ការទទួលបានសេវាសាធារណៈ និងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ៖ ការវិភាគតំបន់តាំងទីលំនៅថ្មីចំនួនប្រាំមួយក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល
របាយការណ៍ស្តីពី “ការទទួលបានសេវាសាធារណៈ និងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ៖ ការវិភាគតំបន់តាំងទីលំនៅថ្មីចំនួនប្រាំមួយក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល”
របាយការណ៍នេះសិក្សាអំពីស្ថានភាពទូទៅនៃការទទួលបានសេវាសាធារណៈ និងផលប៉ះពាល់ជាក់ស្តែងអំពីការប្រែប្រួលអាកាសធាតុចំពោះប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីតាំងលំនៅឋានថ្មីចំនួនប្រាំមួយនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលចន្លោះឆ្នាំ២០២០ ដល់២០២៣។
ការសិក្សានេះមានគោលបំណងជាក់លាក់ចំនួនបី គឺ៖ ទី១) ដើម្បីឈ្វេងយល់អំពីស្ថានភាពនៃការផ្ដល់សេវាសាធាណៈក្នុងមូលដ្ឋាន ដល់ទីតាំងលំនៅឋានក្រីក្រដែលមកដល់ទីតាំងលំនៅឋានថ្មី ទី២) កំណត់ផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីការបម្រែបម្រួលអាកាសធាតុនៅទីតាំងលំឋានថ្មី និងទី៣) ផ្ដល់នូវអនុសាសន៍ ក៏ដូចជាការអន្តរាគមន៍នានា ដើម្បីផ្ដល់ជាដំណោះស្រាយឱ្យបានទាន់ពេលវេលា។
លទ្ធផលនៃការសិក្សាសំខាន់ៗ រកឃើញថា ចាប់តាំងពីការផ្លាស់ទីតាំងលំនៅឋានថ្មី ចន្លោះឆ្នាំ២០២០ មកដល់បច្ចុប្បន្ន ភាគច្រើននៅតែជួបប្រទះបញ្ហាប្រឈមចម្បងៗដូចជា ការទទួលបានសេវាសាធារណៈមិនពេញលេញ កង្វះឱកាសការងារ បញ្ហាបំណុល កង្វះលទ្ធភាពទទួលបានការសិក្សារបស់ក្មេងៗ មិនទទួលបានសេវាគាំពារសង្គមគ្រប់គ្រាន់ និងប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការកើនឡើងកម្ដៅ។
ផ្អែកលើលទ្ធផលស្រាវជ្រាវ អនុសាសន៍មួយចំនួនត្រូវបានស្នើឡើងសម្រាប់ភាគីពាក់ព័ន្ធរួមមាន រាជរដ្ឋាភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល គិតគូរពិចារណាក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ទីតាំងលំនៅឋានថ្មី។ អនុសាសន៍សំខាន់ៗរួមមាន៖ ១) ធ្វើឱ្យប្រសើររឡើងនូវការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ២) បង្កើនភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ៣) លើកកម្ពស់ជីវភាពរស់នៅ ៤) ពង្រឹងការអនុវត្តគោលនយោបាយ និង ៥) ជំរុញបរិយាបន្នសង្គម។
សរុបមក ការសិក្សានេះបង្ហាញពីតម្រូវការបន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងការផ្តល់សេវាសាធារណៈ និងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុនៅទីតាំងលំនៅឋានថ្មីក្នុងប្រទេសកម្ពុជា។ កិច្ចសហការប្រកបដោយប្រសិទ្ធភាពក្នុងចំណោមភាគីពាក់ព័ន្ធលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងការពង្រឹងគោលនយោបាយ ពិតជាមានសារៈសំខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
អ៊ីម៉ែល: [email protected]