផងដែរដើម្បីកំណត់អំពីតំបន់ងាយរងគ្រោះមហន្តរាយបំផុតនិងសមត្ថភាពនៃធនធានមនុស្សក្នុងតំបន់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយនិងស្នើសុំវិធានការបន្ធូរបន្ថយសមស្រប។

សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាទាក់ទង៖

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតតាមរយៈទូរស័ព្ទលេខ​ 012 836 533

លោក SASIN Piotr, នាយកប្រចាំប្រទេស អង្គការភីពភលអ៊ីននីត 011 676 331

អ្នកអាចស្វែងរកឯកសារជា PDF ភាសា​ ខ្មែរ និង ភាសា អង់គ្លេស

 

 

សេចក្តីថ្លែងការណ៍រួម

 

ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥

ការពង្រឹងសេរីភាពសារព័ត៌មានដើម្បីលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មាន និងអ្នកធ្វើការខាងវិស័យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ជា​ច្រើន នៅជុំវិញពិភពលោកត្រូវបានវាយប្រហារ ឃុំខ្លួន និងធ្វើឃាត ហើយរាល់​ការ​បោះ​​ពុម្ពផ្សាយត្រូវបាន​ត្រួត​ពិនិត្យ​យ៉ាងតឹងរឹង ឬ អាចប្រឈមនឹងការបិទទៀតផង។ ការរឹតត្បិត​សេរីភាព​សារព័ត៌មានបែបនេះ រារាំងដល់​ប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យ ​  និងសេរីភាពខាងការបញ្ចេញមតិ ដែល​ជា​មូល​ដ្ឋានគ្រឹះនៃការ​អភិវឌ្ឍន៍​​​ក្នុងសង្គម​​ប្រជាធិបតេយ្យ។

ទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី០៣ ខែឧសភា គឺជាការរំលឹកដល់រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន និងសង្គមស៊ីវិលការក្នុងធ្វើការរួមគ្នា ដើម្បីជម្នះនូវឧបសគ្គទាំងនោះ​ និងធ្វើយ៉ាងណាធានាឲ្យមានការការពារដល់ វិស័យប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងឯករាជ្យភាព។

នៅមុនទិវាសេរីភាពសារព័ត៌មានពិភពលោកនៅក្នុងឆ្នាំនេះ យើងជាក្រុម​សង្គម​​​ស៊ីវិលមានរាយ​នាម​ដូច​ខាងក្រោម​ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មាន ប្រព័ន្ធតុលាការ អង្គការ​ដែល​ធ្វើការ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចាត់វិធានការជាក់លាក់ដូចខាងក្រោម ដើម្បី​ឲ្យ​អ្នកសារព័ត៌មានបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យ ៖

  • ក្រសួងព័ត៌មានគួរបង្កើតឱ្យមានអង្គភាពផ្តល់អាជ្ញាប័ណ្ណប្រកបដោយតម្លាភាព និងឯករាជ្យ​​ពេញ​​លេញ ដើម្បីធានាថាការចេញអាជ្ញាប័ណ្ណផ្សព្វផ្សាយមានភាពស្មើគ្នា ដើម្បីលើកកម្ពស់សម្លេង និង មតិយោបល់ចម្រុះ​តាមរយៈរលកធាតុអាកាស។​ ក្រសួង​គួរតែចេញផ្សាយ​ជាបន្ទាន់នូវបញ្ជី​ឈ្មោះ របស់ម្ចាស់​ស្ថានីយ​ ប្រេកង់​វិទ្យុ និងទូរទស្សន៍​ដែលមាន​ស្រាប់​។
  • ប្រព័ន្ធតុលាការ និងតុលាការត្រូវចាត់វិធានការ ដើម្បីបញ្ចប់និទណ្ឌភាពចំពោះបុគ្គលដែលប្រព្រឹ​ត្ត ​អំពើហិង្សា​​​ទៅលើអ្នកសារព័ត៌មាន។ ជាពិសេស​ព្រះរាជអាជ្ញា​គួរ​បើក​ការ​ស៊ើប​អង្កេតឡើងវិញទៅ​លើ​អំពើហិង្សាចំនួន ១២ករណី ដែលមានអ្នកសារព័ត៌មាន ១៣ នាក់ត្រូវបានគេ​សម្លាប់ ចាប់តាំងពីការ​បោះ​ឆ្នោត​តាម​បែបលទ្ធិ​ប្រជា​ធិបតេយ្យនៅក្នុងឆ្នាំ​១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដែល​គេមិនទាន់ឃើញមានការ​ផ្តន្ទា​ទោស​​ទៅលើករណីទាំងនោះនៅឡើយ។
  • ចាងហ្វាង ​និង​អ្នក​បោះពុម្ព​ផ្សាយ​សារព័ត៌មានទាំងអស់ គួរ​តែ​ចាត់​វិធាន​ការ​ ដើម្បី​ធានា​ឱ្យ​ប្រព័ន្ធ​​​ផ្សព្វ ផ្សាយ​ឯករាជ្យ ​ឬ ​មិនទទួលរងនូវ​ឥទ្ធិពល​នយោបាយ ​ឬ ផលប្រយោជន៍ធុរកិច្ចណាមួយ។ ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​ត្រូវ​តែ​ធានា​ឱ្យមានការ​គោរពក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារ​ព័ត៌​មាន​កម្ពុជា។
  • ព័ត៌មាននានា​គួរតែផ្លាស់ប្តូរទៅរកប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែបឌីជីថល​ និង​អន​ឡា​ញ ទន្ទឹមនឹង​មានការ​​កើន​ឡើង នៃការប្រើប្រាស់អ៊ីនធឺណែតនៅក្នុង​ប្រទេស​ ហើយពល​រដ្ឋកម្ពុជាបាន​ងាកទៅប្រើ​ប្រាស់​​​ព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណែត និងសង្គម។
  • អង្គការមិនមែនរដ្ឋាភិបាលគួរធ្វើការបំពេញបន្ថែម ទៅលើសេចក្តីសម្រេចរបស់ក្រសួងអប់រំនា​ពេល​​ថ្មីៗ ក្នុងការដាក់បញ្ចូលកម្មវិធីអប់រំ ផ្នែកប្រព័ន្ធផ្សព្វផ្សាយទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ ដើម្បី ឲ្យយុវជនកម្ពុជា​មានជំនាញត្រិះរិះពិចារណាទៅលើភាពខុសគ្នារវាងព័ត៌មាន និងពាក្យចចាម​អារាម។
  • ក្រសួងព័ត៌មានគួរផ្តល់អាទិភាពក្នុងការបង្កើតច្បាប់​ស្តីពីសិទ្ធិទទួល​​ព័ត៌​មាន ដែលនឹងផ្តល់​​ព័ត៌​មាន ជាសាធារណៈដល់អ្នកសារព័ត៌មាន និងប្រជាពល​រដ្ឋ​ទូទៅឲ្យបានស្វែង​យល់​ពីការពិត និងរាយ​ការណ៍ព័ត៌មានជាក់ស្តែង ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ដូច្នេះ​រដ្ឋាភិបាល​គួរ​លើក​កម្ពស់ឲ្យមានព័ត៌មាន​សាធារណៈតាមរយៈប្រព័ន្ធអ៊ីនធឺណែត​អោយ​បាន​ច្រើន។
  • រដ្ឋសភាគួរធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌដូចជា បទបរិហារ​កេរ្តិ៍ (មាត្រា​៣០៥) បទប្រមាថ (មាត្រា ៥០២) ការប្តឹងបរិហារបង្កាច់កេរ្ត៍ (មាត្រា ៣១១) និងបទ​ធ្វើឲ្យ​បាត់​ជំនឿ ​លើសេចក្តីសម្រេច​​របស់​តុលា​ការ (មាត្រា ៥២៣) ដែលប៉ះ​ពាល់​ដល់​សេរីភាពខាង​ការ​បញ្ចេញ​មតិ។

លើសពីនេះ យើងខ្ញុំសូមសម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការងារជាមួយភាគីពាក់ព័ន្ធ ទៅលើ​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ ប្រសិនបើមានឱកាស ដើម្បីសម្រេចគោលដៅទាំងនេះ និងជំរុញឲ្យវិស័យព័ត៌​កាន់តែ​ប្រ​សើរ​ឡើងនៅក្នុងប្រទេសកម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

អ្នកស្រី អាម៉ាន់ដា ឃីង នាយកផ្នែកទំនាក់ទំនង និងតស៊ូមតិ CCIM ០៦០​ ៤០៣ ៧៧៧
កញ្ញា ឆាយ ឈុនលី មន្ត្រីសម្របសម្រួលគម្រោង CCHR ០១៧ ៥២៨ ០២១
អ្នកស្រី ខន សុភី ប្រធានគម្រោង ACT ០៩២ ៧៧១ ៤៤៦

ស្ថាប័នដែលបានគាំទ្រសេចក្តីថ្លែងការណ៍នេះ

១. អង្គការ អាក់សិនអេដកម្ពុជា (ActionAid Cambodia)

អ្នកស្រី ខារ៉ូលីន ម៉ាឃលែន​៖ នាយកប្រចាំប្រទេស    : ០២៣ ៩៩៤ ៩៨៧

២. អង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (​ACT)

កញ្ញា ស្រី សុធាវី ៖ នាយិកាប្រតិបត្តិ                      : ០១៧៩៩០ ៣៧១

៣. ​ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

លោក ប៉ា ងួនទៀង៖ នាយកប្រតិបត្តិ                     : ០៦០ ៤០៩ ៩៩៩

៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

     អ្នកស្រី ចក់ សុភាព​ ៖ នាយិកាប្រតិបត្តិ                      : ០១១ ៩៤៣ ២១៣

៥. គណកម្មការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

លោក សួន ប៊ុនសក្កិ៖ លេខាធិការប្រតិបត្តិ              : ០៩២ ​៣៤៤ ​​​៣៥៧

៦. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

លោក យ៉េង វីរៈ ៖ នាយកប្រតិបត្តិ                        : ០២៣ ២១៥ ៥៩០

៧. អង្គការ ដាយកូនា (Diakonia)

អ្នកស្រី ណេវ៉ា ធួន ៖ នាយកប្រចាំប្រទេស              : neva.thiounn@diakonia.se

៨. អង្គការ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRT)

លោក សៀ ភារម្យ​៖ នាយកប្រតិបត្តិ                     : ០១២ ៨៥២ ២៦១

៩.សមាគម ធាងត្នោត (STT)​

លោក អ៊ី សារ៉ុម ៖ នាយកប្រតិបត្តិ                       : ០១២ ៨៣៦ ៥៣៣

១០. អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders)

លោក បេនចេមីន អ៊ីស្មាល​៖ ប្រធានប្រចាំតំបន់អាស៊ី : asie@rsf.org

១១.អង្គការ តម្លាភាពកម្ពុជា (TI)

លោក ព្រាប កុល ៖ នាយកប្រតិបត្តិ                     : kolpreap@itcambdodia.org

១២. អង្គការ ជំនួយពួកជំនុំដាណឺម៉ាក/ជំនួយគ្រីស្ទាន (DCA/CA)

បេធី ថូជសេន ៖ នាយកប្រចាំប្រទេស                   : ០២៣ ២១៦ ២៦១

១៣.  សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)

លោក អេហ្គាដូ ឡេហ្កាពី ៖ មន្ត្រីទំនាក់ទំនង           : epl@seapa.org​

១៤. អង្គការ ហ្វ្រីដុមហាសន៍ (Freedom House)

លោក រ៉ូបឺតហរមេន ៖ ប្រធានស្តីទីគម្រោងប្រចាំតំបន់ : herman@freedomhouse.org

អ្នកអាចរកឯកសារជា PDF ជាខ្មែរ និង អង់គ្លេស

ការប្រជុំប្រចាំរបស់សហគមន៍សម្រាប់ខែមេសា

នៅថ្ងៃទី 29 ខែមេសាឆ្នាំ 2015 គម្រោងសហគមន៍នៃសមាគមធាងត្នោតបានធ្វើកិច្ចប្រជុំប្រចាំខែរបស់សហគមន៍ នៅការិយាល័យសមាគមធាងត្នោតនៅក្នុងគោលបំណងដើម្បីអប់រំសមាជិកសហគមន៍កាលយល់ឃើញរបស់សហគន៍ទាក់ទងនឹងច្បាប់ភូមិបាលនៅក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមមកពីសមាជិកសហគមន៍ចំនួន 36 (៥០% ជាស្រ្តី) ដូចជាត្រពាំងអញ្ចាញថ្មី ស្វាយចេកថ្មី, ជ័យជំនៈ, សាមគ្គី៤ ត្រពាំងអញ្ចាញ, ឡរកំបោរ ស្ទឹងកំបុត ។

IMG_8791 IMG_3817 IMG_3804 IMG_3794

ប្រកាសដាក់ដេញថ្លៃ

អង្គការសមាគមធាងត្នោតមានកិត្តិយសសូមជូនដំណឹងដល់អស់លោក លោកស្រីដែល ជាប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្មទាំងអស់ឲ្យបានជ្រាប់ថា អង្គការសមាគមធាងត្នោត​ត្រូវការក្រុមហ៊ុន និង​អាជីវករដើម្បីផ្គត់ផ្គង់សម្ភារៈសំណង់ដែលមានរាយឈ្មោះដូច ខាងក្រោម។

ឈ្មោះគម្រោង​​​        : EIDHR/2013/321-157: គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនិង

​​​​​​​​​​​​​​                             សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាគឺជាឩបករណ៍មួយសម្រាប់               

                             ផ្សព្វផ្សាយអំពីសុវត្ថិភាពដីធ្លីសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ

ឈ្មោះខណ្ឌៈ           ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ឈ្មោះទីតាំង          : ភូមិ១ ភូមិ២ ភូមិ៣   និងភូមិឃ   សង្កាត់ច្រាំងចំរេះ        ខណ្ឌឬស្សីកែវ

                             រាជធានីភ្នំពេញ

 

  • ខាងក្រោមនេះជាតម្រូវការសម្រាប់ផ្គត់ផ្គង់
ល.រ

No.

 

ការពិពណ៌នា

DESCRIPTION

ឯកត្តា

UNIT

បរិមាណ

Q’TY

ល.រ

No.

 

ការពិពណ៌នា

DESCRIPTION

ឯកត្តា

UNIT

បរិមាណ

Q’TY

1 ស័ង្កសី (ទំហំ 3.6m) សន្លឹក  

75

10 ខ្សាច់គ្រឿម Sand ម៉ែត្រគូប 45
2 ស័ង្កសី​ (ទំហំ 3m) សន្លឹក 411 11 ខ្សាច់បូក​ Sand ម៉ែត្រគូប 7.5
3 ស័ង្កសី (ទំហំ 2.4m) សន្លឹក 355 12 ចានបង្គន់រៀបការ៉ូស្រាប់ សម្រាប់ 11
4 ស័ង្កសី (ទំហំ 2m) សន្លឹក 247 13 បំពង់ជ័រ

PVC Tube (big)

ម៉ែត្រ 38
5 កង់លូទំហំ 0.3 ម៉ែត្រ * 0.9 ម៉ែត្រ កង់ 411 14 បំពង់ជ័រ (កែង)

PVC

សម្រាប់ 9
6 កង់លូធំសម្រាប់បង្គន់ កង់ 101 15 ថ្មកាត់ស៊ីស

Stone 4/6 (machine)

ម៉ែត្រគូប 16
7 ស៊ីម៉ង់ត៏ បាវ 184 16 ថ្មអងឌើ Stone ½ ម៉ែត្រគូប 7.5
8 ឥដ្ឋប្រហោង​​ ដុំ 10,960 17 គម្របលូបង្គន់ សម្រាប់ 11
9 ឥដ្ឋខ្យល់ ដុំ 72  

ឯកសារដាក់ដេញថ្លៃអាចរកបាននៅការិយាល័យអង្គការសមាគមធាងត្នោត ចន្លោះពីម៉ោង ០៧.៣០នាទីព្រឹក ដល់ម៉ោង ០៥.០០នាទីល្ងាចអំឡុងពេលថ្ងៃធ្វើការ ចាប់ពីថ្ងៃទី២២ខែមេសា ដល់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០១៥។

 ប្រសិនបើមានចំណាប់អារម្មណ៍សូមមេត្តាទាក់ទងអង្គការសមាគមធាងត្នោត ដែលមាន អាសយដ្ឋានៈ ផ្ទះលេខ ០៧ ផ្លូវលេខ ៤៩៤, សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អ៊ីម៉ែល to pc@teangtnaut.org , ទូរស័ព្ទលេខ ០១២ ៤០៨ ៨៦៥ ឬ ០២៣ ៥៥៥ ១៩៦៤។

កាលបរិច្ឆេទផុតកំណត់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ០៥.០០​ល្ងាច

អ្នកអាចរកឯកសារជា PDF

សហគមន៍បឹងត្របែកស្ថិតក្រោមការបណ្ដេញចេញ

បឹងត្របែកជាសហគមន៍ស្ថិតនៅតាមបណ្តោយប្រឡាយទឹកក្នុងសង្កាត់ផ្សារដើមថ្កូវ។ ដំបូងឡើយសហគមន៍នេះត្រូវបានរៀបចំដោយខ្លួនឯងផ្ទាល់ក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែមិនបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការពីរដ្ឋាភិបាលឡើយ។ សមាគមធាងត្នោតបានប៉ាន់ប្រមាណថាមានគ្រួសារប្រហែលជា ៤០០ គ្រួសារដែលរស់នៅក្នុងសហគមន៍នេះនាពេលបច្ចុប្បន្ន។

នៅក្នុងឆ្នាំ ២០០៩ អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានឱ្យដឹងថាសហគមន៍នេះជាសហគមន៍ដែលបានតាំងទីលំនៅដោយខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋហើយនឹងត្រូវបណ្តេញចេញ។ ប៉ុន្មានឆ្នាំមកនេះអ្នកដែលតាំងទីលំនៅតំបន់នោះនិងជុំវិញនោះបានទទួលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

ប្រឡាយទឹកនេះពោរពេញទៅដោយទឹកសម្អុយដែលហូរចេញពីបំពង់បង្ហូរទឹកសម្អុយក្រោមដីដូច្នេះវាមិនមែនមកពីទឹកភ្លៀងដែលបណ្ដាលអោយផ្ទះអ្នកស្រុកលិចនោះទេ។រដ្ឋាភិបាលបានស្តីបន្ទោសចំពោះការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃទឹកជំនន់គឺដោយសារសហគមន៍បឹងត្របែកដែលបានទន្ទ្រានយកប្រឡាយទឹកនេះ។ទោះយ៉ាងណាការទទូចរបស់រដ្ឋាភិបាលលើការអនុញ្ញាតឱ្យបឹងត្របែកត្រូវបានចាក់បំពេញសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មក៏មិនអាចជួយអ្វីបានដែរ។

បន្ថែមពីនេះទៅទៀត នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៥ ការសែតភ្នំពេញប៉ុស្ដិ៍បានរាយការណ៍ថារាជរដ្ឋាភិបាលមិនបានជូនដំណឹង ហើយក៏ចាប់ផ្ដើមធ្វើការបាញ់ថ្នាំពណ៌ក្រហមក្នុងការរៀបចំអោយមានការបណ្ដេញចេញច្បាស់លាស់។

នៅថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ សមាគមធាងត្នោតបានប្រជុំជាមួយអ្នកដឹកនាំសហគមន៍បឹងត្របែកដើម្បីពិគ្រោះពីយុទ្ធសាស្រ្ដក្នុងការតស៊ូមតិ។សមាជិកសហគមន៍ត្រូវបានប្រាប់អោយរៀបចំឯកសារស្របច្បាប់ដែលពួកគេដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗទៀត ដើម្បីរក្សាទុកជាភស្ដុតាងសំរាប់ការទាមទារសំណងប្រសិនបើពួកគេត្រូវបានបណ្ដេញចេញ។នៅពេលខាងមុខការប្រជុំជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀតក៏ត្រូវបានរៀបចំផងដែរ។

20150204_083913

20150204_094951

Boeung Trabek